លោកឧកញ៉ាសៀ រិទ្ឋីៈសណ្ឋាគារShangri-Laនៅតែបើកដំណើរការធម្មតា តាមការគ្រោងទុក

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ លោកឧកញ៉ាសៀ រិទ្ឋីប្រធានក្រុមប្រឹក្សាភិបាលនៃអគ្គនាយកក្រុមហ៊ុនWorld Bridge Land Groupបានថ្លែងថា សណ្ឋាគារShangri-La ដែលស្ថិតក្នុងគំរោងThe PeAk នឹងបើកដំណើរការតាមការគ្រោងទុក។

លោកបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ ផ្ទាល់មុខនាព្រឹកថ្ងៃទី២៦ មិថុនានេះថា សណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានមូលដ្ឋាននៅអាស៊ី ដែលមានស្តង់ដាបែបអឺរ៉ុបនេះ នឹងបើកដំនើរ​ការតាមការក្នុងគម្រោងThe PeAk នៅចុងឆ្នាំនេះ។ វាជាសណ្ឋាគារលំដាប់Top5 និងមានសាខាចំនួន៣០០ទីតាំងនៅក្នុងពិភពលោក ពិសេសវាមានទីតាំងនៅគ្រប់ខេត្តរបស់ប្រទេសចិន។

លោកបន្តថា “ភ្ញៀវចិនស្គាល់Shangri_Laច្បាស់ ដោយសារវាជាសណ្ឋាគារដែលមានមូលដ្ឋាននៅអាស៊ី និងមានស្តង់ដាបែបអឺរ៉ុបនេះ វាមានកេ្តរ៍ឈ្មោះល្បីដូចសណ្ឋា​គារល្បីៗដទៃទៀតក្នុងពិភពលោក”។លោកបន្តថា “គម្រោងThe PeAkនឹងបញ្ចប់់ការសាងសង់ក្នុងឆ្នាំនេះ ខណៈការលក់ខុនដូ និងការិយាល័យក្នុងគំរោងនេះបានលក់ចេញអស់ហើយ”។

លោកឧកញ៉ាបានបន្តថា សណ្ឋាគារShangri-Laនៅទីក្រុងភ្នំពេញ មានបន្ទប់សរុបចំនួន៣០០ ដែលជាបន្ទប់់មានស្តង់ដាខ្ពស់ ហើយលោកនឹងចូលពិនិត្យការរៀបចំបន្ទប់ស្នាក់នៅក្នុងថ្ងៃនេះ ដើម្បីធ្វើឲ្យប្រាកដថាគំរោងនេះដំណើរការតាមផែនការគ្រោងទុក។

ប្រទេសកម្ពុជាបាននិងកំពុងស្រូបទាញកំនើន នៃការវិនិយោគផ្នែកបដិសណ្ឋារកិច្ច ពិសេសផ្នែកសណ្ឋាគារលំដាប់ផ្កាយ៥ ដែលភាគច្រើនជាការវិនិយោគរបស់អ្នកវិនិយោគធំៗនៅក្នុងប្រទេស និងគំរោងវិនិយោគធំៗរបស់អ្នកវិនិយោគបរទេស ដោយសារកម្ពុជាមានកំនើនទេសចរណ៍ខ្ពស់ ប៉ុន្តែវិបត្តិCovid-19ទំនងជាធ្វើឲ្យគម្រោងខ្លះពន្យាពេលបើកដំនើរការនៅកម្ពុជា៕

 

ការនាំចេញ​កង់​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​បរទេស​ស​ម្រេច​បាន​ជិត២០០លាន​ដុល្លារក្នុង​រយៈពេល៥ខែ​ដើម​ឆ្នាំនេះ

ដោយៈ ហ្សូ​លី

ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​កង់​ដែល​តម្លើង នៅក្នុង​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​បរទេស​ស​ម្រេច​បាន​ជិត២០០លាន​ដុល្លារ គិត​ត្រឹម​រយៈពេល៥ខែ នៃ​ឆ្នាំ២០២០នេះ កើនឡើង​ប្រមាណ១៩ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩។

យោងតាម​តួលេខ ដែល​ទទួលបាន​ពី​នាយកដ្ឋាន​គយ​បាន​បង្ហាញថា ចាប់តាំងពី​ខែមករា រហូតមកដល់​ខែឧសភា កម្ពុជា​បាន​នាំចេញ​កង់​ទៅកាន់​បណ្តា​ប្រទេសផ្សេងៗបាន​ចំណូល ១៩៧ លាន​ដុល្លារ កើនឡើង២៦ភាគរយ។

ទីផ្សារ​ដែល​នាំមុខគេ និង​មាន​សារៈសំខាន់​បំផុត​សម្រាប់​កម្ពុជា​ក្នុងការ​នាំចេញ​កង់​គឺ​សហភាព​អ៉ឺ​រ៉ុ​ប បន្ទាប់មក​គឺ​សហរដ្ឋអាមេរិក ប្រទេស​អង់គ្លេស និង​ជប៉ុន។ កង់​ចំនួន ៤៩៥,៣៤១គ្រឿង បាន​ដឹកជញ្ជូន​ទៅកាន់​សហភាព​អ៉ឺ​រ៉ុ​ប ស្មើ​ទឹកប្រាក់​ប្រមាណ១១៩លាន​ដុល្លារ ហើយ​នាំចេញ​ទៅកាន់​អាមេរិក​ចំនួន២២៣,៩១២គ្រឿង ស្មើនឹង​ទឹកប្រាក់​ប្រមាណ៤៤លាន​ដុល្លារ។

