រដ្ឋាភិបាលប្រគល់វិញ្ញាបនបត្រផែនការមេ ជំរុញការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រគល់វិញ្ញាបនបត្រផែនការមេសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដល់ក្រុមហ៊ុន Angkor International Airport Investment ដើម្បីជំរុញឱ្យមានការបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរតាមផែនការនៅឆ្នាំ២០២៣។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងពិធីប្រគលវិញ្ញាបនបត្រផែនការមេ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ នេះបានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនបានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដោយចាប់អនុវត្តតាំងពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។

លោកបន្តថា “ចំពោះដំណើរការសាងសង់ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន”។

ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ៩០០លានដុល្លារ ដែលសាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតាទៀត។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ជាគម្រោងដ៏សំខាន់ ដែលបានគាំទ្រដោយរដ្ឋាភិបាលទាំង២ កម្ពុជា-ចិន ក្នុងគោលនយោបាយ (ខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ ) ហើយនៅថ្ងៃទី១៣ តុលា ឆ្នាំ២០១៦ ក្រុមហ៊ុន Yuntouគ្រុប និងទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះហត្ថលេខាព្រមព្រៀង លើកិច្ចសន្យាវិនិយោគតាមបែប BOT ស្តីពីគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីងពីង នៃសាធារណរដ្ឋប្រជាមានិតចិន៕

អ្នកជំនាញៈវិស័យអចលនទ្រព្យកម្ពុជានៅតែស្ថិតក្នុងក្រសែភ្នែកពីវិនិយោគិនបរទេស

ដោយ ប៊ី

ភ្នំពេញៈ ជំនាញអចលនទ្រព្យក្នុងស្រុក និងបរទេសបានអះអាងថា សកម្មទិញលក់អចលនទ្រ​ព្យ​នៅតែមានដំណើរ ខណៈវិស័យនេះ ក៏នៅតែទទួលបានការចាប់អារម្ម​ណ៍យ៉ាងខ្លាំងពីវិនិយោគិនបរទេសជាច្រើននៅពេលចប្ចុប្បន្ន។

លោកJames Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានគេទំព័រ Propertyarea.asia កាលពីម្សិលមិញថា ការទិញអចលនទ្រព្យនៅតែមានភាពសកម្ម ប៉ុន្តែអ្នកវិនិយោគមានប្រុងប្រយ័ត្នខ្ពស់ ហើយពួកគេចង់ធ្វើឱ្យប្រាកដថា ពួកគេមានព័ត៌​មានគ្រប់គ្រាន់ មុនពេលវិនិយោគ ដែលជារឿយៗបញ្ហាអាចកើតឡើងមើលមិនឃើញ។

លោកបានថ្លែងថា “យើងកំពុងមើលឃើញ ការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោ​គិនបរទេសជាច្រើន ដូចជាអ្នកទិញក្នុងស្រុក នៅពេលការបើកដំណើរការគម្រោងថ្មី នៅខណ្ឌ សែន សុខ”។

បច្ចេកវិទ្យាបាននិងកំពុងជួយ ក្នុងការធ្វើទីផ្សារខុនដូដល់ដៃគូវិនិយោគិនបរទេស ដែលអនុញ្ញាតឱ្យភ្នាក់ងារ ធ្វើអន្តរកម្មជាមួយភាគីដែលចាប់អារម្មណ៍ និងផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធ។

ទាក់ទងនឹងប្រជាជនក្នុងស្រុក ចាប់ផ្តើមទិញអចលនទ្រព្យ លោក James បាននិយាយថា កម្រិតសកម្មភាពនៅទូទាំងទីផ្សារ កំពុងផ្លាស់ប្តូរយឺតៗឆ្ពោះទៅរកភាពធម្មតា នៅពេលភាពជឿជាក់ត្រឡប់មកវិញ។ ទោះជាយ៉ាងណា វាគួរតែត្រូវបានព្រមានថា ផលប៉ះពាល់នៃ Covid-19 នៅមានពេលវែងឆ្ងាយទៀត ហើយវានៅតែមានភាពខុសគ្នា នៃភាពមិនប្រាកដប្រជា និងគំរាមកំហែងពីទីផ្សារខាងក្រៅ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍ PREMIUM Group លោក ម៉ាន់ ចាន់ឌី បានអះអាងកន្លងមកថា បច្ចុប្បន្ននេះគម្រោងលំនៅដ្ឋានមួយចំនួន នៅតែសកម្មភាពទិញ-លក់ធម្មតា ដែលជាតម្រូវការរបស់អតិថិជនក្នុងស្រុក។

