កម្ពុជានឹងរកបានចំណូលសរុបក្នុងទំហំទឹកប្រាក់ប្រមាណ ២៧,៥ ពាន់លានដុល្លារ នៅឆ្នាំនេះ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ផលិតផលសរុបក្នុងស្រុក តាមការប៉ាន់ស្មាន នឹងមានទំហំប្រាក់ជាង ១១០ ពាន់ប៊ីលានរៀល ស្មើនឹងប្រមាណ ២៧,៥ពាន់លានដុល្លារ នៅឆ្នាំ២០២០ ដែលអាចងើបឡើងខ្ពស់ជាងឆ្នាំ២០១៩ បន្តិចបន្តួច។ នេះបើយោងតាមរបាយការណ៍នៃស្ថានភាពក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២០ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។

នៅក្នុងឆ្នាំ២០២០ នេះពាក់ព័ន្ធក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច តាមការប៉ាន់ស្មាន នៃសូចនាករផលិតផលសរុបក្នុងស្រុក (ផសស) ថ្លៃបច្ចុប្បន្ន នឹងមានទំហំប្រមាណ ២៧,៥ពាន់លានដុល្លារ អាចខ្ពស់ជាងឆ្នាំ២០១៩ បន្តិចបន្តួច។

នៅក្នុងឆ្នាំ២០២១ ត្រូវបានព្យាករណ៍ថា នឹងអាចងើបឡើងដល់ប្រមាណ ២៩,២៥ពាន់លាន ដែលក្នុងនោះ ផសស សម្រាប់ប្រជាជនម្នាក់ អាចស្ថិតក្នុងរង្វង់ ១,៦៨៣ ដុល្លារ, ចំពោះនៅឆ្នាំ២០២១ ត្រូវបានព្យាករថា នឹងងើបដល់ ១,៧៧១ ដុល្លារ នឹងអាចមានកំណើន ផសស ពិត ក្នុងរង្វង់អវិជ្ជមាន ១,៩% ខណៈនៅឆ្នាំ២០២១ នឹងហក់ឡើងដល់ ៣,៥%។

ចំណែកអត្រាអតិផរណា ផសស (កំណើនប្រចាំឆ្នាំ) ក្នុងឆ្នាំ២០២០ នេះ នឹងអាចស្ថិតក្នុងរង្វង់ ២,៦% ខណៈនៅឆ្នាំ២០២១ ត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុង ៣,១%, ចំពោះអត្រាកំណើនជាមធ្យមប្រចាំឆ្នាំវិញ, នៅក្នុងឆ្នាំ២០២០ នេះ អាចស្ថិតក្នុងរង្វង់ ២,៨% នឹងនៅឆ្នាំ ២០២១ អត្រាកំណើននេះនឹងអាចឡើងដល់ ៣,១% ។ ដោយពាក់ព័ន្ធនឹងការនាំចេញ-ចូល, ក្នុងនោះបើគិតជាភាគរយ ផលិតផលសរុបនៃនាំចេញ គឺស្ថិតក្នុងរង្វង់កំណើនជិត ៥០% ដោយឡែកនៅក្នុងឆ្នាំ ២០២១ ត្រូវបានព្យាករណ៍ថា នឹងងើបឡើងជាង ៥០% ។

ចំណែកការនាំចូលវិញ បើគិតជាភាគរយនៃផលិតផលសរុបនៃការនាំចូល អាចមានកំណើនជាង ៧៨% ខណៈនៅឆ្នាំ២០២១ ត្រូវបានព្យាករណ៍ថា នឹងអាចថមថយមកនៅក្រោម ៧៨%, ក្នុងនោះចំពោះសមតុល្យ ពាណិជ្ជកម្ម គិតជាភាគរយនៃ ផសស មានប្រមាណ –២៨,៤% ។ ចំណែកទុនបម្រុងអន្តរជាតិវិញ មានជាង ១៦ ពាន់លានដុល្លារ ដែលអាចនឹងធ្វើការនាំចូលបាន ៨,៥% ខែ៕

តើខេត្តស្ទឹងត្រែងមានសក្តានុវិនិយោគអ្វីខ្លះ?

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចម្ងាយ ៤៥៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងជើងជាប់ខេត្តចាំប៉ាសាក់ និងខេត្តអត្តពឺ នៃប្រទេសឡាវ ខាងកើតជាប់ខេត្តរតនគិរី ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខាងលិខជាប់នឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

ខេត្តស្ទឹងត្រែងមានផ្ទៃដី ១២ ០១៦ គីឡូម៉ែត្រការ៉េ ចែកចេញជា ៦ ក្រុង / ស្រុក ៣៤ ឃុំ/សង្កាត់ និង ១២៨ ភូមិ មានស្រុកចំនួន ២ ជាប់ព្រំដែនឡាវ គឺស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយ សែនជ័យ បច្ចុប្បន្នខេត្តមានប្រជាជន ១៥៩.៥៦៥ នាក់ ស្រី ៧៦.៤៧២ នាក់ ស្មើនឹង ៣៤.៦២៧ គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំ ឡើង ៨៥.៣៦៨ នាក់ គិតជាដង់ស៊ីតេ ប្រជាជនស្មើនឹង ១៣នាក់ ក្នុង១ គីឡូម៉ែត្រការ៉េ។

ប្រជាជនភាគច្រើន រស់នៅចិញ្ចឹមជីវភាព ដោយពឹងផ្អែកលើវិស័យកសិកម្ម ដែលមានស្រែ ចម្ការ ដាំដំណាំកសិឧស្សាហកម្ម ដំណាំរួមផ្សំ និងការនេសាទជាដើម។ ក្រៅពីវិស័យកសិកម្ម មានវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម-សិប្បកម្ម សេវាកម្ម និងមន្ត្រីរាជការសាធារណៈដែលជាមូលដ្ឋានក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។

កំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ កើនឡើងពី ១១៥០ ដុល្លារក្នុងឆ្នាំ ២០១៦ ដល់ប្រមាណ ១៥០០ ដុល្លារក្នុងឆ្នាំ ២០១៩ និងអត្រាភាពក្រីក្រថយចុះពី ២៧ភាគរយ ក្នុងឆ្នាំ ២០១៦ មកត្រឹម ២៤ ភាគរយក្នុងឆ្នាំ ២០១៩។