ទន្ទឹមនេះ​កង់​ចំនួន១២៥,៦០២គ្រឿង ស្មើនឹង​ទឹកប្រាក់​ចំនួន២៥លាន​ដុល្លារ បាន​នាំចេញ​ទៅកាន់​ចក្រភព​អង់គ្លេស ខណៈដែល​កង់​ចំនួន៣៣៨គ្រឿង​ផ្សេងទៀត ដែល​ស្មើនឹង​ទឹកប្រាក់​ជាង៩ម៉ឺន​ដុល្លារ បាន​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន។ ក្រៅពី​ប្រទេស​ខាងលើ កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​បណ្តា​រ​ប្រទេស​នានា រកចំណូលបាន​ប្រហែល ៨លាន​ដុល្លារ។

ការ​តម្លើង​កង់​បាន​ទាក់ទាញ​សង្វាក់​ផលិតកម្ម​ពិភពលោក និង​រោងចក្រ​គ្រឿងបន្លាស់​នៅក្រៅ​ប្រទេស ឱ្យ​ចូលមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន ជាពិសេស​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។

កាលពី​ឆ្នាំមុន កម្ពុជា​រកចំណូលបាន​ពី​ការនាំចេញ​កង់ ទៅកាន់​ទីផ្សារ​បរទេស​ស្មើនឹង​ទឹកប្រាក់​ចំនួន៤១៨លាន​ដុល្លារ កើនឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ២០១៨ ដែល​រកចំណូលបាន​ត្រឹម ៣៣១លាន​ដុល្លារ​តែប៉ុណ្ណោះ៕

រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​កំពុង​រៀប​តំបន់​មួយ​ទៅជា Smart Area នៅលើ​ផ្ទៃដី២ម៉ឺន​ម៉ែត្រការ៉េ

ដោយ ​វុត្ថា

ភ្នំពេញៈ អភិបាលខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា រដ្ឋបាលខេត្ត​បាន​នឹង​កំពុង​រៀបចំ​តំបន់​មួយ​នៅ​បរិវេណ​រដ្ឋបាលខេត្ត​ថ្មី ទៅជា​តំបន់ Smart Area នៅលើ​ផ្ទៃដី២ហិកតា ខណៈ​ទីក្រុង​មួយចំនួន នៅតាម​បណ្តា​ខេត្ត-រាជធានីធំៗរបស់​ប្រទេស​កម្ពុជា ត្រូវបាន​រៀបចំ​ទៅជា Smart City។

លោក ជាម ច័ន្ទ​សោភ័ណ  អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី “វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ត្បូងឃ្មុំ”នា​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ទីក្រុងធំៗ ត្រូវបាន​គេ​អនុម័ត​និង​ប្រែក្លាយ​ទៅជា Smart City តែ​សម្រាប់​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​រៀបចំ​ជា Smart Area ។

លោក​បន្តថា  “យើង​ប្រើ​ត្រឹមតែ Smart Areaបាន​ហើយ នៅលើ​ទំហំ​ដី​ប្រមាណ២ម៉ឺន​ម៉ែត្រការ៉េ ដែល​ស្មើនឹង២ហិកតា​ជាង” ។ លោក​បន្តថា “ជាមួយគ្នានេះ យើង​រៀបចំ​ដើមឈើ និង​ដើម​ផ្កាផ្សេងៗដើម្បី​ប្រែក្លាយជា​តំបន់​បៃតង ហើយក៏​ជា​កន្លែង​ដែល​ស្រូប ខ្យល់អាកាស​បរិសុទ្ធិ​នៅ​ជុំវិញ​បុរី​រដ្ឋបាលខេត្ត​ទាំងមូល” ។

លោក​បន្តថា “នាពេល​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​កំពុង​បំពាក់​អំពូល​ភ្លើង សាធារណៈ​នៅ​បរិវេណ​បុរី​អគារ​រដ្ឋបាលខេត្ត នៅតាម​បណ្តារ​ផ្លូវ​ចូលទៅ​កាន់​ទី​បុរី​អគា​រដ្ឋបាលខេត្ត ជាមួយគ្នានេះ​ក៏មាន​ការរៀបចំ​សួន​បឹង​សិប្ប​និមិត្ត ដើម្បីឱ្យ​ក្លាយជា Smart Area ដោយមាន​ការដាក់ Free Wifi ដើម្បីឱ្យ​ពលរដ្ឋ​ដែល​ទៅលេង​ទីនោះ អាច​ប្រើប្រាស់​បាន​ដោយ​សេរី។

លោក​អភិបាលខេត្ត​បន្ថែមថា “នៅពេលដែល​យើង​រៀបចំ​នូវ Smart Area នេះ​បាន​រួចរាល់​ហើយ នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ និង ខេត្ត​ជាប់​ជិតខាង​រួមជាមួយ​នឹង​មកពី​បណ្តា​ខេត្តផ្សេងៗ ដូចជា ពី​ភ្នំពេញ​ទៅលេង​កម្សាន្ត និង​ទស្សនា​ផងដែរ” ។

រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ឆ្នាំ២០១៧ បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ និង​អគារផ្សេងៗមួយចំនួនទៀត​ដូចជា អគា​រដ្ឋបាល​ប្រមូលផ្តុំ ព្រមទាំង​អគារ​ស្នាក់នៅ​របស់​មន្ត្រី​រាជការ។ អគា​រដ្ឋបាល​នេះ មា​បណ្តាញ​ផ្លូវ​ឆ្លងកាត់​សុ​រប​ប្រវែង ២៦គីឡូម៉ែត្រ អាង​ស្តុក​ទឹក​ប្រើប្រាស់ ដែល​អាច​ស្តុក​ទឹកបាន​ប្រមាណ៣លាន​ម៉ែត្រគូប និង​ស្ថានីយ​ផលិត​ទឹកស្អាត ដែលមាន​សមត្ថ​ភា​ផលិត​ទឹកស្អាត២០៨ ម៉ែត្រគូប​ក្នុង​មួយ​ម៉ោង​ផងដែរ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍ថា សមិទ្ធផល​របស់​ប្រទេសជាតិ រួមទាំង​សាលាខេត្ត​ត្បូងឃ្មុំ​នេះ​ផងដែរ បានកើត​ចេញពី​ប្រទេសជាតិ​មាន​សុខសន្តិភាព បន្ទាប់ពី​ភ្លើងសង្គ្រាម​បាន​បិទ​បញ្ចប់ តាមរយៈ​ការចរចា​ស្វែងរក​សន្តិភាព​ជាមួយ​អ្នកនយោបាយ​គ្រប់ភាគី ជាពិសេស​ការដាក់ចេញ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​នាំយក​ទាហាន​ខ្មែរក្រហម​ពី​ក្នុងព្រៃ ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ស្ថេរភាព និង​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​ទាំងស្រុង។

សម្តេច​តេ​ជោ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​អញ្ជើញ មក​ទស្សនា​ទី​រួម​ខេត្ត​ថ្មី​នេះ ព្រមទាំង​អំពាវនាវ ឲ្យ​មានការ​សាងសង់​ផ្ទះ​លក់​ដោយ​បង់​រំលស់ ក្នុងតម្លៃ​ទាប​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ និង​អំពាវនាវ​ឲ្យ​មានការ​សាងសង់​សណ្ឋាគារ នៅ​ទី​រួម​ខេត្ត​នេះ​ផងដែរ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ត្បិត​ខេត្ត​នេះ​តំបន់​ប្រវត្តិ​សាសន៍ គឺ​អតីត​រាជធានី​ក្នុង​រជ្ជកាល​ព្រះស្តេច​កន។

ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​ថ្មី​មួយ​របស់​កម្ពុជា ដែល​បាន​បំបែក​ចេញពី​ខេត្តកំពង់ចាម មាន​ផ្ទៃដី​សរុប៥,២៥០.៥១គីឡូម៉ែត្រ​ក្រឡា មាន​ព្រំប្រទល់​ខាងលិច​ជាប់​នឹង ខេត្តកំពង់ចាម ខាងត្បូង​ជាប់​នឹង​ខេត្តព្រៃវែង ខាងជើង ជាប់​នឹង​ខេត្តក្រចេះ ខាងកើត​ជាប់​ប្រទេស​វៀតណាម ចែកចេញជា៦ស្រុក ១ក្រុង ៦២ឃុំ ២សង្កាត់ ៨៧៣ភូមិ។

ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ។ បន្ទាប់ពី​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ រាជរដ្ឋាភិបាល​បានសម្រេច​កំណត់​ប្លង់គោល កសាង​ទីក្រុង​នៃ​ទី​រួម​ខេត្ត​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ពីរពាន់​ហិកតា ក្នុងនោះ​មាន​ដី​របស់​រដ្ឋ ស្ថិតក្នុង​ចំការ​ព្រៃ​ម៉ៃសាក់​ចំនួន៣២២ហិកតា ហើយ​ហេ ដ្ឋា​រចនាសម្ព័ន្ធ និង​គម្រោង​អាទិភាព​ទីក្រុង​នៃ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បើក​ដ្ឋា​ន​សាងសង់​កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា៕

អ្នកជំនាញ៖ ការទិញ​លក់​អចលនទ្រព្យ​នៅតែមាន​សកម្មភាព​ធម្ម​តា​នៅ​កម្ពុជា ទោះបី​ជាមាន​វិបត្តិ​សកល​ក៏ដោយ

ដោយៈ ប៊ី

ភ្នំពេញៈ បើទោះបី​ជាមាន​វិបត្តិ​ជំងឺ COVID-19 បាន​គំរាមកំហែង​សេដ្ឋកិច្ច​សកល​ក៏ដោយ ក៏​អ្នក​ជំ​ញ​ជាច្រើន​បានលើក ឡើង​ថា ចលនា​ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែមាន​សកម្មភាព​ធម្ម​តា។

លោក​ឧកញ៉ា​ចេង ខេង ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL បាន​ថ្លែង​តាម​វីដេអូ Conference ក្នុង​កម្មវិធី​មួយ​របស់​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​នៅ​ថ្ងៃទី២៥ ខែមិថុនា​នេះ​ថា ចលនា​ទិញ​លក់​អចលនទ្រព្យ​នៅតែមាន​សកម្មភាព​ធម្ម​តា អំឡុងពេល​វិបត្តិ​នេះ។

លោក​បាន​ថ្លែងថា “ទីផ្សារ​អចលនទ្រព្យ​នៅ​ដំណើរ​ការធម្មតា ព្រោះ​បុគ្គលិក​របស់​ក្រុមហ៊ុន ខ្ញុំ​ឆ្លើយតបបាន​ជាមួយនឹង​គោលដៅ​របស់​ក្រុមហ៊ុន ដែល​បាន​ដាក់ចេញ ហើយ​ចំណូល​របស់គាត់​នៅតែ​ទទួលបាន​ធម្មតា” ។ លោក​បន្តថា “បញ្ហា សំខាន់​គឺ​សមត្ថភាព​របស់​បុគ្គលិក ព្រោះ​បើសិនជា​ទីផ្សារ​ដំណើរ​ធម្មតា តែ​ចំណូល​យើង​ធ្លាក់ចុះ បញ្ហា​គឺ​មក​យើង។ ដូច្នេះ​យើង​ត្រូវមាន​វិជ្ជាជីវ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ព្យាយាម​បន្ថែម​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យនេះ” ។

