កំពត នៅតែ​ជា​ខេត្ត​ដែល​ទាក់ទាញ​វិនិយោគ​អចលនទ្រព្យ​ច្រើនជាងគេនៅ​ចុង​ត្រីមាស​ទី២ឆ្នាំ២០២០

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ ឈានចូល​មកដល់​ចុង​ត្រីមាស​ទី២ ឆ្នាំ២០២០ បើទោះជា​ស្ថិតនៅក្នុង​ភាព​ប្រឈម​នៃ​វិបត្តិ​នៃ​ជំងឺឆ្លង និង​ជះឥទ្ធិពល​អវិជ្ជមាន​ស្ទើរ​គ្រប់​វិស័យ រួមទាំង​ផ្នែក​អចលនទ្រព្យ​ផងដែរ​នោះ សម្រាប់​ការទិញ-លក់ ដីធ្លី​នៅក្នុង​ដែនដី​នៃ​ខេត្តកំពត នៅតែ​រក្សាបាន​ភាពល្អប្រសើ​រ​ដដែល ជាពិសេស​ការអភិវឌ្ឍ​លំនៅដ្ឋាន​បែប​លំហែរ នៅតាម​តំបន់​កម្សាន្ត​ជាប់មាត់​ព្រែក។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ពាក់ព័ន្ធ​ទៅនឹង​ទំនោរ​នៃ​ការវិនិយោគ និង​អភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ​នៅក្នុង​ខេត្តកំពត ក៏​ព្រោះតែ​ខេត្ត​នេះ​គឺជា​គោលដៅ​ទេសចរណ៍ ដ៏​មាន​សក្ដានុពល​បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ខេត្ត​មួយចំនួនទៀត។

លោកស្រី​បន្តថា “ការអភិវឌ្ឍ​លំនៅដ្ឋាន​បែប​លំហែរ​កាយ នៅតាម​តំបន់​កម្សាន្ត​មួយចំនួន​ក្នុង​ខេត្តកំពត នៅតែមាន​តម្រូវការ ដែល​វា​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ចរន្ត​ទិញ-លក់ ដីធ្លី​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ និង​តំបន់ភ្នំ​មួយ​នេះ” ។

លោកស្រី​បាន​បញ្ជាក់ថា“ខេត្តកំពត​នឹងមាន​ការអភិវឌ្ឍ​លឿន ដោយសារ​ការខិតខំ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល ដូចជា​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ការពង្រីក​ផ្លូវជាតិ​លេខ៣ គម្រោង​កំពង់ផែ​ទេសចរណ៍ គម្រោង​កំពង់ផែ​ទឹក​ជ្រៅ គម្រោង​បង្កើត​ឧទ្យាន​ជាតិ សម្ដេច ហ៊ុន សែន កំពត រួម​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ទៀត​ដែល​ចូលរួម​ពី​វិស័យ​ឯកជន​ផងដែរ” ។

ខេត្តកំពត​មួយរយៈ​ពេល​ចុងក្រោយ គឺ​កំពុងតែ​ព្យាយាម​បង្ហាញ​ពី​សក្ដានុពល រួមជាមួយ​គម្រោង​អភិវឌ្ឍ​នានា​ជាច្រើន ជាពិសេស​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​កម្សាន្ត​បែប​ធម្មជាតិ និង​តំបន់​សមុទ្រ ខណៈដែល​គម្រោង​កំពង់ផែ​ទេសចរណ៍​របស់​រដ្ឋាភិបាល កំពុងតែ​ព​ន្លឿ​ន​ការសាងសង់ បន្ថែម​ពីលើ​គម្រោង​អភិវឌ្ឍ​ជាច្រើន​ទៀត​ពី​វិស័យ​ឯកជន។

អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ  R Investment Group លោក​ឧកញ៉ា តេង រិទ្ធី  ដែល​បាន​បណ្តាក់​ទុនវិនិយោគ​ជាច្រើន​លាន​ដុល្លារ ទៅលើ​ការសាងសង់​លំនៅដ្ឋាន​បែប​លំហែរ​កាយ​នៅក្នុង​ទឹកដី​នៃ​ខេត្ត ដ៏​ទាក់ទាញ​ផ្នែក​ទេសចរណ៍​មួយ​នេះ បាន​មានប្រសាសន៍ថា ខេត្តកំពត​មាន​ភាពខុសប្លែក​ពី​បណ្តា​ខេត្ត​ដទៃ ដែលមាន​ភាពស្ងប់ស្ងាត់​ក្នុង​ការទិញ-លក់ នៅក្នុង​វិបត្តិ​ជំងឺ Covid-19 ។

លោក​បាន​បន្តទៀតថា “បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ” ។ លោក​បន្តថា “ជាមួយនឹង​សកម្មភាព​ដែល​កំពុងអភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន” ។

ជាមួយនឹង​ការបង្ហាញ​ពី​សក្ដានុពល ក្នុងការ​វិនិយោគ​ខាងលើនេះ លោក​ឧកញ៉ា តេង រិទ្ធី បានបញ្ជាក់​សម្រាប់​ការអភិវឌ្ឍ លើ​វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ គឺ​ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង៣-៤ម៉ឺន​ដុល្លារ​ឡើងទៅ៕

លោក​ច្រឹ​ក សុខ​នី​ម៖ តើ​គួរប្រើ​ប្រាស់​បំណុល​បែបណា ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា?

