គម្រោងសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបនៅខណ្ឌឫស្សីកែវ សម្រេចបាន ៣០ ភាគរយ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ស្របជាមួយស្ពានដែកបាឡេ សម្រេចបាន ៣០ភាគរយហើយ ខណៈដែលក្រុមការងារសាងសង់ពន្លឿនឱ្យចប់តាមផែនការ ដើម្បីជួយសម្រួលដល់ចរាចរណ៍ចេញចូលក្នុងក្រុង។

លោក សាំ ពិសិដ្ឋ បានឱ្យដឹងនៅក្នុងសប្តាហ៍នេះថា ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។

ស្ពានបេតុងដែលស្ថាបនានៅអមជាមួយស្ពានបាឡេ នៅមុខឃ្លាំងសាំងមួយនេះមានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។

សរសរសម្រាប់ព្យួរខ្សែកាបមានសរសរចំនួន៤គន្លង ផ្លូវសម្រាប់យានយន្តមានទទឹង ៣.៧៥ម៉ែត្រ,គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា១០.៥ម៉ែត្រ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង២០,៥ម៉ែត្របំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។

ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និង ជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃថ្មីសម្រាប់រាជធានភ្នំពេញពីរដ្ឋាភិបាល៕

តំបន់ចំនួន ៣ ក្នុងរាជធានីភ្នំពេញ កំពុងមានសន្ទុះអភិវឌ្ឍលើវិស័យខុនដូជាហូរហែ

ដោយ ហ្សូលី

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងសភាពការណ៍វិជ្ជមានគួរឱ្យកត់សម្គាល់ ដោយមានការវិនិយោគជាបន្តបន្ទាប់ទៅលើការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ជាក់ស្តែងដូចជា វិស័យខុនដូ ដែលកំពុងលាតសន្ធឹងខ្លួនយ៉ាងសង្ហារនៅលើតំបន់ចំនួន ៤ ក្នុងទីក្រុងភ្នំពេញ។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន VTrust Appraisal បានបង្ហាញអំពីការសិក្សាថ្មីមួយថា តម្រូវការខុនដូនៅកម្ពុជានឹងកើនដល់ ២៩៥,០០០យូនីត នៅឆ្នាំ២០៣០ខាងមុខ ដែលជាការកើនឡើង៥ដងពីចំនួន ៦១,៨០០ ធៀបនឹងឆ្នាំ ២០១៨។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Knight Frank ការអភិវឌ្ឍខុនដូបច្ចុប្បន្នបន្ទាប់ពីខណ្ឌចំការមនដែលមានចំនួន ៣៨ ភាគរយ នៃទីផ្សារសរុបនោះ គឺមានខណ្ឌសែនសុខ ១៥% ខណ្ឌបឹងកេងកង ១០% ជ្រោយចង្វារ ១០%។

ខណ្ឌសែនសុខ
ខណ្ឌមួយនេះកំពុងរីកមុខមាត់នៃការអភិវឌ្ឍអចលនទ្រព្យផ្សេងៗពិសេសលើវិស័យខុនដូ ដោយសារតែស្ថិតនៅក្នុងតំបន់កៀកនឹងទីក្រុង និងមានផ្លូវខ្វាត់ខ្វែងច្រើនគួរសម។
តាមប្រសាសន៍របស់អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE ប្រចាំប្រទេសកម្ពុជា លោកស្រី អាន សុធីតា ឱ្យដឹងថា ខណ្ឌសែនសុខកំពុងស្ថិតនៅក្នុងគោលដៅវិនិយោគនិងអភិវឌ្ឍលើវិស័យខុនដូកម្រិតមធ្យម និងកម្រិតសមរម្យផងដែរ។
លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA Cambodia ធ្លាប់បានមានប្រសាសន៍កាលពីកន្លងទៅថា ខុនដូនៅក្នុងខណ្ឌសែនសុខ មានតម្លៃសមរម្យ ដែលផ្តល់ឱកាសដល់អ្នកចង់វិនិយោគដែលទិញរួចអាចចំណេញបាននៅក្នុងថ្ងៃអនាគតបាន។

