ការពិត ៥យ៉ាង គប្បីដឹង មុននឹងសម្រេចចិត្តទិញអចលនទ្រព្យនៅក្រៅស្រុក

ដោយ ហ្សូលី

ភ្នំពេញ៖ ការទិញអចលនទ្រព្យនៅក្រៅស្រុក អាចនឹងកើតមានសម្រាប់អ្នកមានជីវភាពធូរធារ និងមានតម្រូវការដូចជា សម្រាប់ស្នាក់នៅ និងវិនិយោគនាពេលអនាគតជាដើម។ ដើម្បិចៀសវាងហានិភ័យនានាដែលអាចប្រឈម មុនសម្រេចចិត្តបោះទុនទិញអចលនទ្រព្យក្រៅប្រទេសគួរតែពិចារណាលើចំនុចទាំង ៥យ៉ាងជាមុនសិន។

យោងតាមគេហទំព័ររបស់ប្រទេសថៃ Chaingrai Times បានឱ្យដឹងថា ការទិញអចលនទ្រព្យនៅក្រៅស្រុកមានភាពខុសៗគ្នា ឬស្រដៀងគ្នា ស្របទៅតាមបែបបទនិងច្បាប់នៃប្រទេសនិមួយៗ។
ចំណុចទី ១- សិក្សាពីហេតុផលបណ្តាក់ឱ្យបានច្បាស់លាស់
ជាកិច្ចចាប់ផ្តើម អ្នកវិនិយោគត្រូវដឹងអំពីហេតុផលនៃការវិនិយោគសិន គប្បីស្វែងរករឹសគល់ឱ្យបានច្បាស់លាស់ មុនពេលបោះថវិកា ដោយសួរខ្លួនឯងថា តើអ្នកទិញសម្រាប់ការស្នាក់នៅជាអចិន្ត្រៃយ៍ ឬទុកជាផ្ទះលម្ហែកាយ ឬសម្រាប់ជួលបន្ត? ក្រោយពីដឹងចម្លើយរួច អ្នកវិនិយោគអាចសម្រេចចិត្តនិងសិក្សាបន្ថែមពីកត្តាថវិកា ទីតាំង រចនាបថ និងទំហំជាដើម។

ចំណុចទី២-ស្វែងយល់ពីច្បាប់នៃប្រទេសនិមួយៗ
នៅពេលដែលចំណាយថវិកាក្នុងការទិញអចលនទ្រព្យនៅក្រៅប្រទេស គន្លឹះសំខាន់គឺ ចាំបាច់ត្រូវស្វែងយល់ពីវិន័យនិងច្បាប់របស់ប្រទេសនោះសិន ថាតើការផ្ទេរកម្មសិទ្ធមានដំណើរការ ឬរបៀបរបបបែបណាខ្លះ? តើប្រទេសនោះមានច្បាប់អនុញ្ញាតឱ្យជនបរទេសក្លាយជាកម្មសិទ្ធនៃអចលនទ្រព្យក្នុងប្រទេសដែរឬទេ? ជាក់ស្តែងដូចជានៅប្រទេសថៃ ជនបរទេសមិនអាចក្លាយជាម្ចាស់កម្មសិទ្ធនៃអចលនទ្រព្យណាមួយបានឡើយ។ ប៉ុន្តែសម្រាប់ខុនដូវិញ ជនបរទេសមានសិទ្ធទិញបានងាយស្រួលក្នុងលក្ខខណ្ឌដែលអគារនោះមានជនជាតិថៃជាម្ចាស់កម្មសិទ្ធលើស ៥០ភាគរយសិន។

ចំណុចទី ៣-សម្លឹងមើលអនាគត
មិនថាតែការទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ឬទូទាំងពិភពលោក ត្រូវសម្លឹងមើលឱ្យបានឆ្ងាយ ថាតើនាពេលអនាគតតំបន់ណាដែលអាចមានការអភិវឌ្ឍ? អ្នកវិនិយោគត្រូវចេះជ្រើសរើសទីតាំងនៅតំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អ។ យ៉ាងណាមិញ ក៏មិនត្រូវមើលរំលងតំបន់ថ្មីៗដែរ ព្រោះវាអាចជាទីតាំងដែលមានគម្រោងអភិវឌ្ឍធំៗបោះទីទៅក្នុងពេលខាងមុខ។

ចំណុចទី៤- ពិចារណាគ្រប់ជ្រុងជ្រោយ
កត្តាចំនួន២ ដែលមានសារៈសំខាន់ច្រើនបំផុតនោះគឺតម្លៃស្នាក់នៅ និង ថ្លៃថែទាំអចលនទ្រព្យ។ ដើម្បីចៀសវាងការខកបំនង ត្រូវពិភាក្សាឱ្យបានច្បាស់លាស់ជាមួយអ្នកជំនាញអចលនទ្រព្យនៅក្នុងតំបន់ ឬអ្នកដែលមានបទពិសោធន៍ទិញអចលនទ្រព្យក្រៅប្រទេស ព្រោះពួកគេអាចផ្តល់ជាព័ត៌មាន បទពិសោធន៍នៃភាពជាម្ចាស់បានផងដែរ។