លោក​សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Key Real Estate បាន​និយាយថា លោក​សង្ក​ត​ឃើញថា អំឡុងពេល​កូ​វីដ​នេះ អ្នកទិញ​មាន​ចំនួន​ជាង​មុនពេល​កូ​វីដ​ទៀត។ លោក​ថា “នេះ​សម្រាប់តែ​អ្វីដែល​ខ្ញុំ​បានឃើញ” ។ លោក​បាន​ថ្លែងថា “នៅក្នុង​គ្រា​លំបាក​នេះ គឺ​យើង​អាចមាន​ឱកាស​ច្រើន។ ចំនួន​សកម្មភាព​ជារួម​របស់​ភ្នាក់ងារ​អចលនទ្រព្យ​មាន​ថម​ផ​យ​ចុះ ដូច្នេះ​នេះ​ជា​ឱកាស​សម្រាប​ភ្នាក់ងារ​ពិតប្រាកដ ក្នុងការ​បញ្ចេញស្នាដៃ​ចាប់យក​អតិថិជន” ។

លោក​បាន​បន្តថា “អំឡុង​ពេលនេះ អ្នកទិញ​ដែល​ចុះទៅ​មើល​ដីធ្លី គឺ​អ្នកទិញ​ពិតប្រាកដ ហើយ​យើង (ភ្នាក់ងារ) ចំណេញ​ពេល​ជាង​មុន​ទៀត។ បើ​គាត់​មិន​ទិញ​ទេ គាត់​មិន​ចុះទៅ​ទេ អំឡុង​ពេលនេះ” ។

លោក​បាន​ឱ្យដឹងទៀតថា សកម្មភាព​របស់​ទិញ​ឃើញ​មាន​ច្រើន​បច្ចុប្បន្ន ព្រោះ​អ្នកទិញ អំឡុង​ពេលនេះ មាន​ភាពច្បាស់ លាស់​ជាង​ពេលមុន​កូ​វីដ​នេះ​ទៅទៀត។

ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង៣ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល ៤ខែ​ដំបូង​ដើមឆ្នាំ២០២០នេះ បាន​កើនឡើង​ជាង ២០ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ទិន្នន័យ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុញ្ញាត​លើ​សំណើសុំ​សាងសង់ សរុប​ទូទាំងប្រទេស​មាន​ចំនួន១ ៦៤៧ គម្រោង​ក្នុង​រយៈពេល៤ខែ ដើមឆ្នាំ ២០២០ កើនឡើង ២២៣គម្រោង ខណៈ​ទំហំ​តម្លៃ​វិនិយោគ​សរុប​ប្រមាណ៣០៤៩លាន​ដុល្លារ​អាមេរិក បាន​កើនឡើង ២០,៥ ភាគរយ ធៀប​នឹង​រយៈ​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ ៕

ទីផ្សារ​ជួល​អាគារ​ការិយាល័យ អាច​នឹងមាន​ប្រជាប្រិយភាព​ឡើងវិញ​នៅ​ដើមឆ្នាំ​ក្រោយ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ចាប់តាំងពី​ពាក់កណ្តាល​ត្រីមាស​ទី១ ឆ្នាំ២០២០ ទីផ្សារ​នៃ​ការជួយ​អាគារ​ការិយាល័យ (Office Space) ចាប់ផ្ដើម​មានការ​ធ្លាក់​ចុះ ទាំង​តម្រូវការ និង​តម្លៃ​ជួល​យ៉ាងគំហុក។ យ៉ាងណាក៏ដោយ អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ បានបង្ហាញ​ពី​ក្ដី​រំពឹងថា​ភាពល្អប្រសើរ​អាច​នឹង​ងើបឡើង​វិញ នៅក្នុង​ត្រីមាស​ទី៤ខាងមុខនេះ ឬ​យ៉ាងយូរ​នៅ​ដើម​ឆ្នាំក្រោយ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន ​CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា ដោយសារតែ​វិបត្តិ​នៃ​ជំងឺឆ្លង ចាប់តាំងពី​ពាក់កណ្តាល​ត្រីមាស​ទី១ ឆ្នាំ២០២០ ទីផ្សារ​នៃ​ការជួល​អាគារ​ការិយាល័យ​ត្រូវបាន​ធ្លាក់ចុះ​យ៉ាងខ្លាំង។

លោកស្រី​បន្តថា “ទីផ្សារ​នៃ​ការជួយ​អាគារ​ការិយាល័យ នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២០ គឺមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង ប៉ុន្តែ​នៅត្រឹម​ដើម​ត្រីមាស​ទី២ ហាក់​មាន​ភាព​ងើប​ឡើងវិញ​បន្តិច ដោយសារតែ​ការគ្រប់គ្រង​នៃ​ការ​រាលដាល នៃ​ជំងឺឆ្លង​របស់​រដ្ឋាភិបាល​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាពិសេស​ម្ចាស់​អាគារ​មួយចំនួន បាន​ប្រើ​យុទ្ធសាស្ត្រ​បញ្ចុះតម្លៃ ដើម្បី​ជួយ​សម្រាល​ដល់​អតិថិជន​ចាស់ និង​ឈោង​ចាប់យក​អតិថិជន​ថ្មី” ។

