ADB៖ ការអភិវឌ្ឍ​នៅ​អាស៊ី​នឹង​កើនឡើង​តិចតួច​បំផុត​នៅ​ឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ ការអភិវឌ្ឍ​នៅ​អាស៊ី​នឹង​កើនឡើង​តិច​តូច​នៅ​ឆ្នាំ២០២០នេះ ខណៈដែល​វិធានការណ៍​ទប់ស្កាត់ ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​វីរុស​ជំងឺ​កូ​វីដ១៩ បាន​រារាំង​សកម្មភាព​សេដ្ឋកិច្ច​និង​ធ្វើឱ្យ​តម្រូវការ​ខាងក្រៅ​ចុះខ្សោយ។ នេះ​បើ​យោងតាម​ការព្យាករណ៍​ថ្មី​មួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​បានចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ។

នៅក្នុង​របាយការណ៍​បំពេញបន្ថែម លើ​ការបោះពុម្ពផ្សាយ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់ខ្លួន​ចក្ខុវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ២០២០ ដែល​បានចេញ​ផ្សាយ​នៅក្នុង​ខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករណ៍​ពី​កំណើន​ស្ទើរ​ដក​សូន្យ (០.១) សម្រាប់​តំបន់​នេះ ក្នុង​ឆ្នាំ២០២០ ។ កំណើន​នេះ​ធ្លាក់ចុះ​ពី​ការព្យាករណ៍២,២%កាលពី​ខែមេសា ហើយនឹង​ជា​កំនើន​ទាប​បំផុត​សម្រាប់​តំបន់​ចាប់តាំងពី​ឆ្នាំ១៩៦១ ។

យ៉ាងណា​នៅ​ឆ្នាំ២០២១ សេដ្ឋកិច្ច​តំបន់​នេះ ត្រូវបាន​រំពឹងថា​នឹង​កើន​ឡើងដល់ ៦,២% ដូច​ការព្យាករណ៍​កាល​ពី​ខែ មេសា។ កម្រិត​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ ២០២១ នឹង​នៅតែ​ទាប​ជាង​អ្វីដែល​បាន​ប្រមើលមើល និង​ក្រោម​និន្នាការ​មុន​វិបត្តិ។

ដោយ​មិន​រាប់បញ្ចូល​សេដ្ឋកិច្ច​ឧស្សាហកម្មថ្មីៗ របស់​ហុងកុង ចិន សាធារណរដ្ឋ​កូរ៉េ សឹង្ហ​បុរី និង​ទីក្រុង​តៃប៉ិ ប្រទេស​ចិន ការអភិវឌ្ឍន៍​នៅ​អាស៊ី​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​កើនឡើង០,៤ ភាគរយ​នៅ​ឆ្នាំនេះ និង៦,៦ ភាគរយ​នៅ​ឆ្នាំ ២០២១ ។

លោក Yasuyuki Sawada ប្រធាន​សេដ្ឋវិទូ ADB មានប្រសាសន៍ថា សេដ្ឋកិច្ច​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក​នឹង​បន្ត​ទទួលរង​គ្រោះ ដោយ​ជំងឺ​រាតត្បាត​នៅ​ឆ្នាំនេះ ទោះបីជា​ការបិទទ្វារ​ប្រទេស​ត្រូវបាន​បន្ធូរបន្ថយ​បន្តិចម្តងៗ ហើយ​ជ្រើសរើស​សកម្មភាព​​សេដ្ឋកិច្ច​ឡើងវិញ​នៅក្នុង​សេណា​រី​យ៉ូ “ថ្មី​ធម្មតា” ក៏ដោយ ។

លោក​បាន​បន្តថា “នៅពេល​យើង​មើលឃើញ​ទស្សនវិស័យ កំនើន​ខ្ពស់​សម្រាប់​តំបន់​ក្នុង​ឆ្នាំ២០២១នេះ ភាគច្រើន​បណ្តាល​មកពី​តួលេខ​ខ្សោយ​នៅ​ឆ្នាំនេះ ហើយ​នេះ​មិនមែនជា​ការស្តារ​ឡើងវិញ​ទេ” ។ លោក​បន្តថា “រដ្ឋាភិបាល​ប្រទេស​និមួយៗ គួរតែ​អនុវត្ត​វិធានការណ៍​គោលនយោបាយ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន នៃ​ជំងឺ​កូ​វីដ១៩ ហើយ​ធានាថា​មិនមាន​រលក​នៃ​ការ​ផ្ទុះឡើង​កើតឡើង​ទៀត​ទេ” ។

ហានិភ័យ​ចំពោះ​ទស្សនវិស័យ នៅតែ​ស្ថិតនៅលើ​ចំណុច​ធ្លាក់ចុះ។ ជំងឺ​កូ​វីដ១៩ អាច​នឹង​ឃើញ​មាន​រលក​នៃ​ការផ្ទុះ​ឡើងជា​ច្រើន នៅក្នុង​រយៈពេល​ខាងមុខ ហើយ​បំណុល​រដ្ឋ និង​វិបត្តិ​ហិរញ្ញវត្ថុ មិនអាច​ត្រូវបាន​គេ​លុបបំបាត់ចោល​ឡើយ។ វា​ក៏មាន​ហានិភ័យ​នៃ​ការកើនឡើង​ជាថ្មី នៅក្នុង​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ។

អាស៊ី​បូព៌ា​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹងមាន​កំណើន១,៣ភាគរយ ក្នុង​ឆ្នាំ ២០២០ ដែលជា​អនុតំបន់​តែមួយគត់ ដែល​ទទួលបាន​កំណើន​នៅ​ឆ្នាំនេះ ខណៈ​កំណើន​នៅ​ឆ្នាំ ២០២១ នឹង​ស្ទុះ​ងើប​ដល់៦,៨ភាគរយ។ កំណើន​នៅ​ប្រទេស​ចិន​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹងមាន​ចំនួន១,៨ភាគរយ​នៅ​ឆ្នាំនេះ និង៧,៤ភាគរយ​ក្នុង​ឆ្នាំ២០២១ បើ​ប្រៀបធៀប​ទៅនឹង​ការប៉ាន់ប្រមាណ​កាលពី​មេសា ២,៣ភាគរយ​នៅ​ឆ្នាំ២០២០ និង៧,៣ភាគរយ​ឆ្នាំ២០២១ ។