ចំណុចទី ៥-ពិនិត្យបរិបទសង្គម
មិនថាអ្នកកំពុងទិញដើម្បីវិនិយោគឬរស់នៅអ្នកត្រូវតែគិតពី“ របៀបរស់នៅ” របស់មនុស្សម្នាក់ឬគ្រួសារដែលរស់នៅក្នុងអចលនវត្ថុនោះ។ ឧទាហរណ៍ ប្រសិនបើអ្នកនឹងទិញផ្ទះមាន ៤ បន្ទប់គេងដ៏ធំ ហើយចង់ទាក់ទាញក្រុមគ្រួសារជនបរទេសជាអ្នកជួល អ្នកត្រូវសម្លឹងមើលនៅម្តុំសាលារៀន សួនឧទ្យាន មន្ទីរពេទ្យ មធ្យោបាយដឹកជញ្ជូននិងជម្រើសកម្សាន្តនៅក្នុងតំបន់។
ផ្គង់ផ្គង់អំពីគ្រឿងបរិក្ខារក្នុងផ្ទះនិងសង្កេតថាតើតំបន់នោះមានកន្លែងហាត់ប្រាណ អាងហែលទឹក បន្ទប់ហ្គេម បណ្ណាល័យ និងសួនច្បារ ដែរឬអត់៕

អាលឺម៉ង់ ផ្តល់ជំនួយ ៨ លានអឺរ៉ូសម្រាប់គម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដល់ខេត្តចំនួន២នៅកម្ពុជា

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្រោមគម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះដំណាក់កាលទី៣ រយៈពេល៤ឆ្នាំ ២០១៩–២០២៣ រដ្ឋាភិបាលសហព័ន្ធអាលឺម៉ង់ តាមរយៈអង្គការ GIZ បានផ្តល់ជំនួយឥតសំណងចំនួន ៨លានអឺរ៉ូ ដល់កម្ពុជា ដើម្បីអនុវត្តនៅខេត្តគោលដៅចំនួន២ គឺខេត្តកំពត និងកំពង់ធំ។

នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ GIZ លោកបណ្ឌិត ហ្កាន់ធឺ រ៉េតម៉ាឈឺ (Gunter Riethmacher) នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

នៅក្នុងកិច្ចជំនួបខាងលើនេះ លោក បានមានប្រសាសន៍ថា បណ្ឌិត ហ្កាន់ធឺ រ៉េតម៉ាឈឺ គម្រោងនេះ បានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់ជនក្រីក្រ និងជនងាយរងគ្រោះ ពិសេសកុមារ និងស្ត្រីក្នុងវ័យបន្តពូជតាមរយៈការផ្តល់សេវាអាហារូបត្ថម្ភ ព្រមទាំងការធ្វើកសិកម្មដោយគិតគូរដល់អាហារូបត្ថម្ភ និងបង្កើនផលិតកម្មកសិកម្មចម្រុះ។

លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងអនុវត្តគម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះនៅកម្ពុជា (MUSEFO) ចែកចេញជា៣ដំណាក់កាល គឺដំណាក់កាលទី១ (២០១៥–២០១៧) ទឹកប្រាក់ចំនួន ៣,៣លានអឺរ៉ូ, ដំណាក់កាលទី២ (២០១៨–២០២០) ទឹកប្រាក់ចំនួន៥លានអឺរ៉ូ និងដំណាក់កាលទី៣ (២០២០–២០២៣) ទឹកប្រាក់៨លានអឺរ៉ូ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនអាលឺម៉ង់ ដែលកន្លងមកបានជួយដល់កម្ពុជា ជាច្រើនវិស័យ រួមទាំងវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការជំរុញ និងលើកកម្ពស់ផលិតផលខ្មែរផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងនេះ បាន និងកំពុងជួយដល់ក្រុមគាំទ្រសុខភាពភូមិ ក្រុមប្រឹក្សាឃុំ តាមរយៈការផ្តល់សេវាអប់រំអាហារូបត្ថម្ភ និងការបង្កើនការយល់ដឹងអំពីសារៈសំខាន់ នៃអាហារូបត្ថម្ភ ការរស់នៅស្អាត និងរបៀបធ្វើម្ហូបដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីកាត់បន្ថយកង្វះអាហារូបត្ថម្ភរបស់ស្ត្រី និងកុមារ៕

ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី បោះទុន ១៣៩.៥ លានដុល្លារ សាងសង់រោងចក្រផលិតស្រាបៀរថ្មីមួយទៀត

ដោយ ៖ លក្ខិណា

ភ្នំពេញ ៖ រោងចក្រផលិតស្រាបៀរថ្មីមួយទៀតតម្លៃ ១៣៩.៥លានដុល្លារ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី (VATTANAC BREWERY LIMITED) ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់លើផ្ទៃដីទំហំ ១៥ ម៉ឺនម៉ែត្រក្រឡា បន្ទាប់ពីទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ រោងចក្រផលិតស្រាបៀរថ្មីមួយទៀតតម្លៃ ១៣៩.៥លានដុល្លារ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី (VATTANAC BREWERY ដែលមានទីតាំងនៅលើផ្លូវលេខ ១១៤ ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលនិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២០។