ខណ្ឌបឹងកេងកង
បើតាមឱ្យដឹងពីការពន្យល់របស់លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ថា តំបន់បឹងកេងកង គឺជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់ CBD រួចស្រេចទៅហើយ។ ម្យ៉ាងក្រឡេកទៅមើលសក្តានុពលតំបន់វិញទៀតសោត មិនត្រឹមតែមានវត្តមានសំណង់អគារស្នាក់នៅ ខុនដូ និងអគារពាណិជ្ជកម្មធំៗ តែមួយមុខនោះទេ ប៉ុន្តែក៏មានបណ្តារអាហារដ្ឋាន ភោជនីយដ្ឋានលំដាប់អន្តរជាតិ ហាងកាហ្វេ ម៉ាត ផ្សារទំនើបបែបសហគមន៍ សាលារៀនអន្តរជាតិ និងគ្លីនិកឯកជនជាដើម ដែលជាកត្តាកាន់តែជម្រុញឱ្យខុនដូនៅតំបន់បឹងកេងកង មានប្រជាប្រិយភាពខ្ពស់។ លោកឧកញ៉ាបន្ថែមថា មិនមានអ្វីចម្លែកទេ ព្រោះតម្លៃដីធ្លីនៅតំបន់បឹងកេងកងបានឡើងយូរយារណាស់មកហើយ និងមានតម្លៃខ្ពស់រហូតដល់ ១០,០០០ដុល្លារឯណោះ អាស្រ័យទៅតាមប្រភេទដីនិងតម្រូវការជាក់ស្តែងរបស់អតិថិជន។

ខណ្ឌជ្រោយចង្វារ
លោកស្រី អាន សុធីតា បានបញ្ជាក់ពីមូលហេតុយ៉ាងច្បាស់អំពីការរិកលូតលាស់នៃការអភិវឌ្ឍវិស័យខុនដូនៅខណ្ឌជ្រោយចង្វារ ដោយហេតុថា តម្លៃដីនៅតំបន់ជ្រោយចង្វារនៅមានកម្រិត ដែលអនុញ្ញាតឱ្យវិនិយោគិនអាចវិនិយោគនិងផ្តល់តម្លៃល្អជូនដល់អតិថិជន ជាពិសេសងាយស្រួលក្នុងការចេញចូលទីក្រុងផងដែរ។
ទន្ទឹមនេះ អ្នកជំនាញលើវិស័យខុនដូ លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA Cambodia បានថ្លែងថា ទីផ្សារនៅក្នុងខណ្ឌជ្រោយចង្វារ កំពុងតែមានចរន្តទិញ-លក់ជាហូរហែ ទោះបីជាស្ថិតក្នុងវិបត្តិ Covid-19 ក៏ដោយ ក៏ខុនដូនៅខណ្ឌមួយនេះបន្តមានចរាចរណ៍ជាធម្មតា។ នេះជាសក្តានុពលនៃខុនដូក្នុងខណ្ឌជ្រោយចង្វារ ដោយសារមានភាពបត់បែនច្រើនទាំងតម្លៃ និងងាយស្រួលក្នុងការចរចាជាមួយម្ចាស់គម្រោង៕

អ្នកឧកញ៉ាគិត ម៉េងគ្រោងចុះហត្ថលេខាជាមួយសមាគមធុរកិច្ចជប៉ុនស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ ANAជប៉ុនពន្លឿនការហោះត្រង់មកកម្ពុជា

ដោយវុត្ថា

ភ្នំពេញៈ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងសភាពាណិជ្ជកម្មក្ពុជាគ្រោងចុះញ្ញាតិរួមគ្នា ដើម្បីស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ANA របស់ជប៉ុន បន្តប្រតិបត្តិការនៃជើងហោះហើរត្រង់មកកាន់កម្ពុជា ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យទេស​ចរណ៍ វប្បធម៌ និងធុរកិច្ចរវាងប្រទេសកម្ពុជា-ជប៉ុន។

គម្រោងស្នើសុំនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកកាន់ដា យូហ្គោ ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងក្រុមការងារ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២០នេះ ។

សមាគមធុរកិច្ចជប៉ុននៅកម្ពុជា កាលពីពេលថ្មីៗនេះ បានចេញសេចក្តីអំពាវនាវ និងសំណូមពរសុំការគាំទ្រ ពីសំណាក់សមាជិករបស់ខ្លួននៅកម្ពុជា ស្នើដល់ក្រុមហ៊ុនអា​កាសចរណ៍ជប៉ុន ANA បន្តធ្វើការហោះហើរត្រង់រវាងភ្នំពេញ-ណារីតា ឡើងវិញមុនពេលកំណត់ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានប្រកាសផ្អាកដំណើរការ រហូតដល់ដំណាច់ខែក   ក្កដា ឆ្នាំ២០២០ខាងមុខនេះ។

