ដោយៈម៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា វិស័យអចលនទ្រព្យ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤កំពុងកម្រើកឡើង ខណៈផ្លូវនេះនឹងអាចក្លាយទៅជាតំបន់បណ្តុំ រោងចក្រឧស្សាហកម្មនាពេលអនាគត ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះថា ផ្លូវជាតិលេខ ៤៤ កំពុងបង្ហាញភាពទាក់ទាញ ដល់រោងចក្រឧស្សាហកម្មជាច្រើន ដែលនឹងផ្តល់ផលប្រយោជន៍ដល់វិស័យនាពេលអនាគត។
លោកបានថ្លែងថា “ថ្ងៃនេះខ្ញុំនិយាយពីការទស្សទាយនៅពេលអនាគត ផ្លូវជាតិលេខ៤៤ ហើយផ្លូវក្រវ៉ាត់ដែលចាប់ពីខាងស្តាំ ដែលចុះទៅផ្លូវ១៤៤០ និងផ្លូវ៥១ នឹងក្លាយទៅជាតំបន់ឧស្សាហកម្ម។ លោកបន្តថា “ដូច្នេះពេលក្លាយទៅជាតំបន់ឧស្សាហកម្ម វានឹងក្លាយកន្លែងបណ្តុំរោងចក្រ ហើយវិស័យអចលនទ្រព្យទទួលបានរីកម្រើន ដែលគាំទ្រដោយវិស័យឧស្សាហកម្ម” ។
លោកបន្តទៀតថា “តំបន់នេះ ពិសេសនៅប៉ែកខាងជើង ផ្លូវលេខ៤៤ នៅខាងស្តាំភាគច្រើនទទួល បានផលចំពេញពីការវិនិយោគ។ ផ្លូវលេខ៤៤ ដែលភ្ជាបន់ទៅឱរ៉ាល់ ផ្លូវ៥១ទៅកំពង់ឆ្នាំង និងពោធិ៍សាត់ គឺជាទីតាំងភូមិសាស្ត្រវិនិយោគ ដែលអ្នកជំនាញអចលនទ្រព្យមើលឃើញ ហើយតាមការវិភាគរបស់ខ្ញុំ ផ្លូវ៤៤ និងផ្លូវ៥១ នឹងរីកចម្រើននាពេលអនាគត” ។
លោកវិន ឈុនហ៊ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate បានថ្លែងប្រាប់នៅល្ងាចថ្ងៃទី៨ខែតុលា ឆ្នាំ២០២០ថា បច្ចុប្បន្ន ផ្លូវជាតិលេខ៤៤ កំពុងបង្ហាញសក្តានុពលសម្រាប់ ការលើវិស័យឧស្សាហកម្ម ដោយបានទាក់ទាញរោងចក្រចំនួនបោះទីតាំងនៅតាមផ្លូវនេះ។
លោកបានថ្លែងថា “ជាមួយគ្នានេះដែរ វិស័យអចលនទ្រព្យនៅបណ្តោយផ្លូវជាតិលេខ៤៤ កំពុងមានការកម្រើកឡើងបណ្តើរៗ ដោយសារផ្លូវនេះមានសក្តានុពលក្នុងការទាក់ទាញរោងចក្រ ការអភិវឌ្ឍន៍ផ្សេងៗកំពុងកើតឡើង និងជាផ្លូវតភ្ជាប់ជាមួយខេត្តសំខាន់ៗ ដូចជាខេត្តកោះកុងជាដើម” ។
លោកបានបន្តទៀតថា “បច្ចុប្បន្ន តម្លៃដីនៅតាមបណ្តោយផ្លូវជាតិ៤៤ កំពុងមានតម្រូវការគួរសម ហើយតម្លៃដីអាចរកបានចាប់ពី១៥ដុល្លារឡើងទៅ ហើយនាអនាគត តម្លៃដីនៅតាមផ្លូវនេះនឹងកើនឡើងជាងនេះទៅទៀត” ។
ផ្លូវជាតិលេខ៤៤ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវជាតិលេខ៤៤ ចាប់ផ្តើមត្រង់គីឡូម៉ែត្រលេខ៤៨ លើផ្លូវជាតិលេខ៤ ឆ្លងកាត់ក្រុងច្បារមន និងស្រុកចំនួន៤ រួមមាន ស្រុងសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧត្តុង្គ តភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែតលេខ៣។
កាលពីថ្មីៗនេះ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបាននិងកំពុងជំរុញ ក្រុមហ៊ុន រោងចក្រ សហគ្រាសទៅបោះទីតាំង នៅតាមបណ្តោយផ្លូជាតិលេខ៤៤ ដែលកំណាត់ផ្លូវនេះ មានប្រវែង៤៨ គីឡូម៉ែត្រពីទីរួមក្រុងកំពង់ស្ពឺឆ្ពោះទៅកាន់ស្រុកឱរ៉ាល់។
លោកអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តបាន និងកំពុងជំរុញរោងចក្រសហគ្រាសផ្សេងៗ ទៅបោះទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ បន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋនៅទីនោះ ដើម្បីធ្វើការហើយទទួលបានចំណូល ក្នុងការផ្គត់ផ្គង់ជីវភាពឱ្យកាន់តែប្រសើរឡើង។
លោកបានថ្លែងថា “ខ្ញុំមិនមែនតែខិតខំប្រឹងប្រែង រកអ្នកវិនិយោគដាក់នៅស្រុកគងពិសី ស្រុកបសេដ្ឋនោះទេ យើងខិតខំជំរុញទៅផ្លូវលេខ៤៤ ហើយកាលពីពេលថ្មីនេះខ្ញុំបានចុះហត្ថលេខាឱ្យរោងចក្រចំនួន២បន្ថែមទៀត ឱ្យទៅកាន់ទីនោះក្នុងដំណាក់កាលនៃជំងឺ Covid-19 នេះ” ៕