ដោយ​ វុត្ថា

ភ្នំពេញៈ ការវិនិយោគ​អចលនទ្រព្យ មិន​ថា​ការទិញ​ដី ឬ​ទិញ​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ ឬ​ទុក​លក់​យក​ផលចំណេញ​វិញ មិនមែនជា​រឿង​ងាយស្រួល​នោះទេ ហើយក៏​មិនមែនជា​រឿង​ដែល​ពិបាក​នោះដែរ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​នឹង​ចូលខ្លួន​មក​បកស្រាយ​លើ​ប្រធានបទ “តើ​គួរប្រើ​ប្រាស់​បំណុល​បែបណា ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា”? ។

លោក ច្រឹ​ក សុខ​នី​ម បានឱ្យដឹងថា ជាទូទៅ​នៅក្នុង​ពិភពលោក​តែងតែមាន​បំណុល​ដែល​បំណុល​ទាំងនេះ មាន​លក្ខណៈ​ជា​គ្រួសារ សហគមន៍ ឯកជន ក្រុមហ៊ុន និង​ប្រទេសជាតិ  ហើយ​នៅពេលដែល​ប្រើប្រាស់​បំណុល​ទាំងនេះ មាន​ប្រសិទ្ធិភាព​នោះ នឹង​ជំរុញ​ឱ្យ​ជីវភាព​នៅក្នុង​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ សហ​គន៍ ប្រទេស និង ក្រុមហ៊ុន មានការ​រីកចំរើន។

លោក​ពន្យល់ថា “បំណុល​គឺជា​ការប្រើប្រាស់​ធនធាន​អ្នកដទៃ តាមរយៈ​ការប្រើប្រាស់​ជា​ថវិកា​ឬ​ជា​ទ្រព្យសម្បត្តិ និង​អ្វីផ្សេងៗទៀត​សម្រាប់​ធ្វើការ​ការដោះដូរ និង​ជា​ប្រយោជន៍​ក្នុងការ​វិស័យ​ជំនួញ​ឱ្យមាន​ប្រសិទ្ធិភាព” ។

លោក​បន្តថា នៅក្នុង​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ អ្នកវិនិយោគ​អាច​ស្វែងរក​បំណុល តាមរយៈ​ធនាគារ​ដែលជា​ស្ថាប័ន​ឯករាជ្យ ក្នុង​ការផ្តល់​ប្រាក់កម្ចី​ដល់​អតិថិជន​ទូទៅ ក្នុង​ការទិញ​លំនៅឋាន​សម្រាប់​ស្នាក់នៅ ឬ​ទិញ​លំនៅឋាន​សម្រាប់ធ្វើ​ការវិនិយោគ​បន្ត ។

លោក​ពន្យល់ថា “មុនដំបូង​យើង​ត្រូវធ្វើ​ការសិក្សា​នូវ​គុណ​តម្លៃ នៃ​វិស័យ​អចលនទ្រព្យ​ដែល​យើង​ត្រូវ​វិនិយោគ តើ​ជា​ប្រភេទ​អចលនទ្រព្យ​បែបណា ។ ឧទាហរណ៍​បើ​យើង​វិនិយោគ​លើ​លំនៅឋាន ដូចជា​ផ្ទះ ឬ​ខុន​ដូ ឬមួយ​ជា​គម្រោង​ដែល​កំពុង​សាងសង់ សម្រាប់​ទុក​វិនិយោគ​បន្ត ឬ​សម្រាប់​ជួល​ជាដើម​នោះ យើង​ត្រូវ​សិក្សា​ពី​ចំណូល និង​កំណើន​តម្លៃ​អចលនទ្រព្យ​នៅពេល​ខាងមុខ ដោយ​ធៀប​ជាមួយនឹង​បំណុល” ។

លោក​បន្ថែមទៀតថា នៅពេលដែល យើង​មាន​គម្រោង​ដាក់ទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ចីរភាព យើង​ត្រូវ​វិភាគ​អំពី​ឱកាស​នៅក្នុង​ការវិនិយោគ រួមផ្សំ​ជាមួយនឹង​ការសង​ត្រឡប់ បូក​ជាមួយ​ប្រា​ក់បំ​រ៉ុង​ទុក។ បើ​យើង​មាន​ធនធាន​ទាំងអស់នេះ បំណុល​នៅក្នុង​វិស័យ​អចលនទ្រព្យ គឺ​ទុន និង​ជា​លទ្ធ​ភាពល្អ​បំផុត ពីព្រោះ នៅពេលដែល​យើង​ប្រើប្រាស់​បំណុល​ធ្វើឱ្យ​យើង​ចំណេញ​ពេលវេលា និង​អាចធ្វើឱ្យ​ជីវភាព​ដើរ​លឿន​ជា​អ្នក​ដែល​មិន​ប្រើប្រាស់​បំណុល។

លោក​បញ្ជាក់ថា “ដូច្នេះ​នៅពេលដែល​យើង​ប្រើប្រាស់​បំណុល​បាន​ត្រឹមត្រូវ ហើយ ស្ទង់​មើល​នូវ​ឥទ្ធិពល នៅក្នុង​កម្រិត​ដែលជា​វិជ្ជមាន គឺជា​ហេតុផល​ចម្បង​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ក្រុមគ្រួសារ មានការ​រីកចំរើន ។ ការប្រើប្រាស់​បំណុល ជា​ទ្រព្យសម្បត្តិ នឹង​ទទួលបាន​នូវ​គុណ​តម្លៃ​ពី​ការវិនិយោគ” ។

លោក​បន្ថែមថា ជាមួយគ្នានេះ​ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​ជុំវិញ ការប្រើប្រាស់​បំ​ណុ​លើ​ការ​វ​និ​យោគ​វិស័យ​អចល​ចនទ្រ​ព្យ លោកអ្នក​អាច​ប្រឹក្សា​យោបល់​ជាមួយ​ភ្នាក់ងារ​អចលនវត្ថុ ឬ ក៏​មន្ត្រី​ធនាគារ៕