ដោយ​រង​ផលប៉ះពាល​ខ្លាំង​ពី​ជំងឺ១៩ អាស៊ី​ខាងត្បូង​ត្រូវបាន​ព្យាករណ៍​ថា នឹង​ធ្លាក់ចុះ៣,០ភាគរយ ក្នុង​ឆ្នាំ២០២០ បើ​ប្រៀបធៀប​ទៅនឹង​កំណើន៤,១ភាគរយ ដែល​បាន​ព្យាករណ៍​កាលពី​ខែមេសា។ ចក្ខុវិស័យ​កំណើន​សម្រាប់​ឆ្នាំ២០២១ ត្រូវបាន​កែលម្អ​ឡើងវិញ​ពី៦,០ ភាគរយ។

សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា ត្រូវបាន​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ៤,០ភាគរយ នៅក្នុង​ឆ្នាំ ២០២០ មុនពេល​កើនឡើង៥,០ ភាគរយ​នៅក្នុង​ឆ្នាំសារពើពន្ធ២០២១ ។

សកម្មភាព​សេដ្ឋកិច្ច​នៅ​អាស៊ីអាគ្នេយ៍​ត្រូវបាន​រំពឹងថា នឹង​ធ្លាក់ចុះ២,៧ភាគរយ​ក្នុងឆ្នាំនេះ មុនពេល​កើនឡើង៥,២% ក្នុង​ឆ្នាំ ២០២១ ។ ការធ្លាក់ចុះ​ត្រូវបាន​ព្យាករណ៍​នៅក្នុង​សេដ្ឋកិច្ចសំខាន់ៗ ខណៈ​វិធានការ​ទប់ស្កាត់​ប៉ះពាល់​ដល់​ការប្រើប្រាស់ និង​ការវិនិយោគ​ក្នុងស្រុក​រួមមាន​ឥណ្ឌូណេស៊ី (-១.០%) ហ្វីលីពីន (-៣.៨) %) និង​ថៃ (-៦.៥%) ។ ប្រទេស​វៀតណាម​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​កើនឡើង ៤,១% នៅក្នុង​ឆ្នាំ ២០២០ ។ ខណៈពេល​នោះ គឺ​ទាប​ជាង​ការប៉ាន់​ស្មាន​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី០,៧ភាគរយ វា​គឺជា​កំណើន​លឿន​បំផុត​ដែល​រំពឹងទុក​នៅ​អាស៊ីអាគ្នេយ៍។

សកម្មភាព​សេដ្ឋកិច្ច​នៅ​អាស៊ី​កណ្តាល ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់ចុះ ០.៥% បើ​ប្រៀបធៀប ទៅនឹង​ការព្យាករណ៍​កំណើន ២,៨%នៅក្នុង​ខែមេសា ដោយសារ​ការរំខាន​ដល់​ពាណិជ្ជកម្ម និង​តម្លៃ​ប្រេង​ទាប។ កំណើនសេដ្ឋកិច្ច​ត្រូវបាន​ព្យាករណ៍​ថា នឹង​កើន​ឡើងដល់ ៤,២% នៅ​ឆ្នាំ ២០២១ ។

លំហូរ​ពាណិជ្ជកម្ម​ដែល​ត្រូវបាន​រឹតបន្តឹង និង​ការថយចុះ​ចំនួន​ទេសចរណ៍​បានធ្វើ ឱ្យ​ទស្សនវិស័យ​សេដ្ឋកិច្ច សម្រាប់​អនុតំបន់​​ប៉ាស៊ីហ្វិក​ធ្លាក់ចុះ។ សេដ្ឋកិច្ច​អនុតំបន់​ត្រូវបាន​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ៤,៣% ក្នុង​ឆ្នាំ ២០២០ មុននឹង​កើនឡើង​ដល់១,៦% នៅ​ឆ្នាំ ២០២១ ។

អតិផរណា​សម្រាប់​ការអភិវឌ្ឍ​នៅ​អាស៊ី ត្រូវបាន​គេ​ព្យាករណ៍​ថា នឹងមាន​ចំនួន ២,៩% ក្នុង​ឆ្នាំ ២០២០ ធ្លាក់ចុះ​ពី​ការព្យាករណ៍៣,២% នៅក្នុង​ខែមេសា ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ធ្លាក់ចុះ និង​តម្លៃ​ប្រេង​ទាប។ នៅ​ឆ្នាំ២០២១ អតិផរណា​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្លាក់ចុះ​ដល់ ២,៤% ៕

ស្ពាន​អាកាស​ថ្មី​ប្រសព្វ​មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ៤ចាប់ដំណើរការសាងសង់​ហើយ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ពាន​អាកាស​ថ្មី​នៃ​ចំណែក​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ស្ថិតនៅ​ប្រសព្វ​ជាមួយ​មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ៤ បាននិងកំពុង​ដំណើរកា​រ​ការដ្ឋាន​សាងសង់​ហើយ ខណៈ​ដែលជា​លទ្ធផល នៃ​ការសាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ សរុប​សម្រេចបាន​ជាង៣៧ភាគរយ។

តាមរយៈ​គ​ណី​បណ្តាញ​ទំនាក់​ទំនងជា​ផ្លូវការ របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០បាន​បញ្ជាក់ថា ក្រុមការងារ​បច្ចេកទេស និង​ជំនាញ​បាន និង​កំពុង​ចាប់ដំណើរការ​ការដ្ឋាន​សាងសង់ ស្ពាន​អាកាស​ថ្មី​នៃ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣មួយ​បន្ថែមទៀត ដែល​ស្ថិតនៅ​ចំណុចប្រសព្វ​គ្នា​រវាង​វិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ៤ ។

វត្តមាន​ស្ពាន​អាកាស​ថ្មី នៃ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣មួយ​នេះ ក៏​ជា​ស្ពាន​អាកាស​ទី៨ ក្នុងចំណោម​ស្ពាន​អាកាស​ទាំង២៥ ដែល​ស្ថិតនៅក្នុង​គ្រោង​សាងសង់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍រ​បស់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ចេញចូល​ក្នុង និង​ក្រៅ​ក្រុង​ផងដែរ។

មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា គិត​មកដល់​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ការសាងសង់​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ បានសម្រេច​ជាង៣៧ភាគរយ​ហើយ ក្រោយពី​ការបើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់ នៅត្រឹម​អំឡុង​ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