ក្រោមម្លប់នៃសន្តិភាព តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ វិស័យឧស្សាហកម្ម បាន និងកំពុងវិវត្តខ្លួន និងដើរតួនាទីរឹតតែសំខាន់ឡើងក្នុងឋានៈជាកម្លាំងចលករថ្មីដ៏រឹងមាំនៃឃ្នាស់សេដ្ឋកិច្ចជាតិ ក្នុងចំណោមវិស័យជុំរុញកំណើនសំខាន់ៗនៅកម្ពុជា។

ជាមួយនឹងសក្តានុពល និងកាលានុវត្តភាពក្នុងវិស័យឧស្សាហកម្ម ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី បានសម្រេចចិត្តបោះទុនវិនិយោគសាងសង់រោងចក្រស្រាបៀរ ដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារនិងជុំរុញកំណើនសេដ្ឋកិច្ចជាតិក្រោមជំនឿយ៉ាងមុតមាំ ដែលអាចទទួលបានការគាំទ្រពីសំណាក់អតិថិជនដែលជាចំណែកទីផ្សារ។

រោងចក្រស្រាបៀររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី គ្រោងនឹងចាប់ផ្តើមចង្វាក់ផលិតកម្មក្នុងឆ្នាំ ២០២១ខាងមុខ ជាមួយនឹងសមត្ថភាពផលិតរហូតដល់ ៧៦លានកេស ក្នុងមួយឆ្នាំ។ នៅពេលគម្រោងនេះដំណើរការផលិតកម្មពេញលេញ នឹងបង្កើតការងារដល់បុគ្គលិក រហូតដល់ ១,៥០០នាក់ ផ្តល់ឱកាសការងារដោយប្រយោលជាច្រើនផ្សេងទៀត រួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋយ៉ាងច្រើន ព្រមទាំងចូលរួមលើកស្ទួយវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យផ្សេងៗទៀតជាច្រើននៅកម្ពុជា។

ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយនៅក្នុងប្រទេសកម្ពុជា។ វឌ្ឍនៈ គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដែលសុទ្ធសឹងជាការវិនិយោគដោយធនធានផ្ទាល់ខ្លួនសុទ្ធសាធ ក្នុងវិស័យសំខាន់ៗដូចជា៖

– វិស័យធនាគារ មានធនាគារ វឌ្ឍនៈ បច្ចុប្បន្នមានចំនួន ១៩សាខា និងសាខាជាច្រើនទៀតនៅតាមបណ្តារាជធានីខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងរួចរាល់ ព្រមទាំងបាននិងកំពុងសាងសង់ ហើយត្រៀមនឹងបើកដំណើរការជាបន្តបន្ទាប់
– វិស័យអចលនទ្រព្យ មានក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី (Vattanac Properties) គ្រប់គ្រងលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល (Vattanac Capital) ដែលលេចធ្លោឈរសន្ធឹងមានរាងដូចនាគរាជនៅកណ្ដាលទីក្រុងភ្នំពេញ មានបន្ទប់ការិយាល័យលំដាប់ A (GRADE A) ផ្សារទំនើប និងសណ្ឋាគារ
– វិស័យបដិសណ្ឋារកិច្ច មានសណ្ឋាគារលំដាប់ផ្កាយ៥ រ៉ូសវូដ ភ្នំពេញ (Rosewood Phnom Penh) និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត (Vattanac Golf Resort) កម្រិតស្តង់ដារអន្តរជាតិដែលមាន៣៦រន្ធដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនិងរចនាឡើងដោយផ្សារភ្ជាប់ទៅនឹងអត្តសញ្ញាណវប្បធម៌ខ្មែរនិងប្រកបដោយមេត្រីភាពបរិស្ថាន ហើយគ្រប់គ្រងនិងប្រតិបត្តិការដោយក្រុមហ៊ុន Troon International ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ល្បីក្នុងការគ្រប់គ្រងទីលានវាយកូនហ្គោល
– វិស័យម្ហូបអាហារ មានក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី (Vattanac F&B ) នាំចូលម៉ាកយីហោភោជនីយដ្ឋានល្បីៗនៅលើពិភពលោក
– វិស័យទំនិញនិងសេវាកម្ម មានក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន (Vattanac Investment ) ដែលផ្តោតលើសំលៀកបំពាក់ គ្រឿងថែរក្សាសម្ផស្ស គ្រឿងសង្ហាររឹម និងបរិក្ខារលម្អ ដែលសុទ្ធសឹងជាម៉ាកសញ្ញាល្បីៗលំដាប់ពិភពលោក។

តាមផែនការនៅក្នុងឆ្នាំ២០២០នេះ វឌ្ឍនៈ គ្រុប មានគម្រោងវិនិយោគធំៗចំនួន២ គឺ៖ – ទី១ គម្រោងសាងសង់រោងចក្រផលិតស្រាបៀរផ្តោតលើគុណភាពខ្ពស់និងសេវាកម្មល្អ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ដែលកំពុងបើកការដ្ឋានសាងសង់
– ទី២ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីឈ្មោះ វឌ្ឍនៈវីល (Vattanacville) មានទីតាំងស្ថិតនៅជុំវិញទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត លាតសន្ធឹងលើផ្ទៃដីជាង ១ ពាន់ហិកតា ដែលនឹងក្លាយទៅជាទីក្រុងនិមត្តិរូបថ្មីមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ទីក្រុងរណបថ្មី វឌ្ឍនៈវីល នឹងរំលេចទៅដោយគម្រោងលំនៅដ្ឋានបែបទំនើបប្រណីត អគារពាណិជ្ជកម្ម ការិយាល័យ ផ្សារទំនើប សាលារៀនអន្តរជាតិ ។ល។ ដែលនឹងសាងសង់ដោយយកចិត្តទុកដាក់បំផុតហើយផ្តោតសំខាន់ទៅលើគុណភាពនិងបរិស្ថានរស់នៅប្រកបដោយផាសុកភាពនិងធម្មជាតិដ៏ស្រស់បំព្រង៕