សក្តានុពលវិនិយោគ

ខេត្តស្ទឹងត្រែងមានផ្ទៃដីធំទូលាយដែលអាចវិនិយោគលើវិស័យកសិឧស្សាហកម្ម និងផលិតផលកសិកម្ម ។ មានទន្លេ ៤ ហូកាត់ គឺទន្លេមេគង្គ ទន្លេកុង ទន្លេសាន និងទន្លេស្រែពក ដែលទន្លេទាំងនេះ ជាប្រភពធនធានធម្មជាតិជាតិសំបូរបែប ប្រភពទឹកប្រើប្រាស់ និងធ្វើកសិកម្ម ជាមូលដ្ឋានតំបន់អេកូទេសចរណ៍ ទីជម្រកសម្រាប់ការពងកូនរបស់ពពួកត្រីមេពូជ ជាតំបន់ផ្តល់ជីវិតនៃប្រព័ន្ធជីវៈចម្រុះទាំងឡាយ និងជាអាងស្តុកនៅធនធានមច្ឆាជាតិដ៏សំខាន់ សម្រាប់រួមចំណែកឆ្លើយតប នឹងបញ្ហាសន្តិសុខស្បៀង ក្នុងនោះ ជាមធ្យមផលនេសាទដែលប្រមូលបានប្រមាណ ៥ ០០០ តោនក្នុងមួយឆ្នាំៗ ។

សណ្ឋានដីខេត្តជាតំបន់ខ្ពង់រាប មានព្រៃភ្នំ ទន្លេស្ទឹង បឹងបួ អូរ និងដីកោះច្រើនកន្លែង ដោយបានកំណត់ជាបណ្តុំនៃប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងមានតំបន់ការពារធម្មជាតិច្រើន រួមានឧទ្យានជាតិវ៉ឺនសៃ-សៀងប៉ាង ឧទ្យានជាតិវីរៈជ័យ តំបន់រ៉ាមសារ ដែនជម្រកសត្វ “ព្រៃឡង់” និងដែនជម្រកសត្វព្រៃសៀមប៉ាង។

ខេត្តមានទំនប់ទំនប់វ៉ារីអគ្គិសនី ១ កន្លែង មានអនុភាព ៤០០ មេហ្គាវ៉ាត់ មានស្ពានឆ្លងកាត់ទន្លេចំនួន ៤កន្លែង និងមានផ្លូវជាតិសម្រាប់បម្រើការធ្វើចរាចរណ៍ភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ប្រាសាទអង្គរវត្ត តំបន់មាត់សមុទ្រ និងទៅកាន់បណ្តាខេត្តផ្សេងៗទៀត ទូទាំងប្រទេស ជាពិសេសខ្សែផ្លូវជាតិឆ្លងកាត់ខេត្តសុទ្ធតែអាចធ្វើដំណើរទៅកាន់បណ្តាប្រទេសជិតខាង មានប្រទេសឡាវ ថៃ វៀតណាម ជាដើម៕

ខេត្តកំពង់ស្ពឺ គ្រោងបង្កើតផ្ទះស្នាក់លម្ហែរនៅរមណីយដ្ឋានទេទឹកពុះ

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ តាមរយៈមន្ទីរទេសចរណ៍ខេត្ត បានសិក្សាពីផលប៉ះពាល់លើការសាងសង់សំណង់ស្នាក់នៅបែបកម្សាន្តរយៈពេលខ្លីនៅតំបន់រមណីយដ្ឋានទេទឹកពុះ ដើម្បីផ្តល់ភាពងាយស្រួលដល់ទេសចរជាតិ និងអន្តរជាតិ អាចកម្សាន្តបានក្នុងរយៈពេលយូរ មានសុវត្ថភាពខ្ពស់។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទទួលស្គាល់ពីភាពទាក់ទាញ និងសក្ដានុពលរបស់រមណីយដ្ឋានទេទឹកពុះ ដែលស្ថិតនៅភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយក៏ស្ថិតនៅក្នុងគម្រោងរបស់រដ្ឋបាលខេត្ត ដែលនឹងធ្វើការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍កម្សាន្តបែបធម្មជាតិដ៏ទាក់ទាញផងដែរ។

លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីដើមសប្ដាហ៍នេះថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងតែធ្វើការសិក្សា ស្វែងយល់ពីសក្ដានុពលនៅក្នុងវិស័យទេសចរណ៍ជាជំហ៊ានដំបូង ដោយមានមន្ត្រីជំនាញរបស់ខេត្តមួយក្រុង ចុះធ្វើការបានមួយដំណាក់កាលរួចហើយ។ លោកបានបន្តថា “មុនពេលធ្វើការវិនិយោគ យើងត្រូវតែមានការសិក្សាឱ្យបានលម្អិតទៅលើភាពល្អប្រសើរនៃតំបន់ និងភាពរងផលប៉ះពាល់ពីការអភិវឌ្ឍ ដើម្បីមានវិធានការការពារជាមុន ហើយខេត្តក៏គាំទ្រទៅលើគម្រោងនេះផងដែរ”។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លោក សៅ សារ៉ន បានមានប្រសាសន៍ថា ការរៀបចំឱ្យមានផ្ទះស្នាក់នៅនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរដែលមានបំណងចង់ស្នាក់នៅកម្សាន្តក្នុងរមណីយដ្ឋាននេះ ដោយសាររមណីយដ្ឋានទេទឹកពុះ មានទឹកក្តៅបែបធម្មជាតិ និងមានអ្នកមានជំនឿខ្លះជឿថាដោយគ្រាន់តែត្រាំទឹក អាចព្យាបាលជំងឺជាច្រើនមុខ ដូចជាជំងឺសើស្បែក កន្តួលរមាស់ ជំងឺលើសឈាម ទឹកនោមផ្អែមជាដើម ដែលនេះជាជំនឿមានតាំងពីបុរាណមកម៉្លេះ ។

