ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ឱ្យជួយទាក់ទាញ និងកៀរគរអ្នកវិនិយោគដែលជាសមាជិករបស់ខ្លួនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមជួយស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺ Covid-19 ត្រូវបានបញ្ចប់។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងឱកាសជំនួបជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលទើបទទួលតំណែងថ្មី នៅទីស្ដីក្រសួងការងារ បានធ្វើការបង្ហាញពីវឌ្ឍនភាពការងារដែលកម្ពុជាសម្រេចបាន ក្រោមកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា នាពេលកន្លងមក ទាំងលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសលើវិស័យវិនិយោគ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ដោយសារវិបត្តិជំងឺ Covid-19 សេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំង ពិសេសលើវិស័យការងារ ទេសចរណ៍ ការនាំចេញផលិតផល និងវិស័យនានាមួយចំនួនទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំដោះស្រាយបញ្ហាទាំងនេះផងដែរ ដោយបានធ្វើពិពិធកម្មសេដ្ឋកិច្ចឡើងវិញ។ ជាមួួយគ្នានេះ លោកក៏បានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ធ្វើយ៉ាងណាផ្ដល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិនានារបស់កម្ពុជា”។
ចំពោះសំណើនេះ ត្រូវបានលោក Tassilo BRINZER ឯកភាពយល់ព្រម និងបានបញ្ជាក់ថា លោកនឹងប្រកាសកៀរគរអ្នកវិនិយោគដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបទាំងឡាយ ពិសេសនៅប្រទេសជិតខាង មានប្រទេសថៃ វៀតណាមជាដើម ឱ្យចាប់អារម្មណ៍ងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈបរិយាកាសវិនិយោគនៅកម្ពុជាគឺពិតជាមានភាពល្អប្រសើរ។

ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបានធានាថានឹងខិតខំធ្វើឱ្យផលិតផលដែលផលិតបាននៅកម្ពុជា មានលក្ខខណ្ឌការងារ និងបរិយាកាសនៅកន្លែងធ្វើការល្អប្រសើរជាងមុន ដើម្បីធានាថាផលិតផលដែលនាំចេញទៅកាន់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតកាន់តែមានស្ដង់ដាខ្ពស់។
រីឯផែនការយុទ្ធសាស្រ្តរយៈពេល២ឆ្នាំខាងមុខទៀតរបស់សភាពាណិជ្ជកម្មអឺរ៉ុប គឺធ្វើយ៉ាងណាខិតខំជំរុញ និងទាក់ទាញវិនិយោគិនរបស់អឺរ៉ុបមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រោះកម្ពុជាជាគោលដៅវិនិយោគប្រកបដោយសក្តានុពលមួយនៅក្នុងតំបន់។
ភាគីទាំងពីរបានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីសម្រេចបាននូវការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរ ទោះបីមានបញ្ហា EBA ឬបញ្ហាជំងឺ Covid-19 ក៏ភាគីទាំងពីរនៅតែប្រកៀកស្មាគ្នាជម្នះឧបសគ្គឱ្យបាន។
គួរជម្រាបជូនផងដែរថា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយមានសមាគមពាណិជ្ជកម្មបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ មកទល់បច្ចុប្បន្នមានសមាជិកជាង ៣៥០ និង ៦ សាខាទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះមាន ១១ ប្រទេសពីសហភាពអឺរ៉ុប។ សកម្មភាពចម្បងរបស់សភាពាណិជ្ជកម្ម គឺផ្សព្វផ្សាយ គាំទ្រ និងតំណាងសមាជិករបស់ខ្លួន ក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលបរិយាកាសពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា៕







