ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​សង្កាត់​ព​ន្សាំ​ង រាជធានី​ភ្នំពេញ នឹង​អស់​សុពលភាព​ត្រឹមដើម​សប្ដាហ៍​នេះ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ថា ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដែល​ស្ថិតនៅក្នុង​តំបន់​វិនិច្ឆ័យ ក្នុងភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នឹង​អស់​សុពលភាព ឬ​មោឃភាព​នៃ​ប័ណ្ណ​សម្គាល់​សិទ្ធិ កាន់កាប់​ប្រើប្រាស់​ដីធ្លី​នៅត្រឹម​ដើម​សប្ដាហ៍​នេះហើយ។

តាមរយៈ​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ចុង​សប្ដាហ៍​នេះ​បាន​លើកឡើងថា បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ក្បាលដី​ស្ថិតនៅក្នុង​តំបន់​វិនិច្ឆ័យ ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ស្តីពី ការចែក​វិញ្ញ​ប​នប​ត្រ សម្គាល់​ម្ចាស់​អចលវត្ថុ និង​មោឃភាព​នៃ​ប័ណ្ណ​សំគាល់ សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឫ​ប័ណ្ណ​សំគាល់​សិ​ទ្ទិ​កាន់កាប់​អចលវត្ថុ នៅត្រឹម​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។

នៅក្នុង​សេចក្ដីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា យោងតាម​អនុក្រឹត្យ​លេខ ៤៦ អនក្រ.បក ចុះ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពី​នីតិវិធី​នៃ​ការកសាង​ប្លង់​សុរិយោដី និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី ក្រោម​ដំណើរការ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ នឹងធ្វើ​ការចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូន​ដល់​ម្ចាស់​ក្បាលដី ដែល​ស្ថិតនៅក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ ចាប់ពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។

ម្ចាស់​ក្បាលដី​ទាំងអស់​ដែល​ស្ថិតនៅក្នុង​តំបន់​ខាងលើ ត្រូវយក​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​កន្លងមក ប្រគល់ឱ្យ​មន្ត្រីរដ្ឋបាល​សុរិយោដី​នៅ​ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខ័​ណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី២២ រហូតដល់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ជា​កំហិត។

ដោយឡែក​សម្រាប់ ម្ចាស់បំណុល​ដែល​បានទទួល​បញ្ចាំ ឬ​ដាក់​ធានា ពាក់ព័ន្ធ​នឹង​ក្បាលដី​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ សូម​យក​ប័ណ្ណ​ទាំងនោះ មក​ជូន​មន្ត្រីរដ្ឋបាល​សុរិយោដី​ធ្វើ​និយ័តកម្ម ដើម្បី​ការធានា​ប្រាក់​របស់លោក​អ្នក៕

វិស័យ​ឧស្សាហកម្ម​កម្ពុជា​ដាំ​ក្បាល​ចុះ​ក្នុង​អត្រា​ដក ២,២ភាគរយ​ក្នុងឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ  វិស័យ​ឧស្សាហកម្ម​កម្ពុជា​រំពឹងទុក​ថា នឹងមាន​ការដាំ​ក្បាល​ចុះ​អត្រា​អវិជ្ជមាន២,២ភាគរយ ក្នុង​ឆ្នាំ២០២០នេះ ដោយសារ​ការធ្លាក់ចុះ​នៃ​អនុវិស័យ​កាត់ដេរ និង​សំណង់ ខណៈដែល​អនុវិស័យ​ក​ម្មន្ត​សាល មិនមែន​កាត់ដេរ​ត្រូវបាន​រំពឹងថា នឹង​នៅ​បន្ត​កំណើន​ខ្ពស់ ។

ពាក់ព័ន្ធ​នឹង​វិស័យ​ឧស្សាហកម្ម នៅក្នុង​ឆ្នាំ២០២០នេះ តាម​ការប៉ាន់ស្មាន​បាន​ធ្លាក់​នៅក្នុង​អត្រា​អវិជ្ជមាន ខណៈ​នៅ​ឆ្នាំ២០២១ ត្រូវបាន​ព្យាករ​ថា វិស័យនេះ​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា៤,១% ដោយសារ​ការកើនឡើង​វិញ ក្នុង​កម្រិត​អនុវិស័យ​កាត់ដេរ និង​អនុវិស័យ​សំណង់ ខណៈដែល​អនុវិស័យ​ក​ម្មន្ត​សាល មិនមែន​កាត់ដេរ ត្រូវបាន​រំពឹងថា​នឹង​នៅ​បន្ត​កំណើន​ខ្ពស់។ នេះ​បើ​យោងតាម​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង ឆ្នាំ២០២១ សម្រាប់​ការរៀបចំ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ។

អនុវិស័យ​កាត់ដេរ​ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​ផល​អវិជ្ជមាន៦,៧% នៅក្នុង​ឆ្នាំ២០២០ ប៉ុន្តែ​វិស័យនេះ​ត្រូវបាន​រំពឹងថា នឹង​ងើបឡើង​មកវិញ​ក្នុង​អត្រា១,៦% នៅក្នុង​ឆ្នាំ២០២១ ។ ចំណែក​ទាក់ទង​នឹងមាន​ផល​អវិជ្ជមាន​ក្នុង​ឆ្នាំ២០២០ នេះ បាន​ឆ្លុះបញ្ចាំង​នៃ​ការធ្លាក់ចុះ​យ៉ាងគំហុក នៃ​តម្រូវការ​ខាងក្រៅ គឺ​ដោយសារ​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ជាពិសេស​ប្រទេស​ដែលជា​ទីផ្សារ​នាំចេញ​របស់​កម្ពុជា និង​ការលុបចោល​ការបញ្ជាទិញ។

ចំណែក​នៅ​ឆ្នាំ២០២១វិញ អនុវិស័យ​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ១,៦% ដោយសារ​ការរំពឹងទុក​នៃ​ការ​ងើបឡើង​យឺត នៃ​តម្រូវការ​ខាងក្រៅ ហើយ​អនុ​វិស័យនេះ ក៏​អាច​ប្រឈម​ប្រកួតប្រជែង​កាន់តែ​ខ្លាំងក្លា ពី​ការដណ្តើម​ទីផ្សារ​ដែល​ទើប​ងើបឡើង​វិញ រួមទាំង​ផលប៉ះពាល់​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន​EBA លើ​មុខទំនិញ​មួយចំនួន​ជាពិសេស​ការចូល​ជា​ធរមាន នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង​សហភាព​អឺរ៉ុប ។

