ក្រុមហ៊ុនKnight Frankអះអាងថា យូនីតខុនដូនឹងកើនដល់ជិត៧០,០០០យូនីត ក្នុងរយៈពេល៣ឆ្នាំខាងមុខ

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនKnight Frank បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា ចំនួនយូនីតខុនដូ១៩២៣៦ នឹងកើនឡើងដល់៦៩.០៣៦ យូនីតក្នុងរយៈពេល៣ឆ្នាំខាងមុខ ដោយសន្និដ្ឋានថា រាល់គម្រោងដែលបានកត់ត្រាត្រូវបានបញ្ចប់ទាន់ពេលវេលា។

របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថា ការកើនឡើងតម្លៃដីធ្លីបន្តនឹងជំរុញការអភិវឌ្ឍឆ្ងាយពីកណ្តាលទីក្រុង និងអភិវឌ្ឍទៅជាតំបន់ផ្សេងទៀត ដូចជា ផ្នែកផ្សេងទៀតនៃខណ្ឌចំការមន ជ្រោយចង្វា សែនសុខ មានជ័យ និងទួលគោក។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដោយសារCOVID-19បានធ្វើឱ្យវិស័យជាច្រើន ពិនិត្យមើលចក្ខុវិស័យសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ២០២០និងឆ្នាំ២០២១។

យោងតាមតួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសកម្ពុជាបានព្យាករពីកំនើន​ផលិតផលក្នុងស្រុក សម្រាប់ឆ្នាំ២០២០ រំពឹងថានឹងធ្លាក់ចុះយ៉ាងហោចណាស់១ភាគរយ។

ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជាក៏បានរងផងប៉ះពាល់ ដោយសារការរីករាលដាលនៃការភ័យខ្លាចនេះ។

លោក Kam Chin Seng នាយកក្រុមហ៊ុន Peninsula Private Residences បានមានប្រសាសន៍ថា “យើងពិតជាទទួលបានផលប៉ះពាល់ខ្លាំងបំផុត ក្នុងអំឡុងខែមីនា និងមេសា”។ លោកបន្តថា “ការផ្លាស់ប្តូរឥរិយាបទទីផ្សារបានជម្រុញឱ្យអ្នកអភិវឌ្ឍន៍ ដូចជាក្រុមហ៊ុន Peninsula នេះផ្លាស់ប្តូរធនធានរបស់ពួកគេឱ្យឆ្ងាយពីការលក់ ហើយផ្ទុយទៅវិញសង្កត់ធ្ងន់ ទៅលើការបំពេញតម្រូវការរបស់អតិថិជនបច្ចុប្បន្នរបស់ពួកគេ”។

ខណៈពេលដែលមានការផ្លាស់ប្តូរជាក់ស្តែង នៅក្នុងទីផ្សារបច្ចុប្បន្ន នេះមិនមានន័យថា ការរីកចម្រើនលើការអភិវឌ្ឍន៍ថ្មីបានជាប់គាំងនោះទេ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន Knight Frank Cambodia ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកអចលនៈទ្រព្យអន្តរជាតិបានឱ្យដឹងថា មានការកើនឡើងចំនួន១០ភាគរយ នៃចំនួនខុនដូសរុបនៅក្នុងរាជធានីភ្នំពេញនៅចុងឆ្នាំ ២០១៩។

ឧទាហរណ៍គួរអោយកត់សំគាល់មួយ នៃគម្រោងដែលបានបញ្ចប់នាពេលថ្មីៗនេះគឺ One Park ដែលជាការអភិវឌ្ឍចម្រុះ ដែលមានទីតាំងស្ថិតនៅ សង្កាត់ពាណិជ្ជកម្មក ណ្តាលខណ្ឌ ដូនពេញ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Knight Frank សង្កាត់ចំការមននៅតែជាតំបន់ដែលប្រជាជនពេញចិត្ត និងពេញនិយមបំផុត ដោយសារតំបន់នេះស្ថិតនៅជិតតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មណាល និងតំបន់ពាណិជ្ជកម្មជាច្រើនទៀត ដែលជាលទ្ធផលមានចំណែកទីផ្សារសរុប៣៨ភាគរយ នៃការអភិវឌ្ឍខុនដូបច្ចុប្បន្ន។ បន្ទាប់ពីខណ្ឌចំការមន មានសែនសុខ ១៥% ខណ្ឌ៧ មករា១៣% បឹងកេងកង ១០% ជ្រោយចង្វារ ១០% និងទួលគោក ៦%។

របាយការណ៍ក៏បានកត់សម្គាល់ផងដែរ នូវការអភិវឌ្ឍក្រៅផែនការថ្មីចំនួន១៥ ដែលត្រូវបានដាក់ចេញនៅចុងឆ្នាំ២០១៩ ដោយមានការផ្តល់ជូនស្តង់ដារខ្ពស់ និងមធ្យម។ ការអភិវឌ្ឍនាពេលអនាគត ដ៏គួរឱ្យកត់សម្គាល់មួយ គឺវឌ្ឍនភាពគម្រោងអចលនទ្រព្យWealth Mansion ដែលមានកម្ពស់៤៥ជាន់នៅជ្រោយចង្វា ដោយផ្តល់នូវទេស​ភា​ពទឹកទន្លេបឹងទន្លេសាប និងនៅជាយក្រុងភ្នំពេញ៕

