ដោយ ហ្សូលី
កំពង់ចាម៖ ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ ខេត្តកំពង់ចាម កំពុងពន្លឿនការស្ថាបនាយ៉ាងសកម្ម ដើម្បីឱ្យបញ្ចប់ទៅតាមផែនការដែលបានកំណត់ ស្របពេលអាជ្ញាធរខេត្តបានដាំកូនឈើប្រមាណ ១០០០ដើមបន្ថែមទៀត។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនជាពិសេសដល់ប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជីវភាពគ្រួសារក្នុងតំបន់ផងដែរ ។
លោកអភិបាលបន្តថា ដូច្នេះយើងត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យតំបន់នេះមានការអភិវឌ្ឍន៍រីកចម្រើន សមស្របទៅនឹងសមិទ្ធផលដ៏ថ្លៃថ្លានេះ ម្យ៉ាងទៀតការដាំដើមឈើប្រភេទឈើធ្នង់ប្រណិត ប្រមាណ ១០០០ដើមនេះនេះ ក៏បានមកជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
ស្ពានឆ្លងកាត់ទន្លេមេគង្គទី ៣ ស្ទឹងត្រង់-ក្រូចឆ្មារ នេះមានប្រវែងសរុប ១.១៣១ ម៉ែត្រ និង ទទឹង ១៣,៥០ ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុបជាង ៥៦លានដុល្លារសហរដ្ឋអាមេរិក និងចំណាយរយៈពេលសាងសង់ចំនួន៤២ខែ។
បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) អាចរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។
ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស៕