លោកស្រី​អាន សុធី​តា​បាន​បន្តទៀតថា បច្ចុប្បន្ននេះ តាម​ការមើល​ពី​ភាពជាក់ស្ដែង ទីផ្សារ​ជួល​អាគារ​ការិយាល័យ ហាក់​មាន​ភាពល្អប្រសើរ​ជាង​ពេលមុន​បន្តិច ហើយក៏​ល្អ​ជាង​ទីផ្សារ​ជួល ទីតាំង​លក់រាយ​នៅតាម​បណ្តា​ផ្សារ​នើ​ប​ផងដែរ ដែល​គេ​រំពឹងថា នឹង​កាន​តែមាន​ស្ថាន​ភាពល្អ​ជាង​នេះ​នៅ​ត្រីមាស​បន្ទាប់ ជាពិសេស​នៅ​ដើមឆ្នាំ​ក្រោយ ខណៈដែល​ការ​ភាពភ័យខ្លាច​នៃ​ការឆ្លង​ជំងឺ​ត្រូវបាន​កាត់បន្ថយ ហើយ​ការគ្រប់គ្រង​ស្ថាន​ការ​របស់​រដ្ឋាភិបាល​កាន់តែ​ទទួលបាន​លទ្ធផល​វិជ្ជមាន” ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បាន​មានប្រសាសន៍ថា អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ក្នុងស្រុក​ភាគច្រើន​ហាក់​មើលរំលង លើ​ទីផ្សារ​ជួល​អាគារ​ការិយាល័យ ខណៈដែល​ទីផ្សារ​មួយ​នេះ​នឹងមាន​ប្រជាប្រិយ​ភាពខ្លាំង ក្រោយពេល​វត្តមាន​វិនិយោគិន និង​ក្រុមហ៊ុន​អន្តរជាតិ​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា​កាន់តែច្រើន។

លោក​បាន​មានប្រសាសន៍ “បច្ចុប្បន្ននេះ​យើង​ទទួលស្គាល់ថា ទីផ្សារ​ជួល​អាគារ​ការិយាល័យ​បាន​ធ្លាក់ចុះ ប៉ុន្តែ​វា​ជាការ​ធ្លាក់ចុះ​ទាំង​ព្រមជាមួយ​វិស័យ​ផ្សេងទៀត ហើយ​វា​នឹង​កើន​ឡើងវិញ ក្រោយពេល​ស្ថាន​ការដែល​កំពុង​ប្រឈម​មាន​ភាពល្អប្រសើរ” ។ លោក​បន្តថា “ចាប់ពីពេលនេះ​ទៅ មិន​ថា​ក្រុមហ៊ុន​មកពី​ក្រៅ​ស្រុក ឬ​ក្រុមហ៊ុន​បង្កើតឡើង​នៅក្នុង​ស្រុក​យើង​នោះទេ គឺ​គេ​ត្រូវការ​ទីតាំង​ក្រុមហ៊ុន​ដែលមាន​ស្ដង់ដារ ដែល​ក្រៅពី​បង្កើន​សោភ័ណភាព​ដល់​ក្រុមហ៊ុន ថែមទាំង​អាច​ផ្តល់នូវ​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​ជា​ដៃគូ ក៏ដូចជា​អតិថិជន​របស់ខ្លួន ខុសប្លែក​កាលពី​ពេលមុន ដែល​ជួល​ត្រឹមតែ​ជា​ផ្ទះល្វែង ឬ​វីឡា​សម្រាប់​ធ្វើជា​ទីស្នាក់កា​រ​របស់​ក្រុមហ៊ុន​ទៀត​នោះទេ” ។

លោក Ken Lo បាន​មានប្រសាសន៍​បញ្ជាក់ថា ក្រោយពេល​វិបត្តិ​ដែល​កំពុង​កើតមាន​ត្រូវបាន​ផុតរលត់ វិនិយោគិន​អន្តរជាតិ​ជាច្រើន នឹង​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា​សាជាថ្មី ដោយសារតែ​កម្ពុជា​ជា​គោលដៅ​របស់​ពួកគេ ដែល​អាចមាន​ឱកាស​ច្រើន​ក្នុង​វិនិយោគ និង​ទទួលបាន​ចំណេញ​ខ្ពស់ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង ដែល​ស្ថិតនៅក្នុង​តំបន់។

លោក​បន្តថា “បើតាម​ការព្យាករណ៍រ​បស់​ខ្ញុំ យ៉ាងយូរ​អាច​នៅត្រឹម​ដើមឆ្នាំ​ក្រោយនេះ ទីផ្សារ​ជួល​ការិយាល័យ​កម្រិតស្តង់ដា​រ នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ ដែល​ផ្តើមចេញ​ទី​តម្រូវការ​ក្នុងស្រុក” ៕

ចំណេះដឹង! អ្វី​ជា​គោលនយោបាយ​អត្រា​ប្តូរប្រាក់?