តាមរយៈសេចក្ដីអំពាវនាវនេះបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០ស្ដីអំ ពីការពន្យាររយៈពេលផ្អាកជើងហោះហើរត្រង់ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០ ដែលនេះអាចនឹងជះឥទ្ធិពលអវិជ្ជមាន មួយចំនួននាពេលពេលអនាគត ដល់ការធ្វើដំណើរទៅវិញទៅមក របស់មនុស្សជាច្រើនដែលពាក់ព័ន្ធ ជាមួយប្រទេសទាំងពីរនិងអាចផ្ដល់ផលលំបាកផ្សេងៗ ចំពោះជីវភាពប្រចាំថ្ងៃ រួមទាំងការងាររបស់ពួកគេ។

ក្រុមហ៊ុនANA Holdings បានប្រកាសកាត់បន្ថយទិសដៅហោះហើរ មួយចំនួនដែលមិនសូវទទួលបានផលចំណេញ និងគុណប្រយោជន៍ ដោយសំអាងទៅលើជើងហោះ​ហើរអន្តរជាតិ ដែលតម្រូវការមានការថយចុះយ៉ាងគំហុក ដោយសារការជះឥទ្ធិពលអវិជ្ជមាននៃវីរុសកូរ៉ូណាប្រភេទថ្មី(COVID-19) ព្រមទាំងនៅពេលអនាគតនឹងមានការចេញដោយជាក់លាក់នូវការកាត់បន្ថយទិសដៅហោះហើរ និងប្រកាសជាសាធារណៈអំពីផែនការអាជីវកម្មថ្មីនៅចុងខែកក្កដា ឆ្នាំ ២០២០។

សភាពាណិជ្ជកម្មកម្ពុជា និង សមាគមធុរកិច្ចជប៉ុននៅកម្ពុជា បានចុះអនុស្សារណៈយោគយល់ជាមួយគ្នាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងពង្រឹងទំនាក់ទំនងធុរកិច្ចសម្រាប់វិស័យឯកជន។

អ្នកឧកញ៉ា និងលោក កាន់ដា យូហ្គា ក៏បានពិភាក្សាលើចំណុចសំខាន់ៗខាងក្រោម៖• ការបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិងស្ថាប័ន ជាពិសេស រវាងសមាជិកនិងសមាជិក ស្របតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។• កិច្ចសហការលើវិស័យធុរកិច្ចឌីជីថល ដើម្បីជំរុញឱ្យទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ កាន់តែមានប្រសិទ្ធភាពទ្វេរដង៕

រដ្ហាភិបាលនឹងវិនិយោគវារីអគ្គិសនីកម្លាំង១៥០មេហ្កាវ៉ាត់ថ្មីមួយនៅខេត្តកោះកុង

ដោយៈ រ៉ាណេត

កោះកុងៈ គម្រោងបង្កើតស្ថានីយវារីអគ្គិសនីថ្មីមួយទៀត ដែលមានកម្លាំង១៥០មេហ្គាវ៉ាត់ នឹងបង្ហាញវត្តមាននៅលើស្ទឹងតាតៃលើ ដោយផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុនជំនាញចិនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដែលបានដឹកនាំកិច្ចប្រជុំស្តីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងវារីអគ្គិសនីស្ទឹងតាតៃ កម្លាំង១៥០ មេហ្កាវ៉ាត់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានមានប្រសាសន៍ថា គម្រោ​ងមួយនេះ គឺជាធុងអគ្គិសនីថ្មីមួយទៀតសម្រាប់ខេត្តកោះកុង ដែលអនុវត្តដោយក្រុមហ៊ុន China National Heavy Machinery Corporation (CHMC)។

លោកបានបញ្ជាក់ថា “គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ដែលស្ថិតក្នុងឃុំឬស្សីជ្រុំ និងឃុំតាតៃលើ នៃស្រុកថ្មបាំង មួយនេះ គឺមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនី នៅទូទាំងខេត្តកោះកុង និងសម្រាប់ចែកចាយទៅកាន់តំបន់ក្បែរខាង”។លោកបន្តថា“គំរោងនេះ កាត់បន្ថយការទិញថាមពលពីប្រទេសថៃ ដែលសុំឱ្យមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បង្ហាញអំពីបញ្ហាសំខាន់ដែលជាគន្លឹះ ដើម្បីធ្វើឱ្យគម្រោងនេះបានសម្រេចលទ្ធផល ជាផ្លែផ្កា និងឈានទៅដល់ដំណើរការគម្រោងស្របតាមផែនការដែលបានគ្រោងទុក”។

