ដំណើរទស្សនកិច្ចរបស់លោក Wang Yi នឹងបង្កើនការប្រកួតប្រជែងឥទ្ធិពលរវាងចិន និងអាមេរិកនៅកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក វ៉ាង យី (Wang Yi) មកដល់ប្រទេសកម្ពុជានៅថ្ងៃអាទិត្យនេះក្នុងដំណើរមួយដែលបង្ហាញពីចំណងមិត្តភាពកាន់តែជិតស្និទ្ធរវាងប្រទេសជិតខាង ខណៈទស្សនកិច្ចរបស់លោកអាចនឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានសម្រាប់ការប្រកួតប្រជែងរវាងចិន និងអាមេរិក។ នេះបើយោងតាមការលើកឡើងអ្នកវិភាគ។

 

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ចំនួន៤ ប្រទេស នៅអាស៊ីអាគ្នេយ៍លោក Wang Yi ត្រូវបានរំពឹងថានឹងជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឧបនាយករដ្ឋមន្រ្តីហោណាំ ហុង និងលោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស។

ប្រទេសចិនគឺជាប្រភពវិនិយោគផ្ទាល់បរទេសធំបំផុតរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេផងដែរ។ ការពង្រឹងវត្តមានរបស់ចិននៅក្នុងប្រទេសកម្ពុជាបាននាំឱ្យមានការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិកនិងចិន។

ដំណើរទស្សនកិច្ចរបស់លោក Wang Yi ត្រូវបានធ្វើឡើង ដើម្បីប្រកួតប្រជែងជាមួយ នឹងសម្ពាធដែលក្រុងវ៉ាស៊ីនតោនបានដាក់នៅទីក្រុងភ្នំពេញ ខណៈសហរដ្ឋអាមេរិកត្រូវបានរំខានដោយយុទ្ធនាការបោះឆ្នោតប្រធានាធិបតីដែលបែកបាក់។

អំឡុងដំណើរទស្សនកិច្ចរបស់លោក លោក Wang Yi ត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា ដែលជាកិច្ចព្រមព្រៀងលើកដំបូងរវាងកម្ពុជានិងប្រទេសបរទេស។

កិច្ចព្រមព្រៀងនេះ បានកើតឡើងក្នុងរយៈពេលប៉ុន្មានខែ បន្ទាប់ពីប្រទេសនេះបានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០ភាគរយ។

ដំណើរទស្សនកិច្ចរបស់លោក Wang Yi បានធានាដល់សម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍ដែលជិតស្និទ្ធបំផុតរបស់ទីក្រុងប៉េកាំងចំពោះការគាំទ្រខាងសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកបន្តពង្រឹងមិត្តិភាពជាមួយកម្ពុជា ដោយប្រារព្ធខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោក Wang Yi ក៏នឹងប្រើឱកាសនេះ ដើម្បីសន្យាគាំទ្រដល់ការស្តារឡើងវិញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោយជំងឺកូវីដ១៩ ហើយនឹងពិភាក្សាក្នុងការផ្តល់វ៉ាក់សាំង Covid-19 ដល់ប្រទេសនេះ។

កាលពីខែសីហា លោក Li Keqiang នាយករដ្ឋមន្រ្តីចិនបានប្តេជ្ញាថា ចិននឹងផ្តល់អាទិភាពដល់ប្រទេសមេគង្គទាំង ៥ ក្នុងការទទួលបានវ៉ាក់សាំងរបស់ខ្លួន ហើយនឹងរៀបចំកម្មវិធីសុខភាពសាធារណៈ ក្រោមគំនិតផ្តួចផ្តើមសហប្រតិបត្តិការឡានឆាង-មេគង្គ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងសហប្រតិបត្តិការរវាងប្រទេសទាំង ៦។

បន្ទាប់ពីធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា លោក Wang Yi គ្រោងនឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ឡាវ និងថៃ៕ SCMP

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងត្រូវចុះហត្ថលេខានៅសប្តាហ៍ក្រោយនេះ

ដោយវុត្ថា
ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅក្នុងដំណើរទស្សកិច្ចកិច្ចផ្លូវការរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន មកកម្ពុជា នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងកាលពីម្សិលមិញនេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ និងឯកសារសំខាន់២ ទៀត រួមមាន លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។

ក្រសួងការបរទេសបានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជួបពិភាក្សាការងារ ជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

លោក វ៉ាង យី នឹងមានជំនួបប្រជុំផ្លូវការជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានឱ្យដឹងដែរថា តាមគោលការណ៍ដែលចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា -ចិន ភាគីកម្ពុជាអាចមានសិទ្ធិ ក្នុងការនាំយកទំនិញចេញទៅកាន់ទីផ្សារប្រទេសចិន ច្រើនជាង ១០៣០០មុខ ដែលមានភាគរយខ្ពស់ជាងភាគីចិន នាំទំនិញចូលមកកាន់ទីផ្សារកម្ពុជា។
លោកឧកញ៉ាបានបញ្ជាក់ថា “តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងប្រទេសយក្សចិនមួយនេះ យើងនឹងទទួលបានផលប្រយោជន៍ជាច្រើន ជាពិសេសការធ្វើពិពិធកម្ម នៃលទ្ធភាពក្នុងនាមជាអ្នកផលិត ដើម្បីនាំចេញទៅកាន់ទីផ្សារដ៏ធំនៃប្រទេសមហាអំណាចមួយនេះ និងកាន់តែធ្វើឱ្យបណ្តាប្រទេសផ្សេងទៀតស្គាល់នូវផលិតផលរបស់កម្ពុជា”។
លោកឧកញ៉ាបន្តថា “វាក៏ជាឱកាសទីផ្សារកម្ពុជានៅក្នុងតំបន់អាស៊ានដែរ ប្រសិនបើមានបណ្តាក្រុមហ៊ុនអន្តរជាតិនានា ចូលមកវិនិយោគនៅក្នុងកម្ពុជា នៅក្នុងការកែច្នៃផលិតផលកសិផលកម្ពុជា ហើយនាំចេញដែលក្រៅពីប្រទេសចិនក៏អាចនាំទៅកាន់ទីផ្សារដទៃទៀត ដែលទាំងអស់នេះ សុទ្ធតែជាការពង្រីកវិសាលភាពរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក”។