IMF៖ សេដ្ឋកិច្ចពិភពលោក​ខាតបង់​ទឹកប្រាក់​ប្រមាណ ១២ទ្រី​លាន​ដុល្លារដោយសារ​ជំងឺ​រាតត្បាត

ដោយ ហ្សូ​លី

ភ្នំពេញៈ មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ IMF បាន​និយាយថា សេដ្ឋកិច្ចពិភពលោក​ខាតបង់​ប្រាក់​ចំនួន ១២ទ្រី​លាន​ដុល្លារ (១២លាន​លាន​ដុល្លារ) ពី​ជំងឺ​រាតត្បាត Covid-19 បន្ទាប់ពី​កាត់បន្ថយ​ការព្យាករណ៍​កំណើន​នៅ​ឆ្នាំ ២០២០ ។

IMF បាន​និយាយថា វា​នឹង​ចំណាយពេល​ពីរ​ឆ្នាំ សម្រាប់​ទិន្នផល​ពិភពលោក​ដើម្បី​វិលត្រឡប់​មករក​កម្រិត​ដើម​វិញ​ដូច​នៅ​ចុងឆ្នាំ២០១៩ ហើយ​បាន​ព្រមាន​ថា រដ្ឋាភិបាល​ប្រទេស​នានា​គួរតែ​ប្រុងប្រយ័ត្ន ក្នុង​ការដក​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដល់​សេដ្ឋកិច្ច​ដែល​ផុយស្រួយ​នោះ។

នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ទៅនឹង​ការព្យាករណ៍ ដែល​បានចេញ​ផ្សាយ​កាលពី​ខែមេសា IMF ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​រំពឹងថា សេដ្ឋកិច្ចពិភពលោក​នឹង​ធ្លាក់ចុះ ៤,៩ភាគរយ​នៅ​ឆ្នាំនេះ បើ​ធៀប​នឹង​ការធ្លាក់ចុះ ៣ភាគរយ ដែល​បាន​រំពឹង​កាលពីថ្មីៗនេះ។

អ្នកពិគ្រោះ​យោបល់​ផ្នែក​សេដ្ឋកិច្ច​របស់ IMF លោកស្រី Gita Gopinath មានប្រសាសន៍ថា “ ជំងឺ​រាតត្បាត​បាន​រុញច្រាន​សេដ្ឋកិច្ច​ឲ្យ​ធ្លាក់​ចូលក្នុង​វិបត្តិ ដែល​បង្កឱ្យមាន​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់”  ។ លោកស្រី​បន្ថែមទៀតថា “វា​នឹងមាន​ការធ្លាក់ចុះ​នៃ​កម្រិតជីវភាព​សម្រាប់៩៥%នៃ​ប្រទេស​ទាំងអស់​នៅ​ឆ្នាំនេះ” ។

ការធ្លាក់ចុះ​ជិត៥ភាគរយ នៃ​ទិន្នផល​សកល​នៅ​ឆ្នាំនេះ នឹងមាន​កម្រិត​ទាប​ជាង​ការធ្លាក់ចុះ០,១ភាគរយ​នៅ​ឆ្នាំ២០០៩ បន្ទាប់ពី​ការធ្លាក់ចុះ​នៃ​ប្រព័ន្ធ​ធនាគារពិភពលោក​នា  រដូវ​ស្លឹកឈើ​ជ្រុះ​មុន។  IMF បាន​ប្រមើល​មើលថា ឆ្នាំ២០២០ ជា​ឆ្នាំ​អាក្រក់​បំផុត​សម្រាប់​កំណើនសេដ្ឋកិច្ច​ពិភពលោក ចាប់តាំងពី​មហា​សេដ្ឋកិច្ច​ធ្លាក់ចុះ​ក្នុង​ទសវត្ស​ឆ្នាំ១៩៣០ ។

កំណើនសេដ្ឋកិច្ច​ពិភពលោក​ត្រូវបាន​ព្យាករណ៍​ថា នឹងមាន​កំនើន​ដល់ ៥,៤% ក្នុង​ឆ្នាំ ២០២១ ។

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ បាន​ណែនាំ​ដល់​ប្រទេស​ទាំងអស់ រួមទាំង​ប្រទេស​ដែល​បាន​ឆ្លង​ផុត​ការឆ្លង​ខ្ពស់​ផងដែរ ដើម្បី​ធានាថា​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ពួកគេ ត្រូវបាន​ផ្គត់ផ្គង់​គ្រប់គ្រាន់ ហើយ​បាន​អំពាវនាវ​ដល់​ប្រទេស​អភិវឌ្ឍន៍​ថា ប្រទេស​ក្រីក្រ​គួរ​ទទួលបាន​វ៉ាក់សាំង​គ្រប់គ្រាន់ និង​មាន​តំលៃ​សមរម្យ៕ The Guardian

អ្នកជំនាញ​អន្តរជាតិ៖ កម្ពុ​ជាមាន​លក្ខណៈសម្បត្តិ​ជាច្រើន​កំពុង​ទាក់ទាញ​ការវិនិយោគ​បរទេស