លោកបន្តថា “យើងទទួលស្គាល់ថា នៅក្នុងដំណាក់កាលនេះ សម្រាប់ទីផ្សារអច​លនទ្រព្យ ពិតជារងនូវផលប៉ះពាល់ពីបញ្ហានៃជំងឺCovid-19 ដែលវាជាវិបត្តិសាកលលោក ប៉ុន្តែសម្រាប់ការទិញ-លក់ ក្នុងវិស័យលំនៅដ្ឋាននៅតែបន្តមានសកម្មភាព”។ លោកបន្តទៀតថា “ទីផ្សារលំនៅដ្ឋានខុសពីទីផ្សារអចលនទ្រព្យទូទៅ និងមិនមានភាពប្រឈមខ្លាំងនោះទេ”។

លោកបន្តថា បច្ចុប្បន្ននេះ អ្នកខ្លាចចេះតែខ្លាច តែសម្រាប់អ្នកដែលមានតម្រូវការពិតប្រាកដនៅតែស្វះស្វែងរកទិញលំនៅដ្ឋាន ដែលមានលក្ខណៈល្អប្រសើរ និងមានតម្លៃទាប។ លោកបន្តទៀតថា ការទិញលំនៅដ្ឋានក្នុងតំណាក់កាលនេះ អាចទទួលបានលទ្ធផលល្អច្រើន ដែលក្រៅពីទទួលបានតម្លៃទាប ក្រោមការអំពាវនាវរបស់រដ្ឋាភិបាល ការរួចថ្លៃបង់ពន្ធប្រថាប់ត្រា ថែមទាំងអាចទទួលបានលក្ខខណ្ឌល្អ ក្នុងការបង់ប្រាក់ដែលផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍។ សម្រាប់លំនៅដ្ឋាន ដែលនៅតែអាចរក្សាបានទីផ្សាររបស់ខ្លួន គឺជាប្រភេទលំនៅដ្ឋាន តម្លៃមធ្យមចាប់ពី៧ម៉ឺនដុល្លារចុះក្រោម៕

ខេត្តកណ្តាលទាក់ទាញទុនវិនិយោគ២៧លានដុល្លារលើវិស័យឧស្សាហកម្ម

ដោយៈ រ៉ាណេត

កណ្តាលៈ ស្របពេលដែលបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងខេត្តកណ្តាល កំពុងត្រូវបានយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍ នៅក្នុងអំឡុងចុងត្រីមាសទី២ ឆ្នាំ២០២០នេះ លំហូរទុនវិនិយោគបន្ថែមជិត២៧លានដុល្លារទៀត បានចាក់បញ្ចូលទៅក្នុងខេត្តកណ្តាល ទៅលើវិស័យឧស្សាហកម្ម។

លំហូរទុនវិនិយោគបន្ថែមជិត២៧លានដុល្លារ ទៅលើគម្រោងចំនួន៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តគាំទ្រឱ្យចាប់ដំនើរ​ការនៅក្នុងស្រុកចំនួន២ នៃខេត្តកណ្តាល ដែលកន្លែងការងារជិត១៤០០នាក់ ។

គម្រោងទាំង៣ ដែលទទួលបានការគាំទ្រខាងលើនេះ រួមមាន ទី១- ក្រុមហ៊ុន  HOUNEN SOLAR INC CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

ទី២- ក្រុមហ៊ុន LUCKY UNIQUE ENTERPRISE CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥៤កន្លែង។

ទី៣- ក្រុមហ៊ុន HONG FENG KNITTING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៤.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង។

អភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ្ឌ បានស្វាគមន៍ចំពោះវត្តមានថ្មីនៃក្រុមហ៊ុនវិនិយោគទាំងអស់ខាងលើនេះ ហើយក្នុងនាមជាអាជ្ញាធរក្នុងតំបន់ នឹងព្យាយាមជួយសម្របសម្រួលដល់កិច្ចដំណើរការរបស់ក្រុមហ៊ុន ធ្វើយ៉ាងណាដើម្បីផ្តល់ជូននូវភាពល្អប្រសើរដល់ក្រុមហ៊ុនបណ្តាក់ទុន ក៏ដូចជាសេដ្ឋកិច្ចរបស់សង្គមជាតិផងដែរ។