ដោយ វុត្ថា

ភ្នំពេញ៖  គោលនយោបាយ​អត្រា​ប្តូរប្រាក់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា គឺជា​ឧបករណ៍​នយោបាយ​មួយ​របស់​គោលនយោបាយ​រូបិយវត្ថុ ដែលមាន​គោលដៅ​ចម្បង​រក្សា​ស្ថិរភាព​ថ្លៃ ។

ជាមួយនឹង​ការអនុវត្ត​របប​អត្រា​ប្តូរប្រាក់ អណ្តែត​មានការ​គ្រប់គ្រង ធនាគារជាតិ​នឹងធ្វើ​អន្តរា​គម​លើ​ទីផ្សារ​ប្តូរប្រាក់ ដើម្បី​គ្រប់គ្រង​និង​រក្សា​ស្ថិរភាព អត្រា​ប្តូរប្រាក់ ទៅតាម​គោលដៅ​ដែល​បានកំណត់ ។ អត្រា​ប្តូរប្រាក់​ផ្លូវការ ជា​អត្រា​ទិញ-លក់​រវាង​រូបិយវត្ថុ​ជាតិ និង​រូបិយប័ណ្ណ​បរទេស​ផ្សេងទៀត ។

អត្រា​ប្តូរប្រាក់​ផ្លូវការ​នេះ​ត្រូវបាន​កំណត់ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​រាល់​ប្រតិបត្តិការ រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ ។ លើសពីនេះ ក្រសួង-ស្ថាប័ន​រាជរដ្ឋាភិបាល ក៏ដូចជា សាធារណៈជន​អាច​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវការ​នេះ​ទៅតាម​គោលដៅរៀងៗខ្លួន ហើយ​អត្រា​នេះ​ក៏​ជា អត្រា​ប្តូរប្រាក់​គោល​ប្រើ​ដោយ​វិស័យ​ឯកជន ផងដែរ ។

ធនាគារជាតិ​នៃ​កម្ពុជា កំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ ដូចតទៅ ៖

– “គណៈកម្មការ​កំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ” ដែល​រួមមាន​សមាសភាព​មកពី​នាយកដ្ឋាន​ពាក់ព័ន្ធ ដូចជា នាយកដ្ឋាន​គ្រប់គ្រង​ប្តូរប្រាក់ នាយកដ្ឋាន​បោះផ្សាយ និង​ឃ្លាំង​បេឡា នាយកដ្ឋាន ប្រតិបត្តិការ នាយកដ្ឋាន​ស្ថិតិ និង​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​អន្តរជាតិ គឺជា​អ្នកកំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ ។

– សមាជិក​គណៈកម្មការ​នេះ ជួបប្រជុំគ្នា​ជា​រៀងរាល់​ព្រឹក ដើម្បី​ពិភាក្សា​និង​វិភាគ​ទៅលើ​សូចនាករ សំខាន់ៗមួយចំនួន ដែល​ត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុងការ​កំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ​ប្រចាំថ្ងៃ ។ បន្ទាប់មក អត្រា​ប្តូរប្រាក់​ផ្លូវការ​នេះ វ​ដាក់ជូន​ថ្នាក់​អគ្គនាយក​បច្ចេកទេស​សម្រេច និង​ផ្សព្វផ្សាយ ជា​សាធារណៈ ។

– ករណី​ដែល​ទីផ្សារ​មានការ​ប្រែប្រួល​ខ្លាំង គណៈកម្មការ​នឹងមាន​ការប្រជុំ​ជាបន្ទាន់ ដើម្បី​រក ដំណោះស្រាយ និង​កំណត់​យុទ្ធសាស្ត្រ ៕

GMAC ស្នើសុំពន្យារពេលលើកិច្ចចរចា ប្រាក់ឈ្នួលកម្មករអប្បបរមាថ្មីរហូតដល់ឆ្នាំ ២០២១

ដោយ ៈ លក្ខិណា

ភ្នំពេញ ៖ ខណៈពេលដែលវិបត្តិ Covid-19 នៅតែបន្តជះឥទ្ធិពលដល់ការផលិត និងសកម្មភាពក្នុងវិស័យឧស្សាហកម្ម និងរោងចក្រ ដែលគាំទ្រដល់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានស្នើដល់រដ្ឋាភិបាលពន្យារពេលក្នុងការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០២១ ដោយទុកពេលវេលាសម្រាប់ដោះស្រាយបញ្ហាដែលកើតឡើងចំពោះមុខជាអាទិភាព។

យោងតាមសេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរកម្ពុជាកាលពីដើមសប្ដាហ៍ បានឱ្យដឹងថា ស្ថិតក្នុងកាលៈទេសៈនេះ វិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង មានភាពផុយស្រួល និងមានភាពមិនច្បាស់លាស់ក្នុងការវិលត្រលប់មករកសភាពដើមវិញ ដែលនឹងត្រូវចំណាយពេលវេលាយូរ ដូច្នេះការចរចាប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ ២០២១ ខាងមុខនេះ គួរតែត្រូវបានពន្យារពេល ។