ដោយ ប៊ី

ភ្នំពេញៈ កម្ពុជា​គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន ដែល​បានបង្ហាញ​ពី​កំនើនសេដ្ឋកិច្ច​ខ្ពស់​រង្វង់៧ភាគរយ ក្នុង​រយៈពេល​ពី​ទស្ស​វត្ត​ចុងក្រោយ ខណៈ​ប្រហែល​ពាក់កណ្តាល​នៃ​ប្រជាជនមាន​អាយុ​ក្រោម២៥ឆ្នាំ ដូច្នេះ​កំណើនសេដ្ឋកិច្ច​រឹងមាំ​ត្រូវបាន​គេ​រំពឹងទុក។

ប្រទេស​កម្ពុ​ជាមាន​បទ​ប្បញ្ញត្តិ​ចំនួន​ស្តីពី​មូលធន​បរទេស។ នៅក្នុង​វិស័យ​ភាគច្រើន ការវិនិយោគ​ត្រូវបាន​អនុញ្ញាត​តាម​ការរាយការណ៍ ហើយ​ភាពជា​ម្ចាស់​បរទេស ១០០ភាគរយ​ត្រូវបាន​អនុញ្ញាត។ ប្រតិបត្តិការ​ភាគច្រើន​ធ្វើឡើង តាមរយៈ​ប្រាក់​ដុល្លារ​អាមេរិក មិនមែន​រូបិយប័ណ្ណ​ក្នុងស្រុក​ទេ ដូច្នេះ​ហានិភ័យ​នៃ​ការផ្លាស់ប្តូរ​ប្រាក់​មាន​តិចតួច។

គម្រោង​វិនិយោគ ដែល​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋាភិបាល​កម្ពុជា ត្រូវបាន​រួចផុត​ពី​ពន្ធ​សាជីវកម្ម និង​ពន្ធ​នាំចូល​សម្រាប់​វត្ថុធាតុដើម និង​គ្រឿង​បរិក្ខារ​សម្រាប់​រយៈពេល៩ ឆ្នាំ។ នោះ​ហើយ​ជា​មូល​ហេតុដែល​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទិសដៅ​វិនិយោគ​ដ៏​ទាក់ទាញ​មួយ។ នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក Kim Hyun-su ប្រធាន​អ្នកស្រាវជ្រាវ នៅ​វិទ្យាស្ថាន​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ នៅក្រោម​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ។

ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្ស​ម្នាក់ របស់​ប្រទេស​កម្ពុ​ជាមាន​ចំនួន ១.៧០០ដុល្លារ​ក្នុង​ឆ្នាំ២០១។ ប្រទេស​នេះ​មាន​ភាព​ទាក់ទាញ​ខាង​វប្បធម៌ល្បីៗ នៅលើ​ពិភពលោក​ដូចជា​ប្រាសាទអង្គរវត្ត ធនធាន​កម្លាំង​ពលកម្ម​ច្រើន និង​គោលនយោបាយ​មិត្តភាព​ឆ្ពោះទៅរក​ការវិនិយោគ​បរទេស។ អរគុណ​ចំពោះ​គុណសម្បត្តិ​ទាំងនេះ សេដ្ឋកិច្ចកម្ពុជា​បាន​កើនឡើង​ច្រើនជាង ៧ ភាគរយ​ក្នុង​រយៈពេល២០ឆ្នាំ​ចុង​ក្រោយនេះ។

នៅ​ប្រទេស​កម្ពុជា កម្រិត​ប្រាក់​ឈ្នួល​មាន​កម្រិត​ទាប ដែលជា​ចំណុចខ្លាំង​មួយទៀត។ កាលពី​ឆ្នាំមុន ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ នៅក្នុង​វិស័យ​កាត់ដេរ​របស់​ប្រទេស​នេះ​មាន​ចំនួន១៨២ ដុល្លារ​អាមេរិក ដែល​ស្មើនឹង៦០ ភាគរយ​នៃ​ប្រាក់​ឈ្នួល​របស់​ប្រទេស​ថៃ ដែល​នៅ​ជិតខាង។ បំពាក់​ដោយមាន​កម្លាំង​ពលកម្ម​វ័យក្មេង និង​សម្បូរបែប ប្រទេស​កម្ពុ​ជាមាន​អត្រា​ចូលរួម​កម្លាំង​ខ្ពស់បំផុត​នៅក្នុង​អាស៊ាន។

អ្វីដែល​ប្រសើរ​ជាង​នេះ ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ។ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ ដែល​នាំចូល​ពី​ប្រទេស​កំពុងអភិវឌ្ឍន៍ ត្រូវបាន​ផ្តល់​ការកាត់បន្ថយ ឬ​គ្មាន​អត្រាពន្ធ។

លោក Kim បាន​បន្តថា “ប្រទេស​កម្ពុជា​អាច​ទទួលបាន​អត្ថប្រយោជន៍​ពន្ធគយ​នៅពេល​នាំចេញ​ផលិតផល​ទៅ​សហរដ្ឋអាមេរិក​សហភាព អឺរ៉ុប និង​ជប៉ុន។ លោក​បន្ថែមថា “គ្មានអ្វី​ប្លែក​ទេ​ដែល​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ហៅថា “គុជ​ដែល​លាក់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍” ៕

ចំណេះដឹង! អ្វី​ជា​ប្រាក់​បម្រុង​កាតព្វកិច្ច?

