ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន Taica Corp. របស់ប្រទេសជប៉ុន បានបើកភោជនីយដ្ឋានយីហោគុយទាវ Marugame Udon ជាលើកទី ២ របស់ខ្លួននៅរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅក្នុងពេលនៃកម្ពុជាកំពុងប្រឈមទៅនឹងវិបត្តិជំងឺកូវីដ១៩។
យោងតាមការចុះផ្សាយរបស់គេហទំព័រ mainichi.jp ជាភាសាអង់គ្លេសកាលពីម្សិលមិញនេះឱ្យដឹងថា ក្រុមហ៊ុនបានសំរេចចិត្តបើកទីតាំងភោជនីយដ្ឋានថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំ បន្ទាប់ពីកម្ពុជា បានមានវិធានការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ ១៩ ។
ក្រុមហ៊ុន Taicaបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធអាជីវកម្មភោជនីយដ្ឋាននៅខែវិច្ឆិកាឆ្នាំ ២០១៨ និងបានបើកសាខាដំបូងរបស់ខ្លួនគឺភោជនីយដ្ឋាន “Marugame Udon Toul Tompong”” នៅរាជធានីនៃប្រទេសកម្ពុជាកាលពីខែកញ្ញាឆ្នាំ ២០១៩ ។
ក្រុមហ៊ុនបានសម្រេចផ្អាកអាជីវកម្មមួយរយៈខ្លី បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ហើយបានបើកដំណើរការទទួលភ្ញៀវឡើងវិញកាលពីខែសីហាកន្លងមកនេះ បន្ទាប់ពីកម្ពុជាចាត់វិធានការទប់ស្កាត់ចំពោះការរីករាលដាលនៃជំងឺកូវិដ ១៩។
តាមការចុះផ្សាយរបស់ គេហទំព័រ mainichi.jpថា ក្រុមហ៊ុន Taica Fine Dining (Cambodia) Co., ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា បានបើអជីវកម្មភោជនីយដ្ឋានថ្មីឈ្មោះថា “Marugame Udon 313 Quayside” នៅតាមបណ្តោយមាត់ទន្លេដែលបណ្តុំទៅដោយភ្ញៀវទេសចរ និងកន្លែងកម្សាន្តជាច្រើន ដូចជាព្រះបរមរាជវាំង និង សារមន្ទីរជាតិ៕