កម្ពុជា-ចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ដោយៈ រ៉ាណេត

ភ្នំពេញៈ ថ្នាក់ដឹកនាំកំពូលប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ ជាមួយទំហំទឹកប្រាក់ជាង៧លានដុល្លារ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលគេហទំព័រPropertyarea.asia ទើបទទួលបាននៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០២០នេះបានឱ្យដឹងថា នៅត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ឧបនាយករដ្ឋម ន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិកចិន ប្រចាំនៅកម្ពុជា នឹងអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០។

នៅក្នុងក្របខណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ខាងលើនេះ គម្រោងកម្ពុជាចំនួន២០ ត្រូវបានគាំទ្រ និងផ្ដល់មូលនិធិ ដែលមានទឹកប្រាក់ចំនួនជាង៧,២លានដុល្លារ ដែលភាគច្រើនគ្របដណ្ដប់ទៅលើសកម្មភាពនានាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍ធនធានមនុស្ស សន្ដិសុខតាមប្រព័ន្ធអ៊ីនធឺណែត ការកសាងសមត្ថភាពទេសចរណ៍ និងសេវាកម្ម បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ ជាដើម ។

កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង គឺជាយន្តការកិច្ចអនុតំបន់ថ្មី ដោយមានការប្រឹក្សាយោបល់ការចូលរួមចំណែក និងផលប្រយោជន៍រួមគ្នា រវាងបណ្តាប្រទេសនៅតាមបណ្តោយទន្លេមេគង្គ។ វាមានលក្ខណៈអំណោយផល ក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅអាស៊ាន និងលើកកម្ពស់សមាហរណកម្មអាស៊ានជាទូទៅ៕

ទឹកដោះគោម្សៅBalactan Premium Gold របស់ប្រទេសអេស្បាញបានឈាន ជើងចូលទីផ្សារកម្ពុជា

ដោយគង់ សូរិយា

        ភ្នំពេញៈ ផលិតផលម្សៅទឹកដោះគោម្សៅ Balactan Premium Goldជាផ​លិតផលប្រកបដោយគុណភាពខ្ពស់ ដែលផ្តល់ការលូតលាស់ដ៏ល្អសំរាប់ទារក និងកុមារបានឈានជើងចូលទីផ្សារកម្ពុជាហើយ។

លោកស្រីថេង សុខលី អគ្គនាយិកាក្រុមហ៊ុនMTSL Co, LtdដែលបាននាំចូលផលិតផលទឹកដោះគោBalactan បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២២ មិថុនានេះថា រោងចក្រផលិតម្សៅទឹកដោះគោនេះ បានផលិតឡើងដោយសំរិតសំរាំងបំផុត ដើម្បីផ្តល់ការលូតលាស់ដល់ទារក និងកុមារទាំងសតិបញ្ញាស្មារតី។ ផលិតផលនេះមានចំនួន៣ប្រភេទ សំរាប់ទារក និងកុមារដូចជា ទី១ ផលិតផលទឹកដោះគោ Balactan លេខ១ ប្រើប្រាស់សំរាប់កុមារចាប់ពី០ខែ រហូតដល់៦ខែ។ ទី២  Balactan លេខ2  ប្រើប្រាស់សំរាប់កុមារចាប់ពី៦ខែ រហូតដល់១២ខែ និងទី៣ Balactan លេខ៣ សំរាប់កុមារចាប់ពី ១២ខែ រហូតដល់៣៦ខែ។

លោកស្រីបន្តថា “ដោយសារខ្ញុំជាម្តាយ ដែលមានបុត្រចំនួន៤នាក់ ហេតុនេះការប្រើប្រាស់ផលិតផលអ្វីមួយ ខ្ញុំតែងតែយកចិត្តទុកដាក់បំផុត លើការលូតលាស់សុខភាព​ស្មារតីរបស់ពួកគេ ដូច្នេះហើយទើបខ្ញុំសម្រេចនាំចូលផលិតផលនេះមកកម្ពុជា ដើម្បីផ្តល់ជូនអ្នកម្តាយគ្រប់រូប នូវផលិតផលសំរាប់កូនចាទីស្រលាញ់របស់ពពួកគេ”។ លោកស្រីបន្តថា “ខ្ញុំក៏បានប្រើប្រាស់ផលិតផលBalactan Premium Gold ដើម្បីផ្តល់ការលូតលាស់ដល់កូនរបស់ខ្ញុំឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃផងដែរ”។