សម្តេច​តេ​ជោ​ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់ថា ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី៣នេះ គឺជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ និង​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ម្យ៉ាងទៀត​គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ចសំខាន់ៗ របស់​មហា​អនុតំបន់​មេគង្គ។ រួមចំណែក​ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី​ដែល​នៅ​សងខាង​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍ​ថែមទៀត​ផង។

គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នេះ មាន​ប្រវែង​សរុប៤៧.៦គីឡូម៉ែត្រ​ជា​ប្រភេទ​ផ្លូវ៤គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប២៥ម៉ែត្រ សម្រាប់​ផ្លូវ​រថយន្ត៤គន្លង មាន​ទទឹង៣.៥០ម៉ែត្រ​ក្នុង​មួយ​គន្លង និង​ផ្លូវ​ទោចក្រយានយន្ត២គន្លង មាន​ទទឹង២.២៥ ម៉ែត្រ​ក្នុង​មួយ​គន្លង។ ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ៤ ម្តុំ​អូរ​ដឹ​ម ត្រង់​គីឡូម៉ែត្រ​លេខ ១៤+ ១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ១ ត្រង់​គីឡូម៉ែត្រ​លេខ២៤+៨៤០ ដោយ​ត្រូវ​កាត់​ផ្លូវជាតិ​លេខ៣ ត្រង់ចំណុច​គីឡូម៉ែត្រ លេខ២១+២០០ កាត់​ផ្លូវជាតិ​លេខ២ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ២២+៨០០ និង​កាត់​ផ្លូវជាតិ​លេខ២១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ១៨+ ៤០០ និង​ផ្លូវ​ខ្នែង​ប្រវែង ៥.៣៧គីឡូម៉ែត្រ៕

ថៃ​អនុម័ត​គម្រោង​ពង្រីក​ព្រលានយន្តហោះ​ជាង ៩០០០លាន​ដុល្លារ​ឱ្យ​ក្លាយជា​ច្រកអន្តរជាតិ​ទី៣សម្រាប់​ប្រទេស

ដោយ ហ្សូ​លី

បាងកកៈ រដ្ឋាភិបាល​ថៃ​បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​វិនិយោគ​ព្រលានយន្តហោះ​របស់​ខ្លូន ដោយ​គ្រោង​ចំណាយលុយ​ជាង៩០០០ពាន់​លាន​ដុល្លារ លើ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ ព្រលានយន្តហោះ​មួយ​ក្នុង​ប្រទេស​ថៃ នៅ​ថ្ងៃ​សុក្រ ទី១៩ ខែមិថុនា ឆ្នាំ ២០២០នេះ ។

គម្រោង​វិនិយោគ​នេះ​គឺជា ការពង្រីក​នូវ​ព្រលានយន្តហោះ U-tapao ដែល​ស្ថិតនៅក្នុង​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ និង​ជា​ព្រលានយន្តហោះ​សាធារណៈ​ស៊ីវិល-យោធា​ដែល​បម្រើ​ដល់ទី​ក្រុង​រ៉ាក់យ៉ង និង​ប៉ា​តា​យ៉ា​ក្នុងប្រទេស​ថៃ។ វា​ក៏មាន​តួនាទី​ជា​អាកាសយាន   ដ្ឋា​ន​កងទ័ពជើងទឹក និង​ជា​ផ្ទះ​របស់​កងទ័ពអាកាស​របស់​រាជវង្ស​ថៃ​ផងដែរ។

រដ្ឋាភិបាល​ថៃ​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ចំនួន២៩០ពាន់​លាន​បាត ឬ​ស្មើនឹង​ទឹកប្រាក់ (៩,៣៦ពាន់​លាន​ដុល្លារ) ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​និង​ពង្រីក​ព្រលានយន្តហោះ U-Tapao និង​តំបន់​ជុំវិញ​ឱ្យ​ប្រែក្លាយជា​ច្រកទ្វារ​អន្តរជាតិ​ទី​បី​សម្រាប់​ទីក្រុង​បាងកក។

វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ របស់​រដ្ឋាភិបាល​ដ៏​សំខាន់​មួយ នៅក្នុង​តំបន់ឧស្សាហកម្ម​ភាគ​ខាងកើត​របស់ខ្លួន ហើយនឹង​ធ្វើឱ្យ U-tapao ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី៣បម្រើ​ដល់​រដ្ឋធានី​ថៃ និង​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ឧស្សាហកម្ម បន្ទាប់ពី​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ និង​ស្ថានីយ​ចំណត​ដុន​មឿង។

កិច្ចព្រមព្រៀង​នេះ ក៏​គ្របដណ្តប់​លើ​ការសាងសង់ ព្រលានយន្តហោះ​ទីក្រុង​ជាប់​នឹង​ព្រលានយន្តហោះ ដែលជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន និង​ឧស្សាហកម្ម​គាំទ្រ ដូចជា ការថែទាំ​យន្តហោះ ការជួសជុល ការបណ្តុះបណ្តាល​អាកាសចរណ៍ និង​ការផ្ទុក​ប្រេង។

U-tapao មាន​ចម្ងាយ​ធ្វើដំណើរ ដោយ​ចំណាយពេល​ប្រហែល២ម៉ោង ចេញពី​ទីក្រុង​បាងកក។ ចំណែកឯ​ផែនការ​ដាច់ដោយឡែក ដើម្បី​បង្កើត​ផ្លូវដែក​ក៏ត្រូវ​បានអនុម័ត​រួចជាស្រេច៕ Reuters

សម្តេច​តេ​ជោ​នឹង​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​សប្តាហ៍​ក្រោយនេះ

ដោយ វុត្ថា

ភ្នំពេញៈ បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។

នេះ​បើ​យោងតាម​លទ្ធផល​កិច្ចប្រជុំ​របស់​គណៈ​អភិបាលខេត្ត​កណ្តាល​រៀបចំ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា  ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នា​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០  ដឹកនាំ​ដោយ​គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល។

លោក​ឧត្ដមសេនីយ៍ត្រី ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល ខេត្ដ​កណ្ដាល បាន​ប្រាប់​ឱ្យដឹងថា តាម​គម្រោង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២០ សប្តាហ៍​ក្រោយនេះ។

