ដោយ ហ្សូលី
ភ្នំពេញៈ បឹងកេងកង ដែលជាតំបន់ពោរពេញដោយគម្រោងអភិវឌ្ឍជាច្រើន នៅតែបន្តជាប់ឈ្មោះជាតំបន់ ដែលមានតម្លៃអចលនទ្រព្យខ្ពស់ជាងគេ ប្រចាំទីក្រុងភ្នំពេញដដែល បើទោះបីជាកម្ពុជាទទួលរងនូវវិបត្តិយ៉ាងណាក្តី។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service លោកស្រី តាំង ហ៊ួរ បានថ្លែងប្រាប់គេហទំព័រ PropertyArea.Asia ថា បើប្រៀបធៀបទីតាំងទាំងអស់នៅក្នុងទីក្រុងភ្នំពេញ បឹងកេងកងមានតម្លៃថ្លៃជាងគេតែម្តង។
លោកស្រីបន្តថា “តំបន់នេះមានតម្លៃថ្លៃស្រាប់ទៅហើយ ប៉ុន្តែតម្លៃនៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ បើក្រឡេកទៅមើលតម្លៃដីនៅកែងជិតៗផ្លូវធំ តម្លៃជិត១០,០០០ ដុល្លារទៅហើយក្នុងមួយម៉ែត្រការ៉េ”។ លោកស្រីបន្ថែមថា “ប៉ុន្តែបើផ្លូវកាត់ៗ តម្លៃមិដល់ប៉ុណ្ណឹងនោះទេ ហើយវាស៊ីសងទៅតាមទំហំដីតូចធំផងដែរ”។
បឹងកេងកង១ និងតំបន់ស្ថិតក្នុងសង្កាត់បឹងកេងកង២ និងទី៣ បានក្លាយជាបណ្តុំសំណង់អគារខ្ពស់ ដែលបម្រើលើវិស័យពាណិជ្ជកម្ម ខុនដូ និងអាផាតមិនដែលជាប្រភេទតម្លៃកម្រិតខ្ពស់ បច្ចុប្បន្ននេះក៏នៅតែបន្តប្រជាប្រិយភាព និងទាក់ទាញគម្រោងអភិវឌ្ឍន៍ធំបន្ថែមទៀត។
បើតាមការចុះផ្សាយរបស់គេហទំព័រ Invest Asian បានឱ្យដឹងថា បឹងកេងកងគឺជាសង្កាត់ មានប្រជាជនរស់នៅកាន់តែច្រើនឡើង ដែលស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយនឹងកន្លែងស្នាក់នៅភោជនីយដ្ឋាន និងសណ្ឋាគារកាន់តែច្រើន វាក្លាយជាតំបន់ដែលគួរអោយចង់រស់នៅបំផុតនៅក្នុងទីក្រុង។
គេហទំព័រដដែលបន្តថា បឹងកេងកងត្រូវបានគេស្គាល់ផងដែរថា តំបន់នេះជាសហគមន៍សម្រាប់ជនបរទេស និងជាកន្លែងដែលមានស្ថានទូត និងធុរកិច្ចអន្តរជាតិជាច្រើន ក្នុងនោះវត្តមាននៃសាលាអន្តរជាតិ បានទាក់ទាញក្រុមគ្រួសារជនបរទេសផងដែរ ដោយសារតំបន់បឹងកេងកង មានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមជនបរទេសទីផ្សារខុនដូរបស់វាមានតម្លៃថ្លៃ។
ខុនដូមួយយូនីតជាធម្មតា មានតម្លៃជាង២០០,០០០ដុល្លារ ហើយអ្នកទិញទំនងជានឹងទទួលបានប្រាក់ចំណេញមកវិញនូវការវិនិយោគ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទិញកំពុងស្វែងរកកន្លែងរស់នៅ បឹងកេងកងគឺនៅតែជាជម្រើសដ៏គួរឱ្យទាក់ទាញ៕