អគ្គនាយកអគ្គិសនីកម្ពុជា (EDC) លោក កែវ រតនៈ បានការសាងសង់រោងចក្រផលិតអគ្គិសនីនេះ គឺជាការចូលរួមចំណែករបស់អគ្គិសនីកម្ពុជា ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយកង្វះថាមពល។ បច្ចុប្បន្ននេះអគ្គិសនីកម្ពុជា ត្រូវបានបង្កើនការស្វែងរកថាម​ពលថ្មីបន្ថែមឱ្យបានជាង១ ០០០មេហ្គាវ៉ាត់ នៅមុនដំណាច់ឆ្នាំ២០២០។

លោកបានបញ្ជាក់ថា “បច្ចុប្បន្នអគ្គិសនីកម្ពុជាកំពុងខិតខំស្វែងរក ថាមពលអគ្គិសនី តាមវិធីជាច្រើនដូចជា សាងសង់រោងចក្រអគ្គិសនីដោយថាមពលធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងការទិញពីប្រភពដែលមានតម្លៃថោក (ប្រទេស ឡាវ) ដើម្បីធ្វើឱ្យវាមានភាពប្រសើរជាងមុន”៕

រដ្ឋបាលខេត្តកំពតចាប់ផ្តើមអនុវត្តន៍គម្រោងពង្រីកក្រុង

ដោយៈ រ៉ាណេត

កំពតៈ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញឱ្យខេត្តកំពត ក្លាយជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ រដ្ឋបាលខេត្តកំពត បាននិងកំពុងពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមតំបន់សំខាន់ៗ ជាពិសេសអនុវត្តន៍៍នូវគម្រោងអភិវឌ្ឍន៍វិស័យសំណង់នៅតាមតំបន់ជាយក្រុង។

នៅក្នុងផែនការពង្រីកក្រុងកំពតឱ្យមានវិសាលភាពធំទូលាយ និងបង្កើនសោភ័ណភាពឱ្យស័ក្ដិសម ទៅនឹងគោលដៅទិសទេសចរណ៍ កម្រិតអន្តរជាតិប្រចាំតំបន់នេះកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ អភិបាលខេត្តកំពត លោក ជាវ តាយ បានលើកឡើងថា កិច្ចអភិវឌ្ឍន៍ក្រុងកំពត និងពង្រីកវិសាលភាពឱ្យកាន់តែប្រសើរជាងមុន អាចធ្វើទៅបានគឺត្រូវមានការចូលរួមពីសដំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមគ្នាជាមួយនឹងវិស័យឯកជន។

លោកបានមានប្រសាសន៍ថា “អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធត្រូវធ្វើការសម្របសម្រួល ណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅលើចំណីប្រឡាយ ក៏ដូចជាចំណីផ្លូវរថភ្លើងឱ្យរុះរើសំណង់តូចៗ ឬរបងសង់លើដីសាធារណៈ និងសិក្សារៀបចំគម្រោ​ងវិនិយោគក្នុងការកសាងផ្លូវ រៀបចំសួនច្បារ និងបង្គោលភ្លើងបំភ្លឺសាធារណៈ ដើម្បីពង្រី​កការអភិវឌ្ឍន៍ពីក្រុងមកជាយក្រុង”។

លោកជាវ តាយបានបន្តថា “រាល់ការអភិវឌ្ឍ ជាសត្យានុម័តគឺមានការប៉ះពាល់ខ្លះនៅទីតាំងជាក់ស្តែង ជាពិសេសតំបន់នេះមានការពាក់ព័ន្ធនឹងប្រព័ន្ធទឹក ដែលហូរចេញពីព្រែកទឹកឈូ ដែលមានផ្ទៃរងទឹកធំនៅរដូវវស្សា ឬនៅពេលដែលទំនប់វារីអគ្គីសនីកំចាយបើកទ្វារទឹកម្តងៗ ទាមទារឱ្យអ្នកវិនិយោគ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធរួមគ្នាសិក្សាឱ្យបានច្បាស់លាស់”។