ខេត្តកំពតនឹងមានតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយមានទំហំដីប្រមាណ១៧ហិកតា

ដោយវុត្ថា

ភ្នំពេញៈ ជាមួយនឹងគោលដៅអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា រដ្ឋបាលខេត្តកំពត តាមរយៈវិស័យឯកជនបាន និងកំពុងវិនិយោគតំបន់អភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិនៅលើផ្ទៃដី១៧ហិកតា មានទីតាំងស្ថិតនៅ ភូមិមាត់ពាម ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ស្របពេលដែលខេត្តជាប់មាត់សមុទ្រមួយនេះ មានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍។

លោកជាវ តាយ អភិបាលខេត្តកំពត នៅក្នុងពិធីដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដីទីតាំងវិនិយោគនេះនៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ ២០២០នេះបានឱ្យដឹងថា  ខេត្តកំពតមានសក្តានុពលខ្លាំងផ្នែកទេសចរណ៍ ដែលបច្ចុប្បន្នកំពុងមានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្ត រៀងរាល់ថ្ងៃចុងសប្តាហ៍ ក៏ដូចជាពិធីបុណ្យជាតិផ្សេងៗ។

លោកអភិបាលខេត្តបន្តថា ដូចនេះការអភិវឌ្ឍន៍ និងការកែច្នៃតំបន់ទេសរចរណ៍ធម្មជាតិ គឺជាកិច្ចការអាទិភាពមួយ របស់រដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរ ឲ្យកាន់តែមានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ

លោកបន្ថែមទៀតថា រាល់ការអភិវឌ្ឍន៍ ជាសត្យានុម័តមានការប៉ះពាល់ខ្លះនៅទីតាំងជាក់ស្តែង ជាពិសេសតំបន់នេះមានការពាក់ព័ន្ធនឹងប្រព័ន្ធទឹក ដែលហូរចេញពីព្រែកទឹកឈូ ដែលមានផ្ទៃរងទឹកធំនៅរដូវវស្សា ឬនៅពេលដែលទំនប់វារីអគ្គីសនីកំចាយបើកទ្វារទឹកម្តងៗ ទាមទារឲ្យអ្នកវិនិយោគ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធរួមគ្នាសិក្សាឲ្យបានច្បាស់លាស់

លោកអភិបាលខេត្ត បានណែនាំបន្ថែមដល់អ្នកពាក់ព័ន្ធ ត្រូវ ទី១ ការអភិវឌ្ឍន៍នៅតំបន់នេះ មិនឲ្យប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងនេះ។ ទី២ ការរៀបចំការអភិវឌ្ឍន៍ទាំងអស់នេះ ត្រូវធ្វើឡើងតាមលក្ខណៈបច្ចេកទេស ធានាបាននូវនិរន្តភាព

លោកក៏បានស្នើដល់ភាគីពាក់ព័ន្ធ ឲ្យមានកិច្ចសហការគ្នាល្អប្រសើរ ដើម្បីសម្របសម្រួលដល់ការអភិវឌ្ឍន៍ និងកែច្នៃតំបន់ទេចរណ៍ធម្មជាតិនេះ ទទួលបានជោគជ័យ និងក្លាយទៅជាគោលដៅទេចរណ៍ថ្មីមួយទៀត សម្រាប់ខេត្តកំពតនៅថ្ងៃអនាគត៕

កម្ពុជានឹងសាងសង់ស្ពានថ្មីនៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដ ខេត្តណងច័ន្ទ ប្រទេសថៃ

ដោយៈរ៉ាណេត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃស្ដីពី ការសាងសង់ស្ពានព្រំដែនថ្មី នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំបានផាកកាដ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនផលិតផល និងកសិផលរវាងប្រទេសទាំង២ បម្រើដល់វិស័យពាណិជ្ជកម្ម។


នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព របស់លោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំដើម្បីពិភាក្សាស្ដីពី ការសាងសង់ស្ពានឆ្លងកាត់ព្រំដែនកម្ពុជាថៃ ស្ថិតនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា និងខេត្តច័ន្ទបូរី ប្រទេសថៃ ដោយថវិកា ភាគីខាងថៃជាអ្នកទទួលចំណាយ។

លោកបានបន្តថា ការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីរួមគ្នាពិនិត្យកែសម្រួលលើកិច្ចព្រមព្រៀងស្ដីពីការ សាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំបានផាកកាដនេះ ហើយការរៀបចំកិច្ចព្រមព្រៀងនេះផងដែរ ភាគីថៃបានយល់ព្រមផ្ដល់ជំនួយខាងហិរញ្ញវត្ថុ និងការសាងសង់ស្ពានថ្មឆ្លងកាត់ព្រំដែននេះ ជំនួសឱ្យស្ពានដែលកំពុងមានបច្ចុប្បន្ន

