ដោយគង់ សូរិយា
ភ្នំពេញៈ មានកត្តាសំខាន់ៗជាច្រើនបាននិងកំពុងធ្វើឲ្យមានការផ្លាស់ប្តូរបែបផែនជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ខណៈពួកគេកាន់តែច្រើនបានសម្រេចចិត្តវិនិយោគលើខុនដូ និងទិញសំរាប់ការរស់នៅ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានរកឃើញថា ទីក្រុងភ្នំពេញនឹងមានប្រជាពលរដ្ឋ រស់នៅប្រមាណ៥លាននាក់នៅឆ្នាំ២០៣០ខាងមុខ ដែលកំនើនប្រជាសាស្ត្រនេះបាន និងកំពុងជះឥទ្ឋិពលដល់ការផ្លាស់ប្តូរបែបផែនជីវិត ការផ្លាស់ប្តូរផ្នែកនគររូបនីយកម្មទីក្រុង។ ការសិក្សានេះបានរកឃើញកត្តាសំខាន់ៗចំនួន៣ ដូចជា ទី១ កំនើនតម្លៃអចលនទ្រព្យពិសេសលំនៅដ្ឋាន នឹងធ្វើឲ្យប្រជាជនរស់នៅតាមខុនដូ ទី២ ការកកស្ទះចរាចរណ៍នឹងកើនឡើងកាន់តែខ្លាំង ហេតុនេះ ប្រជាពលរដ្ឋនឹងស្វែងរកកន្លែងរស់នៅជិតកន្លែងធ្វើការរបស់ពូកគេ។
ទី៣ ការផ្លាស់ប្តូរគុណភាពជីវិត មានន័យថាគុណភាពជីវិតកាន់តែប្រសើរឡើង ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា ដោយពួកគេអាចកុំម៉ង់អាហារញុំាបានតាមការចង់បាន និងមានសេវាកម្មដឹកដល់ផ្ទះរបស់ពួកគេ។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកនៃ Propertyarea.asiaដែលបានតាមដានកាវិវត្ត នៃវិស័យអចលនទ្រព្យនៅកម្ពុជា បានយល់ស្របនឹងការសសិក្សាខាងលើ ដោយលោកបានថ្លែងថា ពិតណាស់ការរីកចម្រើននៃវិស័យបច្ចេកវិទ្យា ការកើនឡើងនូវការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការរីកចម្រើននៃសេដ្ឋកិច្ចសង្គម ពិតជាបាននិងកំពុងផ្លាស់ប្តូររបៀបនៃការគិតរបស់ប្រជាពលរដ្ឋ។
លោកបន្តថា “ការស្នាក់នៅតាមខុនដូ បានផ្តល់ភាពងាយស្រួលច្រើនដោយសារគំរោងខ្លះបានផ្តល់សេវាកម្ម ជាកញ្ចប់នៅក្នុងគម្រោងរបស់ពួកគេ ដូចជា មានអាហែងទឹក មាន Sky Bar មានMini Mart សេវាកម្មហាត់ប្រាណ និងកន្លែងកំសាន្តនៅលើដំបូលដទៃទៀត” ។
លោកយិន លាងគង់បានបន្តទៀតថា បទពិសោធន៍បែបនេះ បានធ្លាប់កើតមាននៅប្រទេសថៃ ម៉ាឡេស៊ី វៀតណាមជាដើម ដែលប្រជាពលរដ្ឋដំបូងឡើយពួកគេមិនចង់រស់នៅតាមខុនដូនោះទេ ប៉ុន្តែការរីកចម្រើនផ្នែកនគរូបនីយកម្ម បានផ្លាស់ប្តូរប្រព័ន្ឋនៃការគិតរបស់ពួកគេយ៉ាងឆាប់រហ័ស ហើយប្រជាជនខ្មែរបាននិងកំពុងទទួលឥទ្ឋិពលនេះ៕