សមាគមបានបញ្ជាក់ថា ការបង្អង់ការចរចាប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាយន្តការមួយក្នុងការគាំទ្រឱ្យវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅបន្តមានជីវិត ក៏ដូចជាការរក្សាសម្រាប់បងប្អូនកម្មករនិយោជិតយ៉ាងដូច្នេះដែរ ។
លោក សោម អូន អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឱ្យដឹងថា ការចរចាគួរតែបន្តដំណើរការធម្មតា ដើម្បីអោយសមាសភាពនៃអ្នកពាក់ព័ន្ធទាំងអស់អាចមានពេលជួបគ្នានិងជជែកពីប្រាក់ឈ្នួល ហើយលទ្ធភាពនៃការដំឡើងបានឬមិនបាននៅឆ្នាំ ២០២១នេះ ចាំយើងគិតទៀត បើសិនជាបានគួរតែដំឡើងតែបើមិនបានទេ អាចលើកទៅដំឡើងនៅឆ្នា ២០២២ ខាងមុខវិញ តែការចរចាគួរតែបន្ត ។ លោកបន្តថា ជាការពិតហើយសម្រាប់ឆ្នាំ ២០២០នេះ បញ្ហាក្នុងវិស័យកាត់ដេរពិតជាកើតមានច្រើនមែនដោយសារតែវិបត្តិនៃជំងឺ Covid-19 ដែលធ្វើឱ្យរោងចក្រមួយចំនួនត្រូវបានបិទ និងព្យួរ ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ផងដែរថា ការចរចាប្រាក់ឈ្នួលអប្បបរមាគួរតែបន្ត មិនគួរពន្យារនោះឡើយ ព្រោះថាផលប៉ះពាល់ពីវិបត្តិនៃជំងឺ Covid-19 មិនមែនមានតែក្នុងវិស័យកាត់ដេរនោះទេ គឺវាមានគ្រប់វិស័យ ។ ម្យ៉ាងទៀតការចរចានេះ មិនមែនសម្រាប់ឆ្នាំ២០២០នោះទេគឺសម្រាប់ឆ្នាំក្រោយហើយវាមានពេលវេលា៦ខែទៀតផងដែរ ដើម្បីអាចស្ដារវិស័យនេះងើបឡើងវិញ ។ លោកថា “ខាងរោងចក្រខ្លាចខាតប្រយោជន៍ ឬបាត់បង់ប្រយោជន៍ តែខាងរោងចក្រគួរតែគិតពីផលប៉ះពាល់ទៅលើកម្មករ និងការបាតបង់អត្ថប្រយោជន៍របស់កម្មករផង” ។

វិបត្តិនៃជំងឺ Covid-19 បានធ្វើឱ្យវិស័យកាត់ដេររងផលប៉ះពាល់គួរឱ្យកត់សម្គាល់ ក្នុងនោះរោងចក្រជាច្រើនបានផ្អាកសកម្មភាព ដោយព្យួរ និងបិទទ្វារធ្វើឱ្យកម្មករជាច្រើនម៉ឺននាក់បានបាត់បង់ការងារ និងប្រាក់ចំណូល ។ អ្នកបញ្ជាទិញក្នុងវិស័យនេះក៏បានស្នើសុំផ្អាកការផ្គត់ផ្គង់ទំនិញផងដែរ ដោយសារតែហាងម៉ាកល្បីៗនៅលើពិភពលោកត្រូវបានបិទទ្វារ ហើយសមាគមព្យាករណ៍ថា បើសិនជំងឺនេះនៅតែអូសបន្លាយ ការបាត់បង់អ្នកបញ្ជាទិញកាន់តែមានច្រើនថែមទៀត ធ្វើឱ្យកម្មករបាត់បង់ការងារកាន់តែច្រើន បាត់ប្រាក់ចំណូលកាន់តែច្រើន ហើយអត្រានៃភាពក្រីក្រក៏កាន់តែច្រើន ៕

អភិបាលខេត្តត្បូងឃ្មុំ ៖ ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង១៤៣ គីឡូម៉ែត្រ កំពុងដើរតួនាទីសម្រួលដល់វិស័យដឹកជញ្ជូន និងសេដ្ឋកិច្ច

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ផ្លូវក្រវ៉ាត់ព្រំដែនដែលជាប់នឹងប្រទេសវៀតណាម និងស្រុកចំនួន ២ នៃខេត្តត្បូងឃ្មុំ មានប្រវែង ១៤៣ គីឡូម៉ែត្រ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់វិស័យដឹកញ្ជូន និងសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសវៀតណាម ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ”នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ខេត្តត្បូងឃ្មុំ មានព្រំប្រទល់ជាប់នឹងខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានស្រុកចំនួន២ នៅជាប់តាមបណ្តោយខ្សែបន្ទាត់ព្រំដែន គឺស្រុកពញាក្រែក និងស្រុកមេម៉ត់។

លោកអភិបាលខេត្តបន្តថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើផ្នែកសន្តិសុខ និងការអភិវឌ្ឍនៅតំបន់ព្រំដែន ស្របទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាទីប្រជុំជន ដោយសម្រេចបានសមិទ្ធផលសំខាន់ៗ ដូចតទៅ៖ បានលុបបំបាត់ច្រករបៀងទាំងស្រុង ហើយការលក់ ឬជួលដីស្រែ ដីចំការ ឬលំនៅឋាននៅតាមព្រំដែនឱ្យទៅប្រជាពលរដ្ឋនៃប្រទេសវៀតណាមក៏ត្រូវបានបញ្ឈប់ទាំងស្រុងរហូតមកដល់បច្ចុប្បន្ន។

ទំហំពាណិជ្ជកម្មរបស់ខេត្តត្បូងឃ្មុំនៅក្នុងឆ្នាំ ២០១៩ មានការកើនឡើងប្រមាណ ៩៧ លានដុល្លារ ស្មើនឹង ២៦ភាគរយ ខណៈទំហំពាណិជ្ជកម្មរវាងខេត្តត្បូងឃ្មុំ និងប្រទេសវៀតណាមឆ្នាំ២០១៨ មានប្រមាណ ៣៧៣លានដុល្លារ ក្នុងនោះ ទំនិញនាំចេញមានប្រមាណ ២០២ លានដុល្លារ និងទំនិញនាំចូលមានប្រមាណ ១៧១ លានដុល្លារ។

ខេត្តត្បូងឃ្មុំ មានច្រកទ្វារព្រំដែនចំនួន ៧ ក្នុងនោះ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងចំនួន ០១ ច្រកទ្វារព្រំដែនទ្វេភាគីចំនួន ០២ (ដារ និងទន្លេរចាម) និងច្រកទ្វារតំបន់ព្រំដែនចំនួន ០៤ (ជាំក្រវៀន ដូនរ័ត្ន ចាន់មូល និងទន្លូង)៕