លោកស្រីថេង សុខលីបានបន្តថា ផលិតផលដែលផលិតនៅក្នុងសហគមន៍៍អឺរ៉ុប តែងតែផលិតឡើងប្រកដោយស្តង់ដាអនាម័យខ្ពស់បំផុត និងតែងតែគិតគូសុខភាពទារក​និងកុមារជាចម្បង ទើបការសម្រេចចិត្តយកផលិតផលនេះនាំចូលមក ដើម្បីសេចក្តីស្រ​លាញ់ ក៏ដូចជាផ្តល់ឲ្យកុមារដែលជាទំពាំងស្នងឬស្សីរបស់ជាតិយើង មានប្រាជ្ញាស្មារតីវាងវៃ និងសុខភាពល្អបរិបូរណ៍។

ក្រុមហ៊ុនMTSL Co, Ltdមាន អសយដ្ឋានស្ថិតនៅផ្ទះលេខ៤២B ផ្លូវ01 ឧកញ៉ាម៉ុងរិទ្ធី សង្កាត់ប៉ាយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ ពិសេសអ្នកម្តាយគ្រប់រូបដែលចង់បានបុត្រធីតាមានសុខភាពល្អ គួរឲ្យស្រលាញ់ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 087 924 777, 078 925 777៕

សម្ដេចតេជោអះអាងថា មិនមានគម្រោងប្រែក្លាយព្រលានយន្តហោះពោធិ៍ចិនតុង ទៅជាក្រុងរណបនោះទេ

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា បើទោះជាព្រលានអន្តរជាតិភ្នំពេញថ្មី ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការក៏ដោយ សម្រាប់ព្រលានយន្តហោះចាស់ពោធិ៍ចិនតុង នៅតែបន្តដំណើរការដដែលគ្មានគម្រោងវិនិយោគប្រែក្លាយជាទីក្រុងរណបនោះទេ។

ថ្មីៗនេះក្រោយដំណើរការបើកការដ្ឋានសាងសង់ ព្រលានយន្ដហោះអន្តរជាតិភ្នំ​ពេញថ្មី ដែលមានតម្លៃវិនិយោគ១៥០០លានដុល្លារនោះ មានការលើកឡើងដោយគ្មានប្រភពច្បាស់ការណ៍ថា ព្រលានយន្ដហោះចាស់ពោពិ៍ចិនតុង នឹងត្រូវបានធ្វើការអភិវឌ្ឍថ្មីជាមួយគម្រោងប្រែក្លាយ ទៅជាទីក្រុងរណបថ្មីមួយទៀតចំណុះរាជធានីភ្នំពេញ ដែលការលើកឡើងនេះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា “មិនមែនជាការពិតនោះទេ”។

មានប្រសាសន៍នៅក្នុងពិធីចុះ ត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលគ្មានគម្រោងវិនិយោគ និងប្រែក្លាយព្រលានយន្តហោះចាស់ពោធិ៍ចិនតុង ទៅជាទីក្រុងរណបថ្មីមួយទៀត ចំណុះឱ្យរាជធានីភ្នំពេញ ដូចការលើកឡើងដោយគ្មានប្រភពច្បា​ស់លាស់នោះទេ។

សម្ដេចតេជោ បានមានប្រសាសន៍ថា “នៅក្នុងតំបន់របស់យើងគេមានយន្តហោះច្រើនណាស់តែខ្វះកន្លែងដាក់ យើងអាចរៀបចំមូលដ្ឋាន ដើម្បីឲ្យគេអាចយកយន្តហោះមកផ្ញើជាមួយយើង បើយើងមានមូលដ្ឋានល្អ ហើយសម្រាប់ការអញ្ជើញមកដល់នៃឥស្សរជនជាន់ខ្ពស់ ជាព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ជានាយករដ្ឋមន្ត្រីមកទស្សនៈកិច្ចនៅកម្ពុជា គឺចុះនៅពោធិ៍ចិនតុងដដែល”។ សម្ដេចបានបញ្ជាក់ថា “អ្នកខ្លះគេថា ពោធិ៍ចិនតុងអាចក្លាយជាទីក្រុងរណបមួយថ្មី អត់ទេ អាហ្នឹងចាំដំណាក់កាលក្រោយខ្ញុំ អ្នកណាធ្វើនាយករដ្ឋមន្ត្រីពេលនោះ”៕

អ្នកឧកញ៉ាពុង ឃាវសែៈការប្រើប្រាស់កំលាំងពលកម្មលើការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនឹងកើនដល់ចំនួនជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់វិនិយោគលើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានឱ្យដឹងថា ការសាងសង់អាសកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវ នឹងផ្តល់ឱកាសការងារប្រមាណ ២ ម៉ឺននាក់ ខណៈការចំណាយនឹងកើនដល់ជាង ១ លានដុល្លារអាមេរិកក្នុងមួយថ្ងៃៗនាពេលខាងមុខនេះ ។