លោកបន្ថែមថា “វាជាផលប្រយោជន៍ដ៏ធំធេង និងជាមោទនភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយត្រូវយកឱកាសនេះ សម្រាប់បង្កើនលទ្ធភាពក្នុងការផលិត ជាពិសេសក្នុងវិស័យកសិកម្ម ដូចជាដំណាំអាទិភាពរួមមាន អង្ករ ដំឡូងមី សណ្ដែក ពោត កៅស៊ូ ហើយយើងសង្ឃឹមថា អាចនឹងនាំចេញនូវផ្នែកបសុសត្វ និងប្រភេទវារីវប្បកម្មផងដែរ ដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ ក្នុងការជម្រុញធ្វើពិពិធកម្មឱ្យកាន់តែរីកចម្រើន និងប្រកបដោយគុណភាពខ្ពស់”៕

គម្រោងអភិវឌ្ឍន៍តំបន់កម្សាន្តដ៏ធំរបស់ក្រុមហ៊ុនចិននៅតារាសាគរ ខេត្តកោះកុងចាប់ផ្ដើមមានសកម្មភាព

ដោយ៖ គង់ ម៉ាលីន

កោះកុង៖ គម្រោងអភិវឌ្ឋន៍តំបន់កម្សាន្ដ និងលំហែរបែបធម្មជាតិកម្រិតខ្ពស់ តារាសាគរស្តាឌ្រីម ឡេកធូរីសឹមថោន(Dara Sakor Stardream Lake Tourism Town)របស់ក្រុមហ៊ុនUnion City Development Group បានចាប់ផ្ដើមប្រកាសបើកដំណើរការ ព្រមទាំងជំរុញការអភិវឌ្ឍ។

រដ្ឋលេខធិការក្រសួងទេសចរណ៍ លោក ប៉ាក សុខុម បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធបើកលក់គម្រោងនៅថ្ងៃទី9 ខែតុលា.ឆ្នាំ2020ថា៖«គម្រោងនឹងនេះមានលក្ខខណៈពិសេស និងអំណោយផលសម្រាប់ទូរគមនាគមន៍ ពោលគឺ អាច ធ្វើដំណើរចេញពីតារាសាគរទៅរាជធានីភ្នំពេញដោយចំណាយពេលត្រឹមតែ៣ម៉ោងកន្លះនិងទៅ ខេត្តព្រះសីហនុត្រឹមតែ២ម៉ោងនៅពេលគម្រោងផ្លូវល្បឿនលឿនសាងសង់រួច»។

លោកបន្ថែមថា៖នៅពេលខាងមុខនេះភ្ញៀវទេសចរនឹងមកតំបន់តារាសាគរតាមរយៈជើងហោះហើរនិងតាមការចុះចតយានដ្ឋានតារាសាគរដែលគ្រោងដាក់ដំណើរការសាកល្បងនៅឆ្នាំ២០២១ ខាងមុខនេះ។ ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការបានស្នើសុំដល់ក្រុមហ៊ុន Union City Development Groupឲ្យក្រុមហ៊ុនបណ្តុះបណ្តាលជនជាតិខ្មែរឲ្យបានច្រើនក៏ដូជាបង្កើនសកម្មភាពពង្រីករមណីយដ្ឋានឲ្យកាន់តែច្រើនថែមទៀតដើម្បីបំម្រើវិស័យទេចរណ៍។

លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធគម្រោងតារាសាគរស្តាឌ្រីម ដែរនោះ បានលើកឡើងថា៖ខេត្តកោះកុងគឺជាខេត្តមួយមានសក្តាពនុពលធម្មជាតិដ៏សម្បូរបែបសម្រាប់ធ្វើការអភិវឌ្ឍន៍ទេសចរណ៍ និងឧស្សាហកម្ម។ បច្ចុប្បន្ននេះ ខេត្តកោះកុងមានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគក្នុងនោះដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន យូញៀន ឌីវើឡុបមេន គ្រុប គឺជាដៃគួអភិវឌ្ឍន៍ដ៏ធំជាងគេនៅក្នុងខេត្តកោះកុង ដោយបានអភិវឌ្ឍន៍ជាតំបន់វិស្សមកាលតារាសាគរ ទីលានវាយកូនហ្គោល កំពង់ផែសមុទ្រទឹកជ្រៅ និងព្រលានយន្តហោះខ្នាតអន្តរជាតិដែលបាននឹងកំពុងសាងសង់ ហើយនឹងចាប់ផ្តើមដាក់ឲ្យដំណើរការនាពេលឆ្នាំ២០២១ ខាងមុខនេះ។