ដោយ ​វុត្ថា

ភ្នំពេញៈ ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​ឧបករណ៍ គោលនយោបាយ​រូបិយវត្ថុ​មួយ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ប្រើ​ដើម្បី​គ្រប់គ្រង​ល្បឿន​កំណើន​ឥណទាន។

បច្ចុប្បន្ន អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​សម្រាប់​រូបិយប័ណ្ណ​បរទេស (ជាពិសេស​ប្រាក់​ដុល្លារ​អាមេរិក) និង​រូបិយវត្ថុ​ជាតិ ត្រូវ​បានកំណត់​ផ្សេងគ្នា ។ អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​សម្រាប់​រូបិយ​បណ្ណ​បរទេស និង​រូបិយវត្ថុ​ជាតិ ត្រូវបាន​កំណត់​ក្នុង​អត្រា ១២,៥% និង ៨% រៀង​គ្នា ។

ចំពោះ​ប្រាក់​បម្រុង​កាតព្វកិច្ច ជា​រូបិយប័ណ្ណ​បរទេស​ចំនួន១២,៥% ក្នុងនោះ៤,៥ភាគរយ ត្រូវ​បានផ្តល់​ការប្រាក់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង៨%បន្ថែមទៀត មិនត្រូវ​បានផ្តល់​ការប្រាក់​ទេ ។ ចំពោះ​ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​រៀល ក៏​មិនត្រូវ​បានផ្តល់​ការប្រាក់​ដែរ៕

រដ្ឋបាលខេត្តកំពត ចែកប័ណ្ណកម្មសិទ្ធិកាន់កាប់ដីជូនពលរដ្ឋបានជាង ៤២ម៉ឺនក្បាលដី

ដោយ ៖ រ៉ាណេត

កំពត ៖ អនុវត្តតាមគោលនយោបាយ និងការណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តកំពត បានធ្វើការចុះបញ្ជីដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិកាន់កាប់ដីជូនដល់ប្រជាពលរដ្ឋជាង៤២ម៉ឺនក្បាលដី ក្នុងចំណោមទិន្នន័យសរុបដែលប្រមូលបានជាង ៥២ម៉ឺនក្បាលដី នៅទូទាំងខេត្ត។

អភិបាលខេត្តកំពត លោក ជាវ តាយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានជំរុញឱ្យមន្ត្រីជំនាញពន្លឿនការងារចុះបញ្ជីដីធ្លី ដើម្បីចេញប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីអាចប្រើប្រាស់ និងទាញយកប្រយោជន៍ពីដីធ្លីឱ្យអស់សក្តានុពល ជាពិសេសកាត់បន្ថយបញ្ហាវិវាទដីធ្លីផងដែរ។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះផងដែរ ក្រុមប្រឹក្សាខេត្តកំពត បានចុះចែកបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីចំនួន១៣៧២ បណ្ណ ជូនដល់ប្រជាពលរដ្ឋ ៧០០គ្រួសារ មកពី ២៣ភូមិ ក្នុងឃុំចំនួន៥ របស់ស្រុកដងទង់ ក្នុងបរិវេណសាលាស្រុក ដោយមានមន្ត្រីអាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋជាច្រើននាក់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ និងស្រឡាញ់ប្រជាពលរដ្ឋ គឺប្រមុខរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ដីធ្លី ដោយក្នុងនោះរាជរដ្ឋាភិបាលបានធ្វើយុទ្ធនាការចុះវាស់វែងដីធ្លី ដើម្បីធ្វើការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធនឹងដីដែលប្រជាពលរដ្ឋ កាន់កាប់ជាក់ស្តែង ហើយពុំទាន់មានមូលដ្ឋានច្បាស់លាស់។

លោកអភិបាលបន្តថា ប័ណ្ណកម្មសិទ្ធិដីធ្លីពិតជាមានប្រយោជន៍ច្រើនណាស់ សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី គឺធានាបាននូវសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ជាឯកសារ និងជាភស្តុតាងរឹងមាំ ចំពោះមុខច្បាប់ ក្នុងករណីមានទំនាស់ដីធ្លីកើតឡើង។ សន្លឹកប័ណ្ណនេះ ក៏អាចដាក់ធានានៅធនាគារ ដើម្បីយកថវិកាមកពង្រីកមុខរបរ ធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង និងនាំឲ្យមានកំណើនសេដ្ឋកិច្ចគ្រួសារផងដែរ។

ផ្អែកតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មន្ទីរសម្រេចលទ្ធផលបាន៖ ប្រកាសតំបន់វិនិច្ឆ័យ ៣៤៧ភូមិ ក្នុង៦៧ឃុំ, ប្រមូលទិន្ន័យបានជាង៥២ម៉ឺនក្បាល់ដី, គូសក្បាលដីក្នុងកុំព្យូទ័របានជាង៥០ម៉ឺនក្បាលដី, បិទផ្សាយទិន្ន័យជាសាធារណៈបានជាង៤៧ម៉ឺនក្បាលដី និងចែកប័ណ្ណកម្មសិទ្ធិបាន៤៦ម៉ឺនក្បាលដី។

តាមការប៉ាន់ស្មានខេត្តកំពត នៅសល់ផ្ទៃដីប្រមាណ៣០ភាគរយទៀត ដែលនៅមិនទាន់បានវាស់វែងនៅឡើយ។ ដូច្នេះលោកអភិបាលខេត្តបានជំរុញឱ្យមន្ត្រីជំនាញ និងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានត្រូវសហការគ្នា អនុវត្តការងារចុះបញ្ជីដីធ្លី ឱ្យបានរួចរាល់ឆាប់រហ័ស ដើម្បីប្រគល់ប័ណ្ណជូនដល់ប្រជាពលរដ្ឋជាម្ចាស់ដីឱ្យមានភាពក្ដីកក់ក្ដៅក្នុងចិត្ត ព្រមទាំងអាចទាញយកប្រយោជន៍ពីដីធ្លីរបស់ខ្លួនឱ្យអស់សក្ដានុពល៕

