ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ប្រសិនបើចង់ឱ្យតម្លៃអចលនទ្រព្យ និងដីធ្លីនៅក្នុងប្រទេសកាន់តែកើនឡើងខ្ពស់ កម្ពុជាគួរតែបង្កើតឱ្យមានតំបន់អចលនទ្រព្យពិសេស ដែលអាចផ្តល់សិទ្ធិគ្រប់គ្រាន់សម្រាប់ជនបរទេសក្នុងការទិញដី ឬអចលនទ្រព្យជាប់ដីធ្វើជាកម្មសិទ្ធិស្របច្បាប់។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ kw Cambodia ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននៅតែអាចរក្សាបាននូវភាពល្អប្រសើរបើធៀបទៅនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។
លោកឧកញ៉ាបានបញ្ជាក់ថា “នៅក្នុងបរិបថនៃសម័យកាល Covid-19 កម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ដូចបណ្តាប្រទេសនានានៅលើសកលលោកដែរ ប៉ុន្តែគ្រាន់តែថា កម្រិតនៃការប៉ពាល់ហាក់ធូរស្រាលជាងគេបន្តបើធៀបទៅនឹងប្រទេសនៅក្នុងតំបន់ ហើយក្នុងនោះវិស័យអចលនទ្រព្យក៏រងនូវឥទ្ធិពលអវិជ្ជមានខ្លះដែរ”។
ពាក់ព័ន្ធទៅនឹងការជួយជំរុញឱ្យវិស័យអចលនទ្រព្យ ជាពិសេសតម្លៃដីធ្លីកាន់តែកើនឡើងខ្ពស់ត្រូវបានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង លើកឡើងថា កម្ពុជា គួរតែបង្កើតឱ្យមានតំបន់អចលនទ្រព្យពិសេសដែលអាចផ្តល់សិទ្ធិដល់ជនបរទេសក្នុងការទិញដីសម្រាប់អភិវឌ្ឍន៍ដោយស្របច្បាប់ ខណៈដែលបច្ចុប្បន្នរដ្ឋាភិបាលបានផ្តល់សិទ្ធិដល់ជនបរទេសក្នុងការកាន់កាន់កម្មសិទ្ធិអចលនទ្រព្យចាប់ពីជាន់ទី១ឡើងទៅតែប៉ុណ្ណោះ ។
លោកឧកញ៉ាបញ្ជាក់ថា “នៅពេលដែលមានការបង្កើតតំបន់អចលនទ្រព្យពិសេសណាមួយដែលអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិក្នុងការទិញដី និងកាន់កាប់ជាកម្មសិទ្ធិស្របច្បាប់ ដើម្បីធ្វើការអភិវឌ្ឍផ្សេងៗវានឹងជះឥទ្ធិពលល្អដល់តំបន់ដែលស្ថិតនៅក្បែរ ដែលយ៉ាងហោចណាស់ក៏ស្ថិតនៅក្នុងរង្វង់១០គីឡូម៉ែត្រជុំតំបន់អភិវឌ្ឍន៍នោះដែរ”។ លោកបន្តថា “ជាធម្មតាជនបរទេសដែលមកទិញដី ទិញអចលនទ្រព្យនៅប្រទេសណាមួយគឺជាអ្នកមានលុយ ដូច្នេះនៅពេលប្រទេសណាមួយមានអ្នកមានរស់នៅច្រើន កំណើននៃការអភិវឌ្ឍន៍នឹងកើតមាន ហើយការអភិវឌ្ឍនេះទៀតសោតគឺជាចលករមួយដែលជំរុញឱ្យមានតម្រូវការអចលនទ្រព្យ ដែលនឹងធ្វើឱ្យតម្លៃនៅលើទីផ្សារឡើងថ្លៃដោយស្វ័យប្រវត្តិ”៕