ចំណែក​អនុវិស័យ​សំណង់​ត្រូវបាន​ប៉ាន​ស្មានថា នឹងមាន​ផល​អវិជ្ជមាន៥,៣% ក្នុង​ឆ្នាំ២០២០ នឹង​រំពឹង​ងើប​ឡើងវិញ​ជាមួយ​កំណើន​ទាប​ក្នុង​អត្រា៣,៣% ក្នុង​ឆ្នាំ២០២១ ។ តែ​ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​ឆ្នាំ២០២០ អនុវិស័យ​នេះ បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ដែល​មិន​ធ្លាប់មាន ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កំឡុង​ឆ្នាំ២០០៨–២០០៩ ដែល​បណ្តាលមកពី​ការរំពឹងទុក នៃ​ការធ្លាក់ចុះ​រំហូរ​ទុនវិនិយោគ​បរទេស ជាពិសេស​ពី​ប្រទេស​ចិន និង​តម្រូវ​ការសាងសង់ នៃ​អគារ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម ព្រមទាំង​ការធ្លាក់ ចុះ​ទំនុកចិត្ត​អ្នកវិនិយោគ​ក្នុងស្រុក​ផងដែរ ។

របាយការណ៍​ដដែល​បាន​បន្តថា ដោយឡែក​អនុវិស័យ​កម្មន្តសាល មិនមែន​កាត់ដេរ​ត្រូវបាន​ព្យាករណ៍​ថា នឹង​បន្ត​កំណើន​ខ្ពស់​ក្នុង​អត្រា១៣,១% ក្នុង​ឆ្នាំ២០២០ និង ១០,១% ក្នុង​ឆ្នាំ២០២១ ។

ចំពោះ​ក្នុង​ឆ្នាំ២០២១ អនុវិស័យ​ទាំងនេះ​ត្រូវបាន​រំពឹងថា នឹង​បន្ត​កំណើន​ក្នុង​អត្រា ១០,១% គឺ​ដោយសារ​ការពង្រីក​មូល​ដ្ឋា​ន​ផលិតកម្ម ផលិតផល​មិនមែន​កាត់ដេរ​នៃ​វិនិយោគ​ដែលមាន​ស្រាប់ ។ ដើម្បី​ជួយ​ដល់​វិស័យនេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោ​នយោបាយ​ជា​បន្តបន្ទាប់ គាំទ្រ​វិស័យ​ឯកជន ពិសេស​ការ​អ​វ​ភិ​ឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការលើកកម្ពស់​សហគ្រិន​ភាព ក្នុងការ​ជំរុញ​ធ្វើ​ពិពិធ​កម្ម ក្នុង​វិស័យ​ឧស្សាហ​កម្មនេះ៕

ក្រសួង​ដែនដី​គាំទ្រ​លើ​ការវិនិយោគ​ដី​កសិកម្ម​លើ​ទំហំ​ដី​រាប់ពាន់​ហិកតា

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រហូត​ម​ដល់ពេលនេះ បាន​គាំទ្រ​ចំពោះ​ការប្រើប្រាស​ដី​កសិកម្ម ដែលមាន​ទំហំ​រាប់ពាន់​ហិកតា ស្ទើ​តែ​ទូទាំងប្រទេស ក្នុងការ​ផ្តល់ជូន​សហ​គម​ន៍ និង​ក្រុមហ៊ុន​សម្រាប់ធ្វើ​ការដាំដុះ នូវ​ផលិតផល​ក​កម្ម​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ស្រុក និង​ការនាំចេញ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​បា​នស​ផ្សព្វផ្សាយ កាលពី​កន្លងមកថ្មីៗនេះ​បានឱ្យដឹងថា ក្រសួង​បាន​គាំទ្រ​ជោគជ័យ១០០%ដល់​សហគមន៍  កសិកម្ម​ទទួលបាន​វិញ្ញាបនបត្រ ស្តង់ដា​សរីរាង្គ​សហគមន៍​អឺរ៉ុប និង សហរដ្ឋអាមេរិក ដើម្បី​ទទួល បាន​វិញ្ញាបនបត្រ​បញ្ជាក់​ផលិតផល​សរីរាង្គ​ពី​ស្ថាប័ន​អន្តរជាតិ Control Union រួមមាន​ដំឡូង​មី សណ្តែកបាយ លូ ស្វាយចន្ទី ស្វាយ ដំឡូងជ្វា ចេក ខ្នុរ និង​ស្រូវ សរុប​ចំនួន ៤១៧គ្រសារ ស្មើនឹង ២៤៧, ៣៩ហិកតា ក្នុង​ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ។

របាយការណ៍​ដដែល​ប​ន្ត​ថា ក្រសួង​ក៏បាន​គាំទ្រ ជោគជ័យ១០០% ការប្រមូល​ផល​ដំឡូង​សរីរាង្គ​តាម​កិច្ចព្រមព្រៀង រវាង​សហគមន៍​កសិកម្ម និង​ក្រុមហ៊ុន​សាជីវកម្ម​សហគម​ន៍ក​សិ​កម្ម​កម្ពុជា (CACC) មាន​ចំនួន៧៣៩តោន ក្នុង​ឃុំ ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និង​នៅ​ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។

ជាមួយគ្នានេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានរៀបចំ​ឯកសារ​ដើម្បី​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ បញ្ជាក់​ផលិតផល​សរីរាង្គ​ឆ្នាំ២០២០ រួមមាន​ដំឡូង​មី ចំនួន១៨៧គ្រសារ ស្មើនឹង២១៥,៤៥ហិកតា សណ្តែកបាយ​ចំនួន៧៣គ្រសារ ស្មើនឹង៧៦,៧៤ហិកតា និង​ដ៏​ណាំ​លូ​ចំនួន៦៩គ្រសារ ស្មើនឹង៧៤, ៥ហិកតា ក្នុងស្រុក ចិត្រ​បុរី ខេត្តក្រចេះ ស្រុក​សន្ទុក ខេត្តកំពង់ធំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និង​ស្រុក​សាមគ្គី​មានជ័យ ។

សម្រាប់ ខេត្តកំពង់ឆ្នាំង បាន​ជំរុញ​ការសម្អាត​ដី​កសិកម្ម ដើម្បី​រៀបចំ​សម្រាប់​ដាំ​ដុះ​មាន​ចំនួន ១៩៧គ្រសារ ស្មើនឹង ៣៥៤ ហិកតា នៅ​ដី​សម្បទាន​ប្រ​ម៉ា ឃុំ​ឃីម ស្រុក​ស្នួល ខេត្តក្រចេះ និង បាន​បណ្តុះបណ្តាល​ពីបទ​ដ្ឋា​នប​ច្ចេកទេស សម្អាត​ប្រឡាយទឹក (៤ម៉ែត្រ x១,២ម៉ែត្រ​x១,២ម៉ែត្រ) ដែល មាន​ប្រវែង​សរុប២ ០០០ម៉ែត្រ និង​បានធ្វើការ​ត្រួតពិនិត្យ​សក្តានុពល​ទឹក​ដែល​អាច​ប្រើប្រាស់ សម្រាប់​ស្រោចស្រព​ដំណាំ​ក្នុងភូមិ​សែន​អភិវឌ្ឍ​ន៏២ ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្តកំពង់ធំ ៕

កំណើន​ប្រជាជនមាន​ជីវភាព​មធ្យម​នៅ​កម្ពុជា​បាននិងកំពុង​ទាក់ទាញ​ហាងលក់រាយល្បីៗ

ដោយ ប៊ី

ភ្នំពេញៈ ហាង​ទំនើប​លក់រាយ 7-Eleven ដ៏​ល្បីឈ្មោះ នឹង​បើក​សាខា​ដំបូង​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ២០២១ ខណៈ​នេះ​ជា​សញ្ញា​របត់​ថ្មី នៃ​វិស័យ​លក់រាយ​នៅ​កម្ពុជា។

ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ទី១៩ ដែល​ក្រុមហ៊ុន7-Eleven នឹង​ប្រតិបត្តិការ និង​ជា​ប្រទេស​ទី៦ នៅ​អាស៊ីអាគ្នេយ៍ (ប្រទេស​ម៉ាឡេស៊ី ថៃ សឹង្ហ​បុរី វៀតណាម និង​ហ្វីលីពីន)។ ក្រុមហ៊ុន7-Eleven មាន​ហាង​ជាង៧ម៉ឺន​កន្លែង​នៅ​ជុំវិញ​ពិភពលោក។

7-Eleven មិនមែនជា​ហាង​ទំនើប​ដំបូង​គេ ដែល​ចាប់ផ្តើម​នៅ​កម្ពុជា​ទេ។ យីហោ​មួយ​នេះ នឹងត្រូវ​ប្រកួតប្រជែង​ពី​មី​នី​ម៉ា​ត​ផ្សេងទៀត ដូចជា Circle K, Kiwi Mart, Aeon MaxValu Express, Smile Mini Mart និង​ច្រើន​ទៀត។ ប៉ុន្តែ 7-Eleven កម្ពុជា​មានគុណ​ប្រយោជន៍​យ៉ាង​ធំធេង ក្នុងការ​ក្លាយជា​យីហោ​ពិភពលោក ដែល​ត្រូវបាន​គេ​ស្គាល់​និង​ទុកចិត្ត។

មានការ​លើកឡើងថា ក្រុមហ៊ុន​មួយ​នឹង​បង្កើន​ការលើកកម្ពស់ ឧស្សាហកម្ម​លក់រាយ ដែល​កំពុង​កើនឡើង​នៅ​កម្ពុជា។

ការធ្វើ​ទំនើបកម្ម​ទីផ្សារ​លក់រាយ

ទោះបី​ហាង​លក់រាយ​បាន និង​កំពុង​រីកដុះដាល​ពាសពេញ តំបន់​អាស៊ីអាគ្នេយ៍​ក៏ដោយ ក៏​ប្រទេស​កម្ពុជា​មិនទាន់​សម្រប​ខ្លួន បាន​ពេញ​ក្នុងការ​ទទួលបាន​សេវ​កម្ម​លក់រាយ​ទំនើប​នៅឡើយ​ទេ។ ប្រទេស​នេះ​ត្រូវបាន​គេ​ពិពណ៌នា​ថា ទីផ្សារ​ហាង​លក់រាយ​ទំនើប​នៅមាន​ឱកាស​វិនិយោគ ដើម្បី​ទទួលបាន​ផលចំណេញ​នៅ​អាស៊ីអាគ្នេយ៍។

នេះ​គឺជា​ផ្នែក​មួយ​នៃ​បទដ្ឋាន ដែល​ការ​លក់រាយ​នៅ​កម្ពុជា​បច្ចុប្បន្ន មាន​ហាងតូចៗដែល​គ្រប់គ្រង​ដោយ​គ្រួសារ។ ហាង​លក់រាយ​បែប​បុរាណ​ទាំងនេះ លក់​របស់របរ ដែល​គុណភាព​ទាប​ក្នុងតម្លៃ​ទាប ហើយ​បាន​បំពេញតម្រូវការ​របស់​អតិថិជន ដែលមាន​ចំណូល​ទាប និង​មធ្យម។

អ្វីៗបានចាប់ផ្តើម​ផ្លាស់ប្តូរ​នៅ​ឆ្នាំ២០១៨ នៅពេល​ខ្សែសង្វាក់​មី​នី​ម៉ា​ត​អាមេរិក-កាណាដា Circle K ចាប់ផ្តើម​បើក​សាខា​ដំបូង​របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​វិស័យនេះ​នឹងមាន​ហាង​ចំនួន៣០០បន្ថែមទៀត ក្នុង​រយៈពេល១០ឆ្នាំ​ខាងមុខ។ បច្ចុប្បន្ន មាន​គី​វី​ម៉ា​ត​ដែលមាន២២ហាង Aeon MaxValu Express មាន៩ ហាង Smile Mini Mart មាន ១១ ហាង និង​ឡាក់​គី​អ៊ិ​ច​ប្រេ​សមាន៥ហាង​នៅ​កម្ពុជា។

អំណាច​នៃ​ការទិញ​នៅ​កម្ពុជា

អំណាច​នៃ​ការទិញ ត្រូវបាន​ជំរុញ​ដោយ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ដោយសារ​កំណើន​នៃ​ប្រជាជនមាន​ជីវភាព​កម្រិត​មធ្យម​នៅ​ប្រទេស​កម្ពុជា។

ទីផ្សារ​ហាង​ទំនើប​លក់រាយ មានការ​រីកចំរើន​នៅ​ប្រទេស​កម្ពុជា ដោយសារ​កំណើនប្រជាជន​មាន​ជីវភាព​កម្រិត​មធ្យម​នៅក្នុង​ប្រទេស​នេះ។ ការផ្លាស់ប្តូរ​ពី​បែប​ប្រពៃណី​ទៅជា​ទីផ្សារ​លក់រាយ​បែប​ទំនើប​កើតឡើង ដោយសារ​ក្រុមហ៊ុន​ដោះស្រាយ​នូវ​តម្រូវការ​ផ្លាស់ប្តូរ​របស់​អ្នកប្រើប្រាស់។

ចំនួន​ប្រជាជនមាន​កម្រិត​មធ្យម នៅក្នុង​ប្រទេស​កម្ពុជា កំពុងតែ​រីកចម្រើន​ក្នុង​អត្រា​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក ដោយ​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ជាងពេលមុន។ បច្ចុប្បន្ននេះ ប្រាក់ចំនូល​មធ្យម​សម្រាប់​មនុស្សម្នាក់ៗក្នុង​មួយឆ្នាំ បាន​ឈានដល់​កម្រិត ១.៧០០ដុល្លារ នៅពេលដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ មុនពេល​វិបត្តិ Covid-19 បាន​កើនឡើង៧ភាគរយ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។ នៅ​ឆ្នាំ២០១៩ ប្រទេស​នេះ ស្ថិតក្នុង​ចំណោម​ប្រទេស​អាស៊ាន ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត។

អ្នកវិភាគ​យល់ឃើញថា អ្នកប្រើប្រាស់​នៅតាម​ទីក្រុង ដែលមាន​វ័យក្មេង​នៅ​កម្ពុជា​សព្វថ្ងៃ មាន​ឆន្ទៈ​ក្នុងការ​ចំណាយ១០ ទៅ២០ភាគរយ សម្រាប់​ហាង​ទំនើប​លក់រាយ ជាមួយ​ផលិតផល ដែលមាន​គុណភាព​ខ្ពស់​ពី​អន្តរជាតិ។ នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់ 7-Eleven ដែល​បាន​បង្កើត​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ លើ​លក្ខណៈ​ជាក់លាក់​បែបនេះ។