ជាមួយនឹងសកម្មភាពនៃការអនុវត្តលើផែនការ ពង្រីកវិសាលភាពក្រុងកំពត បច្ចុ​  ប្បន្នមានក្រុមហ៊ុនឯកជនជាច្រើន កំពុងបោះទុនវិនិយោគនៅក្នុងខេត្តមួយនេះ ដោយផ្តោតទៅលើការអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ បង្កើតតំបន់កម្សាន្តកែច្នៃបែបធម្មជាតិ។ ជាក់ស្ដែងក្រៅពីគម្រោងនៅតាមតំបន់មាត់ព្រែកទឹកឈូ រហូតដល់ទំបន់វារីអគ្គិសនីកំចាយ មានគម្រោងចំនួនផ្សេងទៀតនៅជាយក្រុងកំពត ស្ថិតក្នុងភូមិមាត់ពាម ឃុំម៉ាកប្រាង្គ ស្រុក​ទឹកឈូ កំពុងដំណើរការគម្រោងរបស់ខ្លួនយ៉ាងមមាញឹក។

នៅក្នុងផែនការអភិវឌ្ឍន៍ និងពង្រីកវិសាលភាពក្រុងកំពត បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបាន និងកំពុងសាងសង់ផ្លូវក្រវ៉ាត់ក្រុងយ៉ាងធំទូលាយ ដើម្បីសម្រួលដល់ការធ្វើចរាច​រណ៍នៅទូទាំងក្រុង ក៏ដូចជាបង្កភាពងាយស្រួលដល់បណ្តាទេសចរជាតិ និងអន្តរជាតិធ្វើដំណើរទៅកាន់តំបន់រមណីយដ្ឋាននានាផងដែរ៕

សម្តេចតេជោបញ្ជាក់ពីសារសំខាន់នៃការតភ្ជាប់ផ្នែកឌីជីថល និងសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ានក្នុងវិបត្តិជំងឺCovid-19

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ពីសារៈសំខាន់ការតភ្ជាប់ផ្នែកឌីជីថល និងសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ាន នៅក្នុងវិបត្តិនៃនូវជំងឺ Covid-19 ដែលកំពុងរាតត្បាតនៅទៅទាំងសកលលោក។

សម្តេចតេជោហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-លើកទី៣៦ នៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០នេះឱ្យដឹងថា ឌីជីថលភាវូបនីយកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប៉ះប៉ូវផលិតភាព ដែលបានបាត់បង់ដោយសារការរីករាលដាលនៃជំងឺ Covid-19 ។

សម្តេចតេជោបន្តថា “ជាក់ស្តែងក្នុងវ័យនេះ យើងអាចមើលឃើញសក្តានុពលយ៉ា​ងធំពីទីផ្សារ និងកម្លាំងពលកម្ម ដែលមិនទាន់ត្រូវបានចាប់យកមកប្រើប្រាស់ឱ្យបានពេញលេញនៅឡើយ”។ សម្តេចតេជោបន្ថែមថា “ជាងនេះទៅទៀត ការរំខានដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យយើងដឹងពីតម្រូវការចាំបាច់ សម្រាប់អាស៊ាន ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក៏ដូចជាការគាំទ្របន្ថែមដល់សមាហរណកម្មសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ ស្របពេលដែលអាស៊ានកំពុងប្រឹងស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទនៃជំងឺនេះ”។

សម្តេចតេជោហ៊ុន សែនបានថ្លែងបន្តថា ការរាតត្បាតនៃជំងឺ Covid-19 បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពីមុខមក ដូចជាបញ្ហាសុវត្ថិភាពសុខភាពសាធារណៈ ការបង្អាក់ការប្រមូលផ្តុំ និងដំណើរការនៃច្រវាក់ផ្គត់ផ្គង់សកល ក៏ដូចជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។

សម្តេចតេជោថ្លែងបន្តថា នៅក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកល លើមូលដ្ឋានពហុភាគីនិយម ជាពិសេសក្រោមក្រមខណ្ឌអង្គការសហប្រជាជាតិ ពិតជាមានភាពចាំបាច់មិនអាចខ្វះបាន។ ជាការពិតណាស់ កាលៈទេសៈនេះ មិនមែនជាពេលសម្រាប់យើងចោទប្រកាន់គ្នា រើសអើងឬបែងចែកសម្ពន្ធមិត្តគ្នា ដោយផ្អែកលើរបៀបវារៈនយោបាយណាមួយនោះឡើយ។