លោកបានបញ្ជាក់ថា “បច្ចុប្បន្ន រមណីយដ្ឋានទេទឹកពុះមានត្រឹមតែកញ្ចុះសម្រាប់អង្គុយលេងបរិភោគអាហារ និងទីតាំងទឹកក្តៅធម្មជាតិតែប៉ុណ្ណោះ ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរនៅមានកម្រិតនៅឡើយ”។ លោកបានបន្តថា “គម្រោងនេះមានការចូលរួមសហការពីអាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត ដោយមានបែបចែកទៅមានជំនាញនីមួយៗ ។ មន្ទីរមានគម្រោងរៀបចំសហគមន៍នេះធ្វើឱ្យមាន Home stay ដែលហៅថាផ្ទះស្នាក់នៅ និងមានកន្លែងហូបឆ្ងាញ់ៗ ហើយការរៀបចំនេះ គឺយើងមានការសហការជាមួយមន្ទីរជាច្រើន ពាក់ព័ន្ធជាមួយនឹងមន្ទីរបរិស្ថាន មន្ទីរអភិវឌ្ឍន៍ជនបទ ដោយមន្ទីរអភិវឌ្ឍន៍ជនបទចូលរួមផងដែរ”៕

សម្ដេច​តេ​ជោ ៖ តាមរយៈ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី នឹង​ជួយ​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​បន្ថែមទៀត

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​នឹង​កាន់តែ​ទាក់ទាញ​បាន​ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស​កាន់តែច្រើន​ថែមទៀត ក្រោយពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​កសាង​រួចរាល់​នៅ​ឆ្នាំ២០២៣ខាងមុខនេះ។

នៅក្នុង​ឱកាស​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ដោយ​បង្ហាញ​ពី​ក្ដី​រំពឹង​ប្រកបដោយ​ភាព​ជឿជាក់ថា នឹង​ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ចកម្ពុជា​បាន​កាន់តែ​ប្រសើរ និង​ផ្តល់​ទំនុកចិត្ត​ដល់​បណ្តា​អ្នកវិនិយោគ​អន្តរជាតិ​បាន​កាន់តែច្រើន។

សម្តេច​តេ​ជោ បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា បន្ទាប់ពី​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​មួយ​នេះ​ត្រូវបាន​បញ្ចប់​ដាក់ឱ្យ​ដំណើរ​ជា​ផ្លូវការ ក្រៅពី​អាចជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ទាំង​ក្នុង និង​ក្រៅ​ស្រុក ថែមទាំង​អាចមាន​លទ្ធភាព​ក្នុងការ​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ ជាពិសេស​វិនិយោគិន​មកពី​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ផងដែរ ខណៈដែល​បច្ចុប្បន្ន​លទ្ធ​ផល​នៃ​ការសាងសង់​បាន​ប្រមាណ​ជាង៣០ភាគរយ។

ជាមួយគ្នានេះ សម្ដេច​តេ​ជោ ក៏បាន​កោតសរសើរ​ដ​ល់​គណៈកម្មការ​សាងសង់​ដែល​បាន​ប្រឹងប្រែង​សម្របសម្រួល ដោះស្រាយ​បញ្ហាផ្សេងៗ ដើម្បី​សម្រួល​ដល់​ការសាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ ហើយក៏​ជាការ​រួមចំណែក​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​វិបត្តិ​ការងារ​ដោយសារ​ជំងឺ Covid-19 ផងដែរ ហើយ​នេះ​ក៏​ជា​គោលដៅ​មួយ​សំខាន់​សម្រាប់​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ២០៥០ ក្នុងការ​បំពេញតម្រូវកា​រ។

នៅ​ក្នុងឱកាស​ជាមួយគ្នានេះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់ថា ក្រោយពី​ការស្ថាបនា​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ខេត្តកណ្ដាល​នេះ​រួចរាល់ ព្រលានយន្តហោះ​ចាស់ ពោធិ៍ចិនតុង គឺ​រក្សាទុក​នៅ​ដដែល តែ​អាច​ប្រែក្លាយ​គោលដៅ​ប្រើប្រាស់ ដូចជា ទី១) ជា​ព្រលាន​យន្ត ហោះ​សម្រាប់​កងទ័ព ទី២) ប្រើ​សម្រាប់​ការហោះហើរ​ផ្ទៃក្នុង ទី៣) ប្រើ​សម្រាប់​ការដឹកជញ្ជូន ទំនិញ​គ្រប់​ប្រភេទ និង​ទី៤ ប្រើ​សម្រាប់​ភ្ញៀវ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្លូវការ។

ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ព្រំប្រទល់​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល និង​ស្រុក​បាទី ខេត្តតាកែវ  នេះ​គឺជា​ប្រភេទ​ព្រលានយន្ដហោះ 4F ដែល​អាចឱ្យ​យន្តហោះធំៗ ដូចជា Airbus A380-800 និង Boeing 747-800 ចុះចត​បាន។ ព្រលានយន្តហោះ​ថ្មី​នេះ សាងសង់​លើ​ផ្ទៃដី​ទំហំ ប្រមាណ ២,៦០០ហិកតា ក្រោម​ការវិនិយោគ​ដោយ​ក្រុមហ៊ុន OCIC ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១,៥០០លាន​ដុល្លារ​អាម៉េរិក ។តាមរយៈ​វត្តមាន​ព្រលានយន្តហោះ​អន្តរជាតិ​មួយ​នេះ អាច​ទទួល​អ្នកដំណើរ​បាន​ប្រមាណ១៣លាន​នាក់​នៅ​ឆ្នាំ២០៣០ ហើយ​អាច​ទទួល​អ្នកដំណើរ៣០លាន​នាក់ នៅ​ឆ្នាំ២០៥០ ៕

ផ្សារ​ប្រវត្តិសាស្ត្រ​ខ្មែរ​នៅ​ទីក្រុង​ហូជីមិញ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍

ដោយ ប៊ី

ភ្នំពេញ៖ មាន​អាយុកាល​ជាង​កន្លះ​សតវត្ស ទីផ្សារ​ប្រពៃណី​របស់​កម្ពុជា​នៅ​ទីក្រុង​ហូជីមិញ​បាននិងកំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជា​យូរ​មកហើយ​ជាមួយនឹង​តម្លៃ​សមរម្យ។