អ្នកឧកញ៉ា ពុង ឃាវសែ នៅព្រឹកថ្ងៃទី ២២ មិថុនា ឆ្នាំ២០២០ ឱ្យដឹងថា បច្ចុប្បន្នមានកម្មករដែលកំពុងបំរើការងារនៅក្នុងការដ្ឋាន ១១០២ នាក់ ក្នុងនោះមានវិស្វករបរទេសចំនួន៩៥នាក់ និងវិស្វករខ្មែរ ១១០ នាក់ និងតាមការប៉ាន់ស្មាននៅពេលខាងមុខនេះ ត្រូវការកម្លាំងពលកម្មប្រមាណ២ មឺននាក់ក្នុងមួយថ្ងៃៗ ។
អ្នកឧកញ៉ា បានបញ្ជាក់ថា “តាមរយៈការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ នឹងអាចបណ្តុះបណ្តាលអ្នកឯកទេស និងវិស្វករខ្មែរបានយ៉ាងច្រើន និងផ្តល់កម្លាំងបន្ថែមដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលអនាគត”។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយថវិកាអស់ប្រមាណ ១២០ លានដុល្លារអាមេរិក លើការធ្វើប្រឹក្សាយោបល់ ផ្នែករចនាគូរប្លង់ និងការបុកគ្រឹះ ចាក់ដី ពង្រាបដី និងការកែកុនគុណភាពដី នឹងអាចចំណាយប្រមាណ ២០៨ លានដុល្លារបន្ថែមរហូតដល់ដំណាច់ឆ្នាំ ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការសារទចំពោះសកម្មភាពនៃការសាងសង់នានានៅកម្ពុជា ដែលបានផ្តល់ឱកាសការងារដល់ពលរដ្ឋជាង ២លាននាក់ ខណៈដែលកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ដោយជំងឺ Covid-19 ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរដំណើរការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា ជាពិសេស អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះនឹងរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិការងារដោយសារជំងឺ Covid-19 ផងដែរ ។

រហូតមកទល់ពេលនេះការសាសង់ព្រលានយន្តហោះថ្មីនេះ គឺសម្រេចលទ្ធផលបានប្រមាណជាង ៣០ភាគរយហើយ។ អាកាសយានដ្ឋានថ្មីនេះជាប្រភេទ 4F ដែលអាចឱ្យយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។

កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិថ្មីនេះកសាងរួច។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះក្នុងតំណាក់កាលទី១៕

ក្រុមហ៊ុនឥណ្ឌារំពឹងថានឹងចាប់ផ្តើមតម្លើងរោងចក្រចម្រាញ់រ៉ែមាសឡើងវិញនៅកម្ពុជាក្នុងពេលឆាប់ៗនេះ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ក្រុមហ៊ុនរុករករ៉ែ Mesco Gold (ខេមបូឌា) ដែលគ្រប់គ្រងដោយវិនិយោគិន ឥណ្ឌា បានឱ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនរំពឹងថានឹងចាប់ផ្តើមតម្លើងរោងចក្រកែច្នៃមាសឡើងវិញក្នុងពេលឆាប់ៗនេះ ពីព្រោះការភ័យខ្លាចនៃជំងឺ COVID-19 បានធូរស្រាលបន្តិចម្តងៗ។

ក្រុមហ៊ុនបានបញ្ឈប់ការងារជាបណ្តោះអាសន្នលើការតម្លើងរោងចក្រកែច្នៃនៅតំបន់រ៉ែមាសភូមិស៊ីយ៉ារុន ឃុំយ៉ាតុង ខេត្តរតនគិរី ចាប់តាំងពីខែមីនា ដោយសារបញ្ហាជំងឺរាតត្បាត។

លោក អ៊ុន វិចិត្រ តំណាងក្រុមហ៊ុន Mesco Gold បានមានប្រសាសន៍ថា ក្រុមហ៊ុនបានរៀបចំខ្លួនបានល្អ ហើយនៅពេលដែលជំងឺ COVID-19 ត្រូវបានលុបបំបាត់ទាំងស្រុង រោងចក្រចម្រាញ់រ៉ែមាសនឹងចាប់ផ្តើមភ្លាមៗ។ លោក បានថ្លែងថា “យើងនឹងចាប់ផ្តើមវាឆាប់ៗនេះ។ ជម្លោះព្រំដែនរវាងចិន និងឥណ្ឌាក៏បានជះឥទ្ធិពលដល់វឌ្ឍនភាពនៃគម្រោងផងដែរ ពីព្រោះអ្នកគ្រប់គ្រងថ្នាក់កំពូលរបស់យើងនៅឥណ្ឌាមិនអាចហោះហើរបានទេ ទៅប្រទេសចិន ដើម្បីបញ្ជាទិញម៉ាស៊ីនចម្រាញ់រ៉ែមាសនៅទីនោះ។ ការហោះហើររវាងប្រទេសទាំងពីរមិនទាន់បានបើកដំណើរការនៅឡើយទេ”។ លោកបានបន្ថែមថា “ការសាងសង់រោងចក្រនេះគ្រោងនឹងចំណាយពេលក្នុងរយៈពេល ៦ ខែ ដើម្បីបញ្ចប់”។