យោងតាម​វិទ្យាស្ថាន Grocery Distribution ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បានឱ្យដឹងថា ហាង​ទំនើប​រាយ​នៅ​អាស៊ី ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​កើនឡើង៦,៦ ភាគរយ ឬ​មាន​ចំណូល៥,១ទ្រី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០២។ ចំនែក​ទីផ្សារ​ទំនើប​លក់រាយ​នៅ​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​បង្កើត​ចំណូល៩,៣ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០២៣ ។

ការចូល​របស់​ហាង​ទំនើប 7-Eleven នឹង​បង្កើន​ការប្រកួតប្រជែង​ខ្លាំង​ដល់​ឧស្សាហកម្ម​ហាង​លក់រាយ​ក្នុងស្រុក ប៉ុន្តែ​នឹង​បង្កើន​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ នៅក្នុង​វិស័យ​លក់រាយ​នៅ​កម្ពុជា។ សហគ្រិន​ក្នុងស្រុក​អាចមាន​ឱកាស​ធ្វើជា​ម្ចាស់ និង​គ្រប់គ្រង​សិទ្ធិ​អាជីវកម្ម​យីហោ 7-Eleven ផ្ទាល់ខ្លួន​របស់​ពួកគេ។ លើសពីនេះ​ទៀត ខ្សែសង្វាក់​នេះ​ប្រាកដជា​បង្កើត​ការងារថ្មីៗរាប់ពាន់​នៅក្នុង​ប្រទេស​នេះ។

ការមកដល់​របស់ 7-Eleven នៅក្នុង​ប្រទេស​កម្ពុជា នឹង​ដោះស្រាយ​នូវ​តម្រូវការ​នៃ​ជីវិត​កាន់តែ​ទំនើប​របស់​អ្នកប្រើប្រាស់​ក្នុងស្រុក៕

វត្តមាន​ក្រុមហ៊ុន​លំដាប់​ពិភពលោក Coldwell Banker Cambodia បង្ហាញ​ពី​ភាពរឹងមាំ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយនឹង​សន្ទុះ នៃ​ភាព​រីកចម្រើន​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ដែល​កំពុង​ពង្រីក​សក្តានុពល វត្តមាន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ធំ និង​ល្បីឈ្មោះ​លំដាប់​ពិភពលោក Coldwell Banker Cambodia ដែល​បាន​ដំណើរការ​កាលពីដើមឆ្នាំ២០២០កាន់តែ​ជួយ​បង្ហាញ​ពី​ភាពរឹងមាំ នៃ​វិស័យ​មួយ​នេះ​នៅ​កម្ពុជា​បន្ថែមទៀត។

អគ្គនាយក​ក្រុមហ៊ុន Coldwell Banker Cambodia លោក Ken Lo បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា គ្រប់​ក្រុមហ៊ុន​អន្តរជាតិធំៗទាំងអស់ មុនពេល​ចូលមក​ចាប់​ដំណើរ​ប្រតិបត្តិការ របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា គឺ​សុទ្ធតែ​បាន​ឆ្លងកាត់​នូវ​ការសិក្សា​យ៉ាង​លម្អិត និង​ស្គា​ល់ពី​ស្ថានភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម ជាពិសេស សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​ដែល​កំពុង និង​បន្ត​មាន​តម្រូវការ​ទីផ្សារ​ផងដែរ។

ខាងក្រោម​នេះ ជា​កិច្ចសម្ភាសន៍​ផ្ទាល់​រវាង​អ្នកយកព័ត៌មាន​គេហទំព័រ​អចលនទ្រព្យ www.propertyarea.asia ជាមួយ​លោក Ken Lo អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker Cambodia ពី​ការចាប់យក​ចំណែក​ទីផ្សារ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា។

Q: តើ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​ណា និង​បង្កើតឡើង​តាំងពី​ឆ្នាំ​ណា? ហើយ​ហេតុអ្វី​បានជា​លោក​សម្រេចចិត្ត នាំយក​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ ចូលមក​កាន់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ?

A : ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker ដែល​ទើបតែ​បង្ហាញ​វត្ត​មាននៅ​កម្ពុជា កាលពីដើមឆ្នាំ២០២០កន្លងទៅនេះ មាន​ទីស្នាក់ការ​កណ្តាល​នៅ​សហរដ្ឋអាមេរិក ដែលជា​ក្រុមហ៊ុន​ដ៏​ធំ និង​ល្បីឈ្មោះ​លំដាប់​ទី៣ជា​សាកល ដែល​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​នេះ​មាន​អាយុកាល១១៣ឆ្នាំ និង​បាន​បង្កើត​ការិយាល័យ​តំណាង​ចំនួន៤៥ប្រទេស ដែល​ក្នុងនោះ​រាប់ទាំង​ប្រទេស​កម្ពុជា​ផងដែរ។ ឆ្លើយតប​ទៅនឹង​សំណួរ​សួរថា ហេតុអ្វី​បានជា​ខ្ញុំ​សម្រេចចិត្ត នាំយក​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ​ចូល​មកកាន់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ព្រោះ​ខ្ញុំ​បាន​ស្គាល់​ច្បាស់​ពី​ស្ថានភាព និង​សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​ស័ក្ដិសម​ទៅនឹង​វត្តមាន​ក្រុមហ៊ុនធំៗ ខណៈដែល​នៅ​កម្ពុជា មិនទាន់មាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​បែបនេះ​ច្រើន​នៅឡើយ។

Q : បច្ចុប្បន្ន នៅក្នុង​ទីផ្សារ​អចលនទ្រព្យ មាន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ជាតិ និង​អន្តរជាតិ​ជាច្រើន​កំពុងតែធ្វើការ​ប្រកួតប្រជែង​គ្នា តើ​លោក​មាន​ទំនុកចិត្ត និង​យុទ្ធសាស្ត្រ​បែបណា​ដើម្បី​អាច​ទទួលបាន​ចំណែក​ទីផ្សារ?