លោកបានបន្ថែមថា ក្នុងនាមក្រសួងមហាផ្ទៃ សូមសម្ដែងការ អរគុណដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្ដល់នូវមតិយោបល់ លើសេចក្ដីព្រាងកិច្ចព្រមព្រៀងនេះជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃក៏ បានកែសម្រួលទៅតាមយោបល់ ស្ថាប័ននិងភាគីពាក់ព័ន្ធផងដែរ។

ជាងនេះទៀត លោកក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានឯកភាពគ្នារៀបចំសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំបានផាកកាដ នៃខេត្តប៉ៃលិនរបស់កម្ពុជា និងខេត្តចន្ទបូរីរបស់ថៃ គឺដើម្បីពង្រឹងសមត្ថភាព ដឹកជញ្ជូនទំនិញចេញចូល និងការឆ្លងកាត់ព្រំដែនរបស់ប្រទេសទាំងពីរ៕


អភិបាលខេត្តៈខេត្តត្បូងឃ្មុំមានសក្តានុពលវិនិយោគលើវិស័យទេសចរណ៍

ដោយវុត្ថា

ភ្នំពេញៈ អភិបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា  ខេត្តត្បូងឃ្មុំ មានសក្តានុពលក្នុងការអភិវឌ្ឍ និងវិនិយោគលើវិស័យទេសចរណ៍ ជាអាទិភាពលើរមណីយដ្ឋានធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានកែច្នៃ។

លោកជាម ច័ន្ទសោភ័ណ  អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅក្នុងសន្និ​សីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ”នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ការអភិវឌ្ឍនេះ សំដៅលើកកម្ពស់គុណភាពវិស័យ ទេសចរណ៍ ក្នុងន័យរួមចំណែក ការអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវខ្ពស់។

លោកបន្តថា  “ការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ផ្តល់ឱកាសការងារ បង្កើតប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក និងជួយចូលរួមកាត់បន្ថយការបម្រែបំរួលអាកាសធាតុផងដែរ”។

លោកបន្ថែមថា ខេត្តត្បូងឃ្មុំមានរមណីយដ្ឋានដូចជា រមណីយដ្ឋានព្រះធាតុបាស្រី រមណីយដ្ឋានហ្លួងព្រះស្តេចកន ចំការកៅស៊ូ រមណីយដ្ឋានទឹកធ្លាក់ហោង រមណីយដ្ឋានភូមិអភិវឌ្ឍអន្លង់ជ្រៃ រមណីយដ្ឋានអូរក្តុង រមណីយដ្ឋានតាសែដូងក្រអូប រមណីយដ្ឋានចំការឈូករ័ត្ន សារមន្ទីរមេមត់ សហគមន៍ទេសចរណ៍ ថ្នាក់បណ្តុះបណ្តាលមូលដ្ឋាន OBT និងមានគោលដៅទេសចរណ៍ជាច្រើនកន្លែងផងដែរ សម្រាប់លំហែរកាយ និងសម្រាកកម្សាន្តក្នុងឱកាសបុណ្យជាតិ និងថ្ងៃឈប់សម្រាកផ្សេងៗ។

លោកបញ្ជាក់ថា ខេត្តសណ្ឋាគារចំនួន៦កន្លែង ស្មើនឹង២៤១បន្ទប់ ផ្ទះសំណាក់ចំនួន៥៤កន្លែង ស្មើនឹង៧៩២បន្ទប់ ភោជនីយដ្ឋាន  និងអាហារដ្ឋាន៣៣កន្លែង និងកាស៊ីណូតាមតំបន់ព្រំដែន១កន្លែង។

លោកអភិបាលខេត្តបន្ថែមថា កាលពីឆ្នាំមុនខេត្តទទួលបានភ្ញៀវទេសចរមកស្នាក់នៅ និងកម្សាន្តនៅក្នុងខេត្តមានចំនួន៣៦៧,៨៨៧នាក់    បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានចំនួន១៨៩ ៥៥៦នាក់ មានការកើនឡើងចំនួន ទេសចរជាតិចំនួន៣២២ ១២២នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៤៥ ៧៦៥នាក់។ ម្យ៉ាងទៀតសម្រាប់ខេត្តត្បូងឃ្មុំមានក្រុងសួង ដែលបានទទួលជ័យលាភី ជាទីក្រុងស្អាតផ្ការំដួល១ទង និងទទួលបានស្នាមញញឹម២ ក្នុងការផ្តល់សេវាសាធារណៈ និងបដិសណ្ឋារកិច្ចល្អ ២០១៨-២០២១៕

អ្នកជំនាញៈឆ្នាំ២០២១ ទីផ្សារអចលនទ្រព្យនឹងកើនឡើងខ្លាំងទន្ទឹមនឹងវិស័យ ចំនួន២ផ្សេងទៀត