លាក់ខ្លួន​នៅ​ខាងក្នុង​អា​ឡី ៣៧៤/៥១ ផ្លូវ Le Hong Phong សង្កាត់ ១០នៅក្នុង​ប្រទេស​វៀតណាម ផ្សារ​កម្ពុជា ដែល​ហៅថា​ផ្សារ Le Hong Phong គឺអាច​ចូល​បាន​ដោយ​ថ្មើរជើង ឬ​ម៉ូតូ។ មាន​ណែនាំ​ថា អ្នក​ចត​យានយន្ត​របស់​អ្នក​នៅ​ជិត​ច្រកទ្វារ​ក្នុងតម្លៃ ៥.០០០ ដុង​ដល់ ១០,០០០ ដុង (០,២ ឬ០,៤ ដុល្លារ) ។

អាជីវករ​ខ្មែរ វៀតណាម​បាន​ស្នាក់នៅ​ក្នុងប្រទេស​វៀតណាម​អស់​ជាច្រើន​ទសវត្ស​មកហើយ ដោយបាន​ភៀសខ្លួន​ទៅ​នៅ​ទសវត្ស​ឆ្នាំ ១៩៧០ ដោយសារ​សង្គ្រាមស៊ីវិល។

លោកស្រី Ngo Thi Bach Cuc អាយុ ៦៣ ឆ្នាំ នៅតែ​ចាំ​ពីថ្ងៃ ដែល​លោកស្រី​ដើរ​តាម​ម្តាយ និង​បងប្អូន​ស្រី​របស់​លោកស្រី ឆ្លងកាត់​ព្រំដែន ដើម្បី​តាំងទី​លំនៅ​ក្នុង​តំបន់​ផ្សារ ដែល​ស្ងាត់ស្ងៀម។ លោកស្រី​គឺជា​អ្នកលក់​ជំនា​ន់ទី ២ ម្នាក់​នៅក្នុង​ទីផ្សារ​នេះ។

មុន​ឆ្នាំ ១៩៧៥ ផ្លូវ Le Hong Phong ត្រូវបាន​គេ​ដាក់ឈ្មោះថា Pétrus Ký ។ នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៤០ ដល់​ដើម​ទសវត្ស ១៩៥០ ឡានក្រុង​ពី​ទីក្រុង​ហូ​ជី​មី​ញ​ទៅកាន់​តំបន់​ជាច្រើន​នៃ​ប្រទេស​វៀតណាម​បាន​ប្រមូល​ផ្តុំគ្នា​នៅទីនេះ មុនពេល​ចាប់ផ្តើម​ចេញដំណើរ។ ពាណិជ្ជករ​រកឃើញ​ឱកាសល្អ​ជួល​ផ្ទះនៅក្បែរៗនេះ​ជា​បន្តបន្ទាប់។

អ្នកស្រី Gai អាយុ ៥៧ ឆ្នាំ​ដែល​បើក​តូប​លក់​ភេសជ្ជៈ​ពេលយប់​បាន​និយាយថា “ផ្ទះ​ខ្លះ​បម្រើ​ជា​កន្លែង​ស្តុក​ទុក។ ក្រោយមក​ផ្លូវ Ho Thi Ky មាន​ភាពល្បីល្បាញ​ដោយសារ​ផ្កា​ដា​ឡា​ត់។ ផ្លូវ Ho Thi Ky ក៏មាន​នៅក្នុង​ស្រុក ១០ ដែរ​គឺជា​មធ្យោបាយ​មួយ​ផ្សេងទៀត ដើម្បី​ចូលមក​ទីផ្សារ​កម្ពុជា។

មានតែ​អាជីវកម្ម​ខ្នាតតូច​ចំនួន ១០ ប៉ុណ្ណោះ​នៅទីនេះ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៨០ ។ នៅ​ឆ្នាំ ១៩៨៨ គ្រួសារ​ជាង ៩០ គ្រួសារ​នៅ​ជុំវិញ​ផ្សារ Le Hong Phong លក់​ផ្កា។ ចំនួន​នេះ​បាន​កើន​ឡើងដល់​ជាង ១០០ គ្រួសារ។

ត្រីងៀត​ប្រពៃណី, គៅ​ងៀត, នំ​បញ្ចុក (ទឹក​សម្ល​ខ្មែរ) ចេក​ដុត​នំ​និង​ស៊ុប​ផ្អែម​របស់​កម្ពុជា​គឺជា​ការទាក់ទាញ​ទីផ្សារ​ពេញនិយម​នៅទីនេះ៕

តើ​ក្រុមហ៊ុន​អន្តរជាតិល្បីៗមកពី​ប្រទេស​ណាខ្លះ​ចូលរួម​សាងសង់​ព្រលានយន្តហោះ​អន្តរ​ភ្នំពេញ​ថ្មី?

ដោយ វុត្ថា

ភ្នំពេញ៖ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលមាន​ចម្ងាយ​ពី​ភ្នំពេញ ២០ គីឡូម៉ែត្រ​ដែល​ស្ថាបនា​លើដី​ទំហំ ប្រមាណ ២ ៦០០ ហិកតា មាន​បណ្តោយ ប្រមាណ ៦ គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ ៤ គីឡូម៉ែត្រ ។ គម្រោង​សាងសង់​នេះ​មាន ៣ដំណាក់កាល ដោយ​ដំណាក់កាល​ទី ១ នឹង​រួចរាល់​នៅ​ឆ្នាំ២០២៣ ខាងមុខនេះ។

លោក ពុង ឃាវ​សែ ជា​ម្ចាស់​គម្រោង​វិនិយោគ​លើ​អាស​កាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​បានឱ្យដឹងថា សម្រាប់​ការ​រចនា​ប្លង់ ត្រូវបាន​គូរ​ដោយ​ក្រុមហ៊ុន Foster and Partners របស់​ចក្រភព​អង់គ្លេស ដោយ​ប្រើប្រាស់​ពេល ១ឆ្នាំ ២ ខែ​ដោយ​បញ្ចប់​នៅ​ខែតុលា​ឆ្នាំ ២០១៩ ហើយ​ក្រុមហ៊ុន​ដែល​ឈ្នះ​ក្នុងការ​ដេញថ្លៃ​សាងសង​សង់​គឺ​ក្រុមហ៊ុន​ចិន China Construction Division 3 ក្នុង​ទំហំ​ទឹកប្រាក់ ៥៩៥លាន​ដុល្លារ​អាមេរិក ។