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំតម្លៃ៥០លានដុល្លារសាងសង់សម្រេច បាន ៨០ភាគរយហើយ

ដោយ ៖ រ៉ាណេត

ត្បូងឃ្មុំ ៖ មន្ទីរពេទ្យធំជាងគេប្រចាំនៅក្នុងខេត្តត្បូងឃ្មុំ ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ដែលមានតម្លៃជាង៥០លានដុល្លារ បានសាងសង់សម្រេចប្រមាណជាង ៨០ភាគរយហើយ ដែលនឹងអាចបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗខាងមុននេះ ។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការគណរដ្ឋមន្ត្រី អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ចន្ទ័សោភ័ណ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មិនថាទោះជាស្ថិតនៅក្នុងវិបត្តិ Covid-19 ក៏ដោយ ក្រុមការងារ ជំនាញ កំពុងតែសម្រុកការសាងសង់មន្ទីរពេទ្យនេះឱ្យហើយទាន់ផែនការនៅចុងឆ្នាំ២០២១ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ។

លោកអភិបាលបានបញ្ជាក់ថា “មន្ទីរពេទ្យខ្នាតធំមិត្តភាពកម្ពុជា-ចិន នឹងបើកឱ្យដំណើរការបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលបច្ចុប្បន្នមន្ទីរពេទ្យកំពុងដំណើរការសាងសង់ និងបំពាក់នូវសំភារៈបរិក្ខាពេទ្យទំនើបៗ។ មន្ទីរពេទ្យខ្នាតធំនេះ នឹងរួមចំណែកដ៏សំខាន់ក្នុងផ្នែកសុខាភិបាលឱ្យកាន់តែមានភាពល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្នការសាងសង់សម្រេចបានជាង៨០ភាគរយ”។

មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំនេះ បានសាងសង់ឡើង នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ដោយសម្ពោធបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបញ្ចប់ការសាងសង់សម្រេចជាស្ថាពរ ទៅវិញនៅចុងខែតុលា ឆ្នាំ២០២១ ដែលសាងសង់លើផ្ទៃដីទំហំ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងនេះសាងសង់ក្នុងរយ:ពេល៤០ខែ។ មន្ទីរពេទ្យធំថ្មីនេះ មានតំរូវការបុគ្គលិកជំនាញប្រមាណ៤៥៦នាក់បន្ថែមទៀត។

មន្ទីរពេទ្យនេះ នឹងបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានទទួលព្យាបាលជំងឺដូចជា ផ្នែកជំងឺទូទៅ ផ្នែកជំងឺកុមារ ផ្នែកជំងឺឆ្លង ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកប្រពោធនកម្ម (ICU) ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែករោគស្ត្រី និងសម្រាលកូន ផ្នែករូបភាពវេជ្ជសាស្ត្រ និងEndoscopy ផ្នែកមន្ទីរពិសោធន៍ ឱសថស្ថាន បន្ទប់រំងាប់មេរោគ ផ្នែកប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាលនិងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព៕

Breaking News៖ មិនទាន់មានកាលបរិច្ឆេទជាក់លាក់ ក្នុងការបើកច្រកទ្វារធំរឡើងវិញវាងកម្ពុជា និងថៃទេ

ដោយ ប៊ី
ភ្នំពេញ៖ លោក Worapan Suwannut អភិបាលខេត្ត Aranyaprathet បានថ្លែងថា បច្ចុប្បន្នមិនមានកាលបរិច្ឆេទជាក់លាក់ ដើម្បីបើកច្រកទ្វារធំជាមួយប្រទេសកម្ពុជាឡើងវិញ តាមរយៈច្រុកខេត្ត Aranyaprathet ទេ។

លោកអភិបាលខេត្ត បាននិយាយថា ខេត្តនេះមិនទាន់បានត្រៀមបើកទ្វារទៅកាន់ប៉ោយប៉ែតនៅច្រកព្រំដែន Klong Luk ក្នុងស្រុក Aranyaprathet ដែលបានបិទដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជំងឺCOVID-19។

លោកបានថ្លែងកាលពីថ្ងៃពុធថា “ខ្ញុំមិនអាចនិយាយបានទេថា ពេលណាព្រំដែននឹងបើកឡើងវិញ។ វាអាស្រ័យលើការយល់ព្រមពីរដ្ឋាភិបាល”។

លោក Worapan បានទំនាក់ទំនងតាមវីដេអូ Conference មួយអភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុ រាត្រី កាលពីថ្ងៃអង្គារ ដោយប្រទេសកម្ពុជាសង្ឃឹមថានឹងបើកច្រកត្រួតពិនិត្យឡើងវិញ ដើម្បីធ្វើពាណិជ្ជកម្មពាណិជ្ជកម្មតាមព្រំដែនឡើងវិញ ជាពិសេសអាជីវកម្មនៅផ្សាររ៉ុងក្លឿ។

សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ បានឱ្យដឹងថា “វានឹងនៅតែបិទ ហើយមិនមានព័ត៌មានផ្លូវការណាមួយ ដើម្បីបញ្ជាក់ថាតើនឹងបើកឡើងវិញនៅពេលណាទេ”។

ច្រក Klong Luk គឺជាច្រកត្រួតពិនិត្យដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍ជាមួយប្រទេសកម្ពុជា។ ការនាំចេញរបស់ថៃមកភ្នំពេញភាគច្រើនឆ្លងកាត់តាមព្រំដែននេះ៕ Bangkok Post