អ្នកជំនាញ​ជំរុញឱ្យមាន​ការផ្តល់សេវា​គ្រប់គ្រង​អគារ​បានល្អ​ដើម្បី​ជួយ​ជំរុញ​តម្លៃបន្ថែម​ដល់​អចលនទ្រព្យ

0

ដោយៈ  រ៉​ណេ​ត

ភ្នំពេញៈ សេវា​ថែរក្សា និង​គ្រប់គ្រង​អគារ ឬ Property Management ជា​ជំនាញ និង​ប្រភេទ​ការផ្តល់​សេវាកម្ម ដែលមាន​ប្រជាប្រិយភាព​បំផុត នៅ​ទីផ្សារ​អចលនទ្រព្យ​ក្រៅ​ស្រុក ដែល​វា​ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុង​ការជួយ​ជំរុញ​តម្លៃបន្ថែម ទៅលើ​សំណង់​អគារ​ឱ្យ​កាន់តែ​ប្រសើរ ខណៈដែល​ជំនាញ​មួយ​នេះ ហាក់​ត្រូវបាន​មើលរំលង​នៅក្នុង​ទីផ្សារ​កម្ពុជា។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ថា ជាធម្មតា នៅពេលដែល​សំណង់​អគារ​មាន​ភាពស្រស់ស្អាត ថ្មី មាន​ផាសុកភាព និង​សុវត្ថិភាព គឺមាន​ភាព​ទាក់ទាញ។

ឧទាហរណ៍​ថា សំណង់​អា​ផាត​មិន​ចំនួន២នៅក្បែរ​គ្នា ប្រសិនបើ​អគារ​មួយ​មានការ​ថែរក្សា​ល្អ ប្រកបដោយ​គុណភាព សោភ័ណភាព ប្រាកដ​ជាមាន​ភាព​ទាក់ទាញ​មនុស្ស​ជួល​ចូលមក​រស់នៅ​ជាមិនខាន បើទោះជា​មានតម្លៃ​ថ្លៃ ជាង​អគារ​ចាស់​បន្តិច​ក៏ដោយ។ ដូច្នេះ​ការចំណាយ​ទៅលើ​សេវា​ថែទាំ និង​រក្សា​គុណភាព​សំណង់​គឺជា​រឿង​សំខាន់បំផុត។

លោក​បន្តថា “បើ​នៅ​ប្រទេស​គេ ដូចជា​ប្រទេស​ជប៉ុន សេវា​ថែទាំ​អគារ​គឺមាន​តម្លៃ​ថ្លៃ ខណៈដែល​ទីផ្សារ​នៅ​កម្ពុជា​ហាក់​មើលរំលង និង​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ផ្នែក​មួយ​នេះ” ។

លោក​ច្រឹ​ក សុខ​នី​ម បានបញ្ជាក់​ឱ្យដឹងថា ដោយ​មើលឃើញ​ពី​ភាពខ្វះខាត​ជំនាញ​មួយ​នេះ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា ក៏បាន​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វគ្គ​ខ្លី ដែលមាន​រយៈពេល​ប្រា​មណ៩០ម៉ោង ដល់​សិក្ខា​ម​ដែល​មានបំណង​ចង់​ចាប់​អាជីព​នេះ ដោយមាន​ការផ្តល់ជូន​នូវ​វិញ្ញាបនបត្រ​ផងដែរ។

លើកឡើង​ស្រដៀង​គ្នា​នេះ នាយិកា​ក្រម​ហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ  CBRE Cambodia អ្នកនាង អាន សុធី​តា បាន​មានប្រសាសន៍ថា បើ​អាគារ​ខុន​ដូ អាគារ​ការិយាល័យ ឬ​អា​ផាត​ម៉ិ​ន​ណាមួយ មាន​អ្នកជំនាញ​គ្រប់គ្រង​បានល្អ ផ្តល់​សុវត្ថិភាព ផ្តល់​ការ​ថែ​រទាំ នឹងធ្វើ​ឲ្យ​អចលនទ្រព្យ​កើនឡើង និង​ធ្វើឱ្យ​អាគារ​នោះ​មាន​ភាព​ថ្មី​ជានិច្ច ព្រោះ​សេវា​គ្រប់គ្រង​អចលនទ្រព្យ នឹង​ផ្តល់​ការ​ថែ​រទាំ ជួល​ជុស​អាគារ​នោះ។

អ្នកនាង​បាន​បញ្ជាក់ថា “ការ​មាន​ក្រុមហ៊ុន​ជំនាញ​ធ្វើការ​លើ​ផ្នែក​នេះ នឹងធ្វើ​ឲ្យ​អចលនទ្រព្យ​នោះ ទាក់ទាញ​អ្នក​ជួល និង​ទាក់ទាញ​អ្នកទិញ​អាគារ​នោះ​កាន់តែច្រើន ប៉ុន្តែ​យ៉ាងណាក៏ដោយ​នៅ​កម្ពុជា មិនសូវមាន​ក្រុមហ៊ុន​ជំនាញ គ្រប់គ្រង​អចលនទ្រព្យ​បែបនេះ​ច្រើន​នៅឡើយ” ។

ការផ្តល់សេវា​គ្រប់គ្រង​អាគារ ឬ​អចលនទ្រព្យ​ណាមួយ ធ្វើឡើង​ដោយមាន​កិច្ចព្រមព្រៀង​រវាង​ម្ចាស់​អាគារ និង​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ ដែល​យក​កម្រៃ​សេវាកម្ម​ពី​អ្នកស្នាក់នៅ​លើ​អាគារ តាម​តម្លៃ​សមរម្យ​មួយ ដែលមាន​ការឯកភាព​រវាង​អ្នកគ្រប់គ្រង និង​អ្នកវិនិយោគ ហើយ​ថវិកា​នោះ នឹង​បែង​ចែង​ប្រើប្រាស់​លើ​ការ​ថែ​រទាំ ការជួសជុល​អាគារ និង​បែងចែក​ភាគលាភផ្សេងៗទៀត ដល់​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here