ដោយវុត្ថា
ភ្នំពេញៈ បើទោះបីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃនេះ ក៏ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ទាន់ជាធរមានផ្លូវការនោះទេ ខណៈដែលតាមផែនការនឹងត្រូវដាក់ឱ្យអនុវត្តនៅខែមករា ឆ្នាំ ២០២១ ខាងមុខនេះ។

លោកស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មធ្លាប់បានប្រាប់គេហទំព័រ Propertyarea.asia ឱ្យដឹងថា តាមផែនការរបស់រដ្ឋាភិបាល គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ តែយ៉ាងណា អាស្រ័យលើការរៀបចំនិតិវិធី និងការអនុម័តពីរដ្ឋសភា និងព្រឹទ្ធិសភា និងចុះព្រះហត្ថលេខាពីព្រះពីមហាក្សត្រ។
លោកបន្ថែមថា “ប្រទេសនីមួយៗ ធ្វើទៅតាមនិតិវិធីផ្ទៃក្នុង តាមរយៈការបញ្ជូនទៅរដ្ឋសភា ព្រឹទ្ធសភាជាដើម ដែលជាហេតុអាចនឹងប្រើប្រាស់ពេលវេលាយូជាងនេះ បន្ថែមពីនេះ ក៏អាចថាបាន តែតាមផែនការរបស់យើងនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ”។
លោកពន្យល់ថា កិច្ចព្រមព្រៀងនីមួយៗ មាននិតិវិធីតាមប្រភេទរបស់វា សម្រាប់កិច្ចព្រមព្រៀងតូចតាច គ្រាន់តែចុះហត្ថលេខារួចហើយ វានឹងចូលជាធរមានភ្លាមៗ តែសម្រាប់កិច្ចព្រមព្រៀងធំៗបែបនេះ (កិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-ចិន) នឹងត្រូវឆ្លងកាត់រដ្ឋសភា និងព្រឹទ្ធសភា ទើបអាចចូលជាធរមាន និងផ្លូវការ ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០នេះ ក្រោមអធិតបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានគេរំពឹងថា នឹងជំរុញដល់ការនាំចេញទំនិញទៅវិញទៅមករវាងប្រទេសពីរ ជាពិសេសនឹងបង្កើនទំហំពាណិជ្ជកម្ម ឱ្យកើនដល់ជាង ១០លានដុល្លារអាមេរិ តាមផែនការនៃប្រទេសទាំងពីរនៅឆ្នាំបន្តបន្ទាប់ខាងមុខ។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរនាំចេញ-នាំចូលទំនិញជាច្រើនទៅវិញទៅមកដោយមិនគិតពន្ធ៕