ដោយសារតែមានទំនាក់ទំនងល្អជាមួយប្រទេសចិននោះកាលពីឆ្នាំ២០១៩កន្លងមក នេះខេត្តកោះកុង និងខេត្តជីលីន ក៏បានចុះហត្ថេលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរវាងមន្ទី ទេចរណ៍ខេត្តកោះកុង ជាមួយមន្ទីវប្បធម៌ និងទេចរណ៍ខេត្តជីលីន នៅក្នុងទឹកដីខេត្តកោះកុង។

ជាមួយគ្នានោះដែលលោកស្រីអភិបាលខេត្តក៏បានឱ្យដឹងថា៖ រដ្ឋបាលខេត្តកោះកុង បានកំពុងទាក់ទងនិងបានរៀបចំឯកសារស្តីពីអនុស្សរណៈនៃយោគយល់គ្នារវាងខេត្តកោះកុងជាមួយ នឹងខេត្តយូណាននិងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តកោះកុង និងក្រុង វៃណាន ខេត្តសានស៊ី របស់ប្រទេសចិន ដើម្បីជំរុញនិងលើកស្ទួយឲ្យមានការរីកចម្រើនច្រើនផងដែរ។

លោក លីវ ជីនសុន (Liu Jinson)អគ្គនាយកក្រុមហ៊ុនUnion City Development Group បានថ្លែងថា៖ក្រុមហ៊ុនតារាសាគរស៊ីធីឌីវេឡុបម៉ិនគ្រុប គ្រប់គ្រងដីទំហំ៣៦០គីឡូម៉ែត្រការ៉េ ដែលប្រកាន់ភ្ជាប់ “បរិស្ថាន ជីវិត ការរស់នៅ” ជាគោលក្នុងការអភិវឌ្ឍន៍។ គម្រោងសាងសង់ទីក្រុងទ្រង់ទ្រាយធំបំផុតនៅតាមបណ្តោយឆ្នេសមុទ្រនេះជាផ្នែកមួយនៃការផ្តួចផ្តើមគំនិត “ ផ្លូវមួយខ្សែក្រវ៉ាត់”។

លោកបានឱ្យដឹងថា៖គម្រោងក្រុងទេសចរណ៏វប្បធម៌ តារាសាគរស្តាឌ្រីម ឡេកធូរីសឹមថោនដែលអភិវឌ្ឍលើផ្ទៃដី២០០ហិកតា
ផ្តោការយកចិត្តទុកដាក់យ៉ាងខ្លាំងលើរមណីយដ្ឋានអេកូទេសចរណ៍ វប្បធម៌និងធម្មជាតិ បឹងកម្សាន្តនិង អាផាតមិន វីឡា សណ្ឋាគារ ផ្សារទំនើប ហាងទំនិញនិងឧទ្យានជាដើម៕

ធនាគារ​កូរ៉េខាងត្បូង​មួយ​បានទទួល​អាជ្ញាប័ណ្ណ​ដើម្បី​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា

ដោយៈ​ប៊ី

ភ្នំពេញៈ ធនាគារ DGB Daegu ដែលជា​ធនាគារ​របស់​កូរ៉េខាងត្បូង បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បានទទួល​អាជ្ញាប័ណ្ណ ដើម្បី​ពង្រីក​អាជីវកម្ម​ធនាគារ​រប​ស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា។

ធនាគារ​ឯកទេស DGB Specialized Bank ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ DGB Daegu Bank បានទទួល​ការយល់ព្រម​ពី​អាជ្ញាធរ​កម្ពុជា ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារ​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​នេះ​នៅ​ថ្ងៃទី៣០ ខែកញ្ញា។ នេះ​បើ​យោងតាម​ការ​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។

បច្ចុប្បន្ននេះ ធនាគារ​ឯកទេស DGB Specialized Bank ត្រូវបាន​អនុញ្ញាតឱ្យ​ផ្តល់ប្រាក់​កម្ចី​ដល់​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។

ថ្នាក់ដឹកនាំ​ធនាគារ​ធនាគារ​ឯកទេស DGB បានឱ្យដឹងថា ធនាគារ​ឯកទេស DGB នឹង​ដំណើរការ​ប្រតិបត្តិការ​ប្រាក់​បញ្ញើ ការចេញ​កាត​ឥណទាន ប្តូរប្រាក់​បរទេស និង​ធនាគារ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ឆមាស​ទីមួយ ឆ្នាំ ២០២១ ។

នៅ​ឆ្នាំ ២០១៨ ធនាគារ DGB Daegu Bank បាន​ទិញយក​ភាគហ៊ុន១០០ភាគរយ​នៅក្នុង​ធនាគារ​CamCapital Specialized Bank ដែល​បាន​ប្តូរ​ឈ្មោះ​ជា​ធនាគារ​ឯកទេស DGB Specialized Bank។

ទ្រព្យ​សកម្មភាព​របស់​ធនាគារ DGB Daegu មាន​ដល់ ៤,៩ ទ្រី​លាន​វ៉ុ​ន (៤,២ ពាន់​លាន​ដុល្លារ) គិត​ត្រឹម​ចុងខែ​មិថុនា ៕

បណ្ឌិត​គីម ហ៊ាង៖ កម្ពុជា​គួរផ្តល់​សញ្ជាតិ​ដល់​ជនបរទេស​ដែលមាន​លុយ​ច្រើន​មកវិនិយោគ​ក្នុងប្រទេស

ដោយ វុត្ថា

ភ្នំពេញៈ លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​លើក​ជា​យោបល់​មួយ​ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា គួរផ្តល់​សញ្ជាតិ​ដល់​ជនបរទេស​ទាំងឡាយណា ដែលមាន​លុយ​ច្រើន ឱ្យមក​វិនិយោគ​នៅក្នុង​ប្រទេស ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​រក្សា​សេដ្ឋកិច្ចជាតិ​ឱ្យមាន​ការរីកចំរើន។

