ទុនវិនិយោគជាង២៣០០លានដុល្លារត្រូវបានចាក់បញ្ចូលក្នុងវិស័យសំណង់ ក្នុងរយៈពេល៩ខែ

0

        ដោយលក្ខិណា

        ភ្នំពេញៈ ទុនវិនិយោគក្នុងវិស័យសំណង់ទោះបីមានការធ្លាក់ចុះ ប៉ុន្តែនៅតែមានទំហំទឹកប្រាក់ច្រើន ដោយក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ រាជធានីភ្នំពេញទទួលបានគម្រោងសាងសង់សំណង់ថ្មីៗជាង១០០០គម្រោង គិតជាទឹកប្រាក់ជាង២,៣ពាន់លានដុល្លារអាមេរិក។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍ក្នុងពិធីបើកការ​    ដ្ឋានសាងសង់ផ្សារទំនើបអ៊ីអនម៉លទី៣ នៅមហាវិថីសម្ដេចតេជោហ៊ុន សែន កាលពីព្រឹកថ្ងៃទី០៧តុលា ២០២០នេះថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ រាជធានីភ្នំពេញ បន្តទទួលបានគម្រោងសាងសង់សំណង់ថ្មីប្រមាណជាង១០០០គម្រោង លើផ្ទៃដីសំណង់សរុ​បជាង៥លានម៉ែត្រក្រឡា។ លោកបន្តថា រាជធានីភ្នំពេញមានសំណង់បុរីចំនួន២៦៣កន្លែងនិងអាគារខ្ពស់ចំនួន១៤២៤អគារ។

លោកបន្តថា “កាលពីមុន កម្ពុជាត្រូវបានគេល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីន ជាទីក្រុងខ្មោច ហើយមនុស្សគ្រប់គ្នានាំគ្នាភ័យខ្លាច តែពេលនេះ បានប្រែក្លាយទៅជាប្រទេសមួយ រាជធានីមួយដែលមានសន្តិសុខពេញលេញ ជាមជ្ឈមណ្ឌលផលិតនិងចែកចាយទំនិញជាបណ្ដុំ នៃការរស់នៅប្រកបដោយប្រណីតភាពនិងជាតំបន់ទេសចរណ៍ដ៏រស់រវើក”។លោកបន្តថា ការរីកចម្រើននេះជាការបង្ហាញឲ្យឃើញ តាមរយៈវត្តមានទីក្រុងរណបអាគារពាណិជ្ជកម្មសំណង់បុរី ខុនដូ និងផ្សារទំនើបត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នៅក្នុងនោះ ជារួមមានសំណង់បុរីចំនួន២៦៣កន្លែងនិងអាគារខ្ពស់ចំនួន១៤២៤អគារ”។

លោកបន្តថា ការរីកចម្រើននេះ នឹងជំរុញកាលានុវត្តន៍ភាពបន្ថែមទៀត ដោយធ្វើ ឲ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្ដាលទីក្រុងនៃប្រទេសក្បែរខាងនិងតំបន់អាស៊ីអាគ្នេយ៍ឡើយ។

លោក ឃួង ស្រេងបានបន្ថែមថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងទៅនេះ ផ្ដើមចេញពីកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជនប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេ នៅលើពិភពលោក តាមរយៈការសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយ ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងការកើនឡើងនូវផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ ពីប្រមាណជា៧៣៨ដុល្លារ នៅឆ្នាំ២០០៨ដល់១៧០៦ដុល្លារនៅឆ្នាំ២០១៩ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here