លោកបានមានប្រសាសន៍ថា “ទោះជាស្ថិតនៅក្នុងភាពប្រឈម នឹងវិបត្តិសេដ្ឋកិច្ចសាកលនៅពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់ការវិនិយោគសហគ្រាសធុនតូច និងមធ្យមនៅទូទាំងខេត្តកណ្តាល នៅតែមានសកម្មភាពចេញ-ចូលធម្មតានោះទេ ដោយពុំទទួលរងនូវផលប៉ះពាល់ដោយសារជំងឺ Covid-19” ។ លោកបន្តថា “នេះដោយសារតែមានការជ្រោ​មជ្រែងពីរដ្ឋាភិបាល តាមរយៈការទំលាក់ថវិកាទៅឱ្យធនគារអភិវឌ្ឍន៍ជនបទ និងកសិ​កម្ម ផ្តល់ជូននូវប្រាក់កម្ចីនៅក្នុងអត្រាការប្រាក់ទាប”៕

វិស័យចំនួន៣នៅកម្ពុជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោក

ដោយៈ វុត្ថា

ភ្នំពេញៈ មន្ត្រីទីភ្នាក់ងារជាតិនិងមុខរបរបានអះអាងថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក បានធ្វើឱ្យវិស័យចំនួន៣ នៅក្នុងប្រទេសកម្ពុជា រួមមានវិស័យទេសចរណ៍ វាយនភណ្ឌកាត់ដេរ និងសំណង់ បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដែលវិស័យទាំងនេះ ជាកន្លាំងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសយ៉ាងធំធេង។

លោកគួច សុមាន អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពីតើកម្ពុជាត្រៀមអ្វីខ្លះ ដើម្បីស្ដារសេដ្ឋកិច្ចក្រោយCovid-19 នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០បានឱ្យដឹងថា វិស័យអាទិភាពទាំង៣ បានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងផលិតផលក្នុងស្រុកប្រមាណ ៧១ភាគរយ។

លោកបន្តថា “បើបូកបញ្ចូលវិស័យទាំង៣នេះ បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណ១,៧លាននាក់នៅទូទាំងប្រទេស តែដោយសារតែផលប៉ះពាល់លើវិស័យនេះ ពីវិបត្តិជំងឺ Covid-19 បានធ្វើឱ្យកាត់បន្ថយតម្រូវការ និងការផ្គត់ផ្គង់នៃការមកដល់នៃភ្ញៀវបរទេស”។

លោកបន្ថែមថា “យោងតាមរបាយការណ៍ចុងក្រោយ របស់ធនគារពិភពលោក បង្ហា​​ញថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ១ភាគរយ  ដូចទៅនឹងការព្យាករណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរង្វង់ -១,៩ ភាគរយ តែបើនិយាយពីសេដ្ឋកិច្ចកម្ពុជាធៀបនឹងបណ្តាប្រទេសមួយចំនួន នៅក្នុងពិភពលោកត្រូវបានរំពឹងថា មានវិជ្ជមានចន្លោះពី -២ ឬ -៣ ភាគរយ”។

លោកគួច សុមានបញ្ជាក់ទៀតថា “សេដ្ឋកិច្ចកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ពីការព្យួរ EBA ផងដែរ ក្រៅពីផលប៉ះពាល់នូវការរាតត្បាតនូវជំងឺ Covid-19  តែយ៉ាងណាក៏ដោយ ផលប៉ះពាល់នេះមានស្ថានភាពតិចតួច ហើយបើពិនិត្យភាគរយនៃមុខទំនិញដែលសហភាពអឺរ៉ុបយកពន្ធ មានត្រឹមតែប្រមាណ៨០មុខប៉ុណ្ណោះ ដែលភាគច្រើនស្ថិតលើមុខទំនិញផលិតផលកាត់ដេរ និងដេរស្បែកជើងដែលពឹងផ្អែកលើទីផ្សាអឺរ៉ុប”។

លោកបន្ថែមថា ចំពោះបញ្ហានេះ បានធ្វើឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសផ្សេងៗ បានប្រែក្លាយខ្លួនទៅផលិតនូវផលិតផលផ្សេងដូចកាបូប អាវភ្លៀង និងម៉ាសជាដើមដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ ទាំងនៅក្នុងស្រុក និងការនាំចេញ ។ ជាមួយគ្នានេះ រដ្ឋាភិបាលបានរៀបចំគោលនយោបាយផ្សេងៗ ដើម្បីគាំទ្រនូវការផលិតនូវផលិតផលរបស់រោងចក្រ និងសហគ្រាទាំងនោះ៕