លោក​ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន​ភ្នាក់ងារ​អន្តរជាតិ KW Cambodia បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីដើម​សប្តាហ៍​នេះ​ថា ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល​គួរតែ​បង្ក​ភាពងាយស្រួល ដល់​អ្នកមាន​លុយ​ច្រើន នៅក្នុង​ស្រុក​គេ មក​វិនិយោគ​នៅ​កម្ពុជា ហើយ​ផ្តល់​សញ្ជាតិ​ដល់​ពួកគេ។

ហេតុអ្វី​ត្រូវ​ផ្តល់​សញ្ជាតិ​ដល់​អ្នកវិនិយោគ​បរទេស ដែលមាន​លុយ​ហើយ​មក​វិនិយោគ​នៅក្នុង​កម្ពុជា? លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ពន្យល់ថា នៅតាម​បណ្តា​ប្រទេស​មួយចំនួន ដូចជា នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​មួយចំនួន នៅពេលដែល​វិនិយោគិន​បរទេស​ដាក់ទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៥០ម៉ី​ន ដល់១លាន​ដុល្លារ​អាមេរិក គឺ​គេ ឱ្យ​សញ្ជាតិ​ដោយ​ស្វ័យប្រវត្តិ។

លោក​បណ្ឌិត​បន្តថា “យើង​ទិញ​ផ្ទះ យើង​ទិញ​អចលនទ្រព្យ យើង​បើក​ក្រុមហ៊ុន​វិនិយោគ​នៅក្នុង​ស្រុក​គេ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន៥០ម៉ឺន​ដុល្លារ​អា​មេ​រិ ឬ ១លាន​ដុល្លារ​អាមេរិក គឺ​គេ​ឱ្យ​សញ្ជាតិ​ហើយ” ។

លោក​បណ្ឌិត​បន្ថែមថា “ក្នុងន័យនេះ បើសិនជា​រាជរដ្ឋាភិបាល​កែ​ច្បាប់ ឬ​បង្ករ​ភាពងាយស្រួល​ណាមួយ ដល់​វិនិយោគិន​បរទេស​ថា ឱ្យតែ​អ្នក​ឯកមក​វិនិយោគ​នៅក្នុង​ស្រុក​ខ្មែរ ក្នុង​គម្រោង​ណាមួយ ស្ថិតនៅក្នុង​ទំហំ​ទឹកប្រាក់​កម្រិតណា គឺ​ត្រូវឱ្យ​សញ្ជាតិ​គេ​ទៅ ដែល​បច្ចុប្បន្ននេះ យើង​ផ្តល់​សញ្ជាតិ​ដល់​ជនបរទេស​ដែរ តែ​ត្រូវ​ចំណាយលុយ” ។

លោក​បណ្ឌិត​គីម ហ៊ាង បាន​លើក​ជា​ឧទាហរណ៍​ថា “ប្រសិនបើ​បុគ្គល​ហ្នឹង (អ្នកវិនិយោគ​បរទេស) ជនជាតិ​អ្វី​ក៏ដោយ គាត់​មក​ស្រុក​ខ្មែរ​បើក​ក្រុមហ៊ុន​មួយ ដោយ​បង្កើត​រោងចក្រ​ក្នុងតម្លៃ​វិនិយោគ ក្នុង​ទឹកប្រាក់​ប្រមាណ១០លាន​ដុល្លារ​អាមេរិក ហើយ​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ១០០០នាក់ បាន​បង់ពន្ធ​អាជីវកម្ម​ជាច្រើន​ជួន​រដ្ឋ …អាហ្នឹង​ហើយ យើង​គួរផ្តល់​សញ្ជាតិ​ជូន​គាត់” ។

លោក​បណ្ឌិត​បន្ថែមទៀត​ថា មូលហេតុ​អ្វី? ព្រោះ​គាត់​មក​វិនិយោគ​ដល់​ប្រទេស​យើង ហើយ​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ពលរដ្ឋ​យើង១០០០នាក់ ឬ​គាត់​បានមក​ដល់​ស្រុក​ខ្មែរ គាត់​មាន​ក្រុង​ហ៊ុន ហើយ​បាន​ទិញ​ដី​ស្រុក​ខ្មែរ ហើយ​សាងសង់​គម្រោង​ខុន​ដូ ឬ​ជា​បុរី ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន២០លាន​ដុល្លារ​អាមេរិក បាន​បង់ពន្ធ​ជាច្រើន​ជូន​រដ្ឋ ហើយ​ផ្តល់ឱកាស​ការងារ ជូន​ដល់​ពលរដ្ឋ​ចំនួន​ជាង១០០នាក់…អាហ្នឹង គឺ​យើង​គួរឱ្យ​សញ្ជាតិ​គាត់​ដោយ​មិនបាច់​ចំណាយលុយ​ទៅសុំ​សញ្ជាតិ​នោះទេ” ។

លោក​បណ្ឌិត​បន្ថែមថា កត្តា​ទាំងនេះ ហើយ​ដែល​ជំ​រុញឱ្យ​អ្នកមាន ដែលជា​ជនបរទេស​មក​វិនិយោគ នៅក្នុង​ស្រុក​ខ្មែរ​កាន់តែច្រើន។ ប្រទេស​ណាក៏ដោយ ឱ្យតែ​មាន​អ្នកមាន​រស់នៅ និង​រក​សុ​ី​ច្រើន ប្រទេស​នោះ​នឹង​រីកចំរើន។ ប្រទេស​អ្នកមាន​គេ​ចូលចិត្ត​អ្នកមាន សម្រាប់​ប្រទេស​កម្ពុជា​យើង​អ្នកក្រ គួរតែ​រៀនសូត្រ​ពី​ប្រទេស​អ្នកមាន​ផងដែរ។