ក្រុមហ៊ុន Mesco Gold បានទិញសិទ្ធិក្នុងការអភិវឌ្ឍ និងទាញយកផលិកម្ម Phum Syung ពីក្រុមហ៊ុនរុករករ៉ែ ដែលបានចុះបញ្ជីនៅកាណាដានៅឆ្នាំ ២០១៣ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងតម្លៃ ១,២ លានដុល្លារ។ ក្រុមហ៊ុននេះត្រូវបានផ្តល់អាជ្ញាប័ណ្ណពាណិជ្ជកម្មក្នុងឆ្នាំ ២០១៦។ ការងារលើការតម្លើងរោងចក្រត្រូវបានផ្អាកដែលបច្ចុប្បន្នបានបញ្ចប់ ២០ ភាគរយ។ ក្រុមហ៊ុនរំពឹងថា ផលិតកម្មមាសរបស់យើងនឹងអាចចាប់ផ្តើមនៅខែកុម្ភៈ ឬខែមីនាឆ្នាំក្រោយ”។

យោងតាម លោក វិចិត្រ បានឱ្យដឹងថា នៅពេលធ្វើការចាប់ផ្តើមឡើងវិញ រោងចក្រនេះនឹងអាចចម្រាញ់រ៉ែមាសពី ៣៥០ ទៅ ៥០០ តោនក្នុងមួយថ្ងៃ។ រ៉ែមាសមួយតោនអាចផលិតមាសបាន ០.០៥ ក្រាម។ មាសចម្រាញ់បាននឹងត្រូវផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក ក្រុមហ៊ុនក៏មានផែនការលក់វានៅប្រទេសសឹង្ហបុរី និងប្រទេសកំណើតរបស់ក្រុមហ៊ុនគឺឥណ្ឌា៕

រដ្ឋមន្ត្រីទេសចរណ៍ប្តេជ្ញាអភិវឌ្ឍន៍សហគមន៍ទឹកជប់ខ្នារពោធិ៍ ឱ្យក្លាយជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ

ដោយវុត្ថា

សៀមរាបៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុនបានប្តេជ្ញានឹងជួយអភិវឌ្ឍន៍សហគមន៍ជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ឱ្យក្លាយទៅជាសហគមន៍អេកូទេសចរណ៍ គំរូមួយនៅខេត្តសៀមរាប ខណៈសហគមន៍ទេសចរណ៍មួយចំនួននៅក្នុងប្រទេស បានក្លាយជាសហគមន៍គំរូមិនត្រឹមតែថ្នាក់ជាតិទេ តែថ្នាក់តំបន់ និងពិភពលោកពិភពលោកផងដែរ។

លោក ថោង ខុន នៅក្នុងឱកាសចុះសំណេះសំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ បានឱ្យដឹងថា កន្លងមកក្នុងក្របខណ្ឌក្រុមការងារអន្តរក្រសួង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ភាគីពាក់ព័ន្ធជួយរៀបចំការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍បានមួយចំនួនបានក្លាយជាសហគមន៍គំរូរួចហើយ។

លោកបន្តថា សហគមន៍ទេសចរណ៍ទាំងនោះមានដូចជា សហគមន៍អេកូទេស​ចរណ៍ជីផាត ស្ថិតនៅឃុំជីផាត ឆាយអារ៉ែង ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង និងសហគមន៍ទេសចរណ៍កោះទ្រង់ខេត្តក្រចេះ សហគមន៍ទេសចរណ៍កំពង់ភ្លុក ក្នុងខេត្តសៀមរាម សហគមន៍ទេសចរណ៍ បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ សហគមន៍អេកូទេសចរណ៍ម្លប់បៃតង ខេត្តកំពង់ស្ពី។

លោករដ្ឋមន្ត្រីបន្តថា “សម្រាប់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ គឺពិតជាមោទនភាពធំណាស់ សម្រាប់ស្រុកសូទ្រនិគម ក៏ដូចខេត្តសៀមរាប និងប្រទេសជាតិ”។ លោកបន្តថា “គេធ្លាប់តែឮព្រៃកោងកាងសមុទ្រ តែនេះនៅខេត្តសៀមរាបក៏មានដើមកោងកាងបានដុះជាច្រើនជិត១០០ហិកតា ហើយត្រូវបានសហគមន៍ព្រៃឈើក្រោមការយកចិត្តទុកដាក់ណែនាំពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថែរក្សាបានយ៉ាងល្អដែលនេះ ជាផលិតផលទេសចរណ៍ទោលមួយទៀត សម្រាប់ទឹកដីយើង ប្រទេសជាតិយើងដែលអាចបង្ហាញ និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន នៅតំន់បន់សៀមរាបអង្គរនេះ”។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមទៀតថា “ការបញ្ចូលសម្មភាពទេសចរណ៍មួយប្រកបដោយការទទួលខុសត្រូវ អាចនឹងជួយរកចំណូលបន្ថែម ឱ្យប្រជាពលរដ្ឋសហគមន៍បានយ៉ាងច្រើន ប្រសិនបើប្រជាសហគមន៍ចេះថែរក្សាឱ្យបានគង់វង្ស និងរួមគ្នាទាញយកផលប្រយោជន៍ពីព្រៃឈើទាំងអស់នោះ តាមរយៈការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍ ផ្តល់សេវាទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ពិសេសវិធានសុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថានស្អាតក្នុងបរិបទនៃដំណាក់កាល Covid -19 នេះ។