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញសុទិដ្ឋិនិយមថា នៅត្រឹមឆ្នាំ២០២១ខាងមុខនេះ តម្រូវការទីផ្សារអចលនទ្រព្យកម្ពុជា នឹងនៅតែបន្តតម្រូវការខ្ពស់ និងរីកចម្រើនបន្ថែមពីលើការអភិវឌ្ឍវិស័យចំនួន២ ដែលរាជរដ្ឋាភិបាលកំពុងផ្តោត និងយកចិត្តទុកដាក់យ៉ាងសំខាន់។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យក្នុងស្រុកនៅពេលបច្ចុប្បន្ន នៅតែបន្តមានសកម្មភាពទិញ-លក់ ក្រោមតម្រូវការជាក់ស្ដែងរបស់អតិថិជន ជាពិសេសផ្នែកដីធ្លី និងលំនៅដ្ឋាន។

លោកKen Lo បានមានប្រសាសន៍បន្តទៀតថា “ក្នុងបរិបថនេះ ដោយសារតែបញ្ហានៃវិបត្តិជំងឺឆ្លង បានបង្កឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាសាកល ក្នុងនោះកម្ពុជាក៏ទទួ​លរងនូវភាពអវិជ្ជមានលើវិស័យមួយចំនួនផងដែរ ជាពិសេសវិស័យទេសចរណ៍ ប៉ុន្តែការទទួលរងនូវភាពអវិជ្ជមានទាំងនេះ មិនបានរាំងស្ទះដល់សេដ្ឋកិច្ចកម្ពុជាខ្លាំងក្លាពេកនោះទេ”។

លោកបន្តថា វិបត្តិនៃជំងឺCovid-19 វាគ្រាន់តែជាអន្តរកាលមួយតែប៉ុណ្ណោះ ដែលបន្តិចទៀតពិភពលោកទាំងមូល តាមរយៈប្រទេសមហាអំណាច និងរីកចម្រើនអាចមានលទ្ធភាពគ្រប់គ្រាន់អាចគ្រប់គ្រងបាន នោះសេដ្ឋកិច្ចសាកល នឹងចាប់ផ្តើមមានដំណើរការឡើងវិញ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា នឹងទទួលបានភាពវិជ្ជមានជាច្រើន ដែលក្នុងនោះក្រៅពីវិស័យចំនួន២ រួមមានវិស័យឧស្សាហកម្ម និងវិស័យកសិឧស្សាហកម្ម ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់នោះ វិស័យអចលនទ្រព្យ និងសំណង់ ក៏មានភាពល្អប្រសើរផងដែរ ជាមួយនឹងទទួលបាននូវទំនុកចិត្តកាន់តែខ្ពស់ ពីសំណាក់វិនិយោ​គិនបរទេស។

លោក Ken Lo បានបញ្ជាក់ថា “នៅឆ្នាំ២០២១ខាងមុខនេះ ក្រៅពីភាពរីកចម្រើននៃវិស័យកសិកម្ម និងឧស្សាហកម្ម វិស័យអចលនទ្រព្យក៏មានភាពល្អប្រសើរផងដែរ ជាពិសេសក្រោយពេលដែលកម្ពុជា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងបណ្តាប្រទេសដៃគូក្នុងតំបន់ដទៃទៀត ដែលកាន់តែជម្រុញឱ្យមានលំហូរវិនិយោគិន អន្តរជាតិចូលមកទីផ្សារកម្ពុជាកាន់តែច្រើន”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា “យើយទទួលស្គាល់ថា វិបត្តិ Covid-19 ពិតជាបានបង្កផលប៉ះពាល់មួយចំនួនដល់កម្ពុជា ប៉ុន្តែក្រោយឥទ្ធិពលនៃវិបត្តិមួយនេះបានធ្វើឱ្យកម្ពុជាទទួ​ល​បាននូវចំណុចវិជ្ជមានមួយចំនួនធំផងដែរ ដែលក្នុងនោះក្រៅពីបង្រៀនឱ្យប្រជាជនចេះផ្លាស់ប្ដូររបៀបរបបនៃការរស់នៅ ក្នុងពេលជួបវិបត្តិក្រោមការអនុវត្ត តាមវិធានការរបស់រដ្ឋាភិបាល កម្ពុជាបានធ្វើពិពិធកម្មក្នុងវិស័យចំនួន២ផ្សេង គឺវិស័យឧស្សាហកម្ម និងកសិ​កម្ម ជាមួយនឹងការទទួលបានលទ្ធផលល្អ”។

លោកឧកញ៉បន្តថា “ភាពវិជ្ជមានដែលកម្ពុជាទទួលបាន នៅក្នុងអំឡុងពេលកំពុងជួបវិបត្តិនេះ គឺវិស័យកសិកម្ម ដោយសម្រាប់តែការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានកើនឡើងទ្វេដង ពីជាង៤០ម៉ឺនតោន ទៅដល់ជាង៨០ម៉ឺនតោន ឬលើសពីនេះ ហើយក៏មានក្រុមហ៊ុនអន្តរជាតិមួយចំនួន បានចូលមកសហការជាមួយកម្ពុជា ក្នុងការផលិតកសិផលចាប់ពីការដាំដុះ កែច្នៃ និងវេចខ្ចប់នាំចេញទីផ្សារអន្តរជាតិ”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ដូចទៅនឹងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិបត្តិ Covid-19 មិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានោះទេ ប៉ុន្តែកម្ពុជាបានទាញយកប្រយោជន៍ពីCovid-19 ត្រឡប់មកវិញ។ ក្រោមពាក្យស្លោក កម្ពុជាអាចធ្វើបាន ការរួបរួមគ្នាក្រោមម្លប់សន្តិភាព បានធ្វើឱ្យកម្ពុជាមានពិពិធកម្មក្នុងវិស័យកសិកម្ម ការទាក់ទាញទុនវិនិយោគពីបរទេស ដែលសម្រេចចិត្តរើទីតាំងពីប្រទេ​សចិន និងបណ្តាប្រទេសដទៃមួយចំនួនទៀតមកកាន់កម្ពុជា ដែលវាក៏ជះឥទ្ធិពលល្អដល់វិស័យអចលនទ្រព្យ សំណង់ផងដែរ ព្រោះនៅពេលមានការពង្រីកផលិតភាព ក្នុងវិស័យ​កសិកម្ម បង្កើនការអភិវឌ្ឍវិស័យឧស្សាហកម្ម តម្រូវការនៃការប្រើប្រាស់ដី និងសំណង់ក៏ចាប់ផ្ដើមមានផងដែរ៕