A : ថ្វី​ដ្បិត​យើង​មក​ក្រោយ​គេ ប៉ុន្តែ​ជំនឿ​ចិត្ត​ក្នុងការ​ទទួលបាន​ចំណែក​ទីផ្សារ​គឺ​យើង​មាន​ខ្ពស់ ព្រោះ​ក្រុមហ៊ុន​ភាគច្រើន ដែល​កំពុងដំណើរការ​នៅលើ​ទីផ្សារ​រួម ភាគច្រើន​មិនមែនជា​ដៃគូ​ប្រកួតប្រជែង​របស់​យើង​នោះទេ។ ទីផ្សារ​គោលដៅ​របស់​យើង​ខុន​ពី​គេ។ ក្រុមហ៊ុន​ភ្នាក់ងារ​ជាច្រើន ដែល​កំពុងដំណើរការ​សព្វថ្ងៃនេះ គឺ​ពួកគេ​ធ្វើ​សេវាកម្ម​ចំរុះ បានន័យថា មិន​ថា​អចលនវត្ថុ​នោះ​មាន​កម្រិត​តូច ធំ ឬ​មធ្យម​នោះទេ គឺ​ធ្វើ​ទាំងអស់ ប៉ុន្តែ​សម្រាប់​ទីផ្សារ​គោលដៅ របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ដែលមាន​ប្រភព​មកពី​សហរដ្ឋអាមេរិក Coldwell Banker Cambodia គឺ​ខុសពី​គេ។

យើង​ទទួល​បម្រើសេវា និង​ប្រឹក្សា​តែ​ចំពោះ​អចលនវត្ថុ​ទាំងឡាយណា ដែលមាន​តម្លៃ​ខ្ពស់​អាច​ចាប់ពី៨០ម៉ឺន​ដុល្លា ឬ១លាន​ដុល្លារ​រ​ឡើងទៅ ក្នុងនោះ​មិន​ថា​ជា​ប្រភេទ អគារ​ពាណិជ្ជកម្ម ខុន​ដូ លំនៅដ្ឋាន ទីតាំង​ជួល​ដូចជា Commercial Land, Commercial Industrial, Property Residence ឱ្យតែ​ស្ថិតនៅ​ក្នុងតម្លៃ ដែល​បានកំណត់​ទើប​យើង​ទទួល​ធ្វើ។

Q : តើ​វិសាលភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ធំ​ទូលាយ​សមស្រប​ទៅ​គោលដៅ​របស់​ក្រុមហ៊ុន Coldwell Banker Cambodia ដែរឬទេ ហើយ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ដើម្បី​ទទួលបាន​ចំណែក​ទីផ្សារ? 

A : បើ​យើង​សម្លឹងមើល​តែមួយ​ជ្រុង យើង​ឃើញថា​ទីផ្សារ​មាន​ទំហំ​តូច ប៉ុន្តែ​យើង​មើល​ឱ្យ​ទូលាយ​ជាង​នេះ នោះ​នឹង​ឃើញច្បាស់​ពី​វិសាលភាព នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា។  Coldwell Banker Cambodia បាន​សិក្សា និង​ស្គាល់​ច្បាស់​ពី​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេសមួយ​នេះ ហើយ​យើង​ក៏​មិន​ធ្វើ​តែ​នៅ​ក្នុ​ប្រទេស​កម្ពុជា​នោះដែរ។

តាមរយៈ​Coldwell Banker Cambodia នឹងធ្វើ​ការផ្សព្វផ្សាយ​បន្ថែម ពី​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​សាកលលោក ជាពិសេស​ប្រទេស​គោលដៅ ដូចជា​សហរដ្ឋអាមេរិក អូស្ត្រាលី ញ៉ូ​ហ្សា​លែ​ន កាណាដា និង​ប្រទេស​មួយចំនួនទៀត​នៅ​ប៉ែក​អឺរ៉ុប។

យើង​នឹង​នាំយក​អចលនទ្រព្យ​នៅ​កម្ពុជា ទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស ហើយក៏​នាំយក​អចលនទ្រព្យ នៅក្រៅ​ប្រទេស​មក​លក់​នៅ​ប្រទេស​កម្ពុជា​វិញ​ផងដែរ ដូចជា​ប្រទេស​អូស្ត្រាលី​ជាដើម ដែលមាន​ប្រជាជន​ខ្មែរ​ទៅ​រស់នៅ និង​សិក្សា​បន្ត​នៅ​ទីនោះ​ច្រើន។ សម្រាប់​អ្នក​ដែលមាន​កូនចៅ​រៀន​ចប់​នៅក្នុង​ស្រុក ហើយ​ត្រូវ​បញ្ជូនទៅ​សិក្សា​បន្ត​នៅ​ប្រទេស​អូ​ស្ត្រា ឬ​កាណាដា ពួកគាត់​អាច​ទិញ​អចលនទ្រព្យ ឬ​លំនៅដ្ឋាន​តាមរយៈ Coldwell Banker Cambodia ដែលជា​ក្រុមហ៊ុន មានការ​ទទួលស្គាល់​លំដាប់​ពិភពលោក។ ក្រោយពេល​ពួកគាត់​ទិញ កូន​របស់​ពួកគាត់​មិន​ពិបាក ចំណាយ​ប្រាក់​បន្ថែម​ទៅលើ​ការជួល​ទីតាំង​ស្នាក់នៅ ក៏ដូចជា​ផ្តល់​ភាពងាយស្រួល ដល់​ក្រុមគ្រួសារ​ដែល​ទៅលេង​ម្ដងម្កាល​ផងដែរ។

យើង​ដឹងថា សម្រាប់​ការចាប់យក​ចំណែក​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា អចលនវត្ថុ​ដែលមាន​តម្លៃ​ចាប់ពី១លាន​ដុល្លារ​ឡើង លើ​គឺ​ត្រូវ​ចំណាយពេល​យូរ និង​ធនធាន​ច្រើន​បន្តិច ប៉ុន្តែ​បន្ទាប់ពី​បាន​បញ្ជ្រាប​ខ្លួន​បាន​គ្រប់គ្រាន់ អតិថិជន ក៏ដូចជា​ចំណែក​ទីផ្សារ​នៃ​វិស័យ​មួយ​នេះ នឹង​រត់​មកប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​យើង ដែលជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ​ជាក់​ជាមិនខាន។

យើង​មានកេរ្តិ៍ឈ្មោះ​ល្បី​លើ​ការផ្តល់​ប្រឹក្សា ផ្តល់ជូន​សេវាកម្ម​ល្អ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ជាពិសេស ពួកយើង​មាន​ជំនាញ​ច្បាស់លាស់ មាន​ក្រប​សីលធម៌ វិជ្ជាជីវៈ ជាមួយនឹង​ភាពស្មោះត្រង់​ជាមួយ​អតិថិជន ក៏ដូចជា​ក្រុមហ៊ុន​ដែលជា​ដៃគូ​ផងដែរ៕

ចំណេះដឹង! តើ​ជនបរទេស​អាច​សុំចូល​សញ្ជាតិ​ខ្មែរ​តាមរយៈ​អ្វីខ្លះ?