រដ្ឋាភិបាល​បានធ្វើ​ប្រទានកម្ម​ដីធ្លី​ទំហំ៨២ហិកតា​ដល់​ពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ

ដោយ ​វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ រហូត​ម​ដល់ពេលនេះ បានធ្វើ​ប្រទានកម្ម​សរុប​បាន​ចំនួន២៩ទីតាំង លើ​ផ្ទៃដី​ទំហំ៨២ហិច​តា ដោយបាន​ប្រគល់​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ប្រមាណ១៨.០០០គ្រួសារ និង​បាន​បិទ​បញ្ចប់​ទាំងស្រុង​សំណុំរឿង​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​អូសបន្លាយ រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់ និង​សហគមន៍​បុរី​កីឡា។

យោងតាម​របាយការណ៍​របស់​រដ្ឋបាល​រា​ធានី​ភ្នំពេញ ដែល​បាន​ផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ​ឱ្យ​ដឹ​ថា ជាមួយនឹង​ការដោះស្រាយ​បាន​ប្រកាន់ខ្ជាប់ នូវ​គោលការណ៍​ច្បាប់ សិទ្ធិ​លំនៅឋាន និង​គោលការណ៍​មនុស្សធម៌ ព្រមទាំង​កំពុង​ឈានទៅ​បន្ត​ដោះស្រាយ​បញ្ចប់​បញ្ហា​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ តំបន់​អភិវឌ្ឍន៍​បឹងទំពុន-ជើងឯក តំបន់​អតីត​ផ្លូវដែក តំបន់​ស្ថានីយ៍​បូមទឹក​ទួលគោក តំបន់​ស្ថានីយ៍​ស្ដុក​ទឹក​បឹងត្របែក និង​ពិនិត្យ​រៀបចំ​តំបន់​មិន​រៀបរយ​មួយចំនួនទៀត។

លោក​ឃួ​ង ស្រេង បាន​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ផ្អែក​តាម​គោលនយោបាយ​ប្រទានកម្ម​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំនួន​សហគមន៍​ក្រីក្រ ក្នុង​រាជធានី​ភ្នំពេញ​បាន​ថយចុះ​ពី៣៣៥សហគមន៍ ក្នុង​ឆ្នាំ២០០៣ មក​ត្រឹមតែ១៥១សហគមន៍ ក្នុង​ឆ្នាំ២០២០ ដែលមាន​មូលដ្ឋាន​ក្នុង​សង្កាត់​ចំនួន៤៥ នៃ​ខណ្ឌ​ចំនួន១៣ (លើកលែង​ខណ្ឌ៧មករា ដែល​សហគមន៍​បុរី​កីឡា ត្រូវបាន​លុបចេញ​ពី​បញ្ជី​សហគមន៍​ក្រីក្រ ក្នុង​ឆ្នាំ២០១៤) សរុប​មាន​ខ្នង​ផ្ទះ​ចំនួន១២,៨៧៦ ខ្នង ស្មើនឹង១៣,៩៦៣គ្រួសារ និង​មាន​ប្រជាពលរដ្ឋ​សរុប៦១,៧១៥នាក់ តែប៉ុណ្ណោះ។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្តន៍​គម្រោង​ស្ដារឡើងវិញ នូវ​ប្រឡាយ​មេ​នាំ​ទឹកស្ទឹង​មានជ័យ និង​គោលការណ៍​ប្រទានកម្ម​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន សម្រាប់​ដោះស្រាយ​បញ្ហា​សំណង់ មិន​រៀបរយ​លើ​ផ្ទៃ​ប្រឡាយ និង​អភិវឌ្ឍ​លំនៅ​ឋា​នៅនឹងកន្លែង​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍​ស្ទឹងមានជ័យ។

បើតាម​លោក ឃួ​ង ស្រេង​បាន​ឲ្យ​ដឹងថា ក្រោម​ដំបូល​នៃ​សន្តិភាព​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ មាន​ភាពល្អប្រសើរ​ជាបណ្ដើរៗ ហើយ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ទាំង​ផ្នែក​រដ្ឋ និង​ផ្នែក​ឯកជន បាន​នឹង​កំពុងដំណើរការ​យ៉ាង​សស្រាក់សស្រាំ​នៅ​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​រួមមាន សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​រូ័​ប​វន្ត និង​សំណង់៕