ការសិក្សាៈបរិយាកាសអាជីវកម្មកាន់តែមានភាពធន់ចំពោះបញ្ហាប្រឈមផ្សេងៗ

ដោយ ប៊ី

ភ្នំពេញៈ ជាមួយនឹងសេដ្ឋកិច្ចរបស់ខ្លួន កំពុងបោះជំហានទៅមុខក្នុងល្បឿនមួយ ប្រទេសកម្ពុជាក៏កាន់តែមានភាពធន់ ទៅនឹងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត វិបត្តិហិរញ្ញវត្ថុពិភពលោក និងកត្តាអវិជ្ជមានដទៃទៀត ដែលជាធម្មតាបង្កើតបញ្ហាដល់វិស័យជំនួញនៅក្នុងប្រទេស។

សន្ទស្សន៍ភាពធន់ពិភពលោក 2020 Global Resilience Index ដែលទើបនឹងចេញកាលពីពេលថ្មីៗនេះ បានបង្ហាញថា ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជាបានកើនឡើងជាងឆ្នាំមុន។

ឆ្នាំនេះ ប្រទេសកម្ពុជាទទួលបានពិន្ទុសរុប២៨,៩ ពិន្ទុក្នុងចំណោមពិន្ទុ១០០ ដែលជាប់ចំណាត់ថ្នាក់ទី១១២នៅទូទាំងពិភពលោក។ កាលពីឆ្នាំមុនកម្ពុជាទទួលបានពិន្ទុ ២១,៧ ហើយត្រូវបានជាប់ចំណាត់ថ្នាក់ទី១១៤ ក្នុងចំណោមប្រទេស និងតំបន់ចំនួន ១៣០ ដែលមាននៅក្នុងការសិក្សានេះ។

ការសិក្សានេះធ្វើឡើងដោយក្រុមហ៊ុន FM Global ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅសហរដ្ឋអាមេរិក។

ការសិក្សានេះវាស់ស្ទង់ភាពធន់នៃសេដ្ឋកិច្ច និងបរិយាកាសធុរកិច្ចរបស់ប្រទេសមួយដោយផ្អែកលើកត្តា១២ ដែលទាក់ទងនឹងសេដ្ឋកិច្ចហានិភ័យ និងខ្សែសង្វាក់ផ្គត់ផ្គង់៖ ផលិតភាព ហានិភ័យនយោបាយ អាំងតង់ស៊ីតេប្រេង អត្រានគរូបនីយកម្ម ការប្រឈមនឹងគ្រោះថ្នាក់ធម្មជាតិ គុណភាពគ្រោះមហន្តរាយ គុណភាពភ្លើង  អ៊ិនធឺណែតការត្រួតពិនិត្យអំពើពុករលួយ គុណភាពហេដ្ឋារចនាសម្ព័ន្ធ អភិបាលកិច្ចសាជីវកម្ម និងភាពមើលឃើញនៃខ្សែសង្វាក់ផ្គត់ផ្គង់។

ភាពធន់នេះត្រូវបានបង្ហាញរួចទៅហើយ នៅពេលដែលព្រះរាជាណាចក្របានដោះស្រាយជាមួយនឹងជំងឺ COVID-19។ អាជីវកម្មនៅទីនេះលើកលែងតែអ្នកដែលនៅក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធកំពុងខិតខំប្រឹងប្រែង ទោះបីជាមានឥទ្ធិពលអាក្រក់នៃជំងឺនេះក៏ដោយ៕

ចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកបានចេញដើរកម្សាន្តកើនឡើងខ្ពស់

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ នៅត្រឹមរយៈពេល៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ចំនួននៃភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានានៅទូទាំងប្រទេសមានកំណើនរហូតដល់ប្រមាណ ៤៥ម៉ឺននាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីខែឧសភា កន្លងទៅមានការកើនឡើងប្រមាណ ៧.២៤ភាគរយ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលគេហទំព័រ propertyarea.asia នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០នេះ បង្ហាញថា ក្នុងចំណោមភ្ញៀវទាំងនោះមានជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១% និងភ្ញៀវបរទេសមានចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤%។

របាយការណ៍ដដែលបន្តថា ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០% នៃទេសចរផ្ទៃក្នុងសរុប)។ ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេស សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។

ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍៕

ADB បញ្ជាក់​ជាថ្មី​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ស្ទុះ​ឡើង ៥,៩ភាគរយ​វិញ​នៅ​ឆ្នាំក្រោយ

ដោយ ប៊ី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញ​សេចក្តី​ព្យាករ​ជាថ្មី​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ស្ទុះ​ឡើង៥,៩ភាគរយ​វិញ​នៅ​ឆ្នាំ២០២១ ទោះបីជា​យ៉ាង​ក៏ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី ជំងឺ​កូ​វីដ-១៩ អាច​នឹងធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា (GDP) ធ្លាក់ចុះ​ដល់​ទៅ-៥,៥ភាគរយ​ឯណោះ ក្នុង​ឆ្នាំ២០២០ ។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​សន្និដ្ឋានថា នៅ​ឆ្នាំ២០២១ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹងមាន​កំណើន​ឡើងវិញ៥,៩ភាគរយ។

តារាង​ប្រៀបធៀប​អំពី​កំណើនសេដ្ឋកិច្ច នៃ​ប្រទេស​ទាំង១១ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បង្ហោះ​លើ​គេហទំព័​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី កាលពី​ថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២០ បង្ហាញថា ក្នុង​ឆ្នាំ២០២០កំណើនសេដ្ឋកិច្ច​ថៃ នឹង​ធ្លាក់ចុះ​ខ្លាំងជាងគេ គឺ-៦,៥ភាគរយ បន្ទាប់មក​គឺ​សឹង្ហ​បុរី ដែល​នឹង​ធ្លាក់​ចុ -៦ភាគរយ ហើយ​ទី៣គឺ​កម្ពុជា ដែល​នឹង​ធ្លាក់ចុះ -៥,៥ភាគរយ។

ការព្យាករណ៍​រវាង​ធនាគារ​អភិឌ្ឍន៍​អាស៊ី និង​រដ្ឋាភិបាល​កម្ពុជា គឺ​ខុសគ្នា​ឆ្ងាយ។ បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា អាច​ធ្លាក់ចុះ​តែ​ក្នុង​រង្វង់១,៩ភាគរយ​ទេ។

ក្នុងឱកាស​ចុះទៅ​ពិនិត្យមើល​ការដ្ឋាន សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ឃុំ​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ប្រមុខ​រដ្ឋាភិបាល​បាន​ហៅ​ការធ្លាក់ចុះ១,៩ភាគរយ នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា ថា មិន​ធ្លាប់​កើតមាន​ក្នុង​រយៈពេល​ជាង២០ឆ្នាំ​កន្លងមកនេះ។

ទោះ​សេដ្ឋកិច្ចកម្ពុជា ត្រូវ​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ-១៩ហើយ​ចំណូល​រដ្ឋ ធ្លាក់ចុះ​ក្តី តែ​សម្តេចនាយក​រដ្ឋមន្ត្រី​អះអាងថា រដ្ឋាភិបាល នៅតែមាន​លទ្ធភាព​បើក​បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ដដែល។ សម្តេចនាយក​រដ្ឋមន្ត្រី​ប្រកាសប្រាប់​អ្នកប្រឆាំង​ដូច្នេះ​ថា “កូ​វីដ-១៩ មិនអាច​សម្លាប់​រដ្ឋាភិបាល ហ៊ុន សែន បានទេ” ។

មុន​ជំងឺ​កូ​វីដ-១៩ផ្ទុះឡើង កំណើនសេដ្ឋកិច្ច​កម្ពុជា ស្ថិតក្នុង​រង្វង់៧,៥ភាគរយ ក្នុង​ឆ្នាំ២០១៩ និង៧,១ភាគរយ ក្នុង​ឆ្នាំ២០១៩ (របាយការណ៍​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី) ។

រដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​វិធានការ​ជាច្រើន ជាមួយនឹង​ការត្រៀម​ថវិកា​ពី៨០០លាន​ដុល្លារ ទៅដល់​ជាង៣ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​នានា ដូចជា ផ្តល់​ឧបត្ថម្ភ​ថវិកា​ដល់ក​ម្មករ ដែល​ត្រូវ​ព្យួរការងារ និង​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ ជាដើម។

ជាមួយគ្នានេះដែរ បើ​មើល​តាម​តារាង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ដដែល កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស៨ទៀត ក្នុង​ឆ្នាំ២០២០ គឺ​ម៉ាឡេស៊ី នឹង​ធ្លាក់ចុះ -៤ភាគរយ ហ្វីលីពីន នឹង​ធ្លាក់ចុះ -៣,៨ភាគរយ ទី​ម័​រ​ឡេស នឹង​ធ្លាក់ចុះ -៣,៧ភាគរយ ឥណ្ឌូណេស៊ី នឹង​ធ្លាក់ចុះ -១ភាគរយ ឡាវ នឹង​ធ្លាក់ចុះ -០,៥ភាគរយ  ព្រុយ​ណេ ធ្លាក់​មក​នៅត្រឹម១,៤ភាគរយ មី​យ៉ាន់​ម៉ា ធ្លាក់​មក​នៅត្រឹម១,៨ភាគរយ វៀតណាម ធ្លាក់​មក​នៅត្រឹម៤,១ភាគរយ៕