ដោយ​វុត្ថា

ភ្នំពេញៈ ជាធម្មតា​ជនជាតិខ្មែរ​តែងតែ ទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ។ ម្យ៉ាង​វិញ ការចាប់​កំណើត​នៅក្នុង​ទឹក​ដឹក​ម្ពុ​ជា ក៏​ទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ​ដូចគ្នា។

ដោយឡែក​ចំពោះ​ជនបរទេស​ដែល ចង់​បានជា​សញ្ជាតិ​ខ្មែរ គឺ​ត្រូវគោរព​តាម​លក្ខខណ្ឌ និង​វិធានផ្សេងៗ ដែល​ប្រទេស​កម្ពុជា​បានកំណត់​ឡើង ដើម្បីអោយ​ជនបរទេស អាច​ទទួលបាន​សញ្ជាតិ​ជា​ខ្មែរ ដោយយោង​ទៅតាម ច្បាប់​ស្តីពី​សញ្ជាតិ និង​អនុក្រឹត្យផ្សេងៗទៀត​របស់​រាជរដ្ឋាភិបាល។

ដោយ​អនុលោម​ទៅតាម​ច្បាប់​ស្តីពី​សញ្ជាតិ​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើបនឹង​អនុម័ត​កាលពី​ថ្ងៃទី២១ មិថុនា ឆ្នាំ២០១៨បាន​ចែងថា ជនបរទេស​ដែលមាន​បំណង​ចង់​សុំ​សញ្ជាតិ​ខ្មែរ ត្រូវអនុវត្ត​ទៅតាម​រយៈ៖

១. ការទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​ការ​ស្មុំ​កូន​ពេញលេញ

យោងតាម​មាត្រា១០ នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ថ្មី បាន​ចែងថា កូន​ជនបរទេស​ដែល​ត្រូវបាន​សុំ​ជា​កូន​ស្មុំ​ពេញលេញ ដោយ​សហព័ទ្ធ​ពលរដ្ឋ​ខ្មែរ ត្រូវ​ទទួលបាន​សញ្ជាតិ​ខ្មែរ នៅពេលដែល​ស្មុំ​កូន​ពេញលេញ ត្រូវបាន​បង្កើតឡើង​ស្របតាម​ច្បាប់​ជា​ធរមាន។

២. ការទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​អាពាហ៍ពិពាហ៍

យោងតាម​មាត្រា១១ នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ថ្មី​បាន​ចែងថា ស្ត្រី ឬ​បុរស​ដែល​យកប្តី ឬ​ប្រពន្ធ​ពលរដ្ឋ​ខ្មែរ ដោយបាន​រៀប​អាពាហ៍ពិពាហ៍ ពួក​អាច​ទាមទារ​សញ្ជាតិ​ខ្មែរ​បាន លុះណាតែ​ស្ត្រី​ឬ​បុរស​នោះ បានរស់នៅ​ជាមួយគ្នា​រយៈពេល​បី​ឆ្នាំ ក្រោយ​ចុះបញ្ជី​អាពាហ៍ពិពាហ៍ និង​បាន​ស្នាក់នៅ​យ៉ាងហោច​រយៈពេល១២ខែ ពេញលេញ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ត្រូវបាន​អនុញ្ញាត​ឲ្យ​សុំ​ទាមទារ​សញ្ជាតិ​ខ្មែរ ជា​ចង្កោម​គ្រួសារ ចំពោះ​ជនបរទេស​ជា​ម្តាយ ឬ​ឪពុក​ដែលមាន​កូន​ជា​អនីតិជន។

យោងតាម​មាត្រា១២ នៃ​ច្បាប់​សញ្ជាតិ​ឆ្នាំ២០១៨ ជនបរទេស​ដែល​អាច​សុំ​ទាមទារ​សញ្ជាតិ​ខ្មែរ ដោយ​អាពាហ៍ពិពាហ៍​បាន ត្រូវបំពេញ​លក្ខខណ្ឌ​ដូចតទៅ៖ (១) មានគំនិត មាយា​ទ និង​សីលធម៌​ល្អ (២) ពុំដែល​មានទោស​ពីបទ​ឧក្រិដ្ឋ ឬ​ប​ទម​ជ្ឈឹ​ម​ណាមួយ (៣) មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅពេល​ដាក់​ពាក្យសុំ​ទាមទារ​សញ្ជាតិ​ខ្មែរ ដោយ​អាពាហ៍ពិពាហ៍ (៤) ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះ (៥) មាន​បញ្ញា និង​កាយសម្បទា ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ។

បែបបទ​និង​នីតិវិធី​នៃ​ការទាមទារ​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ។ការផ្តល់​សញ្ជាតិ​ខ្មែរ តាម​ករណី​ទាមទារ​សញ្ជាតិ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ។ ជាការ​កត់សម្គាល់​ច្បាប់​នេះ​បាន​បញ្ជាក់ថា នៅក្នុង​ករណីនេះ ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាត់​សញ្ជាតិ​ខ្មែរ ដោយសារតែ​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ឡើយ៕

អាស៊ានពិចារណាលើការជំរុញការធ្វើដំណើរក្នុងតំបន់ឡើងវិញ ដែលធានាបានសុវត្ថិភាពទេសចរណ៍

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន បាន និងកំពុងពិចារណាលើការជំរុញឱ្យមានការធ្វើដំណើរក្នុងតំបន់ឡើងវិញ ជាមួយនឹងការអនុវត្តនូវវិធានការនានាដែលអាចធានាបាននូវសុត្ថិភាពទេសចរណ៍រួមគ្នា។

ប្រទេសទាំងឡាយរបស់អាស៊ាន បានបើកកិច្ចប្រជុំរួមគ្នាក្នុងក្របខណ្ឌសហព័ន្ធសមាគមការធ្វើដំណើរអាស៊ី (FATA) តាមរយៈប្រព័ន្ធ Video Conference នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ដើម្បីពិភាក្សាលើការបើកព្រំដែនឡើងវិញសម្រាប់ទេសចរក្នុងតំបន់អាស៊ាន ដើម្បីជំរុញការធ្វើដំណើររបស់ទេសចរ ក៏ដូចជាការលើកទឹកចិត្ត (Incentives) និងផែនការនានាជាប្រយោជន៍រួម។

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ លោក ថោង រដ្ឋសក្តិ បានបង្ហាញពីបច្ចុប្បន្នភាពជូនអង្គសន្និសីទអំពីស្ថានភាព Covid-19 នៅកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អប្រសើរ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល។ លោកថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយថ្មីៗមួយចំនួន រួមមាន វិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ (New Normalization Protocols for Health and Safety) ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺ Covid-19 ដល់សហគមន៍ ស្របពេលដែលទេសចរផ្ទៃក្នុងកំពុងមានការកើនឡើង។ ការអនុវត្តនូវវិធានការសុវត្ថិភាព និងអនាម័យសម្រាប់សេវាកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹក ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍សម្រាប់ជំហានទី១ ដោយមានការសហការពីអង្គការទេសចរណ៍ពិភពលោក ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។

លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ថា កម្ពុជាពុំដែលបិទព្រំដែនជាមួយប្រទេសជិតខាងឡើយ ដោយទេសចរអន្តរជាតិដែលមកកម្ពុជាតម្រូវឱ្យមានលិខិតធានារ៉ាប់រងសុខភាពយ៉ាងតិច ៥០,០០០ ដុល្លារអាមេរិក និងតម្កល់ប្រាក់ចំនួន ៣,០០០ ដុល្លារអាមេរិក សម្រាប់សេវាកម្មផ្សេងៗពាក់ព័ន្ធ Covid-19 និងលិខិតបញ្ជាក់អវិជ្ជមាន Covid-19 ពីសំណាក់អាជ្ញាធរសុខាភិបាលរបស់ប្រទេសខ្លួនដែលមានសុពលភាព ៧២ ម៉ោងមុនពេលធ្វើដំណើរមកកម្ពុជា។ តំណាងប្រទេសនីមួយៗបានលើកឡើងអំពីគោលនយោបាយ និងវិធានការពិសេសមួយចំនួនរបស់ប្រទេសខ្លួន។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ (CATA) បានលើកឡើងអំពីស្ថានភាពទីភ្នាក់ងារទេសចរណ៍នៅកម្ពុជា ៩៥ ភាគរយ ប្រតិបត្តិករទេសចរណ៍បានផ្អាកអាជីវកម្ម ចំណែកប្រតិបត្តិករទេសចរណ៍ ៥ ភាគរយ ទៀតកំពុងខិតខំបង្កើតសកម្មភាព ផលិតផលថ្មី ដើម្បីទាក់ទាញទេសចរក្នុងស្រុក ក្នុងនោះទេសចរវ័យជំទង់កំពុងពេញនិយមក្នុងការឡើងភ្នំ និងបោះតង់។