លោក​បន្តថា “បើ​យើង​ចង់ឱ្យ​ប្រទេស​យើង​រីកចំរើន គួរតែ​ឱ្យ​អ្នក​មានមក​វិនិយោគ​នៅក្នុង​ស្រុក​យើង ហើយនឹង​ជំរុញ​ឱ្យ​អ្នកមាន​នៅក្នុង​ស្រុក​យើង កាន់តែ​កើនឡើង​បន្ថែមទៀត” ៕

អ្នកជំនាញ៖ កំណើន​យុវជន​កម្ពុជា​ជំរុញឱ្យមាន​តម្រូវការ​អចលនទ្រព្យកម្ពុជា​កាន់តែច្រើន

ដោយ វុត្ថា

ភ្នំពេញៈ កំណើន​យុវជន​វ័យក្មេង​របស់​កម្ពុជា ក្នុង​រយៈពេល​កន្លងមក​នេះ និង​ទៅមុខទៀត នឹង​ជួយ​ជំរុញឱ្យមាន​តម្រូវការ លើ​វិស័យ​អចលនទ្រព្យ​កាន់​ត​ច្រើន​ថែមទៀត ជាពិសេស​លើ​វិស័យ​លំនៅឋាន  ខណៈ​វិស័យនេះ​បាន​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ជាច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

លោក ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សា​អភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia ថា ប្រទេសមួយ​ដែលមាន​យុ​ជន​វ័យក្មេង​ច្រើន ចាប់ពី​អាយុ២០ឆ្នាំ ដល់៤០ឆ្នាំ​ច្រើន មិន​ថា​ជួយ​ជំរុញ​ឱ្យ​វិស័យសេដ្ឋកិច្ច​រីកចំរើន​នោះទេ តែ​តម្រូវការ​លើ​វិស័យ​អចលនទ្រព្យ​ក៏​ច្រើន​ផងដែរ ជាពិសេស​លំនៅឋាន និង​ខុន​ដូចជា​ដើម។

លោក​ថ្លែងថា “យុវជន​មាន​ទាំង​កម្លាំង​ទិញ និង​កម្លាំង​ធ្វើ  ដែលជា​ចលករ​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច និង​តម្រូវការ​កាន់តែច្រើន ព្រោះថា​យុវជន​គិតពី​ក្រុមគ្រួសារ គាត់​ចង់បាន​ផ្ទះ គាត់​ចង់​បង្កើត​គ្រួសារ  ហើយ​ទាំង​គេ​ទាំង ទាំង​យើង​គឺ​ចង់បាន​ផ្ទះមួយ​សម្រាប់​រស់នៅ ហើយ​ជំរុញឱ្យមាន​តម្រូវ​លំនៅឋាន និង​ខុន​ដូ​ជាដើម និង​ធ្វើ​វិស័យ​អចលនទ្រព្យ​របស់​យើង​កាន់តែ​រីក​ចរើន” ។

លោក​ឃាង ពុ​ទ្ឋី​បាន​បន្ថែមថា ទន្ទឹមគ្នា​នេះដែរ យុវជន​កម្ពុជា​ក៏ត្រូវ​តែ​ខិតខំ​ខ្លួនឯង​ផងដែរ តាមរយៈ​បង្កើន​ការសិក្សា និង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​បាន​ចំណូល យកមក​ទិញ​លំនៅ​ឋា បើ​យុវជន​យើង​គ្មាន​លទ្ធភាព​និង​សមត្ថភាព​គ្រប់គ្រាន់ ក៏​មិន​អាចជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ទិញ​លំនៅឋាន​បាន​ផងដែរ” ។

អ្នកស្រី​អាន សុធី​តា នាយិការ​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia បានឱ្យដឹង​ដែរ​ថា ក្រៅពី​ស្ថេរភាព និង​សន្តិភាព​ក្នុងប្រទេស អ្នកវិនិយោគ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ម​កវិន​យោគ​លើ​វិស័យ​អចលនទ្រព្យ ទាំង​ខុន​ដូ លំនៅឋាន និង​ផ្សារ​ទំនើប នៅក្នុង​ប្រទេស​កម្ពុជា​ព្រោះ គេ​មើលឃើញ​ពី​សក្តានុពល និង​កំណើន​យុវជន​កម្ពុជា កាន់តែ​ច្រើនឡើង។

លោកស្រី​ថ្លែងថា “គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ ជាច្រើន​ផ្តោត​សំខាន់​លើ​យុវជន​វ័យក្មេង​របស់​កម្ពុជា  ដែលមាន​តម្រូវការ​ខ្ពស់ ជាពិសេស​អ្នក​ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង ដែល​ពួកគេ​ចាប់​បាច់​គេ​កន្លែង​រស់នៅ​មួយ​សមរម្យ និង​ស៊ី​វិ​ល័យ ទាំងនេះ ហើយ​អាច​នឹង​ជួយ ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា នៅតែមាន​ការរីកចម្រើន និង​តម្រូវការ” ។