លោក​គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល​ធ្លាប់ បាន​មានប្រសាសន៍​កាលពីពេល​កន្លងទៅនេះ​ថា វា​ជា​ភ​ព្វ​សំណាង​របស់​ខេត្តកណ្តាល ដែល​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បានជ្រើសរើស​សម្រាប់​អភិវឌ្ឍន៍ ទៅជា​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ ដែល​ធ្វើឱ្យ​ខេត្ត​មួយ​នេះ​កាន់តែ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូលមក​បណ្តាក់ទុន​វ​វិនិយោគ​នៅក្នុង​ខេត្ត​កាន់តែច្រើន ក្នុងនាម​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​លំដាប់​ទី១ របស់​ខេត្តកណ្តាល​ផងដែរ ។

លោក​បាន​បញ្ជាក់ថា គម្រោង​ព្រលានយន្តហោះ​ថ្មី បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ២៦០០ហិកតា ដែល​ស្ថិត​ព្រំប្រទល់​រវាង​ខេត្តកណ្តាល និង​ខេត្តតាកែវ។ ទំហំ​ដី​នៅ​ខេត្តកណ្ដាល ២២២៧ ក្បាលដី = ២៤៤១ ហិកតា និង​ខេត្តតាកែវ ៣៦០ ក្បាលដី = ១៥៨ ហិកតា ជាមួយនឹង​ទុនវិនិយោគ១៥០០លាន​ដុល្លារ របស់​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC) ដោយ​ដំណាក់កាល​ទីមួយ នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ២០២៣ ។

ពាក់ព័ន្ធ​ទៅនឹង​ផលប៉ះពាល់​នៃ​គម្រោង រដ្ឋបាល​ខេត្តកណ្តាល បាន​ដោះស្រាយ​បញ្ហា​សំណង់​មិន​រៀបរយ ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ដី​ព្រលាន​សរុប១៧៦គ្រួសារ ក្នុងនោះ ១១គ្រួសារ ទទួល​ប្រាក់​គោលនយោបាយ២០០០ដុល្លារ​ក្នុង១គ្រួសារ និង១៦៥ គ្រួសារ​ទៀត ទទួលយក​ការដោះដូរ​ដី​ទៅ​កន្លែង​ផ្សេង សម្រាប់​សង់​លំនៅដ្ឋាន​រស់នៅ ដោយ​រាល់​ការដោះស្រាយ​ផលប៉ះពាល់ ពី​គម្រោង​ព្រលានយន្តហោះ​នៅក្នុង​ខេត្តកណ្តាល ឈរលើ​ការយោគយល់ និង​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​ពុំ​ឱ្យ​ប្រជាពលរដ្ឋ​រូប​ណា​ម្នាក់​ពិបាក​នោះទេ។

ព្រលានយន្តហោះ​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង​លំដាប់ថ្នាក់​ 4F ជា​អាកាសយានដ្ឋាន​ធំ​បំផុត​លំដាប់​ទី៩ នៅក្នុង​ពិភពលោក ដែល​ស្ថិតនៅ​លំដាប់​ពីក្រោយ​អាកាសយានដ្ឋាន Chicago O’Hare និង​លំដាប់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន។ នៅពេល​សាងសង់​ចប់ អាកាសយានដ្ឋាន​ថ្មី​នេះ នឹង​សមត្ថភាព​ទទួល​យន្តហោះ​ដឹកជញ្ជូន​ធុន​ធ្ងន់​ផ្លូវ​ឆ្ងាយ៕

ចំណេះដឹង! តើ​ច្បាប់​ប្រកួតប្រជែង​មាន​សារៈសំខាន់​យ៉ាងណា?

ដោយ វុត្ថា

ភ្នំពេញៈ ច្បាប់​ស្តីពី​កិច្ចការ​ប្រកួតប្រជែង ត្រូវបាន​អនុម័ត​ជា​ស្ថាពរ​នា​ដើមឆ្នាំ២០២០ឱ្យស្រប​ជាមួយនឹង​បណ្តា ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃទៀត បានអនុម័ត និង​កំពុង​អនុវត្ត​ច្បាប់​ប្រកួតប្រជែង​យ៉ាង​មាន​ប្រសិទ្ធភាព។

ច្បាប់ និង​គោលនយោបាយ​ប្រកួតប្រជែង​នេះ នឹង​ជំរុញឱ្យមាន​បរិយាកាស​ប្រកួតប្រជែង​ធុរកិច្ច​មួយ​ដ៏​រឹងមាំ និង​បង្កើន​ឱ្យមាន​ទីលាន​ប្រកួតប្រជែង មួយ​ដោយ​ស្មើភាព រវាង​ក្រុមហ៊ុន ដែលជា​កត្តា​សំខាន់​មួយ ក្នុងការ​ទាក់ទាញ​វិនិយោគិន​បរទេស​មក​វិនិយោគ​ក្នុងប្រទេស ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន​ទាំងមូល។

ច្បាប់​ប្រកួតប្រជែង​នេះ​ផងដែរ នឹង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ ដល់​សកម្មភាព​ឃុបឃិត​គ្នា​រវាង​ធុរកិច្ច ការកំណត់ថ្លៃ ការកំណត់​បរិមាណ​ទំនិញ​សម្រាប់​លក់ ការកំណត់​ទីតាំង​ភូមិសាស្ត្រ សម្រាប់​លក់​ផលិតផល និង​សេវា។ សកម្មភាព​ប្រើប្រាស់​អំណាច​ដោយ​បំពាន​របស់​ធុរកិច្ច ដោយ​អំណាច​លើ​ទីផ្សារ ព្រមទាំង​រារាំង​ការរួមបញ្ចូល​គ្នា នៃ​ធុរកិច្ច ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​ប្រកួតប្រជែង ហើយ​អាច​នាំទៅរក​ឯកា​ធិ​ភាព។

ប្រទេស​កម្ពុជា បានរៀបចំ​សេចក្តីព្រាង​ច្បាប់​ប្រកួតប្រជែង​របស់ខ្លួន ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះថា​ក្នុង​ដំណើរការ​តាក់តែង​នេះ ក្រសួងពាណិជ្ជកម្ម បានធ្វើ​កិច្ច​ពិគ្រោះ​យោបល់​ជាច្រើនលើក ច្រើនសារ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ដោយមាន​ការចូលរួម​ពី​ជំនាញការ​អន្តរជាតិ​ជាច្រើន​នាក់​ផងដែរ៕