លោក​បន្តថា ”តំបន់​ហោះហើរ​របស់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន Eric  របស់​ចិន និង​បានបញ្ចប់​នៅក្នុង​ខែមិថុនា​នេះ នឹងត្រូវ​ដាក់​ដេញថ្លៃ នៅ​ខែសីហា​ខាងមុខ” ។

លោក​បន្ថែមថា “កម្ពុជា​បាន​អញ្ជើញ​ក្រុមហ៊ុនល្បីៗជាច្រើន​ចូលរួម​រចនា ពិគ្រោះ និង​ពិភាក្សា​យោបល់​ដើម្បី​គាំទ្រ​នូវ​ប​ច្ចុក​ទេស​គម្រោង​សាងសង់​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​ដែល​រួមមាន​មកពី​ប្រទេស​អង់គ្លេស ចិន សឹង្ហ​បុរី ហូរឡង់ និង​កូរ៉េខាងត្បូង​ជាដើម ក្នុងការ​ធ្វើ​នូវ​ផែនការមេ គ្រប់គ្រង​គម្រោង ត្រួតពិនិត្យ​បច្ចេកទេស ផែនការ​ពាណិជ្ជកម្ម និង​រចនា​ប៉ម​ត្រួតពិនិត្យ​ចរាចរណ៍​តាមផ្លូវ​អាកាសចរណ៍” ។

អ្នកឧកញ៉ា​ពុង ឃាវ​សែ បញ្ជាក់ទៀតថា អាកាសយានដ្ឋាន​អន្តរ​ភ្នំពេញ​ថ្មី​នេះ បន្ទាប់ពី​សាងសង់​រួច នឹងមាន​សមត្ថភាព នៅ​ក្នុ​ឆ្នាំ ២០២៣ អាច​ទទួល​អ្នកដំណើរ ១៣លាន​នាក់ នៅ​ឆ្នាំ២០៣០ អាច​ទទួល​អ្នកដំណើរ ៣០លាន​នាក់ និង​នៅ​ឆ្នាំ២០៥០ អាច​ទទួល​អ្នកដំណើរ ៥០លាន​នាក់។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សង្ឃឹមថា កម្ពុជា​នឹង​កាន់តែ​ទាក់ទាញ​បាន​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​កាន់ តែ​ច្រើន ថែមទៀត ក្រោយពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​សាងសង់​រួចរាល់​នាពេល​ខាងមុខនេះ ខណៈ​ព្រលានយន្តហោះ​នេះ ស្ថិតនៅ​ខេត្តកណ្ដាល និង​តាកែវ​ដែលមាន​ចម្ងាយ​ប្រមាណ​ជា២០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​នោះ។

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ១៥០០លាន​ដុល្លារ ដែលជា​ប្រភេទ 4F គឺ​ប្រភេទ​ព្រលានយន្តហោះ​ធំ ដែល​អាច​នឹង​ស្រូបយក និង​ទទួលបាន​ការហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប ដែល​អាច​ឲ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចត​បាន។ ក្រុមហ៊ុន​វិនិយោគ​មាន​ម​ហិ​ច្ឆិ​តា អភិវឌ្ឍន៍​ជា​ព្រលាន​យន្ត ហោះ​ថ្មី​នេះ​ឲ្យ​ធំ និង​ទំនើប​ជាងគេ​នៅ​តំបន់​អាស៊ី៕

ចំណេះដឹង! តើ​ជនបរទេស​ត្រូវ​បំពេ​ល​លក្ខខណ្ឌ​អ្វីខ្លះ​ដើម្បី​ស្នើសុំ​សញ្ជាតូបនីយកម្ម?

ដោយ ​វុត្ថា

ភ្នំពេញ៖ ជនបរទេស​ដែល​អាច​សុំ​សញ្ជាតូបនីយកម្ម​បាន ត្រូវបំពេញ​លក្ខខណ្ឌ​ដូចតទៅ ៖ ត្រូវមាន​លិខិត​បញ្ជាក់ថា មានគំនិត​មារយាទ​និង​សីលធម៌​ល្អ ត្រូវមាន​លិខិត​ថ្កោលទោស​បញ្ជាក់ថា ពុំដែល​មានទោស​ពីបទ​ព្រហ្មទណ្ឌ​ណាមួយ​ជន​នោះ​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់​នៅជាប់​ចំនួន ៧ ឆ្នាំ ដោយ​គិតពី​ថ្ងៃ​ដែល​បានទទួល​បណ្ណ​ស្នាក់នៅ ចេញ​ឲ្យ​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​ត្រូវមាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​បណ្ណ​ស្នាក់នៅ​ដែល​ចេញ​ឲ្យ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ នៅពេល​ដាក់​ពាក្យសុំ​ស​ញ្ជា​តូប​នី​កម្ម ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរខ្លះ។

ជនបរទេស​នោះ​ត្រូវ​បង្ហាញ​ភស្តុតាង​ច្បាស់​ថា ខ្លួន​អាច​រស់នៅ​ក្នុងសង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួលបាន​នូវ​ទំនៀមទម្លាប់ និង​ប្រពៃណី​ល្អ​របស់​ខ្មែរ​ត្រូវមាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ។

ចំពោះ​ជនបរទេស​ដែល រស់នៅ​ដោយ​ស្របច្បាប់​នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​អស់​រយៈពេល ៧ឆ្នាំ អាចដាក់​ពាក្យ​ចូល​ជា​សញ្ជាតិ​ខ្មែរ​បាន តាមរយៈ​សញ្ជាតូបនីយកម្ម ដោយ​ថែមទាំង​ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​ដែល​ច្បាប់​តម្រូវ​ទើប​អាច​ទទួល​សញ្ជាតិ​ខ្មែរ​បាន។ បន្ថែម​ជាងនេះទៅទៀត ចំពោះ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ណា​ដែល​កើត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​ស្នាក់​នៅជាប់​ចំនួន ៧ឆ្នាំ ត្រូវ​បន្ថយ​មក​នៅ ៣ឆ្នាំ​វិញ ។