លោកស្រី​បន្ថែ​ថា យុវជន​ភាគច្រើន​ត្រូវការ​ភាព​ស៊ី​វិ​ល័យ និង​ទាន់សម័យ អ៊ីចឹង ពួកគេ​ក៏​រស់នៅ​បែប​ទំនើប ដូចជា​ខុន​ដូ និង​ប្រើប្រាស់​របស់​ទាន់សម័យ​ផងដែរ ដែល​កាលពីមុន អ្នកវិនិយោគ​មិន​ហ៊ាន​វិនិយោគ​លើ​ផ្សារ​ទំនើប និង​នាំចូល​នូវ​សម្លៀកបំពាក់​ឬ មាក់​ល្បី​ចូល​កម្ពុជា​ទេ តែមួយ​រយៈ​នេះ គេ​មើល​ឃើ​ពី​សក្តានុពល​យុ​ជនកម្ពុជា​មាន​កំនើន និង​មាន​តម្រូវការ​កាន់​ខ្ពស់ ទើប​គេ​ចាប់ផ្តើម​វិនិយោគ ហើយ​ទទួលបាន​ជោគជ័យ។

យោង​តាមរយៈ​របាយការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​នាពេល​កន្លងមកនេះ​ថា យុ​ជនកម្ពុជា​បាន​កើនឡើង​ខ្លាំង ចាប់តាំងពី​កម្ពុជា​ទទួលបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​ដែលមាន​ចំនួន ជាង៦០ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ទូទាំងប្រទេស៕

សភាពាណិជ្ជកម្ម​កម្ពុជា​រំពឹងថា ការអនុវត្ត​បទដ្ឋាន​ថ្មី​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ហុងកុង​នឹងត្រូវ​ធ្វើ​នៅ​ចុង​ឆ្នាំនេះ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្របទៅនឹង​ការត្រៀមខ្លួន ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-ចិន នា​ដំណាច់​ចុងឆ្នាំ២០២០ខាងមុខនេះ គម្រោងការ​នៃ​ការអនុវត្ត​លើ​បទដ្ឋាន​ថ្មី នៃ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ហុងកុង ដែលជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន នឹងត្រូវ​បានធ្វើ​ឡើង​នៅពេល​ដំណាលគ្នា។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ​ថា ការិយាល័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ហុងកុង បាន​និង​រៀបចំ​បទដ្ឋាន​ថ្មី នៃ​ការធ្វើ​ពាណិជ្ជកម្ម​នានា ជាមួយ​បណ្តា​បណ្តា​ប្រទេស​ជា​ដៃគូ ដែល​ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ។

លោក​ឧកញ៉ា​បញ្ជាក់ថា “កម្ពុជា-ហុងកុង មាន​កិច្ចទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​យូរ​មកហើយ ដោយ​ក្នុងនោះ​ភាពជា​ដៃគូ លើ​ការធ្វើ​ពាណិជ្ជកម្ម​ក៏មាន​ភាពល្អប្រសើរ​ផងដែរ ជាពិសេស​វិស័យ​ឧស្សាហកម្ម” ។ លោក​បញ្ជាក់ថា “ខ្ញុំ​ធ្លាប់បាន​ជួប​ជាមួយ​រដ្ឋ​ម  ន្ត្រី​ពាណិជ្ជកម្ម​ហុងកុង កាលពីពេល​កន្លង​ទៅដោយ​បានធ្វើ សិក្ខា​បង្ហាញ​ពី​ឱកាស និង​ភាពល្អប្រសើរ​លើ​ការវិនិយោគ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឱ្យមាន​វឌ្ឍនភាព​កាន់តែ​ប្រសើរ​ជាង​មុន” ។

កិច្ចទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ហុងកុង កាលពីពេល​កន្លងទៅនេះ ភាគច្រើន គឺ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ឧស្សាហកម្ម ហើយ​ក្រៅពីនេះ​ក៏មាន​ម​យ​ចំណែក​ក្នុង   វិស័យ​កសិឧស្សាហកម្ម ហើយ​កាលពីពេលថ្មីៗនេះ ក៏មាន​ការបង្ហាញ​ពី​ការចាប់អារម្មណ៍​ទៅលើ​វិស័យ​ហិរញ្ញវត្ថុ ដោយ​ការដាក់​ធនាគារ​ហុងកុង នៅលើ​ទីផ្សារ​កម្ពុជា​ថែម​ទៀតផង។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង ក៏បាន​មាន​ប្រសា​ស៍បញ្ជាក់​ទៀតថា “បន្ថែម​ពីលើ​អ្វី​ដូចដែល​បានបង្ហាញ​ខាងលើនេះ ហុងកុង​ក៏​បង្កើតជា​សមាគម​អ្នកច្បាប់​នៅ​កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍ ដល់​អ្នកវិនិយោគ​ហុងកុងធំៗផងដែរ ហើយ​ទាំងអស់​នេះហើយ​សុទ្ធតែជា​សមិទ្ធផល និង​ការបង្កើន​កិច្ច​ទំនុកចិត្ត​ដល់​វិនិយោគិន​នៃ​ប្រទេស​ទាំង២” ៕

ចំណេះដឹង! តើ​គោលនយោបាយ​ដីធ្លី​ត្រូវបាន​បែងចែក​ដូចម្តេច?