លោកបន្ថែមទៀតថា បញ្ហាប្រឈមរបស់សហគមន៍អេកូទេសចរណ៍ ទឹកជប់ខ្នាពោធិ៍នេះ ដូចមានការលំបាកខ្លាំងទៅលើបញ្ហាផ្លូវ ចូលទៅសហគមន៍ សេវាទូរស័ព្ទ អ៊ិនធើណែត អគ្គិសនីប្រើប្រាស់ បញ្ហាសំរាមជាដើម។ លោកសន្យានឹងជួយស្នើទៅស្ថាប័នពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហានេះផងដែរ។ ដោយឡែកសម្រាប់កំណាត់ផ្លូវដែលលំបាកខ្លាំងប្រវែង៣គីឡូម៉ែត្រ ក្រសួងទេសចរណ៍នឹងជួយជួសជុលចំពោះមុខសិន។

សហគមន៍អេកូទេសចរណ៍ព្រៃតំបន់ទឹកជប់ខ្នារពោធិ៍ មានព្រំប្រទល់ខាងជើងជាប់នឹងឃុំត្បែង ស្រុកបន្ទាយស្រី ខាងត្បូងឃុំចាន់ស និងខាងលិចជាប់នឹងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខាងកើតជាប់ឃុំពពេល។ ឃុំនេះមានភូមិចំនួន៨ភូមិ ស្ថិតនៅភាគខាងជើងផ្លូវជាតិលេខ៦ ចម្ងាយប្រមាណ៨គីឡូម៉ែត្រពីផ្លូវជាតិ និងមានចម្ងាយប្រមាណ ៣០

គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។

ព្រៃសហគមន៍តំបន់ទឹកជប់ខ្នារពោធិ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយស្ម័គ្រចិត្ត និងមានការឯកភាពគ្នារបស់ប្រជាជន ក្នុងភូមិទាំងអស់របស់ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ព្រៃសហគមន៍នេះមានផ្ទៃដីសរុបប្រមាណ ១,០២២ហិកតា ដែលក្នុងនោះ មានព្រៃកោងកាងភ្នំចំនួនប្រមាណ៩០ហិកតា ដែលមានសក្តានុពលអាចរៀបចំបង្កើតជាកន្លែងទេសចរណ៍ថ្មីមួយដ៏ទាក់ទាញសម្រាប់ខេត្តសៀមរាប៕

សម្តេចតេជោកំពុងចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី

ដោយ ហ្សូលី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល កម្ពុជាចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំ ព្រែកស្លែង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០នេះ។

គណៈអភិបាលខេត្តកណ្តាលបានរៀបចំផែនការការពារសន្តិសុខសុវត្ថិភាពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំឡុងពេលដែលសម្តេចចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី។

ព្រលានយន្តហោះថ្មីនេះត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុង ពិភពលោកដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខ អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់អាកាសយានដ្ឋានថ្មីនេះនឹង សមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅនេះថា វាជាភព្វ សំណាងរបស់ខេត្តកណ្តាលដែលប្រមុខនៃរាជរដ្ឋាភិបាលបានជ្រើសរើសសម្រាប់អភិវឌ្ឍន៍ទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលធ្វើឱ្យខេត្តកណ្តាលនេះកាន់តែទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យចូលមក បណ្តាក់ទុនវិនិយោគនៅក្នុងខេត្តកាន់តែច្រើនក្នុងនាមជាគម្រោងវិនិយោគដ៏ធំលំដាប់ទី១របស់ខេត្តកណ្តាល ផងដែរ ។

លោកបានបញ្ជាក់ថា គម្រោងព្រលានយន្តហោះថ្មីបានសាងសង់លើផ្ទៃដីទំហំ២៦០០ហិកតា ដែលស្ថិតនៅព្រំប្រទល់រវាងខេត្តកណ្តាល និងខេត្តតាកែវ។ ទំហំដីនៅខេត្តកណ្ដាល ២២២៧ ក្បាលដី = ២៤៤១ ហិកតា និង ខេត្តតាកែវ ៣៦០ ក្បាលដី = ១៥៨ ហិកតា ជាមួយនឹងទុនវិនិយោគ១៥០០លានដុល្លារ របស់ក្រុមហ៊ុនសាជីវកម្ម វិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដោយដំណាក់កាលទីមួយនឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣ ៕