សម្តេជោបញ្ជាក់ទៀតថា ក្នុងន័យនេះកម្ពុជា សូមគាំទ្រយ់ាងពេញទំហឹងចំពោះអាណត្តិធម្មនុញ្ញរបស់អង្គការសុភាពពិភពលោក ដែលកំពុងដើរតួនាទីស្នូលក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជាសកល និងជំងឺរាតត្បាតនេះ។ ទន្ទឹមនឹងការរងចំាភាពជោគជ័យដំបូងបំផុតនៃការផលិតវ៉ាក់សាំង កម្ពុជាសូមអំពាវនាវឱ្យចាត់ទុកវ៉ាក់សាំងនេះ ជាទំនិញរួមសម្រា​ប់សកល (Global Common Goods) ដែលប្រជាជនគ្រប់រូបក្នុងសកលលោក អាចទទួលបាន៕

ការមិនទទួលសិទ្ធស្នាក់នៅរបស់អ្នកវិនិយោគធ្វើឱ្យក្រុមហ៊ុនកង់ធំមួយរបស់អាមេរិកពន្យាពេលរោងចក្ររបស់ខ្លួននៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនផលិតកង់ធំមួយ ដែលមានមូលដ្ឋាននៅអាមេរិក Kent International បានបញ្ជាក់កាលពីថ្មីៗនេះថារោងចក្រកង់នៅក្នុងប្រទេសកម្ពុជានឹងត្រូវពន្យាពេលហើយ បន្ទាប់ពីចំណាយទុនប្រហែល ១០ លានដុល្លារលើការទិញដីមួយកន្លែងនៅភ្នំពេញ។

រោងចក្រនេះត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការនៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ ភាពជាក់ស្តែងនៃរោងចក្រនេះកំពុងត្រូវបានពន្យាពេលឥឡូវនេះ។

លោក Arnold Kamler ប្រធាននាយកប្រតិបត្តិ និងជានាយកប្រតិបត្តិក្រុមហ៊ុន បានសរសេរនៅក្នុងអ៊ីមែលមួយទៅកាន់កាសែតខ្មែរថាមស៍ កាលពីកាលពីពេលថ្មីៗនេះថា ដី និងការកែលម្អចំនួនត្រូវចំណាយអស់ជាង ១០ លានដុល្លារ។

លោក បានថ្លែងថា ប៉ុន្តែវិនិយោគិនសំខាន់មកពីប្រទេសចិន ដែលតាមពិតជាពលរដ្ឋអូស្រ្តាលី ចាំបាច់ត្រូវមានសិទ្ធិស្នាក់នៅ ដើម្បីដំណើរការទៅមុខ ហើយវាបានចំណាយពេលជាងមួយឆ្នាំសម្រាប់ដំណើរការនេះ ទោះបីជាលោកចង់បង្កើតការងារជាង ១.០០០ សម្រាប់ប្រជាជនកម្ពុជាក៏ដោយ។

លោក បានកត់សម្គាល់ថា “ដោយសារតែយើងមិនអាចរង់ចាំបានយូរ យើងបានផ្លាស់ប្តូរផែនការទៅប្រទេសម៉ាឡេស៊ីឥឡូវនេះ ដែលជាកន្លែងអំណោយផលសម្រាប់អាជីវកម្ម”។

លោកបានបន្ថែមថា លោកនៅតែមានក្តីសង្ឃឹមក្នុងការឈានទៅមុខជាមួយរោងចក្រនៅកម្ពុជានាពេលអនាគត ប៉ុន្តែឧបសគ្គក្នុងការទទួលបានសិទ្ធស្នាក់នៅ និងនយោបាយក្នុងស្រុកត្រូវការបញ្ឈប់។ “បើគ្មានឧបសគ្គទាំងនេះទេយើងនឹងទិញកង់ជាង ៤ ម៉ឺនកង់ក្នុងមួយខែ”។

លោក បានបន្តថា “យើងនៅតែសង្ឃឹមថានឹងមានរោងចក្រនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែផែនការនេះនឹងត្រូវពន្យាពេលបច្ចុប្បន្ននេះ។ ខ្ញុំគិតថាយើងនឹងចាប់ផ្តើមសាងសង់ប្រហែលមួយឆ្នាំទៀតចាប់ពីពេលនេះទៅ”។