ដោយ ​វុត្ថា

ភ្នំពេញៈ ចក្ខុវិស័យ​ស្តីពី​គោលនយោបាយ​ដីធ្លី​នៅ​កម្ពុជា គឺ​ដីធ្លី​ត្រូវបាន​គ្រប់គ្រង រៀបចំ និង​បែងចែក​តាមរបៀប​មួយ ដើម្បី​រួមចំណែក​ធ្វើឱ្យ​សម្រេច​នូវ​គោលដៅ​ជាតិ​ដ៏​ទូលំទូលាយ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ។

ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ អភិបាលកិច្ច​ល្អ​នៅក្នុង​សង្គម​ប្រជា​ធិ​តេ​យ្យ ដែល​តម្រង់ទិស​ទៅរក​ទីផ្សារ​ដូច​បាន​ពិពណ៌នា នៅក្នុង​សេចក្តីប្រកាស​ស្តីពី​គោលនយោបាយ​ដីធ្លី។

យោងតាម​ឯកសារ​របស់​ក្រសួង​រៀបចំ​ដី នគរូបនីយកម្ម​និង​សំណង់​ស្តីពី ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ នៃ​គោលនយោបាយ​ដីធ្លី​បានឱ្យដឹងថា ចក្ខុ​វិស័យនេះ ត្រូវបាន​បែក​នៅក្នុង​ទិដ្ឋភាពធំ៣គឺ៖

១) ដី​ត្រូវបាន​គ្រប់គ្រង​តាម​វិធី ដែល​ធ្វើឱ្យ​សិទ្ធិ​លើ​អចលនទ្រព្យ មាន​ភាពច្បាស់លាស់ និង​មាន​សុវត្ថិភាព ធ្វើឱ្យ​ការផ្ទេរ​ជា​ផ្លូវការ​នូវ​សិទ្ធិ​ទាំងនោះ មាន​ភាពងាយស្រួល និង​ល្មម​អាំ​ចំណាយបាន។ វិវាទ​នឹង​ថយចុះ​ជា​លំដាប់ ហើយ​ចំពោះ​ករណី​ណា​ដែលមាន​លទ្ធភាព​អាច​ដោះស្រាយបាន នឹង​ដោះស្រាយ​នៅក្រៅ​ប្រព័ន្ធតុលាការ។

២) ដី​ត្រូវ​បានរៀបចំ​តាម​វិធី​មួយ ដែល​ធ្វើឱ្យ​ការប្រើប្រាស់​បានល្អ ប្រកបដោយ​ចីរភាព និង​ត្រឹមត្រូវ​តាម​បែបបទ​បរិស្ថាន។ នៅក្នុង​តំបន់​ច្រើន ការប្រើប្រាស់​ដី​ទាមទារ​ឱ្យមាន​តុល្យភាព​រវាង​អ្នកប្រើប្រាស់​ទាំងឡាយ និង​ការប្រើប្រាស់​ច្រើន​គោលដៅ ទន្ទឹមនេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​នានា។

៣) ដី​រដ្ឋ​ត្រូវបាន​ការពារ​សម្រាប់​ការប្រើប្រាស់ ជា​សាធារណៈ​តាម​កន្លែង​ណា ដែល​សម​នឹង​ប្រើ ក្រៅពីនោះ​ត្រូវ​បែ​អ​ចែក​សំរាប់​ជា​ប្រយោជន៍​ឯកជន តាមរយៈ​ដំណើរការ​ដែលមាន​តម្លៃ​ភាព។

ពេល​សម្រេចបាន​ចក្ខុវិស័យ​ទាំងនេះ នឹង​អនុញ្ញាតឱ្យ​កម្ពុជា​ប្រើប្រាស់​ដី​ប្រកបដោយ​ប្រសិទ្ធិភាព សម្រាប់​គោលដៅ​សេដ្ឋកិច្ច និង​សង្គមកិច្ច និង​ធ្វើឱ្យមាន​ការដោះដូរ​ដី​ធ្វើបាន​ដោយ​សេរី ព្រមទាំង​ទទួលបាន​ផលចំណេញ​ពី​ដី ដែលជា​បិ​តិក​ភណ្ឌ​សាធារណៈ ៕

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បន្តវឌ្ឍនភាពទៅមុខ និងអាចបញ្ចប់តាមផែនការកំណត់នៅឆ្នាំ២០២២

ដោយ ៖ ហ្សូលី

ព្រះសីហនុ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុនឹងចប់រួចរាល់ជាស្ថាពរតាមផែនការដែលបានកំណត់ ពោលគឺនៅត្រឹមខែកញ្ញា ឆ្នាំ២០២២ ខណៈដែលបច្ចុប្បន្នសម្រេចបានជាង២៦ភាគរយ។

លោកបានបញ្ជាក់ថា បញ្ហានៃការរាតត្បាតជំងឺកូវីដ១៩មិនបានធ្វើឱ្យប៉ះពាល់ដល់គម្រោងស្ថាបនាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជានេះទេ ដោយក្រុមជំនាញបាននិងកំពុងយកចិត្តទុកដាក់អំពីកិច្ចការសាងសង់ឱ្យចប់តាមផែនការ ខណៈរាជរដ្ឋាភិបាលបាន និងកំពុងចរចាជាមួយក្រុមហ៊ុនវិនិយោគមួយទៀត សម្រាប់គម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិត ជាប់ព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម។

បើតាមការបញ្ជាក់បន្ថែមពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែតុលានេះ បានឱ្យដឹងថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ ការស្ថាបនាផ្លូវល្បឿនលឿននេះ សម្រេចបាន២៦,១១ភាគរយហើយ។ ក្រុមហ៊ុនសាងសង់បាន និងកំពុងអនុវត្តន៍គម្រោង ដោយចែកក្រុមការងារគ្នាសាងសង់ជា ៥ កំណាត់លើប្រវែងផ្លូវសរុប។

ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។

គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញ ប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩,៨៩ គីឡូម៉ែត្រ។

តាមគម្រោងផ្លូវល្បឿនលឿននេះ មានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