សម្ដេចតេជោ ហ៊ុន សែន បញ្ហា Covid-19 មិនមែនជាឧបសគ្គសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានោះទេ

ដោយ ៖ រ៉ាណេត

កណ្តាល ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ថ្វីត្បិតបញ្ហា Covid-19 បានក្លាយជាវិបត្តិសេដ្ឋកិច្ចជាសាកល ប៉ុន្តែវាមិនមែនជាឧបសគ្គរាំងស្ទះដល់កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសកម្ពុជានោះទេ។

នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី ដែលនឹងក្លាយទៅជាអាកាសយានដ្ឋានដ៏ទំហំប្រចាំប្រទេសស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាប់ព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះថា បញ្ហានៃជំងឺ Covid-19 វាមិនមែនជាបញ្ហា ឬជាឧបសគ្គសម្រាប់កម្ពុជាក្នុងកិច្ចសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា “កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានចុះទៅត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ ដែលរហូតមកដល់ពេលនេះជិតបានបញ្ចប់ហើយ ហើយតាមរយៈនៃការកសាងទាំងនេះគឺមានតម្រូវការកម្លាំងកម្មករបម្រើការងាររាប់ពាន់នាក់។ ដោយឡែក សម្រាប់ការសាងសង់ព្រលានយន្តហោះថ្មីនេះ បើឈានដល់ការសាងសង់ក្នុងដំណាក់កាលទី២ គឺត្រូវការកម្លាំងកម្មកររហូតដល់ប្រមាណ២ម៉ឺននាក់ក្នុងមួយថ្ងៃ”។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ក្រៅពីការសាងសង់ទាំងនេះ សម្រាប់តែផ្នែកសាងសង់លំនៅដ្ឋានក៏សុទ្ធតែមានដំណើរការ ដូចជាក្រុមហ៊ុនជីបម៉ុង ក្រុមហ៊ុនបុរីប៉េងហួត និងក្រុមហ៊ុនផ្សេងៗមួយចំនួននៅតែបន្តសកម្មភាពសាងសង់ដែលមានតម្រូវការផ្នែកកម្លាំអពលកម្មដដែល ដូច្នេះវាអត់ទាន់មានអីប្រែប្រួលច្រើននោះទេដែលបណ្តាលមកពី Covid-19 លើកលែងតែវិស័យចំនួន២ រួមមានវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ។

ជាមួយគ្នានេះផងដែរ សម្ដេចតេជោ ក៏បានលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនឯកជន និងអ្នកអភិវឌ្ឍន៍ទាំងអស់ បន្តសកម្មភាពសាងសង់ និងវិនិយោគរបស់ខ្លួនបន្តទៀត ព្រោះវិបត្តិ Covid-19 មិនមែនជាឧបសគ្គធំសម្រាប់កម្ពុជានោះទេ ខណៈដែលពិភពលោកកំពុងតែទទួលបានសញ្ញាវិជ្ជមានក្នុងការឈានទៅសម្រេចបាន១០០ភាគរយ៕

អ្នកជំនាញ​បង្ហាញ​ពី​ទស្សន​ចម្រុះ​ជុំវិញ​និន្នាការ​អភិវឌ្ឍន៍​ខុន​ដូ​នៅតាម​ជាយក្រុង

ដោយ ហ្សូ​លី

ភ្នំពេញៈ កំណើន​ផ្គត់ផ្គង់​ខុន​ដូ​ចាប់ផ្តើម​ផុស​ផុស ដោយសារ​ការយល់ដឹង​ទូលំទូលាយ​នៃ​ការរស់នៅ​ក្នុង​ខុន​ដូ ដែលជា​ហេតុ​នាំ​ឲ្យ​អ្នក​អភិវឌ្ឍន៍ ងាក​ទៅ​វិនិយោគ​នៅ​ជាយក្រុង​វិញ​ម្តង។ តើ​ការទិញ​ខុន​ដូ​តាម​ជាយក្រុង​មានគុណ​សម្បត្តិ​និង​គុណវិបត្តិ​អ្វីខ្លះ? ។

លោក​ខន គង្គា អ្នកជំនាញ​អចលនទ្រព្យ​ផ្នែក​លក់​ខុន​ដូ និង​ជា​អគ្គនាយក​ក្រុមហ៊ុន Era Cambodia បានផ្តល់​ព័ត៌មាន​មក​កាន់​គេហទំព័រ Property Area Asia ថា អ្នក​អភិវឌ្ឍ​ភាគច្រើន ចាប់ផ្តើម​ងាក​មករក​ការវិនិយោគ នៅតាម​ជាយក្រុង​ជាបណ្តើរៗហើយ ដូចជា​នៅ​ខាង​ម្តុំ​ជ្រោយចង្វារ លី​យ៉ុង​ផាត់ ឬ​ភ្នំពេញ​ថ្មី​ជាដើម។