លោកបន្ថែមថា ក្រុមហ៊ុនផលិតកង់ប្រហែល ៣ លានក្នុងមួយឆ្នាំ។

ក្រុមហ៊ុនបានបញ្ជាក់ទៀតថា នៅពេលដែលរោងចក្ររបស់ខ្លួននៅកម្ពុជាដំណើរការប្រហែល ៣០ ភាគរយនៃផលិតកម្មប្រចាំឆ្នាំរបស់ក្រុមហ៊ុននឹងចេញពីប្រទេសកម្ពុជា៕ ប្រភព៖ KT

បណ្ឌិតម៉ៅ ហាវណ្ណាល់ៈចំនួនអ្នកដំណើរតាមជើងហោះហើរកម្ពុជាបន្តដាំក្បាលចុះ

ដោយវុត្ថា

ភ្នំពេញៈ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី  រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានអះអាង រហូតមកដល់ពេលនេះ ចំនួនអ្នកធ្វើដំណើរជើងហោះហើរកម្ពុជា នៅតែមានការធ្លាក់ចុះប្រមាណ៩៨ភាគរយ ដែលបង្កឡើងដោយការរាតត្បាតនៃជំងឺ Covid-19 នៅទូទាំងសកលលោក។

លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយ ក្រុមការងាររបស់ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានកម្ពុជា ( Cambodia Airports)កាលពីល្ងាចម្សិលមិញនេះ។

លោកបានថ្លែងបន្តថា “ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានកម្ពុជា( Cambodia Airports) នៅតែបន្តប្រតិបត្តិការរបស់ខ្លួន បើទោះបីចំនួនអ្នកដំណើរធ្លាក់ចុះរហូតដល់៩៨% នៅពេលមានវិបត្តិ COVID19 នេះក្តី និងបានគាំទ្រនូវវិធានការណ៍នានាសំដៅធ្វើយ៉ាងណាឱ្យមានកំណើនអ្នកដំណើរតាមផ្លូវអាកាសវិញ”។

លោកបន្ថែមថា ជាមួយគ្នានេះCambodia Airports បានស្វាគមន៍នូវវិធានការនានាចំពោះអ្នកដំណើរតាមផ្លូវអាកាស ដែលបានដាក់ចេញដោយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺCOVID19 ។ ម្យ៉ាងខាងក្រុមហ៊ុន នឹងនៅបន្តរក្សាប្រតិបត្តិការរហូតដោយរក្សានូវស្តង់ដាអន្តរជាតិដដែល រហូតដល់មានការកើនឡើងជាថ្មី បន្តិចម្តងៗនូវអ្នកដំណើរមកកាន់កម្ពុជា៕

ឧកញ៉ាលី ហួរៈទីផ្សារអចលនទ្រព្យចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញបណ្តើរៗហើយ

        ដោយគង់ សូរិយា

        ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យបានមានភាពល្អ ប្រសើរឡើងវិញបណ្តើរៗហើយ ខណៈលំហូរទុនវិនិយោគពីរបរទេសរំពឹងនឹងបន្តកើនឡើង។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូររស័ព្ទនាព្រឹកថ្ងៃទី២៦ មិថុនានេះថា ស្ថានភាពទីផ្សារអចលនទ្រព្យ បានចាប់ផ្តើមមានសញ្ញាល្អឡើងវិញហើយ រាប់ទាំងដីធ្លី លំនៅដ្ឋាន និងគំរោងអភិវឌ្ឍន៍នានាបានចាប់ផ្តើមសកម្មភាព ខណៈស្ថានភាពជំងឺCovid-19ត្រូវបានគ្រប់គ្រងបានដោយរដ្ឋាភិបាល។

លោកបន្តថា “ពេលនេះការលក់លំនៅដ្ឋានបានល្អឡើងវិញបណ្តើរៗហើយ។ ចំនែកដីធ្លីក៏មានសកម្មភាពទិញលក់ច្រើន ប៉ុន្តែតំបន់ខ្លះក៏មិនទាន់ឡ់ងថ្លែនៅឡើយទេ”។​លោកបន្តថា “”ភាពល្អប្រសើរនេះបានចាប់់ផ្តើមលើផ្នែកសំខាន់ៗ ហើយយើងរំពឹងថានៅឆ្នាំ២០២១ខាងមុខ អ្វីៗនឹងវិវត្តន៍កាន់់តែល្អប្រសើរថែមទៀត”។