រដ្ឋាភិបាលទំលាក់ថវិកាចំនួន ១០០ លានដុល្លារដើម្បីស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចទំលាក់កញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាមេរិក ជនបទ ដើម្បីស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់គាំទ្រ និងផ្តល់នូវការងារជូនប្រជាពលរដ្ឋនៅទីជនបទ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារនា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះថ្លែងថា ការបោះទុន១០០លានដុល្លារទៅដល់ទីជបទនេះ មិនមែនជាការចិញ្ចឹមរបស់រដ្ឋ ដល់ប្រជាពលរដ្ឋនោះទេ តែគឺជាជំនួយសង្គម ដែលនឹងជួយបង្កើតការងារនៅទីជនបទ និងការបាត់បង់ការងារនៅទីក្រុង។

សម្តេចតេជោ ថា “ថវិកាចំនួន ១០០លានដុល្លារសាច់ប្រាក់ពលកម្ម គឺផ្តល់ជូនឲ្យប្រជាពលរដ្ឋរបស់យើង អាចធ្វើជាកូនប្រឡាយ ដើម្បីយកទឹកទៅស្រោចស្រព្វ គាត់អាចនាំគ្នាជីកស្រះ ឬអ្វីៗផ្សេង ដែលផលប្រយោជន៍បាន ទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទផង និងទឹកប្រាក់ទាំងឡាយបានមកដល់ ក្នុងហោប៉ៅរបស់ប្រជាពលរដ្ឋយើងផង”។

សម្តេចតេជោ ក៏បានអំពាវនាវប្រជាពលរដ្ឋ កុំឱ្យផ្តេកផ្តួលជាមួយការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ត្រូវប្រឹងប្រែងរកការងារធ្វើបន្ថែម ដូចជាការដាំដុះធ្វើកសិកម្មជាដើម លើកលែងតែកុមារ និងមនុស្សចាស់ប៉ុណ្ណោះ។សម្តេចថ្លែងថា កម្ពុជាមិនមែនដូចប្រទេសគេ តែរាជរដ្ឋាភិបាលមានមាយាទ ក្នុងការគ្រប់គ្រង និងដឹកនាំរដ្ឋ ព្រមទាំងចាត់ចែងថវិកា។ ដូច្នេះរាជរដ្ឋាភិបាល មានថវិកាគ្រប់គ្រាន់សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋ។

គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ ជំហានទី២ សម្រាប់ឆ្នាំ ២០២០-២០២២ ដែលមានទឹកប្រាក់១០០លានដុល្លារត្រូវបានប្រកាសជាផ្លូវការ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

គម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ» មានគោលដៅចូលរួមកាត់បន្ថយភាពក្រីក្រ, លើកកម្ពស់ជីវភាព និងសុខមាលភាពរស់នៅរបស់ប្រជាជនជនបទ និងប្រជាកសិករក្រីក្រ ដែលត្រូវធ្វើឡើងតាមរយៈ៖

១) ការបង្កើតឱកាសការងាររយៈពេលខ្លី តាមកម្មវិធីសាច់ប្រាក់ពលកម្ម ដែលនឹងជួយដោះស្រាយជីវភាព បន្ទាន់ក្នុងរយៈពេលខ្លីផង ក៏ដូចជាបង្កើតជាទុន សម្រាប់ការវិនិយោគបន្តលើរបរកសិកម្ម ឬមុខរបរសមស្របដ៏ទៃទៀតផងដែរ

២) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទ ដែលរួមមាន៖ ផ្លូវលំ, ប្រឡាយជើងក្អែបសម្រាប់បង្ហូរ ទឹក ចូលក្នុងស្រែ, និងការតភ្ជាប់បណ្តាញអគ្គិសនីតម្លៃទាប ឲ្យដល់ស្ថានីយ៍បូមទឹកកសិកម្ម៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំក្នុងពិភពលោក កម្ពុជានឹងក្លាយជាប្រទេសហត្ថលេខីមួយនឹងត្រូវចុះហត្ថលេខាចុងឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ រដ្ឋមន្រ្តីនៃប្រទេសសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់បានបញ្ជាក់ជាថ្មី ពីការ    ប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការចុះហត្ថលេខាលើកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅចុងឆ្នាំនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយស្តីពីប្រព័ន្ធផ្សព្វផ្សាយកាលថ្ងៃអង្គារកន្លងមកនេះ។

សេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយ ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអន្តរក្រសួង (RCEP) លើកទី១០ ដែលដឹកនាំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនៅថ្ងៃអង្គារកន្លងមកនេះបានឱ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងក្លាយជាសញ្ញាច្បាស់មួយ នៃការគាំទ្រដោយមិនផ្លាស់ប្តូររបស់សមាជិក សម្រាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី សមាហរណកម្មតំបន់ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងតំបន់។

បណ្តារដ្ឋមន្រ្តីទាំងអស់បានឯកភាព នៅក្នុងសេចក្តីថ្លែងការណ៍ថា សារៈសំខាន់របស់ RCEP នៅតែបន្តរីកចំរើន បើទោះជាមានការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩ ដែលជាបញ្ហាប្រឈមដែលមិនធ្លាប់មាន សម្រាប់ពាណិជ្ជកម្មការវិនិយោគ និងបណ្តាញផ្គត់ផ្គង់សកល ដែលទាមទារឱ្យមានការឆ្លើយតបជាសកល។

រដ្ឋមន្ត្រីក៏បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ដើម្បីជួយសម្រួលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរឹងមាំ និងកំណើន ក៏ដូចជាកំណើនប្រក​បដោយចីរភាព តុល្យភាព និងការរួមបញ្ចូលគ្នា បន្ទាប់ពីវិបត្តិនេះ។

សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា ប្រទេសឥណ្ឌាគឺជាអ្នកចូលរួមដ៏សំខាន់នៅក្នុងការចរចារRCEP ដោយកត់សម្គាល់ថារដ្ឋមន្រ្តីនានាជឿជាក់ថា ការចូលរួមរបស់ឥណ្ឌានៅក្នុងRCEP នឹងរួមចំណែកដល់ការជម្រុញ និងភាពរុងរឿងក្នុងតំបន់ និងសង្កត់ធ្ងន់ថា RCEP នៅតែបើកចំហសម្រាប់ប្រទេសឥណ្ឌា។

ផ្តួចផ្តើមគំនិតដោយអាស៊ានក្នុងឆ្នាំ២០១២ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានស្នើឡើងរវាងប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី (FTA) ចំនួន ៦ របស់ពួកគេគឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់ និងឥណ្ឌា។ កាលពីខែវិច្ឆិកាឆ្នាំមុនប្រទេសចំនួន១៥ ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងបានបញ្ចប់ការចរចាអត្ថបទ ដោយផ្អែកលើបញ្ហាសំខាន់ៗ ដែលអាចចូលទៅដល់ទីផ្សារនៅឯកិច្ចប្រជុំកំពូល RCEP នៅទីក្រុងបាងកកប្រទេសថៃ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងនាពេលកន្លងមកថា ទីផ្សារប្រទេសRCEP គឺមានសក្តានុពលធំធេងធំជាងទីផ្សារអឺរ៉ុប និងអាមេរិកឆ្ងាយណាស់ ដែលវាជាជម្រើសសម្រាប់ផលិតផលកម្ពុជា ខណៈដែលកម្ពុជាគឺជាសមាជិកនៃទីផ្សារតំបន់មួយនេះ។

លោកបានគូសបញ្ជាក់ផងដែរថា “កម្ពុជានឹងទទួលបានប្រយោជន៍សេដ្ឋកិច្ចសន្ធឹកសន្ធាប់ និងការវិនិយោគដ៏ច្រើនមហិមា ដែលនឹងនាំឱ្យពលរដ្ឋមានកិច្ចការងារធ្វើ ហើយមានតម្លៃពលកម្មខ្ពស់ថែមទៀតផង”។

មួយវិញទៀត កិច្ចព្រមព្រៀងសេដ្ឋកិច្ចពាណិជ្ជកម្មសេរីក្នុងតំបន់នេះ គឺជាជម្រើសទីផ្សារមួយដ៏ធំ សម្រាប់កម្ពុជាក្នុងការនាំចេញ ហើយនេះគឺជាយុទ្ធសាស្ត្រពង្រីកទីផ្សារបស់កម្ពុជាផងដែរ៕

ការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីតំបន់រង្វង់មូលចោមចៅសម្រេចបាន ជាង៤០ភាគរយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមដើមសប្ដាហ៍នេះ គម្រោងស្ថាបនា សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ សម្រេចបានលទ្ធផលជាង៤០ភាគរយហើយ ដោយគ្រោងបញ្ចប់ទាំង​ស្រុងនៅត្រឹមចុងឆ្នាំ២០២១ ខាងមុខនេះ។

ដូចទៅនឹងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងថា វិបត្តិនៃជំងឺ Covid-19 មិនមែនជាឧបសគ្គ ដែលអាចរារាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសកម្ពុជាបាននោះទេ។ ជាក់ស្ដែងគិតត្រឹមដើមសប្ដាហ៍នេះ ជាលទ្ធផលនៃការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី តំបន់រង្វង់មូលចោមចៅ សម្រេចបានជាង៤០ភាគរយស្របទៅតាមផែនការដែលបានកំណត់។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានអះអាងថា សំណង់ផ្លូវថ្នល់នៅចំណុចបំបែកចោមចៅផ្នែកផ្លូវក្រោមដី នឹងស្ថាបនារួចរាល់នៅចុងខែកក្កដាខាងមុខនេះ បន្ទាប់មកក្រុមការងារនឹងបន្តសាងសង់ ស្ពានអាកាសបន្តទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ពិសេសកាត់បន្ថយភាពកកស្ទះ។

លោកបានបញ្ជាក់ថា “ពេលនេះក្រុមជំនាញកំពុងមមាញឹក ក្នុងការស្ថាបនាគម្រោ​ងនេះឱ្យហើយតាមផែនការ បើទោះបីជារដូវវស្សាឈានចូលមកដល់ ដែលបង្កឱ្យមានផលប៉ះពាល់នូវដំណើរការស្ថាបនាបន្តិចមែន ប៉ុន្ដែមិនមែនជាឧបសគ្គដល់ការសាងសង់នោះទេ ដោយខាងមន្ទីរសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជំរុញឱ្យការងារនេះរួចរាល់តាមការកំណត់ ដែលផ្លូវក្រោមនឹងរួចរាល់ជាស្ថាពរនៅចុងខែកក្កដាខាងមុខនេះ”។

លោកបន្តថា ក្រោយពេលឡើងផុតផ្លូវក្រោមដីទៅ យើងនឹងមានភាពធូស្រាលហើយ ដោយមិនមានភាពលំបាកអ្វីទៀតនោះទេ ដោយយើងកំពុងតែជំរុញ ផ្លូវក្រោមដីស្ថាបនារួចរាល់នៅខែកក្កដា ផុតពីហ្នឹងទៅយើងនឹងមានភាពងាយស្រួល និងមានការលំបាកខ្លះនៅផ្លូវក្រោមដីពេលមេឃភ្លៀង។

នៅក្នុងគម្រោងនេះ ផ្លូវក្រោមដី គឺជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមាន២គន្លងសម្រាប់រថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ចំណែកផ្លូវក្រោមដីមួយទៀត  ជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែ​ល​មានប្រវែងសរុប៤៧០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ជាមួយគ្នានេះ គម្រោងនេះនឹងមានស្ពានអាកាសចំនួន៣ខ្សែបន្ថែមទៀត ដែលមានស្ពានអាកាសមេទី១ តភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៣ ដោយមានប្រវែងសរុប៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ មានចរាចរចំនួនពីរគន្លងទៅ និងចំនួនពីរគន្លងមក។

ស្ពានអាកាសទី២ គឺបំបែកចេញពីស្ពានអាកាសមេទី១ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់តែចរាចរណ៍មួយទិសប៉ុណ្ណះ ដោយមួយគន្លងសម្រាប់ថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ និងមានទទឹង៥,២៥ម៉ែត្រ។  ចំណែកស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ មានទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត៕

អ្នកជំនាញៈ លំនៅដ្ឋានប្រកបអាជីវកម្មជាប្រភេទលំនៅដ្ឋានព្រួញមួយបាញ់បានសត្វពីរ

ដោយ ហ្សូលី

ភ្នំពេញៈ លំនៅដ្ឋានប្រកបអាជីវកម្ម (shop house) ជាប្រភេទលំនៅដ្ឋានដែលកំពុងមានប្រជា​ប្រិយភាព និងមានការអភិវឌ្ឍច្រើន ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍលំនៅ     ដ្ឋាននានា។

អ្នកជំនាញបានលើកឡើងថា ភាគច្រើនលំនៅដ្ឋានប្រភេទនេះ បានរីកសាយភាពពាសពេញទីក្រុង និងជាយក្រុង ដោយសារតែអត្ថប្រយោជន៍ជាច្រើនខុសពីប្រភេទដទៃ។

លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានថ្លែងឱ្យដឹងមកកាន់គេហទំព័រ Property Area Asia ថា សម្រាប់អ្នកដែលមានជីវភាពមធ្យមពួកគេនិយមរស់នៅ ជាប្រភេទលំនៅដ្ឋានប្រកបអាជីវកម្មច្រើន ព្រោះវាផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅ ដែលអនុញ្ញាតឱ្យអ្នកទិញចង់រកស៊ីប្រកបមុខរបរក៏បាន ឬរស់នៅក៏បាន។

លោកស្រីបន្តថា “សម្រាប់តម្លៃវាស្ថិតទៅលើទីតាំងនិងតំបន់ បើនៅឯជាយក្រុងអាចមានត្រឹមចាប់ពី៧ម៉ឺនឡើងទៅ”។

បន្ថែមពីនេះ លោកម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment បានលើកឡើងពីមូលហេតុថា ភាគច្រើនគម្រោងលំនៅដ្ឋានប្រភេទនេះ ច្រើនតែសាងសង់នៅក្បែរតំបន់ទីប្រជុំជន និងជាទីតាំងល្អ ក្នុងការរកស៊ី និងរស់នៅ។ ចំណុចខ្លាំងនោះមានផ្សារនៅក្បែរ ដែលបង្ករឱ្យពលរដ្ឋងាយស្រួលបង្កើតជំនួញ និងធ្វើឱ្យការរស់នៅមានភាពទាន់សម័យ និងងាយស្រួលរស់នៅ។ ហេតុផលទាំងអស់នេះហើយ ដែលបណ្តាលឱ្យប្រភេទលំនៅដ្ឋាននេះ ហាក់បីដូចជាមានតម្រូវការច្រើន។

លោកលើកឡើងថា “អ្នកមានថវិកាក្រោម១០ម៉ឺនដុល្លារ អាចទិញលំនៅដ្ឋានបាននៅក្នុងតំបន់ខណ្ឌដង្កោរ ឬខណ្ឌកំប៉ូល ព្រោះថានៅតំបន់នេះកំពុងមានការអភិវឌ្ឍជាហូរហែទៅលើវិស័យលំនៅដ្ឋាន”។ លោកបន្ថែមថា “ម្យ៉ាងទីតាំងនោះគឺសាកសមសម្រាប់គ្រួសារខ្នាតតូចដែលចង់រស់នៅក្នុងទីក្រុងភ្នំពេញ ថ្វីត្បិតតែឆ្ងាយពីកណ្តាលក្រុងក៏ពិតមែន តែហ៊ុមព័ទ្ធទៅដោយផ្សារ ឬតំបន់រកស៊ី”។

អ្នកជំនាញអចលនទ្រព្យអន្តរជាតិមួយរូបទៀត និងជាអគ្គនាយកក្រុមហ៊ុន Century 21 Advance Property ធ្លាប់បានពន្យល់ស្រដៀងគ្នាថា សម្រាប់ប្រភេទលំនៅដ្ឋានប្រកបអាជីវកម្ម ត្រូវបានអ្នកទិញទិញមានគោលបំណង២ ដែលក្រៅពីអាចរស់នៅប្រកបដោយផាសុកភាព តែអាចប្រកបអាជីវកម្មបានថែមទៀត។ ដោយឡែកតម្លៃផ្ទះប្រ​ភេទនេះមានតម្លៃថ្លៃជាងផ្ទះល្វែងបន្តិច ព្រោះទីតាំងអាចស្ថិតនៅក្នុងទីប្រជុំជន និងប្រមូ​ល​ផ្តុំដោយអាជីវកម្មចម្រុះ៕