រីឯ ជនបរទេស​ដែល​បានទទួល​លិខិតអនុញ្ញាត​ឲ្យ​វិនិយោគ​ត្រឹមត្រូវ​តាមច្បាប់ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច (ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា) ហើយ​បាន​ចំណាយ​ទុន​អនុវត្ត​គម្រោង​វិនិយោគ​ជាក់ស្តែង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជនបរទេស​នោះ​អាចដាក់​ពាក្យ​សុំចូល​សញ្ជាតូបនីយកម្ម​បាន ក្នុងករណី​ជនបរទេស​នោះបាន​បំពេញ​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​ចំណុច​ទី១ ទី២ ទី៤ ទី៥ និង​ទី៦ មាត្រា ១៩នៃ​ច្បាប់​នេះ និង​បាន​ស្នាក់នៅ​ស្របច្បាប់​យ៉ាងហោច​រយៈពេល ១២ខែ ពេញលេញ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ចំនួន​ទឹកប្រាក់ វិស័យ​អាទិភាព និង​ប្រភេទ​គម្រោង វិនិយោគ ព្រមទាំង​លក្ខខណ្ឌ​ផ្សេងទៀត ត្រូវ​កំណត់ដោយ​អនុក្រឹត្យ។

ជនបរទេស​ណា ដែល​បានធ្វើ​អំណោយ​ជា​សាច់ប្រាក់​ដល់​ថវិកាជាតិ សម្រាប់​ជា​ផលប្រយោជន៍​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ឬ​វិស័យ​មនុស្សធម៌​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជនបរទេស​នោះ​អាចដាក់​ពាក្យសុំ​ចូលសញ្ជាតិ​ខ្មែរ​បាន ក្នុងករណី​ដែល​ជន​នោះបាន​បំពេញ​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​ចំណុច​ទី១ ទី២ ទី៤ និង​ទី៦ មាត្រា ១៩ នៃ​ច្បាប់​នេះ និង​បាន​ស្នាក់នៅ​ស្របច្បាប់​យ៉ាងហោច​រយៈពេល ៦ខែ​ពេញលេញ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ចំនួន​ទឹកប្រាក់​អំណោយ​ជា​សាច់ប្រាក់​ដល់​ថវិកាជាតិ ឬ​វិស័យ​មនុស្សធម៌​ត្រូវ​កំណត់ដោយ​អនុក្រឹត្យ។

បន្ថែម​ជាងនេះទៅទៀត ចំពោះ​ជនបរទេស​ដែល​បានបង្ហាញ​នូវ​ភស្តុតាង​ថា បានផ្តល់​គុណសម្បត្តិ​ពិសេស ឬ​ថ្វីដៃ​ពិសេស​អ្វីមួយ​ជា​ប្រយោជន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា និង​បានទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាចដាក់​ពាក្យស្នើសុំ​ចូល​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម ៕

CBRE៖ អ្នកវិនិយោគអចលនទ្រព្យពាណិជ្ជកម្មគ្រោងចូលមកក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកវិញ

ដោយ ហ្សូលី

ភ្នំេពញ៖ ដោយសារតែការបិទទ្វារនៅក្នុងប្រទេសភាគច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានឈានដល់ទីបញ្ចប់ វិនិយោគិនអចលនទ្រព្យពាណិជ្ជកម្មកំពុងផ្លាស់ប្តូរបន្តិចម្តងៗ ពីការគ្រប់គ្រងទ្រព្យសម្បត្តិនិងការជួលរធ ដើម្បីធ្វើផែនការការចូលទីផ្សារម្តងទៀត។ នេះបើយោងតាមរបាយការណ៍ទស្សនៈទីផ្សារមូលធនរបស់ CBRE ដែលមានចំណងជើងថា“ ឱកាសទិញថ្មីដែលធ្វើឱ្យវិនិយោគិនមានផលចំណេញ” ។

ទោះយ៉ាងណា ទស្សនៈអចលនទ្រព្យត្រូវបានផ្លាស់ប្តូរក្នុងរយៈពេលដ៏ខ្លីដោយសារតែការរីករាលដាលនៃជំងឺ Covid-19 មូលដ្ឋានគ្រឹះទីផ្សារអចលនទ្រព្យដែលកំពុងកើនឡើង ការបង្កើនល្បឿននៃការផ្លាស់ប្តូររចនាសម្ព័ន្ធសំខាន់ៗមួយចំនួន និងការធ្លាក់ចុះសេដ្ឋកិច្ចដំបូងនៅក្នុងតំបន់ក្នុងរយៈពេល ៤០ ឆ្នាំ នឹងតម្រូវឱ្យវិនិយោគិនទទួលយកយុទ្ធសាស្រ្តខុសគ្នាខ្លាំង។

CBRE បានរកឃើញនូវចំណូលចិត្តរបស់អ្នកទិញរួចទៅហើយ សម្រាប់ទ្រព្យសម្បត្តិដែលមានគុណភាពខ្ពស់ ការវិនិយោគស្នូល និងភាពឧស្សាហ៍ព្យាយាម ដោយសារតែវិនិយោគិនសម្លឹងមើលការបង្កើតលំហូរសាច់ប្រាក់ប្រកបដោយស្ថេរភាពនិងអាចទុកចិត្តបាន។

វិនិយោគនឹងវិលមកវិញក្នុងរយៈពេល ៣ ទៅ ៦ ខែខាងមុខដែលបង្ហាញពីការកើនឡើងជាលំដាប់នៃចំនួនប្រតិបត្តិការនៅត្រីមាសខាងមុខ។ ទោះបីវិនិយោគិនប្រយ័ត្នប្រយែង ក៏បរិមាណវិនិយោគហាក់ដូចជាមិនវិលត្រឡប់ទៅរកកម្រិតធម្មតាមទេ រហូតដល់ពាក់កណ្តាលឆ្នាំ ២០២១។

នៅពេលតម្លៃកាន់តែមានភាពទាក់ទាញនិងការវាយតំលៃត្រូវបានធ្វើបច្ចុប្បន្នភាព CBRE រំពឹងថា អ្នកទិញនឹងស្វែងរកឱកាសធ្វើពាណិជ្ជកម្ម។ ខណៈដែលភាពមិនស៊ីគ្នានៃការរំពឹងតម្លៃអាចរារាំងដល់កិច្ចព្រមព្រៀងមួយចំនួន ក៏CBREរំពឹងថានឹងមានការកើនឡើងនៃអ្នកលក់ (ពាក់កណ្តាលនៃឆ្នាំ ២០២០) ដែលត្រូវបានជំរុញដោយតម្រូវការសាច់ប្រាក់ងាយ ការផុតកំណត់មូលនិធិ និងសម្ពាធនៃការរំដោះសាច់ប្រាក់។