លោក​បន្តថា អ្នកជំនាញ​សង្កេតឃើញ​ពី​សក្តានុពល ដោយសារតែ​ពួកគាត់​ចង់បាន​តម្លៃ​ល្អ​ទុក​ជូន​អតិថិជន ព្រោះ​បើ​ផ្ទះល្វែង​អាច​នឹងមាន​តម្លៃ​ខ្ពស់ជាង​ខុន​ដូ។ ម្យ៉ាង​បើសិនជា​ទីតាំង​មិន​ឆ្ងាយ​ពី​ក្រុង​ពេក ឬ​អាច​និយាយបានថា​កៀក​ក្រុង តម្លៃ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​អាច​ផ្តល់ជូន​ដល់​អតិថិជន​មានតម្លៃ​ធូរ​ថ្លៃ​ជាង។

អ្នកជំនាញ​រូបនេះ​បន្តថា ជាទូទៅ​អ្នក​អភិវឌ្ឍន៍ តែងតែ​សម្លឹង​ឃើញ​ពី​គោលដៅ​អតិថិជន​រួចជាស្រេច​ហើយ មុនពេល​បណ្តាក់ទុន។ ជាក់ស្តែង បើសិនជា​គោលដៅ​អតិថិជន​របស់​ពួកគេ គឺជា​អ្នកធ្វើការ​នៅ​ធនាគារជាតិ ឬ​ម្តុំ​អ៉ី​អន២នោះ ពួកគេ​អាច​សាងសង់​គម្រោង​ខុន​ដូ ដែលមាន​តម្លៃ​សមរម្យ នៅ​ម្តុំ​តំបន់​ខណ្ឌ​សែន​សុន ភ្នំពេញ​ថ្មី ជាដើម ដែល​ងាយស្រួល​ឱ្យ​អតិថិជន​ចេញចូល និង​កៀក​កន្លែង​ប្រកបការងារ​ផងដែរ។

ដោយឡែក​លោកស្រី តាំង ហួរ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Amaktak Property Service បានបង្ហាញ​យោបល់​ថា មាន​គម្រោង​ខុន​ដូ​តាម​ជាយក្រុង​មានមួយៗដែរ ប៉ុន្តែ​ពួកគេ​ច្រើន​សាងសង់​ជា​អា​ផាត​មិន​ជួល​ច្រើន ជាជាង​ការសាងសង់​ខុន​ដូ ព្រោះ​អតិថិជន​ភាគច្រើន និយម​រស់នៅ​ខុន​ដូ ដែលមាន​ទីតាំងនៅ​កណ្តាល​ក្រុង ឬ​ក្នុង​ក្រុង​ជាង។

លោកស្រី​បន្តទៀតថា “បើទោះបី​ជាមាន​ការដាក់​លក់​ខុន​ដូ​ក៏ពិតមែន ប៉ុន្តែ​តម្លៃ​មិនសូវ​ជា​បាន​ថ្លៃ​ប៉ុន្មាន​ទេ ដោយសារ​តម្លៃ​នៅ​ថោក ដូច្នេះ​ពួកគេ​ពេញ​ចិត្តនឹង​ការសាងសង់​ជា​អគារ​អា​ផាត​មិន​សម្រាប់​ជួល​ច្រើន” ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា វិស័យ​ខុន​ដូ​នៅ​កម្ពុជា ត្រូវបាន​អ្នក​អភិវឌ្ឍន៍​ធ្វើ​ឡើងជា៣កម្រិត រួមមាន កម្រិត​ខ្ពស់​សម្រាប់​បំពេញតម្រូវការ ទៅ​ផ្សារ​មកពី​ក្រៅ​ស្រុក(ទីផ្សារ​ជនបរទេស) ខុន​ដូ​កម្រិត​មធ្យម និង​កម្រិត​សមរម្យ សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែលជា​ជនជាតិខ្មែរ។

លោកស្រី​បន្តទៀតថា “បច្ចុប្បន្ននេះ​ទីផ្សារ​ខុន​ដូ​កម្រិត​ខ្ពស់​មួយចំនួន ទទួលរង​នូវ​ផលប៉ះពាល់​ដោយ សារ​តែ​ទីផ្សារ​គោលដៅ​ភាគច្រើន ជា​ជនជាតិ​បរទេស ដែល​កំពុង​តែមាន​ភាព​ប្រឈម​ខ្លាំង នឹង​ការវាយប្រហារ​ដោយ​ជំងឺឆ្លង Covid-19 ប៉ុន្តែ​សម្រាប់​ទីផ្សារ​ខុន​ដូ​តម្លៃ​មធ្យម និង​តម្លៃ​សមរម្យ នៅតែមាន​បន្ត​មាន​ទីផ្សារ ដែលជា​តម្រូវការ​នៅក្នុង​ស្រុក​ជា​ជនជាតិខ្មែរ” ៕