អ្នកជំនាញ ៖ ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងក្លាយទៅជាបណ្តុំរោងចក្រសហគ្រាស

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ មន្ត្រីនៃរាជរដ្ឋាភិបាលបានអះអាងថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី ៣ នឹងក្លាយទៅជាទីតាំងទទួលការសាងសង់គម្រោងវិនិយោគលើរោងចក្រសហគ្រាស ស្របតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពញ ដែលបាននឹងកំពុងជំរុញឱ្យរោងចក្រសហគ្រាសប្តូរទីតាំងចេញពីទីក្រុងភ្នំពេញ។

លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកជំនាញនគរូបនីយកម្មរបស់រាជរដ្ឋាភិបាល បានប្រាប់គេហទំព័រ propertyarea.asia កាលពីម្សិលមិញថា រដ្ឋាភិបាលសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានចំណែកធំឆ្លងកាត់ខេត្តកណ្តាល ហើយក៏ជាគម្រោងអាទិភាពមួយដ៏សំខាន់ក្នុងរំដោះចរាចរណ៍ផ្លូវវាងក្រុង។

លោកបន្តថា ផ្លូវក្រវាត់ក្រុងទី៣នេះ ក៏នឹងជួយផ្ទេរមុខងារ ឱ្យមានការសាងសង់រោងចក្រសហគ្រាសនានានៅក្នុងទីក្រុង ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យរោងចក្រទាំងនោះផ្លាស់ប្ដូរទីតាំងទៅកាន់ផ្លូវក្រវ៉ាត់ក្រុងនេះ ដើម្បីងបង្កមានភាពងាយស្រួលក្នុងការដឹកជញ្ជូន ។

លោកបន្ថែមថា “យើងឃើញថា អាជ្ញាធររាជធានីភ្នំពេញបានចេញសេចក្តីណែនាំ មិនឱ្យមានរោងចក្រសហគ្រាសនៅក្នុងទីក្រុងបន្តទៀត ព្រោះថាវាបង្កឱ្យមានការកកស្ទះ អ៊ីចឹងហើយការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ វាមានភាពចាំបាច់ខ្លាំង ដែលរាជរដ្ឋាភិបាលស្វែងរកញ្ចប់ថវិកាពីដៃគូអភិវឌ្ឍន៍យកមកអភិវឌ្ឍគម្រោងនេះ”។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីកន្លងមកនេះ បានចេញសេចក្តីជូនដំណឹងស្តីពីផែនការរៀបចំផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុល រថយន្តធំៗ ពីតំបន់ទីប្រជុំជនទៅតំបន់ជាយក្រុង ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុង ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ដែលមានទីតាំងក្នុងតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញទាំងអស់ រៀបចំផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួនឱ្យទៅស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣វិញ ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូន បានកំពុងស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះៗ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលគម្រោងសាងសង់រួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ។

សេចក្តីជូនដំណឹងដដែលបន្តថា ក្រោយពេលផ្លូវក្រវាត់ក្រុងទី៣នេះ សាងសង់រួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងហាមឃាត់រថយន្តធុនធ្ងន់ គ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតឲ្យចរាចរណ៍ ចូលរាជធានីភ្នំពេញទៀតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here