គម្រោងថាមពលធ្យូងថ្មតម្លៃ ១៧០០ លានដុល្លារ របស់ឡាវនឹងបញ្ជូនថាមពលបន្ថែមមកកាន់កម្ពុជា

ដោយ ៖ ប៊ី

ភ្នំពេញ ៖ រដ្ឋាភិបាលឡាវបានអនុម័តគម្រោងរោងចក្រថាមពលធ្យូងថ្មតម្លៃ ១៧០០លានដុល្លារ របស់ក្រុមហ៊ុនថាមពលសឹង្ហបុរី ដើម្បីអភិវឌ្ឍន៍នៅខេត្តសេកុងភាគខាងត្បូងប្រទេសឡាវជាប់នឹងព្រំប្រទល់កម្ពុជា ខណៈរោងចក្រថាមពលនេះនឹងបញ្ជួនថាមពលមកកម្ពុជា ថៃ និងវៀតណាមជាដើម។

ក្រុមហ៊ុន Evolution Power Investment Corporation (EPIC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនឡាវ Khounmixay Bridge and Road Construction and Repair Company (KMX) ដើម្បីធ្វើការសិក្សាអំពីលទ្ធភាពសម្រាប់គម្រោងនេះ។ នេះបើយោងតាមការគេហទំព័រ ASEAN Today កាលពីពេលថ្មីៗនេះ។

រោងចក្រនេះត្រូវបានរាយការណ៍ថានឹងផលិតថាមពល ១០០០ មេហ្គាវ៉ាត់ (MW) ហើយនឹងត្រូវបង្កើតថាមពលដោយធ្យូងថ្ម ខណៈដែលរបាយការណ៍បានឱ្យដឹងថា ការសិក្សានេះនឹងពិចារណាលើបច្ចេកវិទ្យាឡចំហាយចំនួន២ ដែលជាធម្មតាប្រើជាមួយធ្យូងថ្ម។ រោងចក្រនេះត្រូវបានរាយការណ៍ថានឹងដំណើរការលើប្រភពប្រេង ដែលបានទាញយកពីក្នុងស្រុក និងបន្ថែមតម្លៃដល់ធនធានធម្មជាតិក្នុងតំបន់។

ប្រទេសឡាវមានបំរុងទុកធ្យូងថ្មប្រមាណ ៦០០ ទៅ៧០០ លានតោន ដែលភាគច្រើនជាធ្យូងថ្មលីគណាយ ដែលជាប្រភពថាមពល តែបំពុលបរិយាកាសបំផុតមួយនៅលើពិភពលោក។ ក្រុមអ្នកអភិវឌ្ឍន៍រោងចក្រថ្មីបានទទួលស្គាល់រួចហើយនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគម្រោង ដែលបានចោទជាសំណួរអំពីមូលហេតុដែលរដ្ឋាភិបាលឡាវសម្រេចចិត្តថា គម្រោងនេះមានតម្លៃ។

លោក Khamthanh Phommathat អនុប្រធានក្រុមហ៊ុន KMX បាននិយាយថា ថាមពលធ្យូងថ្មមានតួនាទីយ៉ាងសំខាន់ និងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតថាមពលចម្រុះ សម្រាប់តំបន់អាស៊ាន។ វាមានសារៈសំខាន់ណាស់ ដែលបច្ចេកវិទ្យាចុងក្រោយត្រូវបានប្រើដើម្បីកាត់បន្ថយផលប៉ះពាល់បែបនេះ”។
ការសិក្សាលទ្ធភាពសម្រាប់រោងចក្រសេកុងនឹងផ្តោតលើភាពឋិតថេរនៃសេដ្ឋកិច្ចសង្គម និងបរិស្ថាននៃគម្រោង។

ដោយសារគម្រោងអភិវឌ្ឍន៍ខ្នាតធំនៅប្រទេសឡាវច្រើនតែខ្វះតម្លាភាព ព័ត៌មានលម្អិត និងដំណើរការក្នុងអំឡុងពេលសិក្សាលទ្ធភាពនឹងមានសារៈសំខាន់។
រោងចក្រដែលគាំទ្រដោយសឹង្ហបុរីនឹងក្លាយជាគម្រោងថាមពលធ្យូងថ្មទី២ របស់ឡាវ។ ការប្រកាសបង្កើតរោងចក្រសេកុងថ្មីនេះក៏កើតឡើង ៩ ខែផងដែរ បន្ទាប់ពីឡាវបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ដើម្បីនាំចេញថាមពលធ្យូងថ្ម។

រដ្ឋាភិបាលថា នៅក្រោមកិច្ចព្រមព្រៀងនេះប្រទេសកម្ពុជានឹងទិញថាមពលអគ្គិសនីពីរោងចក្រថាមពលធ្យូងថ្ម ១៨០០ មេហ្គាវ៉ាត់ដែលគ្រប់គ្រងដោយក្រុមហ៊ុន Xekong Thermal Power Plant Company Limited និង៦០០មេហ្គាវ៉ាត់ពីក្រុមហ៊ុន TSBP Sekong Power and Mineral Company Limited៕

គម្រោងស្ថាបនាផ្លូវជាតិលេខ៣ ក្រុងកំពត-វាលរេញ តម្លៃជាង ១២ លានដុល្លារ សម្រេចបាន ៧៩,៦០ភាគរយ

ដោយ ៖ វុត្ថា

ខេត្តកំពត ៖ គម្រោងស្ថាបនា ថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពត-វាលរេញ ដែលមានប្រវែងសរុបចំនួន ៥៤,៣គីឡូម៉ែត្រ មានតម្លៃជាង១២ លានដុល្លារអាមេរិក សម្រេចបាន ៧៩,៦០ ភាគរយ និងគ្រោងបញ្ចប់ក្នុងពេលខាងមុខនេះ

