ដោយៈ រ៉ាណេត
រតនៈគីរីៈ ស្របទៅនឹងគម្រោងនៃកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលនឹងសាងសង់នៅក្នុងទឹកដីខេត្តរតនៈគីរីក្រោមការវិនិយោគទុនដោយផ្ទាល់ពីរាជរដ្ឋាភិបាលនិងមានការចូលរួមពីវិស័យឯកជនទៅលើការអភិវឌ្ឍវិស័យសំណង់និងអចលនទ្រព្យបានជំរុញតម្លៃដីនៅក្នុងខេត្តនេះមានការកើនឡើងគួរឱ្យកត់សម្គាល់។
ប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជាលោកស្រីចេវសុឃុនបានមានប្រសាសន៍ប្រាប់ឱ្យដឹងតាមទូរស័ព្ទបន្ទាប់ពីបានចុះសិក្សាស្វែងយល់ពីសក្តានុពលវិស័យអចលនទ្រព្យនៅតំបន់ភូមិភាគឥសាន្តបានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៤តុលានេះថាក្នុងចំណោមខេត្តដែលស្ថិតនៅប៉ែកឦសានខេត្តរតនៈគីរីហាក់មានភាពរស់រវើកជាងខេត្តដទៃទាំងវិស័យឯកជននិងការអភិវឌ្ឍន៍ទាំងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលវិនិយោគរដ្ឋាភិបាល។
លោកស្រីបន្តទៀតថា “នៅក្នុងខេត្តរតនៈគីរី ជាពិសេសនៅទីប្រជុំជននៃក្រុងបានលុង គឺមានការអភិវឌ្ឍជាបន្តបន្ទាប់ ដែលក្នុងនោះមានទាំងសណ្ឋាគារកម្រិតខ្ពស់ និងផ្សារទំនើបផងដែរ ហើយវិស័យលំនៅដ្ឋានក៏មានភាពរីកចម្រើនគួរឱ្យគត់សម្គាល់”។ លោកស្រីបានបញ្ជាក់ថា “ខេត្តដែលស្ថិតនៅភាគឦសានមួយនេះ មានសក្ដានុពលល្អក្នុងវិស័យទេសចរណ៍ ហើយបើនិយាយពីការវិនិយោគ ការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ និងសំណង់ផ្សេងៗ ក៏ស្ថិតនៅក្នុងគោលដៅបម្រើដល់វិស័យទេសចរណ៍ដែរ ដូចជាការអភិវ ឌ្ឍតំបន់ទេសចរណ៍ធម្មជាតិបែបកែច្នៃ និងការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយជាដើម”។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century 21 Fortuna Investment លោក វ៉ា វីរៈ បានលើកឡើងពីការមើលឃើញរបស់លោកថា ខេត្តរតនៈគីរី នៅមានវិសាលភាពដីធ្លីធំធេង ដែលផ្តល់ឱកាសដល់ការវិនិយោគជាច្រើន ហើយក៏អាចអភិវឌ្ឍន៍សម្រាប់បម្រើនៅក្នុងវិស័យផ្សេងៗផងដែរ។
លោកបានបន្តថា “ខេត្តមួយនេះមានសក្ដានុពលខ្លាំង និងផ្តល់ឱកាសច្រើនទៅលើការវិនិយោគក្នុងវិស័យកសិកម្ម និងទេសចរណ៍ច្រើនជាងការវិនិយោគ ក្នុងវិស័យសំណង់”។លោកបន្តថា “វិស័យទេសចរណ៍ នៅខេត្តរតនគីរី មានសក្ដានុពលខ្លាំងដែលសម្បូរទៅដោយតំបន់កម្សាន្តបែបធម្មជាតិជាច្រើន ដែលបណ្តាខេត្តភាគច្រើននៅក្នុងប្រទេសកម្ពុជាមិនមានដូច”។
លោកបន្តថា “តាមខ្ញុំគិតបច្ចុប្បន្ននេះ វាជាឱកាសល្អ សម្រាប់អ្នកវិនិយោគក្នុងវិស័យដីធ្លី ដោយសារតែដីនៅមានវិសាលភាពធំធេងនៅឡើយ ហើយតម្លៃក៏នៅមានកម្រិត”។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ខេត្តរតនគិរីកំពុងទទួលបានគម្រោងវិនិយោគ រោងចក្រកែច្នៃផលិតផលកសិកម្ម និងរោងចក្រឧស្សាហកម្មជាច្រើន ដោយគិតមកទល់ពេលនេះ គម្រោងចំនួនរោងចក្រ និងសិប្បកម្មក្នុងខេត្តមានចំនួនសរុប២៣០ ហើយដោយសារសក្តានុពលដីធ្លី មានអំណោយផលលើវិស័យកសិកម្ម បានធ្វើឱ្យខេត្តនេះអាចនាំចេញកសិផល ទៅក្រៅប្រទេសបានជាង៨៧,០០០តោន មានទឹកប្រាក់ប្រមាណ៣៧លានដុល្លារកាលពីឆ្នាំមុន។
លោកបន្តថា នៅក្នុងក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលមានចំនួន២៧ក្រុមហ៊ុន វិនិយោគលើផ្ទៃដីជាង១២០,០០០ហិកតា ប៉ុន្តែការអនុវត្តលើការដាំដុះ សម្រេចបានតែប្រមាណ៥៥,០០០ហិកតាប៉ុណ្ណោះ៕