រាជរដ្ឋាភិបាល បានសម្រេចឱ្យមានការវិនិយោគផ្លូវនេះ តាមរូបភាពសាងសង់-អាជីវកម្ម និងផ្ទេរ (BOT) ជំនួសវិញ ដើម្បីសម្រួលការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់កម្ពុជា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ដោយចំណាយពេលវេលាតិច និងឆាប់រហ័ស៕

អ្នកជំនាញ៖ ការវិនិយោគលើវិស័យអចលនទ្រព្យ ដែលទទួលបានផលចំណេញខ្ពស់ទាមទារក្នុងរយៈយូរ

ដោយវុត្ថា

ភ្នំពេញ៖ អ្នកជំនាញបានណែនាដល់អ្នកមានបំណងចង់ប្រឡូកក្នុងការរកស៊ី ឬ វិនិយោគលើវិស័យអចលនទ្រព្យ (ដីធ្លី) នៅក្នុងប្រទេសគួរត្រូវមានធនធានគ្រប់គ្រាន់ដើមចំណាយប្រចាំខែ ខណៈការវិនិយោគលើវិស័យមួយនេះ ទាមទារក្នុងរយៈពេលយូរទើបទទួលបានផលចំណេញត្រឡប់មកវិញ។

លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance បានប្រាប់គេហទំព័រ propertyara.asia ថា ក្នុងជំនួញលើវិស័យអចលនទ្រព្យ ត្រូវការពេលវេលាយូរដោយយ៉ាងហោចណាស់ ពី ៣ ទៅ ៥ ឆ្នាំ ទើបទទួលបានផលចំណេញ ត្រឡប់មកវិញ ហើយអ្នកដែលមានធនធានគ្រប់គ្រាន់អាចនឹងពិបាកក្នុងចំណាយប្រចាំខែ។

លោកឡុងគឹម សួគ៌ ថ្លែងថា អ្នកវិនិយោគមុននឹងសម្រេចចិត្តដាក់ទុនវិនិយោគលើវិស័យអលទ្រព្យនៅក្នុងតំបន់ណាមួយ ត្រូវពិនិត្យមើលទីតាំងឱ្យបានច្បាស់លាស់ (គម្រោងវិនិយោគធំៗ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលគេកំពុងធ្វើ) នៅពេលដែលយើងទិញនៅក្នុងតំបន់នោះ អាចប្រើប្រាស់ប្រមាណ កន្លះឆ្នាំ ឬ មួយឆ្នាំ យើងលក់វិញហើយអាចចំណេញ ។

លោកបន្តថា “តែនៅពេលដែលយើងទិញនៅកន្លែងដែលមិនមានគម្រោងអភិវឌ្ឍន៍ ឬ ត្រៀមអភិវឌ្ឍន៍ នាពេលខាងមុខនេះយើងត្រូវប្រើពេលយ៉ាងហោចណាស់ ពី ៣ ទៅ ៥ ឆ្នាំ ទើបទទួលបានផលមកវិញ”។

លោកបន្ថែមថា “អ្នកអភិវឌ្ឍន៍ប្រើប្រាស់ក្នុងរយៈពេលវែង គឺគាត់គិតទុកមុនថា ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំ ហើយអ្នកខ្លះទៀត គិតទុករហូតដល់ ១០ ឆ្នាំក្រោយទៀត ទើបគេចាប់ផ្តើមអភិវឌ្ឍន៍ ឬ លក់ចេញទើបទទួលបានផលចំណេញត្រឡប់មកវិញ”។

ចំណែក លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានឱ្យដឹងដែរថា ការិនិយោគលើវិស័យអចលនទ្រព្យជាពិសេសការទិញដីសម្រាប់វិនិយោគបន្តមិនថានៅតំបន់ណានោះទេ ឱកាសចំណេញសុទ្ធតែ ទាស់ត្រង់ថាចំណេញតិច ឬច្រើនតែប៉ុណ្ណោះ ហើយការចំណាយពេលយូរប៉ុណ្ណា។

លោកបានបន្តថា “ការទិញដីទុកលក់នៅតំបន់ជាយក្រុងមានឱកាសចំណេញតិច ប៉ុន្តែងាយស្រួលលក់ និងបានលឿន ដោយឡែកការទិញដីនៅតាមខេត្តឆ្ងាយៗហាក់ពិបាករកទីផ្សារ ប៉ុន្តែប្រសិនមានគម្រោងអភិវឌ្ឍន៍ណាមួយត្រូវបង្កើតឡើងនៅជិត នោះនឹងអាចទទួលបានប្រាក់ចំណេញស្ទើរទ្វេដង”។

លោកបន្តថា ប៉ុន្តែអ្វីដែលត្រូវប្រយ័ត្ន គឺការពិនិត្យទៅលើឯកសារពាក់ព័ន្ធនានា និងប្រាកដថាជាដីមានម្ចាស់កម្មសិទ្ធិស្របច្បាប់ ហើយមិនជាប់ពាក់ព័ន្ធទៅនឹងដីស្ថិតក្នុងតំបន់រក្សាទុករបស់រាជរដ្ឋាភិបាល”។

លោក ឃាង ពុទ្ធី បញ្ជាក់ថា “នៅក្នុងប្រទេសកម្ពុជា អ្នកមួយចំនួនបានចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យ ដោយមិនបានសិក្សាស៊ីជម្រៅ និងប្រមូលព័ត៌មានជុំវិញលើការវិនិយោគលើវិស័យអចលនទ្រព្យបានគ្រប់ជ្រុងជ្រោយ ហើយបានវិនិយោគតាមការអូសទាញ និងធ្វើតាមគ្នាដែលធ្វើឱ្យមានការខាតបង់ថវិកា” ៕