ដោយៈវុទ្ឋី
អន្តរជាតិ៖ សហគមន៍អឺរ៉ុបត្រូវបានអនុញ្ញាតឱ្យយកពន្ធ លើផលិតផលអាមេរិក ដែលមានតម្លៃ៤ពាន់លានដុល្លារ ដែលជាសងសឹកមួយចំពោះក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិកនៅក្នុងការប្រកួតប្រជែងរយៈពេល១៦ ឆ្នាំចុងក្រោយនេះ រវាងក្រុមហ៊ុនផលិតយន្តហោះអាមេរិក និងក្រុមហ៊ុនAirbus ដែលជាគូប្រជែងសំខាន់បំផុតនៅអឺរ៉ុបរបស់ខ្លួន។

យោងតាមសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានពន្យាពេលដោយសារជំងឺរាតត្បាតកូវីដ–១៩ បានបង្កើនភាពតានតឹងពាណិជ្ជកម្មភ្លាមៗ មុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បើទោះបីជាអាចកំណត់ពេលមួយ សម្រាប់ការចរចាពន្ធរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលបានដាក់ពន្ធលើទំនិញអឺរ៉ុបរួចមកហើយ ក្នុងសកម្មភាពប្រឆាំងនឹងក្រុមហ៊ុន Airbus។
លោក Valdis Dombrovskis អនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្មបានមានប្រសាសន៍ថា “ការចង់បានធំបំផុតរបស់យើង គឺជំហរក្នុងការដោះស្រាយដោយសន្តិវីធី បើមិនដូច្នោះទេយើងនឹងត្រូវបង្ខំចិត្ត ការពារផលប្រយោជន៍របស់យើង ហើយឆ្លើយតបតាមវិធីដ៏សមស្របមួយ”។
អង្គការពាណិជ្ជកម្មពិភពលោក បានចេញសេចក្តីសម្រេចកាលពីខែមេសាឆ្នាំ ២០១៩ ថា ការឧបត្ថម្ភធនរបស់អាមេរិកដល់ក្រុមហ៊ុន Boeing គឺខុសច្បាប់ ប៉ុន្តែមិនបាននិយាយថាក្នុងទំហំទឹកប្រាក់ប៉ុន្មាននោះទេ។
ទោះយ៉ាងណាក៏ដោយចន្លោះពីឆ្នាំ២០០៦ដល់ឆ្នាំ២០៤០ក្រុមហ៊ុនBoeing ត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ ពីការកាត់បន្ថយពន្ធចំនួន៦ពាន់លានដុល្លារ៕







