ដោយ ហ្សូលី
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រាប់ដល់អង្គភាពក្រោមឱវាទថា ក្នុងករណីមានផ្លូវ-ស្ពាន ដាច់ឬខូចខាត មិនអាចធ្វើចរាចរណ៍បាន ដោយសារគ្រោះទឹកជំនន់ គឺត្រូវចាត់កម្លាំងជាបន្ទាន់ ចុះជួសជុល និងតភ្ជាប់ផ្លូវស្ពាននោះ ដើម្បីធានាឱ្យមាននិរន្តរភាពចរាចរណ៍។

លោកបានមានប្រសាសន៍ថា រាល់មានការដាច់ផ្លូវ-ស្ពានដោយទឹកជំនន់ ត្រូវលើកសំណើរសុំគោលការណ៍ចំណាយមកក្រសួងឱ្យបានឆាប់រហ័សបំផុត។ ជាមួយគ្នានេះ ត្រូវចាត់កម្លាំងតម្លើងស្លាកសញ្ញាចរាចរណ៍ និងស្លាកសញ្ញាសុវត្ថិភាពនៅតាមទីតាំងដែលកំពុង និងងាយរងគ្រោះដោយទឹកជំនន់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុដល់អ្នកដំណើរ។
តាមរយៈសេចក្តីណែនាំ ចុះកាលបរិច្ឆេទ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនរូបនេះ បានបញ្ជាក់ថា អង្គភាពពាក់ព័ន្ធត្រូវគោរពតាមដូចជា៖
១- ចូលរួមផ្សព្វផ្សាយអំពីសភាពការណ៍គ្រោះអាសន្ននានា និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពីខ្សែបណ្ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងត្រូវចូលរួមសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងគ្រោះអាសន្ន និងការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់។

ទន្ទឹមគ្នានេះ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទប់ទល់គ្រោះទឹកជំនន់ និងទប់ស្កាត់មធ្យោបាយដឹកជញ្ជូនធន់ធ្ងន់ដែលឆ្លងកាត់ទីតាំងកំពុងរងគ្រោះដោយទឹកជំនន់ និងត្រូវផ្សព្វផ្សាយផ្តល់ព័ត៌មានផ្លូវការជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។
ជាពិសេស ត្រូវសហការប្រើប្រាស់មធ្យោបាយ និងសម្ភារបរិក្ខាររបស់អង្គភាព ដើម្បីត្រៀមចូលរួមធ្វើអន្តរាគមន៍ រុករក និងសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់ និងស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕






