ហ្វាំងឡង់គ្រោងចូលរួមវិនិយោគប្រព័ន្ធE-Learning និងរោងចក្រថាមពល អគ្គិសនីនៅកម្ពុជា

ដោយវុត្ថា

បាងកកៈ រដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់ គ្រោងនឹងជួយពង្រឹងប្រព័ន្ធសិក្សាពីចម្ងាយ ឬហៅថាE-Learning និងដំឡើងចក្រសម្រាប់ម៉ាស៊ីនភ្លើង ដែលនាំចូលពីហ្វាំងឡង់ តាមរយៈការបញ្ជូនវិស្វករ និងជំនាញការមកកាន់កម្ពុជា ដើម្បីផ្ទេរចំណេះដឹង និងចំណេះធ្វើ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

គម្រោងនេះ  ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាងលោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃឡង់ដ៏ និងលោកស្រី Satu Suikkari-Kleven ឯកអគ្គ​រដ្ឋទូតសាធារណរដ្ឋហ្វាំងឡង់ ប្រចាំប្រទេសថៃឡង់ដ៏ និងកម្ពុជាកាលពីពេលថ្មីៗនេះ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាទីក្រុងបាងកក។

លោកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វាំងឡង់ថ្លែងថា ជាមួយគ្នានេះ រដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់ មានផែនការបើកស្ថានកុងស៊ុលកិត្តិយសហ្វាំងឡង់នៅទីក្រុងភ្នំពេញ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងការទូតទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

លោកអ៊ូក សោភ័ណ បានស្វាគមន៍គម្រោងខាងលើនេះ ព្រោះកន្លងមក ហ្វាំងឡង់បានផ្តល់ជំនួយ ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការងារចុះបញ្ជីដីធ្លី ការអភិវឌ្ឍវិស័យកសិកម្ម ការបោសសម្អាតមីន និងការទប់ស្កាត់អំពើជួញដូរមនុស្ស។

ក្រោយពីកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ ២០១៩ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កម្ពុជាបានចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីនភ្លើង ដែលអាចផលិតថាមពលអគ្គិសនីរហូតដល់២០០មេហ្គាវ៉ាត់ ពីប្រទេសហ្វាំងឡង់ ដើម្បីបំពេញតម្រូវការកង្វះខាតថាមពលអគ្គិសនីនៅក្នុងប្រទេស៕

ការដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សម្រេចបានជិត១០០ភាគរយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ការដោះស្រាយផលប៉ះពាល់ ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ រហូតមកដល់ពេលនេះសម្រេចបានប្រមាណ៩៨,៥ភាគរយ និងផ្លូវជាតិលេខ២២សម្រេចបាន១០០ភាគរយហើយ។


រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក តូច ចាន់កុសល នៅទីស្ដីការក្រសួងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពិនិត្យ និងតាមដានស្ថានភាពទូទៅ និងលទ្ធផលនៃការដោះស្រាយផលប៉ះពាល់ ពាក់ព័ន្ធទៅនឹងគម្រោងខាងលើនេះបានបញ្ជាក់ថា សម្រេចជិត១០០ភាគរយហើយ។

លោកបានលើកឡើងាថា ក្រុមកាងារពាក់ព័ន្ធទាំងអស់បាន និងកំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនឯកជន សហគ្រាស និងអាជីវករនានាដែលប្រកបរបរលើបណ្ដាញទឹកស្អាត បង្គោលអគ្គិសនី ខ្សែកាបិ៍ល អុបទិក ជាដើម ដើម្បីរុះរើ និងប្ដូរទៅទីតាំងថ្មី ក្នុងគោលបំណងបង្កភាពងាយស្រួល ដល់ក្រុមហ៊ុនសាងសង់អនុវត្តគម្រោងរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពបំផុត និងអាចបញ្ចប់គម្រោងតាមការគ្រោងទុក។

ការរុះរើហេដ្ឋារចនាសម្ព័ន្ធនានាទាំងលើដីនិងក្រោមដី ក្នុងនោះរួមមាន៖ បណ្ដាញទឹកស្អាត បង្គោលអគ្គិសនី ខ្សែ កាប្លិ៍អុបទិកជាដើម ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ ព្រមទាំងបានពិភាក្សាស្វែងរកយន្តការ ដោះស្រាយចំណុចដែលសេសសល់ សំដៅឱ្យការសាងសង់មានសន្ទុះទៅមុខកាន់តែលឿនថែមទៀត។


ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ រៀបចំប្រឡាយបង្ហូរទឹកនៅសងខាងផ្លូវដែលកំពុងសាងសង់ឱ្យបានត្រឹមត្រូវ និងសមស្របតាមគម្រោង ដើម្បីជៀសវាងការជន់លិចលង់ភូមិ និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថារដូវភ្លៀងបានមកដល់ហើយ ហើយភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ នៅតាមតំបន់មួយចំនួនផងដែរ។

ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស និងអាជីវករដែលកំពុងប្រកបរបរនៅតាមបណ្ដោយផ្លូវជាតិទាំងពីរ ជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានសំណងលើផលប៉ះពាល់រួចហើយ សូមអនុវត្តតាមកិច្ចព្រមព្រៀងឱ្យមានប្រសិទ្ធភាព បំផុតដើម្បីកុំឱ្យមានការរាំងស្ទះដល់ការសាងសង់ ក៏ដូចជាការធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិត របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕

កម្ពុជាចុះហត្ថលេខាលើផែនការមេចុងក្រោយនៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានចុះហត្ថលេខាលើផែនការមេសាងសង់ចុងក្រោយ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI)
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ។

នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន បាន និងកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម៉្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។

ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ៩០០លានដុល្លារ ដែល សាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតា។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) ជាគម្រោងដ៏សំខាន់ ដែលបានគាំទ្រដោយរដ្ឋាភិបាលទាំងពីរ កម្ពុជា ចិនក្នុងគោលនយោបាយ (ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ) ដោយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កម្ពុជា បានចុះហត្ថលេខាព្រមព្រៀង លើកិច្ចសន្យាវិនិយោគតាមបែប BOT ស្តីពី គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកប្រធានាធិបតី ស៊ី ជីងពីង នៃសាធារណរដ្ឋប្រជាមានិតចិន៕

ធុរជនផ្សារទំនើបថៃជំរុញរដ្ឋាភិបាលខ្លួនឱ្យបើកជើងហោះហើរជាមួយកម្ពុជា និងប្រទេស៣ទៀតឡើងវិញ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ប្រតិបត្តិករផ្សារទំនើប Siam Piwat និងក្រុមហ៊ុន The Mall Group កំពុងទទូចដល់រដ្ឋាភិបាល (ថៃ) ឱ្យអនុញ្ញាតឱ្យមានការបន្តជើងហោះហើរពីបណ្តាប្រទេសអាស៊ាន CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញអាជីវកម្មលក់រាយឡើងវិញ។

លោកស្រី Mayuree Chaipromprasit អនុប្រធានប្រតិបត្តិជាន់ខ្ពស់ផ្នែកទីផ្សារនៅក្រុមហ៊ុន Siam Piwat បានថ្លែងថា ក្រុមហ៊ុនសូមស្នើឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសមកពីប្រទេស CLMV ធ្វើទស្សនកិច្ចនៅប្រទេសថៃ ដោយលើកឡើងពីចំនួនករណីឆ្លងមេរោគឆ្លងទាបនៅក្នុងប្រទេសទាំងនោះ។ លោកស្រីបាននិយាយថា រដ្ឋាភិបាលគួរតែបង្កើតវិធានការការពារជាក់ស្តែងសម្រាប់ក្រុមទេសចរពីប្រទេស CLMV ។

លោកស្រី Mayuree បានបញ្ជាក់ថា អ្នកទេសចរមកពីប្រទេស CLMV មានអំណាចទិញខ្ពស់ និងមានចំនួនច្រើនដែលជាភ្ញៀវទេសចរបរទេសមកទស្សនាមជ្ឈមណ្ឌល Siam Center មជ្ឈមណ្ឌល Siam Discovery និង Siam Paragon។
ភ្ញៀវទេសចរបរទេសមានចំនួន ៤០ ភាគរយនៃចំនួនភ្ញៀវសរុបដែលមកទស្សនាផ្សារទំនើបទាំង ៣ ហើយ ៣០ ភាគរយនៃភ្ញៀវទេសចរមកពីប្រទេសជិតខាងទាំង៤។

លោកស្រី Mayuree បាននិយាយថា “ភ្ញៀវទេសចរមកពី CLMV បានចំណាយជាមធ្យម ១០ ម៉ឺនបាតក្នុងមួយដំណើរទេសចរណ៍។ អ្នកទិញទំនិញទាំងនេះរីករាយនឹងសេវាកម្មផ្សេងៗគ្នា ចាប់ពីម៉ូដរហូតដល់សម្រស់ ដោយជួយផ្តល់ប្រាក់ចំណូលដល់ម្ចាស់អាជីវកម្មផ្សេងៗគ្នាៗ។ ក្រុមហ៊ុនក៏បានស្នើសុំឱ្យរដ្ឋាភិបាលបើកយុទ្ធនាការពិសេស ដើម្បីទាក់ទាញប្រជាជននៅប្រទេសអភិវឌ្ឍន៍ឱ្យមកក្រុងបាងកក ដើ ម្បីទិញទំនិញ”។

លោកស្រី Mayuree មានប្រសាសន៍ថា “យើងចង់ឲ្យរដ្ឋាភិបាលលើកទឹកចិត្តដល់ការចំណាយនៅទីក្រុងបាងកក ដែលរងផលប៉ះពាល់កាន់តែខ្លាំងពីជំងឺរាតត្បាតជាងតំបន់នានានៅប្រទេស”។
លោកស្រីបានជំរុញឱ្យរដ្ឋាភិបាលលើកកម្ពស់យុទ្ធនាការផ្សាទំនើបថៃ ដើម្បីជំរុញប្រជាជនថៃឱ្យទិញផលិតផលថៃបន្ថែមទៀត។ អ្នកផលិតផលិតផលថៃខ្លះប្រហែលជាត្រូវបិទហាងរបស់ពួកគេនាពេលអនាគត ដូច្នេះយើងអំពាវនាវឱ្យប្រជាជនថៃជួយគាំទ្រយីហោថៃ”។

លោក Voralak Tulaphorn ប្រធានផ្នែកទីផ្សារនៃ The Mall Group បាននិយាយថា ដោយអាជីវកម្មលក់រាយរបស់ប្រទេសថៃពឹងផ្អែកលើវិស័យទេសចរណ៍ ក្រុមហ៊ុនរំពឹងថាឧស្សាហកម្មលក់រាយ ៣,៦ ពាន់ពាន់លានបាតនឹងធ្លាក់ចុះនៅឆ្នាំនេះ។

លោកស្រី Voralak បានមានប្រសាសន៍ថា “អតិថិជនរបស់យើងប្រហែល ៥០ ភាគរយបានចាប់ផ្តើមទិញទំនិញឡើងវិញ ប៉ុន្តែការលក់មិនទាន់ងើបឡើងវិញនៅឡើយទេ ពីព្រោះអ្នកទិញទំនិញភាគច្រើនដែលមកហាងនេះមានតម្រូវការជាក់លាក់ ដែលពួកគេទិញទំនិញ”។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការទិញទំនិញ និងអារម្មណ៍អតិថិជន ហាង The Mall Group និងក្រុមហ៊ុន Siam Piwat បានចំណាយប្រាក់ចំនួន ១៨០ លានបាត ដើម្បីបង្រួបបង្រួមហាងលក់ទំនិញនិ ងអគារលក់ទំនិញរបស់ពួកគេរួមទាំងផ្សារទំនើប The Mall Department Store, The Emporium, The EmQuartier, Siam Paragon, Siam Center និងSiam Discovery – ក្រោមយុទ្ធនាការទិញទំនិញនៅទីក្រុងបាងកក៕

រដ្ឋាភិបាល ស្នើឱ្យម្ចាស់អាគារជួលឱ្យគ្រឹះស្ថានសិក្សាឯកជនបញ្ចុះតម្លៃតាមដែលអាចធ្វើបាន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាថ្មីម្ដងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តាម្ចាស់អាគារទាំងឡាយដែលជួលឱ្យគ្រឹះស្ថានសិក្សាឯកជននានា ជួយបញ្ចុះតម្លៃ ដើម្បីចូលរួមទ្រទ្រង់ក្នុងវិស័យអប់រំនៅកម្ពុជាក្នុងស្ថានភាពដែលកំពុងប្រឈមនឹងវិបត្តិនៃជំងឺឆ្លងសាកល។

មានប្រសាសន៍នៅក្នុងពិធីប្រកាសជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ Covid-19 ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលមិនចង់ឱ្យមានគ្រឹះស្ថានសិក្សាឯកជនណាមួយដួលរលំនៅក្នុងស្ថានភាពប្រឈមនៃវិបត្តិជំងឺឆ្លង ដោយសារតែខ្វះទុន ឬលទ្ធភាពសម្រាប់ជួលអាគារនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា “កុំឱ្យមានគ្រឹះស្ថានសិក្សាឯកជនណាមួយដួលរលំ ចឹងទីមួយ ខ្ញុំអំពាវនាវឱ្យម្ចាស់អាគារដែលជួលអាគារឱ្យគ្រឹះស្ថានសិក្សាឯកជនបន្ធូរបន្ថយថ្លៃជួលដោយមានភាពទន់ភ្លន់ ហើយទី២ សុំឱ្យមានការរៀបចំឥណទានឡើងវិញដើម្បីឱ្យទំហំដែលធ្លាប់តែខ្ចីបានត្រឹមទំហំ៥០ម៉ឺនដុល្លារ ឡើងទៅដល់ ៧០ ឬ៨០ម៉ឺនដុល្លារ ឬច្រើនជាងនេះ ដើម្បីមានលទ្ធភាពយកទៅរៀបចំប្រព័ន្ធ Online សម្រាប់ការសិក្សា ព្រោះសាលាមួយចំនួនអត់អាចបង្រៀនតាមប្រព័ន្ធ Online បាននោះទេដោយសារខ្វះទុនក្នុងការរៀបចំ”។

សម្ដេចបានបន្តថា “យើងកំពុងតែប្រុងប្រៀបតទៅទៀត ជាមួយនឹងថវិកាផ្ទាល់ផង និងការធ្វើការងារជាមួយដៃគូរបស់យើងផង ទៅលើការត្រៀមបម្រុងសម្រាប់ស្ដារឡើងវិញបន្ទាប់ពី Covid-19 ”។

កាលពីពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានធ្វើការអំពាវនាវរួចមកហើយ ដល់ម្ចាស់អាគារជួលនានាក្នុងការជួយសម្របសម្រួលបញ្ចុះតម្លៃដើម្បីជាការចូលរួមជាមួយរដ្ឋាភិបាល ក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក ដែលក្នុងនោះក្រៅពីអាគារជួលសម្រាប់វិស័យអប់រំ ក៏មានវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងទេសចរណ៍ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យធនាគារប្តឹងរឹបអូសទ្រព្យសម្បត្តិអ្នកមិនសងបំណុលដែលធ្វើតាមការញុះញុងពីជនអគតិ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បណ្តាធនាគារទាំងអស់ប្តឹងទៅតុលាការដើម្បីរឹបអូសទ្រព្យសម្បត្តិអ្នកដែលជំពាក់ធនាគារ ហើយមិនព្រមសងតាមការញុះញុងរបស់ជនអគតិមួយចំនួន ខណៈដែលរាជរដ្ឋាភិបាល បាន នឹងកំពុងរៀបចំឥណទានឡើងវិញ ដើម្បីសម្រួលដល់អត្រាកាប្រាក់ និងយោគយល់ក្នុងវិបត្តិជំងឺ Covid-19។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺ Covid-19 ប្រមាណ៦០ម៉ឺនគ្រួសារនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិស័យធនាគារក្នុងការរឹបអូសទ្រព្យសម្បត្តិអ្នកដែលមិនបានសងធនាគារវិញ ដែលបានអនុវត្តតាមការបំផុសពីជនអគតិ។

សម្តេចតេជោ បានមានប្រសាសន៍ថា “ឥឡូវនេះមានអ្នកបំផុសឱ្យដកលុយពីធនាគារ គេមានដកឯណា ហើយធនាគារខ្លះសល់លុយ ហើយអ្នកដែលចង់ឱ្យធនាគារនៅក្នុងស្រុកខ្មែរដួលរលំ កុំសងធនាគារ ដកលុយពីធនាគារ ប្រហែលខកចិត្តមិនតិចនោះទេ”។

ត្រង់ចំណុចនេះ សម្តេចតេជោបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថា ខ្ញុំលើកទឹកចិត្តឱ្យមានការរឹបអូស ប្រសិនបើអ្នកឯងជឿទៅលើអ្នកដែលឃោសនាកុំឱ្យសងលុយទៅធនាគារ។ ខ្ញុំគ្រាន់តែអំពាវនាវសុំឱ្យធនាគារធ្វើការយោគយល់ នៅក្នុងដំណាក់កាលនៃការលំបាក ប៉ុន្តែការសងនៅតែសងហ្នឹង”។

សម្តេចតេជោបន្ថែមថា “ប៉ុន្តែអ្នកចលនានៅតែចលនាកុំឱ្យសងទៅធនាគារ ខ្ញុំមិនគាំទ្រ ហើយធនាគារត្រូវប្តឹងទៅតុលាការ ដើម្បីរឹបអូស បើសិនជាជននោះ គាំទ្រនូវនយោបាយរបស់អ្នកដែលបំផុសចលនាអវិជ្ជមាន ព្រោះអ្នកឯងរកស៊ីខូច មិនទាន់ស្អីផង ចាប់ផ្តើមដំណើររឿងនេះ ព្រោះកាលណាគេធ្វើអីចឹង”។

សម្តេចតេជោ ហ៊ុន សែន ព្រមានថា “អីចឹងសាក់មើល ភាសាណាដែលញុះញង់កុំឱ្យសងធនាគារ យើងគាំទ្រឱ្យធនាគាររឹបអូស អីចឹងអ្នកឯងតាមមើលទៅ អ្នកឯងអំពាវនាវអីចឹង តែយើងនៅទីនេះ យើងអំពាវនាវ យើងមិនចង់ឱ្យមានការរឹបអូសនោះទេ ខ្ញុំធ្លាប់និយាយថា មិនគួរមានការរឹបអូស ក្នុងដំណាក់កាលកូវីដ នេះទេ ប៉ុន្តែខ្ញុំគាំទ្រឱ្យមានការឹបអូស ប្រសិនបើអ្នកដែលជំពាក់ធនាគារ បន្តការឃោសនា ចលនាកុំឱ្យមានការសង ចឹងធនាគារប្តឹង ដើម្បីរឹបអូសទៅ”។

សម្តេច តេជោ បន្ថែមថា “អាហ្នឹង ធ្វើបានតើ អ្នកឯងចង់សាកមើលទៅ ព្រោះច្បាប់ផ្នែកធនាគារគេមាន គោលការណ៍ធនាគារ គេមានរបស់គេ ។ យើងអំពាវនាវឱ្យមានការរៀបចំឥណទានឡើងវិញសម្រាប់សម្រាលដល់អត្រាការប្រាក់ ទុនបំរុងកាតព្វកិច្ច ចុះពី ១២ ភាគរយ និង ១២,៥ ភាគយ មកនៅត្រឹម ៧ ភាគរយនៅក្នុងមួយឆ្នាំ” ៕

ក្រុមហ៊ុនជប៉ុន បង្ហាញគម្រោងអភិវឌ្ឍន៍តំបន់គីរីរម្យឱ្យក្លាយជាអេកូទេសចរណ៍ដ៏ទាក់ទាញ

ដោយ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រុមហ៊ុនជប៉ុន ដែលធ្លាប់មានបទពិសោធន៍ និងស្គាល់ពីសក្ដានុពលនៃតំបន់កម្សាន្តគីរីរម្យយ៉ាងច្បាស់ បានបង្ហាញពីគម្រោងរបស់ខ្លួនក្នុងការរៀបចំ និងអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញនៅលើផ្ទៃដីរហូតដល់ទំហំជាង១ម៉ឺនហិកតា។

នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ លោក Bekku Kenzaburo អនុប្រធានក្រុមហ៊ុន A2A Town Cambodia Co,Ltd បានបង្ហាញពីគម្រោងដ៏ធំរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៍បន្ថែមពីលើធនធានដែលមានស្រាប់នៅតំបន់កម្សាន្តគីរីរម្យឱ្យក្លាយជាតំបន់អកូទេសចរណ៍។

លោក Bekku Kenzaburo បានលើកឡើងថា ក្រុមហ៊ុន A2A Town Cambodia Co,Ltd គឺជាក្រុមហ៊ុនជប៉ុនធ្វើការងារក្នុងគម្រោងអភិវឌ្ឍន៍តំបន់គីរីរម្យកម្ពុជា ហៅកាត់ថា “vKirirom” ដែលមានន័យថា គីរីរម្យសម្រាប់គ្រប់គ្នា (Kirirom for Everyone) ដែលរួមបញ្ចូលមានទាំងវិទ្យាស្ថាន មណ្ឌលកំសាន្ត ផ្ទះលំហែរ ជាលក្ខណៈអេកូទេសចរណ៌ ក្នុងទំហំផ្ទៃដី ១ម៉ឺនហិកតា ហ៊ុព័ទ្ធដោយព្រៃស្រល់ និងជើងភ្នំដ៏ស្រស់ត្រកាល នៅក្នុងតំបន់គីរីរម្យខេត្តកំពង់ស្ពឺ ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវមោទនៈភាព និងវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ក្រុមហ៊ុន A2A Town Cambodia Co,Ltd ដែលបានផ្តល់គុណតម្លៃមិនត្រឹមតែសម្រាប់វិស័យអេកូទេសចរណ៍ប៉ុណ្ណោះទេ តែបានផ្តល់ការគិតគូរដ៏ខ្ពង់ខ្ពស់ទៅលើវិស័យអប់រំបច្ចេកវិទ្យាព័ត៌មាន ដោយផ្តល់អាហារូបករណ៌១០០ភាគរយ ដល់និស្សិតកម្ពុជាតាមរយៈការធ្វើតេស្តប្រលង រួមទាំងនិស្សិតជប៉ុន និងបរទេសមួយចំនួនទៀតផងដែរ។

ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បានបោះទុនវិនិយោគក្នុងទឹកប្រាក់ ៥២១លានដុល្លារ ជាមួយដៃគូវិនិយោគនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ សម្បូរទៅដោយដើមស្រល់ និងមានជ្រោះជ្រលងដងអូរ ហូរធ្លាក់។ គិតចាប់តាំងពីឆ្នាំ២០១៦ រហូតបច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់អាហារូបករណ៍ពេញថ្លៃសិក្សាដល់និស្សិតខ្មែរជាច្រើនរយនាក់ និងបង្កើតការងារជូនប្រជាជននៅមូលដ្ឋានប្រមាណច្រើនជាង៥០០នាក់ផងដែរ៕

សម្តេចតេជោ៖ កម្ពុជាមិនដែលប្រកាសបិទសេដ្ឋកិច្ចម្តងណានោះទេ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាមិនដែលប្រកាសបិទសេដ្ឋកិច្ចនៅក្នុងប្រទេសម្តងណានោះទេ ខណៈដែលរដ្ឋបានរឹតបន្តឹងទៅលើវិស័យអប់រំ និង កន្លែងហាត់ប្រាណព្រមទាំងកន្លែងសេវាកម្សាន្តដោយព្រួយបារម្ភពីការឆ្លងក្នុងវិបត្តិជំងឺ Covid-19 ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺ Covid-19 ប្រមាណ៦០ម៉ឺនគ្រួសារនាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា វិស័យសេវាកម្ម ឧស្សាហកម្ម និង កសិកម្មដែលជាវិស័យជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេសនៅតែដំណើរការធម្មតា ស្របពេលដែលរដ្ឋបាននឹងកំពុងយកចិត្តទុកដាក់លើវិស័យទាំងនេះ។

សម្តេចតេជោ បានថ្លែងថា “យើងមិនដែលប្រកាសបិទរោងចក្រ យើងក៏មិនដែលប្រកាសបិទទីផ្សារនោះទេ ហើយកាន់តែពិសេសជាងនេះទៅទៀត ភាពប្រទាក់ក្រឡាគ្នា យើងនៅទីនេះ បានបោះទុនជាង ១០០ លានដុល្លារអាមេរិក ត្រូវបានទំលាក់ទៅជនបទដែលបាត់បង់ការងារធ្វើ អាចធ្វើការនៅទីនោះបាន”។

សម្តេចតេជោ បានបន្ថែមថា រាល់ការរដ្ឋានសំណង់ជាពិសេសគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា ពុំមានការផ្អាក់នោះទេ ខណៈ គម្រោងទាំងនេះ បានផ្តល់ឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋយ៉ាងច្រើននៅក្នុងអំឡុងនៃវិបត្តិជំងឺ Covid-19។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “រាល់ការដ្ឋាសំណង់ដូចជានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានស្រូបយកកម្លាំងពលកម្មបច្ចុប្បន្នជាង ១០០០នាក់ និងទៅអនាគតមានជាង ២ ម៉ឺននាក់ និងការដ្ឋាននៅក្នុងខេត្តព្រះសីហនុក៏នៅតែដំណើរការ និងផ្តល់ឱកាសការងារដល់ពលរដ្ឋបានផងដែរ”។

សម្តេចតេជោ បន្ថែមថា “រាលគម្រោងដែលកំពុងសាងសង់ផ្លូវដោយក្រុមហ៊ុនចិន ដូចជាស្ពានឆ្នងទន្លេមេគង្គ និងគម្រោងសាងសង់ផ្លូវដទៃទៀត នៅតែដំណើរការ ហើយមានការងារធ្វើនៅទីនោះបន្ថែមទៀត”៕

ប្រធាន​សមាគម CREA ថា ផ្នែក​ចំនួន៣ នៃ​វិស័យ​អចលនទ្រព្យ​កំពុងមាន​តម្រូវការ​ខ្ពស់

ដោយៈ​ រ៉ា​ណេ​ត

ភ្នំពេញៈ ផ្នែក​ចំនួន៣នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា រួមមាន លំនៅឋាន ដីធ្លី និង​ខុន​ដូ កំពុង​តែមាន​តម្រូវការ​ខ្ពស់​ជាងគេ បើ​ប្រៀបធៀប​ទៅនឹង​ផ្នែក​ដទៃទៀត នៃ​វិស័យ​មួយ​នេះ​ក្នុងពេល​បច្ចុប្បន្ន។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា (CREA) លោកស្រី​ចេ​វ សុ​ឃុន បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ថា នៅលើ​ទីផ្សារ​អចលនទ្រព្យ​នៅពេល​បច្ចុប្បន្ននេះ ផ្នែក​ចំនួន៣ រួមមាន លំនៅឋាន ដីធ្លី និង​ខុន​ដូ កំពុង​តែមាន​តម្រូវការ​ឈានមុខ​គេ លើ​កម្លាំង​បញ្ជា​ទិញ ហើយ​នៅតែ​បន្តទៅ​ថ្ងៃ​ខាងមុខ​ទៀត ជាពិសេស​ក្រោយពេល​វិបត្តិ​ជំងឺឆ្លង​ជា​សាកល ត្រូវ​ផុតរលត់​ទាំងស្រុង។

លោកស្រី​បញ្ជាក់ថា “ប្រជាជន​កម្ពុជា​នៅតែ​បន្ត​មាន​តម្រូវការ លំនៅឋាន​សម្រាប់​ស្នាក់នៅ​ជាច្រើន​ទៀត ជាពិសេស​ប្រភេទ​លំនៅដ្ឋាន​តម្លៃ​សមរម្យ ដែល​ការផ្គត់ផ្គង់​នៅពេល​បច្ចុប្បន្ននេះ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះទេ” ។ លោកស្រី​បន្តថា “លំនៅឋាន ជា​តម្រូវ​ការចាំបាច់​មុនគេ​របស់​មនុស្ស​គ្រប់រូប ដូច្នេះ​បន្ទាប់ពី​តម្រូវការ​អាហារ គឺ​លំនៅដ្ឋាន​នេះ​តែម្ដង។ ក្រោយពី​បំពេញតម្រូវការ​ទាំង២នេះ​គ្រប់គ្រាន់ ទើប​បំបែក​គោលបំណង​ទៅលើ​ការ​សន្សំទុក​នូវ​ទ្រព្យ តាមរយៈ​ការធ្វើ​អាជីវកម្ម និង​មុខ​ជំនួញផ្សេង” ។

ក្រៅពី​តម្រូវការ​ទីផ្សារ​ផ្នែក​លំនៅឋាន សម្រាប់ ដីធ្លី និង​ខុន​ដូ ក៏ត្រូវ​បាន​គេ​សម្លឹង​ឃើញថា មាន​ស្ថានភាព​ល្អប្រសើរ ក្នុងខណៈ​ពេលដែល​ផ្នែក​ដទៃទៀត នៅក្នុង​វិស័យ​អចលនទ្រព្យ​កំពុង​ជួប​ភាពជាប់គាំង។

លោកស្រី ចេ​វ សុ​ឃុន បាន​មានប្រសាសន៍ថា “ដីធ្លី​ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ និង​មានតម្លៃ​ចាប់ពី៥០ម៉ឺន​ដុល្លារ​ចុះក្រោម នៅតែមាន​តម្រូវការ ខណៈពេលដែល​អ្នកជំនួញ​នៅក្នុង​ផ្នែក​មួយ​នេះ នៅតែ​បន្ត​ស្វែងរក​ទិញ​ទុក​ធ្វើការ​វិនិយោគ​បន្ត​យកចំណេញ។ លោកស្រី​បន្ថែមថា “ដោយឡែក​ចំពោះ​ប្រភេទ​ដី​ឡូ​តិ៍ ក៏មាន​តម្រូវការ​ពី​អ្នក​ដែលមាន​ធនធាន​តិច ដែល​ចង​ទិញ​ទុក​ដោយ​ការ​សន្សំ ឬ​បង់​រំ​លោះ​សម្រាប់​សង់​លំនៅឋាន​ស្នាក់នៅ​ផងដែរ” ។

ដោយឡែក​សម្រាប់​ទីផ្សារ​ខុន​ដូ ត្រូវបាន​លោកស្រី​បញ្ជាក់ថា “បច្ចុប្បន្ន​ទីផ្សារ​ខុន​ដូ ក៏មាន​តម្រូវការ​ដូចគ្នា គ្រាន់តែ​មិន​ផុសផុល​ខ្លាំង​ដូច​កាលពី​ចុងឆ្នាំ២០១៩ ដែល​ភាគច្រើន​អ្នកទិញ​ជា​អតិថិជន​ក្នុងស្រុក ដែលមាន​តម្រូវការ​ប្រភេទ​ខុន​ដូ​តម្លៃ​សមរម្យ ដោយ​ក្នុងចំណោម​អ្នកទិញ​ទាំងនោះ​មាន២ប្រភេទ គឺ​អ្នកទិញ​ដែលមាន​តម្រូវការ​ជាក់ស្ដែង​ក្នុងការ​ស្នាក់​ដោយផ្ទាល់ និង​អ្នកទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត” ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​កាលពីដើម​សប្ដាហ៍​នេះ ក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការដ្ឋាន​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ថា ប្រជាពលរដ្ឋ​ខ្មែរ នៅតែមាន​លទ្ធភាព​ទិញ​លំនៅឋាន នៅតាម​គម្រោង​សាងសង់​លំនៅឋាន​នានា បើទោះជា​មានការ​រីក​រា​ល​ដាល​ជំងឺ Covid-19 ។

សម្ដេច​បាន​មានប្រសាសន៍​បន្តថា “ក្រុមហ៊ុនធំៗ ដែល​សម្តេច​បាន​ជួប​បាន​លើកឡើងថា ការលក់​គម្រោង​លំនៅឋាន​នានា នៅតែមាន គ្រាន់​តែមាន​ចំនួន​តិចជាង​មុន ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​ថា ប្រជាជន​ខ្មែរ​នៅតែមាន​លទ្ធភាព​ទិញ​លំនៅឋាន ទោះបី​មាន​វិបត្តិ Covid-19 ក៏ដោយ” ៕

អ្នកជំនាញ​ប្រាប់​ពី​ប្រភេទ​ផ្ទះ​ដែល​កំពុង​ពេញនិយម​សម្រាប់​ការរស់នៅ

ដោយ ហ្សូ​លី

ភ្នំពេញៈ ប្រភេទ​លំនៅដ្ឋាន​មាន​ច្រើន​ប្រភេទ ដែល​ផ្គត់ផ្គង់​ទៅតាម​លទ្ធភាព និង​ចំណង់​ចំណូលចិត្ត នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ជាក់ស្តែង​ប្រភេទ​លំនៅដ្ឋាន​នៅ​កម្ពុជា​បច្ចុប្បន្ន​មានដូចជា ផ្ទះ​ប្រកប​អាជីវកម្ម ផ្ទះល្វែង វីឡា​ភ្លោះ វីឡា​ទោល ជាដើម។ អ្នកជំនាញ​ថា វីឡា​ភ្លោះ​កំពុង​ពេញនិយម​សម្រាប់​ការរស់នៅ ដោយសារ​ហេតុផល​ចំនួន ។

អ្នកជំនាញ​អចលនទ្រព្យ និង​ជា​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service លោកស្រី​តាំង ហ៊ួ​រ បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ​មកកាន់​គេហទំព័រ Property Areaថា បច្ចុប្បន្ន​ប្រភេទ​លំនៅដ្ឋាន ដែល​កំពុង​ពេញនិយម​ខ្លាំង សម្រាប់​ការរស់នៅ​គឺជា វីឡា ភ្លោះ។ លោកស្រី​បន្តថា មូល​ហេតុដែល​ប្រភេទ​ផ្ទះ​វីឡា​ភ្លោះ​លក់ដាច់​នោះ ដោយសារតែ​ទំហំ​ផ្ទះ​មាន​ភាព​សមល្មម ក្បាលដី​ត្រឹម៧ ទៅ៨ម៉ែត្រ ងាយស្រួល​សម្រាប់​ការ​រ​ស់​នៅ។ ម្យ៉ាង​សម្រាប់​អ្នកមាន​លទ្ធភាព​សមល្មម ពួកគាត់​គិតថា​ការរស់នៅ​ក្នុង​វីឡា​ភ្លោះ​មាន​ភាពថ្លៃថ្នូរ​ផងដែរ។

នាយិកា​រូបនេះ​បាន​បញ្ជាក់ថា ថ្វីត្បិតតែ​វីឡា​ភ្លោះ​មាន​ភាព​ទូលាយ​ក្តី ប៉ុន្តែ​ក្រឡេកមើល​តម្លៃ​វិញ បើសិនជា​ចង់​រស់នៅក្នុង​វីឡា​ភ្លោះ ដែលមាន​តម្លៃ​សមរម្យ​ក៏​ទីតាំងនៅ​ឆ្ងាយ​ពី​ក្រុង​ដែរ ច្រើនតែ​នៅជាយៗក្រុង។

ជាមួយនឹង​ការបញ្ជាក់​ពី​ចំណុច​វិជ្ជមាន នៃ​ប្រភេទ​លំនៅដ្ឋាន​ខាងលើនេះ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Century21 Advance Property លោក ឡុង គីម​សួគ៌ ធ្លាប់មាន​ប្រសាសន៍ថា គ្រប់​ប្រភេទ​លំនៅដ្ឋាន​ទាំងអស់ គឺ​សុទ្ធតែ​មានគុណ​សម្បត្តិ ក្រោម​គោលបំណង​ចម្បង​សម្រាប់​រស់នៅ និង​ស្ថិតនៅ​ទីតាំង​ដែលមាន​ភាពស្ងប់ស្ងាត់ និង​មាន​ធម្មជាតិ​ជុំវិញ។

លោក​ថា “អ្នកវិនិយោគ​ខ្លះ​សម្រេចចិត្ត​ទិញ​ទុក​សម្រាប់​ជួល​បន្ត ដើម្បី​យក​ចំណូល​ប្រចាំខែ ប្រចាំឆ្នាំ ហើយ​អត្រា​នៃ​ចំណេញ​ក្រោយ​ការលក់​ទាំងស្រុង ក៏មាន​ខ្ពស់​ផងដែរ ដែល​លំនៅដ្ឋាន​នៅ​តំបន់​ខ្លះ អាច​ទទួលបាន​ផលចំណេញ​ទ្វេដង​នៃ​តម្លៃ​ដើម” ។

ទន្ទឹមនេះ នាយក​គ្រប់គ្រង​ក្រុមហ៊ុន Daily Realty លោក ហៃ រ៉ាវី បាន​រៀបរាប់ថា ដោយសារតែ​អតិថិជន មានបំណង​ចង់​ជាវ​ទុក​សម្រាប់​ឱ្យ​កូន ក្រែងលោ​ត្រូវ​ឡើង​ពី​ខេត្ត​មក​សិក្សា​នៅ​ទីក្រុង ឬក៏​គូស្នេហ៍​មួយចំនួន​ដែល​ទើប​រៀបការ ដូច្នេះ​តម្រូវការ​មានផ្ទះ​រស់នៅ​គឺ​នៅតែមាន។ មិនតែប៉ុណ្ណោះ ការ​រចនា​មាន​ភាពស្រស់ស្អាត មិន​ថា​ផ្នែក​ខាងក្រៅ និង​ការ​ឌី​សាញ​ខាងក្នុង ជាពិសេស​មាន​សួន​លំហែកាយ​ជាដើម៕