តាមលទ្ធផលនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងថែទាំ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ឋិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០នេះ ទទួលបានលទ្ធផល ៧៩,៦០ភាគរយហើយ។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “គម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែង ៥៤,៣០ គីឡូម៉ែត្រ ចែកជា២កំណាត់ គឺពីគីឡូម៉ែត្រ១៤៧+១០០ ដល់គីឡូម៉ែត្រ ១៨១+០០០ ប្រវែង៣៤គីឡូម៉ែត្រ ត្រូវបានជួស ជុល និងក្រាលកៅស៊ូAC ហើយ គីឡូម៉ែត្រ១៨១+០០០ ដល់គីឡូម៉ែត្រ ២០១+៤០០ ប្រវែង២០គីឡូម៉ែត្រ ត្រូវធ្វើការជួសជុល ពង្រឹងឡើងវិញដោយធ្វើការលើកកម្ពស់តួផ្លូវចំនួន៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួផ្លូវ និងការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា”។
លោកបន្តថា “គម្រោងនេះអនុវត្តដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd”។

កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ គ្រោងចំណាយថវិកាប្រមាណ ១២ ០៦១ ៦៨៨,០៥ ដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានIDA Credit លេខ.៥៧៨៩-Kh បច្ចុប្បន្នគម្រោងផ្លូវនេះសម្រេចបាន ៧៩,៦០ភាគរយ ក្នុងនោះរួមមានការសាងសង់ប្រព័ន្ធប្រឡាយរំដោះទឹក ការងារដាក់ប្រព័ន្ធលូ បំពាក់ស្លាកសញ្ញាសុវត្តិភាព និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕

កម្ពុជាកំពុងធ្វើពិពិធកម្មវិស័យឧស្សាហកម្មកាត់ដេរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការនាំចេញ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ មន្ត្រីជំនាញបានអះអាងថា ចាប់តាំងពីមានការផ្ទុះឡើងនូវវិបត្តិជំងឺ Covid-19 កន្លងមកនេះ រដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញឱ្យមានការធ្វើពិពិធកម្មវិស័យវាយនភណ្ឌកាត់ដេរ ដើម្បីឆ្លើតបទៅនឹងការផ្គត់ផ្គង់ និងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ខណៈវិស័យមួយនេះ បាននឹងកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។

លោក គួច សុមាន អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ នេះថា កម្ពុជាបាននាំចេញនូវផលិតផលសម្លៀកបំពាក់ជាច្រើន ដែលមានការកើនឡើងប្រមាណ ៦០ភាគរយ កាលពីឆ្នាំ ២០១៩កន្លងមកនេះ តែមកពេលនេះបានធ្លាក់ចុះមកត្រឹ៥០ ភាគរយ ដែលក្នុងនោះរួមមានដូចជា ផលិតផលកាបូប ខ្សែក្រវ៉ាត់ និងសម្ភារៈពេទ្យសម្រាប់ធ្វើការនាំចេញ។

លោកបន្តថា “នេះ គឺជាការធ្វើពិធិធកម្មរបស់កម្ពុជា ដែលកន្លងមកនេះ យើងធ្វើពិពិធកម្មពីវិស័យមួយទៅវិស័យមួយទៀត តែតាមស្ថានភាពជាក់ស្តែងយើងបាននឹងកំពុងធ្វើពិពិធកម្មជាបណ្តើរៗតាមរយៈការធ្វើពិពិធកម្មលើវិស័យស្រដៀងគ្នាដែលស្ថិតនៅក្នុងរោងចក្រកាត់ដេរ យើងអាចធ្វើបាន ដោយបានផ្អាកផលិតផ្នែកផលិតផលដេរសម្លៀកបំពាក់ មកផលិតកាបូប និងដេរស្បែកជើងដោយទទួលបានតម្លៃខ្ពស់ជាងសម្លៀកបំពាក់ធម្មតា”។

លោកបន្ថែមថា “ជាមួយគ្នានេះ យើងក៏បានឃើញមានការនាំចេញនូវផលិតផលសម្ភារៈអគ្គិសនី បរិក្ខាប្រើប្រាស់ សម្ភារៈរថយន្ត កង់ និង សម្ភារៈពេទ្យមានការរីកចំរើន ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដាក់ចេញនូវការអភិវឌ្ឍវិស័យឧស្សាហកម្ម”។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងដែរថា ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃការនាំចេញ នៅក្នុងអំឡុងពេលនៃវិបត្តិ ជំងឺ Covid-19 នេះ ក្រសួងពាណិជ្ជកម្មតែងតែគាំទ្រចំពោះការធ្វើពិពិធកម្ម ដែលធ្វើឱ្យប្រទេសកម្ពុជាមានមូលដ្ឋានផលិតឱ្យបានកាន់ច្រើនសម្រាប់ធ្វើការនាំចេញ។

លោកបន្តថា “នៅក្នុងគោលនយោបាយជាយុទ្ធសាស្ត្ររបស់ក្រសួងពាណិជ្ជកម្ម បានធ្វើការគាំទ្រលើការធ្វើពិពិធកម្មវិស័យរោងចក្រកាត់ដេរ និងកសិកម្ម ក្នុងការបង្កើនតម្លៃផលិតផលកសិកម្មក្នុងការនាំចញេ ។ យើងនាំចេញនូវផលិតផលកសិកម្មដែលមានគុណភាព សម្រាប់ទីផ្សារអន្តរជាតិ”។

លោក គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងដែរថា វិបត្តិសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យវិស័យកាត់ដេរបានកំពុងនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង តាមរយៈការនាំចេញ។ ជាមួយគា្ននេះ កម្ពុជាបានដំណើរការផលិកម្មវិស័យកាត់ដេរនេះអស់ជាច្រើនឆ្នាំមកហើយ ដូច្នេះ កម្ពុជាគួរតែដូរចង្វាក់ផលិតកម្មទាំងឡាយដែលអាចបង្កើនតម្លៃបន្ថែមសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេស។

លោកបន្តថា “បច្ចុប្បន្ន យើងលក់តែកម្លាំងលើវិស័យកាត់ដេរទេ យើងអត់មានគំនិតក្នុងការបង្កើតថ្មី ឬច្នៃមូដអីក៏អត់មានដែរ ហើយអ្វីទាំងអស់នេះ យើងត្រូវតែប្តូរចង្វាក់ផលិតកម្មប្រកបដោយវិជ្ជាជីវៈ និងការចូលរួមពីកម្មករ ការិនីជាដើម។ ជាមួយគ្នានេះកម្ពុជា គួរតែសម្រួលដល់តម្លៃនៃការដឹកជញ្ជូនឱ្យនៅទាប ដើម្បីជំរុញឱ្យការនាំចេញនេះមានការប្រកួតប្រជែង និងឧត្តមភាពបាន”។