ការរាតត្បាតនេះបានជះឥទ្ធិពលទៅលើការប្រកបការងារ និងផ្លាស់ប្តូរទម្លាប់នៃការទិញរបស់មនុស្ស ដែលនាំឱ្យមានការកើនឡើងនៃការកាន់កាប់ទ្រព្យសម្បត្តិជាក់លាក់។ វិនិយោគិនក៏នឹងប្រើប្រាស់ចិត្តសាស្រ្តនៅពេលអនាគត ដើម្បីមានឥទ្ធិពលនៅលើតម្រូវការផងដែរ៕

កម្ពុជា នឹងពិភាក្សាជាមួយថៃនៅថ្ងៃស្អែកដើម្បីបើកច្រកអន្តរជាតិប៉ោយប៉ែត

ដោយវុត្ថា

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី នឹងជួបពិភាក្សាគ្នាជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ដើម្បីស្នើបើកច្រកអន្ដរជាតិប៉ោយប៉ែត-ខ្លងលឹក ឡើងវិញ បន្ទាប់ពីបិទការចេញចូលមួយរយៈពេលកន្លងមកនេះ ដោយសារព្រួយបារម្ភពីការឆ្លងជំងឺ Covid-19។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានដាក់សំណើរទៅកាន់ភាគីថៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ បានកំណត់ដើម្បីសុំជួបពិភាក្សាគ្នា នៅទីស្នាក់ការគយ ស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ដើម្បីបើកច្រកទ្វារព្រំដែនអន្ដរជាតិ ប៉ោយប៉ែត-ខ្លងលឹក។

ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ត្រូវភាគីកម្ពុជា-ថៃ សម្រេចរួមគ្នាបិទជាបណ្ដោះអាសន្ននូវការចេញចូល លើកលែងតែការចរាចរទំនិញរថយន្ដធុនធំប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ Covid-19។ អាជ្ញាធរខេត្តសាកែវបានសម្រេចបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ២៣ ខែមីនា នូវច្រកទ្វារព្រំដែនកម្ពុជា-ថៃគ្រប់កំរិតដែលស្ថិតក្នុងដែនដីខេត្តសាកែវ រួមមាន៖

ក-ច្រកទ្វារអន្តរជាតិចំនួន ២ ទីតាំង៖
១.ច្រកទ្វារអន្តរជាតិប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ)-ខ្លងលឹក(ខេត្តសាកែវ)៖ រាល់ចរាចរណ៍ឆ្លងកាត់ច្រកនេះនឹងត្រូវបានបិទជាបណ្តោះអាសន្ន លើកលែងតែទំនិញដែលទទួលបានការអនុញ្ញាត អ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាតនិងបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពដោយសមត្ថកិច្ចថៃត្រឹមត្រូវ។

២.ច្រកអន្តរជាតិភ្នំដី(ខេត្តបាត់ដំបង)-បានខៅឌីន(ខេត្តសាកែវ)៖ រាល់ចរាចរណ៍ឆ្លងកាត់ច្រកនេះនឹងត្រូវបានបិទជាបណ្តោះអាសន្នទាំងស្រុង។

ខ-ច្រកទ្វារតំបន់ចំនួន 2 ទីតាំង៖ ច្រកបឹងត្រកួន(ខេត្តបន្ទាយមានជ័យ)-តាប្រាយ៉ា(ខេត្តសាកែវ) និង ច្រកម៉ាឡៃ(ខេត្តបាត់ដំបង)-បានណងព្រឺ(ខេត្តសាកែវ)។ រាល់ចរាចរណ៍ឆ្លងកាត់ច្រកទាំងពីរនេះនឹងត្រូវបានបិទទាំងស្រុង។

គ-ច្រកទ្វារទ្វេភាគីចំនួន 15 ទីតាំង រវាងខេត្តសាកែវ-ខេត្តបន្ទាយមានជ័យ និងរវាងខេត្តសាកែវ-ខេត្តបាត់ដំបង នឹងត្រូវបានបិទទាំងស្រុង។

ជាមួយគ្នានេះ ក្នុងគោលដៅកាត់បន្ថយនិងរាំងខ្ទប់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះដែរ អាជ្ញាធរថៃនៃបណ្តាខេត្តដែលជាប់ព្រំដែនជាមួយកម្ពុជា រួមមាន ខេត្តឧប៊ុនរាជធានី ខេត្តស៊ីសាកេត ខេត្តបុរីរ៉ាំ ខេត្តច័ន្ទបុរី និងខេត្តត្រាត ក៏បានដាក់ចេញនូវវិធានការបិទជាបណ្តោះអាសន្នរាល់ចរាចរណ៍ឆ្លងកាត់ច្រកព្រំដែនកម្ពុជា-ថៃផងដែរ៕

គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស៥០០ហិកតា របស់ក្រុមហ៊ុនកាណាឌីយ៉ា កំពុងជម្រុញឱ្យចរន្តដីធ្លីនៅផ្លូវ៥១ និងឧដុង្គ មានតម្រូវការខ្ពស់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ថែមពីលើគម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងវិស័យឧស្សាហកម្ម ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងគម្រោងអភិវឌ្ឍន៍បណ្តុំលំនៅឋានបែបទាន់សម័យ បច្ចុប្បន្ន វិស័យដីធ្លីនៅតំបន់ផ្លូវ៥១ និងតំបន់ឧដុង្គ ត្រូវបានគេមើលឃើញថាកំពុងតែមានសកម្មភាពទិញ-លក់យ៉ាងសកម្ម ពិសេស ក្រោយមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើទំហំដី ៥០០ហិកតា របស់អ្នកឧកញ៉ា ពុង ឃាវសែ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា តំបន់ប៉ែកខាងតំបន់ឧដុង្គ ភ្ជាប់ពីផ្លូវជាតិលេខ៥១ គឺមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលស្ថិតនៅក្នុងប្លង់គោលរបស់រាជរដ្ឋាភិបាលលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ បន្ថែមពីលើគម្រោងអភិវឌ្ឍន៍របស់វិស័យឯកជន។