សមាគម CATA បាន និងកំពុងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសុវត្ថិភាពក្នុងសេវាកម្មទេសចរណ៍ រួមមាន សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន-អាហារដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក៕

បណ្ឌិត សុខ ទូច ៖ កម្ពុជាត្រូវតែជាប្រទេសផលិត ដើម្បីពង្រឹងសេដ្ឋកិច្ចរឹងមាំយូរអង្វែង

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ជំរុញដល់កម្ពុជាត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ដើម្បីប្រែក្លាយខ្លួនពីប្រទេសនាំចូលផលិតផលពីបរទេស ទៅជាប្រទេសអ្នកផលិតវិញ ដើម្បីពង្រឹងសេដ្ឋកិច្ចរឹងមាំយូរអង្វែង។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី តើកម្ពុជាត្រៀមអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចក្រោយ Covid-19 បញ្ចប់? កាលពីម្សិលមិញនេះ បានឱ្យពន្យល់ថា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសអ្នកផលិតទៅថ្ងៃអនាគត កម្ពុជាត្រូវតែខិតខំកែច្នៃផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរជាងពេលបច្ចុប្បន្ននេះថែមទៀត។

លោកបណ្ឌិតបន្តថា “បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសក្តានុពលក្នុងវិស័យកសិកម្ម ជាពិសេសគឺស្រូវ ប៉ុន្តែកម្ពុជាពុំទាន់បានកែច្នៃស្រូវឱ្យទៅជាផលិតផលផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារនៅលើពិភពលោកនោះទេ។ លោកបបន្ថែមថា ប្រសិនបើកម្ពុជាអាចកែច្នៃស្រូវឱ្យទៅជាអាហារ ឬផលិតផលផ្សេងៗបាន១០ ទៅ២០មុខ កម្ពុជានឹងក្លាយប្រទេសអ្នកផលិត មានទីផ្សារច្រើន និងបង្កើនចំនួនពលកម្មការងារនៅក្នុងប្រទេស”។

លោកបណ្ឌិតថា “កម្ពុជាបាននាំចូលពីប្រទេសវៀតណាម ខណៈកម្ពុជាក៏អាចផលិតបន្លែទាំងនោះបានដូចគ្នា ដូចនេះលោកបណ្ឌិតសភាចារ្យបានជំរុញឱ្យមានកែច្នៃកសិកម្មរបស់ខ្លួនឱ្យទៅជាកសិទេសចរណ៍ ដើម្បីឱ្យកម្ពុជាខ្លាំង និងក្លាយទៅជាប្រទេសអ្នកផលិត”។

លោកបណ្ឌិត សុខ ទូច បានបង្ហាញ៤ចំណុចដែលកម្ពុជាត្រូវធ្វើក្រោយវិបត្តិជំងឺ Covid-19 ត្រូវបានបិទបញ្ចប់រួមមាន ៖ ១. បន្តផ្តោតការយកចិត្តទុកដាក់ និងពង្រឹងមូលដ្ឋានផលិតកម្ម ដូចជា ទឹក ភ្លើង ផ្លូវ ២. កំណែទម្រង់ធនធានមនុស្សចាប់ពីកម្រិតមតេ្តយ្យសិក្សា ដោយតម្រង់ទិសនៃការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្អែកលើធនធានមនុស្ស និងបច្ចេកវិទ្យាថ្មីៗ (ឧស្សាហកម្ម៤.០)

៣. ធ្វើពិធីកម្មវិស័យសំខាន់ៗដែលជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងសម្រាប់គាំទ្រដល់វិស័យដទៃទៀតដូចជាកសិកម្ម ដើម្បីទេសចរណ៍ កសិកម្មដើម្បីឧស្សាហកម្ម និងកសិកម្មដើម្បីការនាំចេញទៅក្រៅប្រទេស និង៤.បន្តកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលយុវជនដែលជាកម្លាំងស្នូលគ្រប់កម្រិតសិក្សា ជាពិសេសគឺចាប់ពីកម្រិតមតេ្តយ្យសិក្សារហូតដល់មធ្យមសិក្សា។

លោកបណ្ឌិតឯកទេសសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ ឱ្យដឹងដែរថា សេដ្ឋកិច្ចរបស់កម្ពុជា ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺ Covid-19 ជាសកលអាចមានភាពប្រសើរឡើងវិញ ប្រសិនបើកម្ពុជាបានស្តារឡើងវិញនូវវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យទេសចរណ៍ក្នុងស្រុក វិស័យកសិកម្ម និងជំរុញវិស័យសហគ្រាសធុនតូច និងធម្យម (SMEs)។

លោកបណ្ឌិតថា “សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបាន គឺទី១៖ យើងត្រូវស្តារទេសចរណ៍ក្នុងស្រុក, ទី២៖ យើងត្រូវកែច្នៃកសិកម្មរបស់យើង ឲ្យទៅជាកសិកម្មគាំទ្រដល់វិស័យទេសចរណ៍ និងជាផលិតផលសិរីរាង្គ និងទី៣៖ កាត់បន្ថយថ្លៃដើមលើកការដឹកជញ្ជូន និងយកចិត្តទុកដាក់ ទៅលើឧស្សាហកម្មខ្នាតតូច (SMEs) ដែលជាឧស្សាហកម្មដ៏សំខាន់ ធ្វើយ៉ាង ណាឲ្យអាចមានការឱកាសរួមគ្នានាំចេញទៅក្រៅប្រទេសបាន”។

ចំពោះវិស័យទេសចរណ៍ក្នុងស្រុក លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានចាត់ទុកថា ចំនួនភ្ញៀវទេសចរក្នុងស្រុកជាង ១១លាននាក់ គឺជាកូនសោគន្លឹះក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ។ ចំណែកវិស័យកសិកម្មវិញ លោកបណ្ឌិតបានឱ្យយោបល់ថា កម្ពុជាត្រូវតែប្តូរយុទ្ធសាស្ត្រផលិតនូវផលិតផលសិរីរាង្គ ដែលមានតម្រូវការទីផ្សារខ្ពស់ខុសពីប្រទេសនានា ដើម្បីផ្គត់ផ្គង់វិស័យទេសចរណ៍ ព្រមទាំងត្រូវរៀបចំចងក្រងជាសហគមន៍កសិកម្ម និងការពង្រឹងទីផ្សារកសិផល ដើម្បីជំរុញវិស័យកសិកម្ម។

ចំពោះវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលផ្តល់កម្លាំងពលកម្មប្រមាណជាង៧០ភាគរយ នៃវិស័យឧស្សាហកម្ម និងសិប្បកម្ម លោកបណ្ឌិតមើលឃើញថា កម្ពុជាមានចំណុចខ្វះខាតក្នុងវិស័យ SMEs មួយចំនួនដែលត្រូវកែលម្អដោះស្រាយ ក្នុងនោះរួមមាន៖ ខ្វះនូវបញ្ហាបច្ចេកទេស បច្ចេកវិទ្យា និងកម្លាំងពលកម្មជំនាញ ព្រមទាំងសីលធម៌ក្នុងការប្រកួតប្រជែងផងដែរ។

យោងតាមច្បាប់ថវិកាជាតិនៅឆ្នាំ២០២០ ដែលបានអនុម័តមុនពេលកើតមានជំងឺ Covid-19 នេះ កម្ពុជាគ្រោងចំណាយថវិកាជាតិប្រហែលជិត៨ពាន់លានដុល្លារ ប៉ុន្តែការចំណាយជាក់ស្តែងគឺត្រូវបានកាត់បន្ថយប្រហែលពាក់កណ្តាល ខណៈវិបត្តិ បានទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាចំនួន ១.៩ភាគរយ ក្នុងឆ្នាំ២០២០នេះ។ រាជរដ្ឋាភិបាលកម្ពុជាបានព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងវិញក្នុងអត្រា ៣.៥ភាគរយនៅឆ្នាំ២០២១ ៕

តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបង្ហាញសក្តានុពលដល់វិនិយោគិនអាមេរិក ដែលស្វែងរកការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់

ដោយ ៖ ប៊ី

ភ្នំពេញ ៖ តំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជាស្ថិតក្នុងចំណោមដៃគូអាស៊ានជាច្រើន ដែលមានសក្តានុពលសម្រាប់វិនិយោគិនអាមេរិក ដែលស្វែងរកការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះដែលធ្វើឡើងដោយក្រុមហ៊ុនសេវាកម្មអន្តរជាតិមួយ។

ក្រុមហ៊ុន Dezan Shira & Associates ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មជំនាញ ពន្ធ ច្បាប់ និងប្រតិបត្តិការដល់វិនិយោគិនក្រុមហ៊ុនអន្តរជាតិ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសរបស់តំបន់កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលពាណិជ្ជកម្មកាន់តែច្រើនរវាងតំបន់ និងសហរដ្ឋអាមេរិក តាមរយៈការលើកទឹកចិត្តផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ។

ក្នុងគោលបំណងដើម្បីក្លាយជាប្លុកពាណិជ្ជកម្មដ៏មានឥទ្ធិពលនោះបណ្តាប្រទេសអាស៊ានបាន និងកំពុងជំរុញតំបន់សេដ្ឋកិច្ចពិសេស ដែលជាមូលដ្ឋានគ្រឹះមួយក្នុងការជំរុញលើកទឹកចិត្តការវិនិយោគផ្ទាល់ពីបរទេស (FDI) បន្ថែមទៀត។ តំបន់សេដ្ឋកិច្ចពិសេសបានទទួលនូវភាពលេចធ្លោកាន់តែខ្លាំងឡើង បន្ទាប់ពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ ២០១៥ ហើយវាបានក្លាយជាឧបករណ៍សំខាន់ ដើម្បីទាក់ទាញវិនិយោគិនអាមេរិក ដែលកំពុងសម្លឹងរកមើលការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។

ប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣១ នៅទូទាំងប្រទេស ប៉ុន្តែមានតែតំបន់សេដ្ឋកិច្ចពិសេសចំនួន១៧ ប៉ុណ្ណោះ ដែលមានសកម្មភាពនៅក្នុងប្រទេស ដែលភាគច្រើននៅតាមព្រំដែនជាមួយប្រទេសវៀតណាម និងប្រទេសថៃ។

យោងតាមរបាយការណ៍ ការលើកទឹកចិត្តពន្ធផ្សេងៗអាចទទួលបាននៅក្រោមតំបន់ទាំងនេះរាប់ចាប់ពីការលើកលែងពន្ធលើប្រាក់ចំណូលក្រុមហ៊ុន ១០០ ភាគរយរហូតដល់ ៩ ឆ្នាំដើម្បីរួចផុតពីពន្ធនាំចូល និងនាំចេញ។

ក្រុមហ៊ុនអាមេរិកមួយចំនួន ដែលបានវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជារួមមានកូកាកូឡា ដែលបានបើករោងចក្រតម្លៃ ១០០ លានដុល្លារនៅឯតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីឆ្នាំ ២០១៦ ចាប់តាំងពីពេលនោះមកមានម៉ាកផ្សេងទៀតដូចជា Apple Timberland Puma និងក្រុមហ៊ុន IBM បានបង្កើតវត្តមាននៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
តួលេខផ្លូវការពីការិយាល័យជំរឿនអាមេរិកបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានកត់ត្រាក្នុងតម្លៃប្រមាណ ២ ពាន់លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ កើនឡើង ២៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Dezan Shira & Associates ផលិតផលសំខាន់ៗរបស់កម្ពុជាដែលនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកភាគច្រើនជាផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែក និងស្បែកជើងដែលគិតជាទឹកប្រាក់ជាង១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ កិច្ចចរចាពាណិជ្ជកម្មសេរីកម្ពុជា-ចិនបានបញ្ចប់ ហើយការនាំចេញរបស់កម្ពុជាទៅចិននឹងកើន ២០ភាគរយ

ដោយ ៖ វុត្ថា

កែប ៖ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអះអាងថា ក្រុមការងារបច្ចេកទេសរបស់ក្រសួពាណិជ្ជកម្មទើបតែបញ្ចប់ដោយជោគជ័យលើកិច្ចចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កាលពីពេលថ្មីៗនេះ ហើយកម្ពុជារំពឹងថា នឹងមានកំណើននៃការនាំចេញទៅកាន់ទីផ្សារប្រទេសចិនប្រមាណជា ២០ភាគរយ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដែលមានការចូលរួមពីមន្ត្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។

លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានជោគជ័យលើកិច្ចចរចានេះរួចមក ក្រុមការងារនឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលទាំងសងខាង ដើម្បីផ្តល់ការយល់ព្រមលើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅចុងឆ្នាំ២០២០នេះ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងសម្រាប់កម្ពុជា។

លោកបន្តថា “ផ្អែកលើគោលការណ៍រួមដែលបានឯកភាពគ្នាដោយក្រុមចរចានោះ បន្ទាប់ពីរដ្ឋាភិបាលប្រទេសទាំងពីរឯកភាពលើកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារដែលបានស្នើឡើងនោះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ២០ភាគរយ”។

លោករដ្ឋមន្ត្រីបន្ថែមថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ ការផ្តួចផ្តើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ៕