លោកបន្ថែមថា “ដោយសារបញ្ហាលំហូទុនមកពីក្រៅប្រទេសមានការថយចុះខ្លាំងជាងពាក់កណ្តាល ហើយអ្វីដែលកម្ពុជាគួរតែធ្វើ គឺជំរុញឱ្យមានកាប្រើប្រាស់នៅក្នុងស្រុកឱ្យបានច្រើន ខណៈដែលកម្ពុជាមិនមានការឆ្លងនូវជំងឺ Covid-19 នៅតាមសហគម និងមានការទប់ស្កាត់បានយ៉ាងល្អនៅតាមច្រកចេញចូលព្រំដែន និងព្រលានយន្តហោះ” ។

លោកបន្តថា “ការប្រើប្រាស់ក្នុងស្រុក និងការជំរុញឱ្យមានការផលិតនៅក្នុងស្រុកឱ្យច្រើនឡើងវិញ ជាកត្តាយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានសេដ្ឋកិច្ចមានស្ថេរភាពឡើងវិញ”៕

លោក លី សុខឆាយៈនិយាយពីការចាប់ផ្តើមនិងភាពជោគជ័យអាជីពក្នុងវិស័យ អចលនទ្រព្យ

ដោយៈ រ៉ាណេត

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅតែជាគោលដៅសំខាន់ របស់មនុស្សជាច្រើនដដែ​ល ទោះជាកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសាកល ដែលបច្ចុប្បន្នមានទាំងអ្នកបណ្តាក់ទុនវិនិយោគ អ្នកអភិវឌ្ឍន៍ ក៏ដូចជាអ្នកចាប់អាជីពជាភ្នាក់ងារទិញ-លក់-ជួល ជាដើមក្នុងគោលបំណងទទួលបានផលប្រយោជន៍ពីវិស័យមួយនេះ។

លោកលី សុខឆាយ អគ្គនាយកក្រុមហ៊ុនLSCG Real Estate Co, Ltd ដែលត្រូវបានអ្នកជំនួញជាច្រើន ជាពិសេសអ្នកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យស្គាល់ថា ជាអគ្គនាយកក្រុមហ៊ុនអចល នទ្រព្យលេចធ្លោមួយរូប ដែលបានអភិវឌ្ឍន៍ខ្លួនចេញពីបុគ្គលិក បម្រើការងារជាអ្នករត់តុគុយទាវនោះ បានលើកឡើងថា ការចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ ជារឿងល្អ និងងាយស្រួល ប៉ុន្តែចង់ទទួលបានផលចំណេញច្រើនមិនងាយស្រួលនោះទេ។

លោកបានមានប្រសាសន៍ “គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានភាពរីកចម្រើន ទទួ​ល​បានទំនុកចិត្តច្រើនពីអតិថិជន និងមានក្រុមហ៊ុនពាក់ព័ន្ធជាច្រើនធ្វើជាដៃគូ គឺដោយ​សា​រតែក្រុមហ៊ុននោះបានផ្តល់នូវសេវាកម្មល្អ”។លោកបន្តថា “ការមានជំនាញច្បាស់​លា​ស់ រួមនឹងភាពស្មោះត្រង់ ជាពិសេសលទ្ធភាពខ្ពស់ក្នុងការផ្តល់នូវប្រយោជន៍ ជាក់ស្ដែងដល់អតិថិជន រួមទាំងក្រុមហ៊ុនជាដៃគូ”។

អ្នកជំនាញអចលនទ្រព្យ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលជាច្រើន ពិសេសជំនាញពីCIPS លោកបានបន្តទៀតថា “គ្រប់ការប្រកបអាជីវកម្ម ការធ្វើជំនួញអ្វីក៏ដោយ គឺទាមទារឱ្យមានភាពស្មោះត្រង់ខ្ពស់បំផុត”។

លោកបន្ថែមថថា ចំពោះការប្រកបអាជីវកម្មនៅក្នុងវិស័យអចលនទ្រព្យ គឺរឹតតែត្រូវការភាពស្មោះត្រង់ ទាំងភ្នាក់ងារអចលនទ្រព្យ ភ្ញៀវ អ្នកទិញ និងម្ចាស់អចលនទ្រព្យ  ជាពិសេ​ស ត្រូវគោរពទៅតាមក្រមសីលធម៍វិជ្ជាជីវ:របស់ខ្លួន និងបញ្ញាត្តិច្បាប់នានា។ ក្នុងន័យនេះ បើអ្នកបំពានហើយ មិនថាក្រុមហ៊ុនអ្នកតូច ឬធំប៉ុនណានោះទេ លោកអ្នកនឹងប្រឈមមុខចំពោះច្បាប់ និងមានទោសទណ្ឌជាមិនខាន។ ដូច្នេះសម្រាប់អ្នកប្រកបអាជីវកម្មក្នុងវិស័យអចនទ្រព្យ សូមគោរពតាមក្រមសីលធម៍វិជ្ជាជីវៈរបស់ខ្លួន និងកុំចាត់ទុកភ្ញៀវអ្នកវិនិយោគបរទេសដំបូងៗ ជាសាច់ជ្រូកបីជាន់ឱ្យសោះ។

លោកលី សុខឆាយ ដែលជាអគ្គនាយកក្រុមហ៊ុន LSCG Real Estate Co.,Ltd និងជាសមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ផងដែរនោះ មានបងប្អូនចំនួន៣នាក់ មានស្រុកកំណើតនៅស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ដោយលោកជាកូនទី២នៅក្នុងគ្រួសារ។ កាលពីអតីតកាល លោកធ្លាប់បម្រើការងារជាអ្នកស៊ីឈ្នួលរត់តុគុយទាវឱ្យគេ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកច្បាប់ នៅសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសា ស្រ្តសេដ្ឋកិច្ច(RULE) រួមជាមួយនឹងបរិញ្ញាបត្រភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរ ទេស (IFL) ហើយលោកក៏អាចប្រើប្រាស់ភាសាចិន ក្នុងកិច្ចទំនាក់ទំនងលើមុខជំនួញបានយ៉ាងល្អផងដែរ។