លោកបានបញ្ជាក់ថា “គម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុងប្លង់គោលរបស់រដ្ឋាភិបាលនៅផ្លូវជាតិ៥១ ឆ្ពោះទៅកាន់តំបន់ឧដុង្គ ភ្ជាប់ផ្លូវជាតិលេខ៥ នឹងចាប់ផ្ដើមបង្ហាញរូបរាងជាបណ្តើរៗ ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យឧស្សាហកម្មរោងចក្រ ស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្តន៍”។ លោកបន្ថែមថា “តាមគោលការណ៍របស់រដ្ឋាភិបាល នឹងបង្វែររោងចក្រចេញពីក្រុងភ្នំពេញ ទៅតាំងនៅតំបន់ជាយក្រុងតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដែលក្នុងនោះតំបន់ផ្លូវជាតិលេខ៥១ ប៉ែកខាងឧដុង្គ គឺស្ថិតនៅក្នុងតំបន់ដែលមានអាទិភាព និងមានសក្ដានុពលក្នុងរយៈពេលយូរ ដោយសារតែកត្តាភូមិសាស្ត្រ មានអំណោយផលលើការដឹកជញ្ជូន”។

អ្វីដែលកាន់តែបង្កលក្ខណៈពិសេសនៅប៉ែកខាងតំបន់ឧដុង្គ និងផ្លូវ៥១ ក្រុមហ៊ុនមហាសេដ្ឋីប្រចាំកម្ពុជា កាណាឌីយ៉ា ដែលមានអ្នកឧកញ៉ា ពុង ឃាវសែ ជាម្ចាស់ បានបង្ហាញពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើទំហំដី ៥០០ហិកតា ដែលកាន់តែជួយជម្រុញឱ្យតំបន់នេះមានសក្ដានុពលខ្ពស់ និងជះឥទ្ធិពលទៅលើវិស័យដីធ្លី និងលំនៅដ្ឋានផងដែរ។

ស្រដៀងគ្នានេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ថា បើប្រៀបធៀប តំបន់ផ្លូវ៥១រហូតដល់តំបន់ឧដុង្គ គឺមានភាពល្អប្រសើរជាងតំបន់ផ្លូវ៤១ ដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរ និងមានប្រជាជនរស់នៅរួចទៅហើយ ហើយ ឧដុង្គ ក៏ជាតំបន់ទេសចរណ៍វប្បធម៌ ដែលមានកេរ្តិ៍ឈ្មោះប្រចាំតំបន់ស្រាប់។

លោកបានបញ្ជាក់ថា “នៅពេលមានគម្រោងអភិវឌ្ឍន៍កាន់តែច្រើន ជាពិសេសវិស័យឧស្សាហកម្ម វានឹងជម្រុញឱ្យការអភិវឌ្ឍលើវិស័យលំនៅដ្ឋានកើតមានឡើង ដែលជាកត្តាធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ដីកើតមាន ហើយតម្លៃដីធ្លីក៏កើនឡើងខ្ពស់ផងដែរ”។ លោកបញ្ជាក់ថា “សម្រាប់ពេលនេះ វានៅតែជាឱកាសសម្រាប់អ្នកវិនិយោគក្នុងវិស័យដីធ្លី និងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមនៅឡើយ ដោយសារតែតែតម្លៃដីនៅមានកម្រិតនៅឡើយ”។

នាយកគ្រប់គ្រងទីផ្សារក្រុមហ៊ុន វិមាន អចលនទ្រព្យ លោក សំ ថាវី បានមានប្រសាសន៍ឱ្យដឹងផងដែរថា បច្ចុប្បន្នមានក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកជាច្រើន បាន និងកំពុងមានសកម្មភាពយ៉ាងមមាញឹកទៅគម្រោងរបស់ខ្លួន ដែលនៅក្នុងរួមមានការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យសម្រាប់ស្នាក់នៅ និងបង្កើតអាជីវកម្ម ការសាងសង់លំនៅដ្ឋានសម្រាប់ជួលដល់កម្មករ-កម្មការិនីរោងចក្រ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ពុះដីឡូតិ៍ផងដែរ។

លោក សំ ថារី បានបញ្ជាក់ថា “ទាំងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ជាពិសេសគម្រោងដីឡូតិ៍ គឺមានសកម្មភាពទិញលក់យ៉ាងច្រើន។ ជាក់ស្ដែង គម្រោងរបស់ក្រុមហ៊ុន វិមាន អចលនទ្រព្យ ដែលខ្ញុំកំពុងកាន់សព្វថ្ងៃនេះ គឺមានអតិថិជនជាច្រើនគាំទ្រ ដោយសារតែទីតាំងរបស់គម្រោងស្ថិតកន្លែងមានសក្ដានុពល ដែលហ៊ុព័ទ្ធទៅដោយលំនៅឋានរបស់ប្រជាជន មានរោងចក្រ សហគ្រាស រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដែលនឹងត្រូវសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ”។

លោកបន្តទៀតថា “ចំពោះអតិថិជនដែលគាំទ្រគម្រោង មានអ្នកខ្លះទិញសម្រាប់សាងសង់លំនៅដ្ឋានស្នាក់ជាកម្មសិទ្ធិ ហើយអ្នកខ្លះគាត់ទិញសម្រាប់ទុកវិនិយោគបន្តយកចំណេញនៅថ្ងៃខាងមុខ ដោយសារពួកគាត់បានដឹងពីគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ និងជុំវិញតំបន់ឧដុង្គ។ ពេលនេះតម្លៃដី គឺទាបជាងទីផ្សារនៅឡើយ ដែលជាឱកាសសម្រាប់អតិថិជនដែលបំណង់ចង់ទិញទុកវិនិយោគយកចំណេញ ហើយបើរង់ចាំបន្តិចទៀត តម្លៃអាចនឹងបន្តឡើងថ្លៃ ជាពិសេសក្រោយពេលសំណង់លំនៅឋាន រោងចក្រ សហគ្រាសនានា បង្ហាញខ្លួន”។

សម្រាប់ព័ត៌មានលម្អិតពីគម្រោង វិមាន អចលនទ្រព្យ លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទ ៖ ០៣១ ២២ ២២ ០៧១