លោកឧកញ៉ាលី ហួរដែលជាអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបានមានប្រសាសន៍ឲ្យដឹងផងដែរថា គំរោងរបស់លោកដែលស្ថិតនៅទីតាំងក្បែរផ្សារទំនើបAEON Mall2បាននិងកំពុងលក់ជិតអស់ហើយផងដែរ ដោយសារលក្ខខ័ណ្ឌទីតាំងមានភាពល្អប្រសើរ និងទីផ្សារលំនៅដ្ឋានកាន់តែល្អប្រសើរឡើងវិញ៕

អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៥៦លានដុល្លារដល់កម្ពុជា

ដោយៈ វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៥៦លានដុល្លារដល់កម្ពុជា ដោយផ្តោតលើការអភិវឌ្ឍវិស័យចំនួន៤នៅកម្ពុជា។

ក្នុងចំណោមថវិកាទាំងនោះ មានចំនួន៣៨លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងវិស័យអប់រំ ថវិកា១៨លានដុល្លារ សម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនានានៅក្នុងប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពី ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍ សម្រាប់ឆ្នាំ២០១៩។

លោកជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍទ្វេរភាគីនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រទេសទាំងពីរ។

លោកW.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាបានមាន​ប្រ​សាសន៍ថា រដ្ឋាភិបាលអាមេរិក ប្តេជ្ញាបន្តការគាំទ្ររបស់ខ្លួនចំពោះប្រជាជនកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌។

តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ការគាំទ្រនេះនឹងបន្តរួមចំណែកកាត់បន្ថយអត្រាមរណៈភាពមាតា និងទារកដែលមានអាយុក្រោម៥ឆ្នាំ ក៏ដូចជា ផ្តល់ការគាំទ្រលើកម្មវិធីនានា ក្នុងការកាត់បន្ថយ ជំងឺក្រិន និងជំងឺខ្វះគ្រាប់ឈាមក្រហមរបស់កុមារ និងស្ត្រី និងកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃជំងឺអេដស៍ជំងឺរបេង និងជំងឺគ្រុនចាញ់នៅកម្ពុជា។

ចំពោះវិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារ USAID នឹងបន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពការអានរបស់កុមារ កាត់បន្ថយអត្រាបោះបង់ចោលការ សិក្សានៅថ្នាក់វិទ្យាល័យ និងបំពាក់បំប៉នបន្ថែមដល់ប្រជាជនកម្ពុជាក្នុងការឈានចូលទៅក្នុងទីផ្សារពលកម្ម។ សម្រាប់ភាពជាដៃគួរវាងក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីភ្នាក់ងារ USAID នឹងផ្តល់ការគាំទ្រលើកម្មវិធីនានាក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការផលិតគ្រាប់ពូជសំខាន់ៗ និងអាហារូបត្ថម្ភក្នុងសហគមន៍ជនបទ។

ទន្ទឹមនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន កិច្ចព្រមព្រៀងនេះក៏នឹងគាំទ្រកម្មវិធី បរិស្ថានក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជន ក៏ដូចជាតំបន់ទេសភាព ដែលទទួលរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ និងបានជួយកម្ពុជា សម្រេចបានតាមការប្តេជ្ញាក្នុងក្របខណ្ឌអន្តរជាតិរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាពិសេស ដែលបណ្ដាលមកពីការបាត់បង់ និងរេចរិលព្រៃឈើ។

គិតចាប់តាំងពីខែមីនា ឆ្នាំ២០១៦ បូករួមទាំងកិច្ចព្រមព្រៀងដែលទើបចុះហត្ថលេខា​នាថ្ងៃនេះ ភាគី អាមេរិកបានផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ២៥៣លានដុល្លារ សម្រាប់គាំទ្រដល់វិស័យអាទិភាពទាំង៤។ ការគាំទ្រនេះបានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីលើនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រអង្គការសង្គមស៊ីវិ​លដែលបានធ្វើការ ផ្តោតលើសិទ្ធិមនុស្ស ការប្រឆាំងការជួញដូរមនុស្ស និងគណនេយ្យភាព និងតម្លាភាពនៅក្នុងប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបំពេញបន្ថែមនូវការងារជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នក្នុងប្រទេសកម្ពុជា៕