មុនពេលលោកសម្រេចចិត្តបើកក្រុមហ៊ុនអចលនទ្រព្យ LSCG Real Estate Co.,Ltd ដែលកំពុងមានដំណើរការយ៉ាងរលូន ដោយមានក្រុមហ៊ុនអចលនទ្រព្យជាតិ និងអន្តរជាតិជាច្រើនធ្វើជាដៃគូនៅពេលបច្ចុប្បន្ននេះ លោកធ្លាប់មានបទពិសោធន៍ផ្នែកទីផ្សា រអចលនទ្រព្យក្នុងស្រុកជាង១០ឆ្នាំ និងបានសិក្សាលើជំនាញអចលនទ្រព្យអន្តរជាតិ ដោយទទួលបានសញ្ញាបត្រ CIPS ដែលជាសមាជិកសមាគមអចលនទ្រព្យសហរដ្ឋអាមេរិក។

អ្វីដែលជាសមិទ្ធផលធំៗ ដែលលោកទទួលបានបន្ទាប់ ពីបើកដំណើរការក្រុមហ៊ុនអចលនទ្រព្យ LSCG Real Estate Co.,Ltdត្រឹមរយៈពេលជាង៣ឆ្នាំ រួមមានទី១ ពានរង្វាន់ប្រចាំឆ្នាំ២០១៩ ក្នុងនាមជា ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើម ទី២ ភាពជោគ ជ័យ លើការសរសេរគម្រោងផែនការអាជីវកម្ម ដែលទទួលស្គាល់ពីសំណាក់ លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា។

 

គេហទំព័រPropertyarea.asia មានកិត្តិយសក្នុងការប្រកាសទទួលលោកលី សុខឆាយ ជាទីប្រឹក្សាជាន់ខ្ពស់ប្រចាំគេហទំព័រនេះ ចាប់ពីថ្ងៃទី១៩ មិថុនានេះតទៅ ដែលលោកនឹងរួមចំណែកក្នុងការគាំទ្រ និងផ្សព្វផ្សាយពីសក្តានុពលនៃគេហទំព័រនេះ ដល់អ្នក​វិនិយោគជាតិ អន្តរជាតិ៕

កម្ពុជាជំរុញប្រទេសដៃគូគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ទាំង ២៦ គាំទ្រតួនាទីរបស់ WHO

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញដល់ប្រទេសទាំង២៦ ដែលជាដៃគូសហប្រតិបត្តិការ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គាំទ្រតួនាទីរបស់អង្គការសុខភាពពិភពលោក (WHO) ខណៈដែលវិស័យសុខាភិបាល កំពុងរងការវាយប្រហារយ៉ាងខ្លាំង អំឡុងពេលមានវិបត្តិនៃជំងឺ Covid-19។

ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជំងឺ Covid-19 តាមរយៈប្រព័ន្ធវីដេអូ ក្រោមការផ្តួចផ្តើម ដោយសាធារណរដ្ឋប្រជាមានិតចិន និងដឹកនាំដោយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ទីប្រឹក្សារដ្ឋ ដោយមានរដ្ឋមន្រ្តីមកពី២៦ប្រទេសចូលរួម។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដោយបានស្រង់សម្តីរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថា ៖ “ ក្នុងបរិបទបច្ចុប្បន្ន ដែលពហុភាគីនិយមនៃវិស័យសុខាភិបាលកំពុងរងការវាយប្រហារ យើងគួរតែបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកយើង ក្នុងការគាំទ្រដល់តួនាទី របស់អង្គការសុខភាពពិភពលោក។ អង្គការសុខភាពពិភពលោក ត្រូវតែទទួលបាននូវមធ្យោបាយគ្រប់គ្រាន់ ដើម្បីអាចបំពេញបេសកកម្មជាធម្មតារបស់ខ្លួន បានកាន់តែប្រសើរឡើង”។

នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ទៀតថា ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះ «វិថីសូត្រសុខភាព» ព្រមទាំងបានសង្កត់ធ្ងន់លើចំណុចមួយចំនួន រួមមានដូចខាងក្រោម ៖

– ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិទេ យើងមិនអាចឈ្នះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះទេ។ ការធ្វើនយោបាយណាមួយ ទៅលើការផ្ទុះឡើងនៃជំងឺរាតត្បាត ឬការលេងល្បែងស្តីបន្ទោសដាក់គ្នា គឺបានត្រឹមតែកាត់បន្ថយនូវកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រឆាំង នឹងជំងឺរាតត្បាតសកលនេះ តែប៉ុណ្ណោះ។

– យើងចាំបាច់ត្រូវផ្តោតលើការពង្រឹងសមត្ថភាពរួមរបស់ពួកយើង ដើម្បីដោះស្រាយវិបត្តិសុខភាពសាធារណៈនេះ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងជំនាញបច្ចេកទេស ការចែករំលែក ឧត្តម្មានុវត្តន៍ ហើយនឹងរិះរកការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា លើថ្នាំព្យាបាល និងវ៉ាក់សាំង។

– ខណៈដែលស្ថានភាពជំងឺ Covid-19 កំពុងធូរស្រាលនៅតាមប្រទេសមួយចំនួននៅលើពិភពលោក វេលានេះជាពេលត្រូវចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវមធ្យោបាយ ដើម្បីបង្កើតបរិយាកាស អំណោយផលសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកន្លងផុត។

– ទីផ្សារដែលកំពុងរីកចម្រើននិងប្រទេសកំពុងអភិវឌ្ឍ មានសារៈសំខាន់ជាអ្នកផ្គត់ផ្គង់ផង និងជាទីផ្សារផង។ ការធានាបាននូវការតភ្ជាប់ដែលគ្មានរបាំងក្នុងចំណោមយើងទាំងអស់គ្នា នឹងជួយពង្រឹងសេដ្ឋកិច្ចរបស់យើង។

– ក្នុងនាមជាប្រទេសដែលមានជំនឿមុតមាំលើពហុភាគីនិយម និងជាតួអង្គសកម្មនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ កម្ពុជាសូមអំពាវនាវឱ្យមានការចូលរួមកាន់តែស៉ីជម្រៅបន្ថែមទៀត ពីសំណាក់តួអង្គរដ្ឋ និងមិនមែនរដ្ឋទាំងអស់ នៅក្នុងបណ្តាកម្មវិធីទាំងឡាយនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ដែលបានបង្កើតឡើងជាពិសេស ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមកជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ៕