អ្នកជំនាញ​ថា វិស័យ​ខុន​ដូ​នៅ​កម្ពុជា​មិនទាន់​ផ្គត់ផ្គង់​គ្រប់​តម្រូវការ​នៅឡើយ​ទេ

ដោយ ហ្សូ​លី

ភ្នំពេញៈ វិស័យ​ខុន​ដូ​កម្ពុជា កំពុងមាន​កំណើន​សាងសង់​ជាច្រើន គម្រោង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ​កត្តាសេដ្ឋកិច្ច​កម្ពុជា មាន​ភាព​រីកចម្រើន​និង​អភិវឌ្ឍន៍ ដែលជា​ហេតុ​ជម្រុញ​ឱ្យ​ប្រជាជន​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​មាន​តម្រូវការ​ច្រើន។ អ្នកជំនាញ​លក់​ខុន​ដូ ក៏បាន​បង្ហើប​ថា​វិស័យ​ខុន​ដូ​នៅ​កម្ពុជា ហាក់​មិនទាន់​ផ្គត់ផ្គង់​គ្រប់​តម្រូវការ​នៅឡើយ​ទេ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ERA Cambodia លោក​ខន គង្គា​បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ Propertyarea.asia បាន​មានប្រសាសន៍ថា អ្នក​អភិវឌ្ឍ​វិនិយោគ​មិនមែន​ផ្គត់ផ្គង់ តែ​តម្រូវការ​ក្នុងស្រុក​មួយ​មុខ​នេះ​ទេ គឺ​ត្រូវតម្រូវ​អ្នក​ក្រៅ​ស្រុក​ផងដែរ។ ជាក់ស្តែង​ដូច​ប្រទេស​កម្ពុជា គឺជា​ប្រទេស​បើកចំហ ដែល​បច្ចុប្បន្ន​ខុន​ដូ​នៅក្នុង​កម្ពុ​ជាមាន​ត្រឹមតែ​ប៉ុន្មាន​ម៉ឺន​យូ​និ​ត​តែប៉ុណ្ណោះ។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​ CBRE Cambodia បានឱ្យដឹងថា នៅ​ទូទាំង​រាជធានី​ភ្នំពេញ​មាន​គម្រោង​ខុន​ដូ​ចំនួន៥ ស្មើនឹង២៨៤៣យូ​នី​ត បាន​ចូលទៅក្នុង​ទីផ្សារ​ក្នុង​ត្រីមាស​ទី១នៃ​ឆ្នាំនេះ ដែល​បានធ្វើឱ្យ​ខុន​ដូ​មាន​កំនើន​រហូត ដល់២០,៨៥១យូ​នី​ត ក្នុង​ទីផ្សារ​ទាំងមូល។

លោក​ខន គង្គារ បាន​បន្តថា មូលហេតុ​នៃ​កំណើន​តម្រូវការ​នេះ អាច​នឹង​កើតមានឡើង ប្រសិនបើ​កម្ពុជា​សម្រេច ឱ្យមាន​ជើងហោះហើរ​ត្រង់​ពី​ចិន​មក​កម្ពុជា ជាក់ស្តែង​កាលពីពេលថ្មីៗនេះ កម្ពុជា​បាន​បើក​ជើងហោះហើរ ត្រង់​ពី​ចិន​មកកាន់​ខេត្ត​ព្រះសីហនុ។ មានន័យថា ការ​ផ្គង់​ផ្គង់​វិស័យ​ខុន​ដូ​នៅ​កម្ពុជា មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ដរាបណា​កម្ពុជា​នៅមាន​គោលនយោបាយ បើកចំហ​សម្រាប់​ការអភិវឌ្ឍន៍​ពី​បរទេស។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម ធ្លាប់​បានផ្តល់​បទសម្ភាសន៍ មកកាន់​ក្រុមការងារ​គេហទំព័រ​ Propertyarea.asia ថា កំនើន​នៃ​ការទិញ​ខុន​ដូ ចាប់ផ្តើម​មាន​សន្ទុះ​ទិញ​ច្រើន​គួរឱ្យកត់សម្គាល់ ដោយសារ​យុវជន​ខ្មែរ​យល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ខុន​ដូ។ មិន​ត្រឹមតែ​យុវជន​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​អ្នក​រៀបការ​ហើយ​ថ្មីថ្មោង ឬ​អ្នក​ត្រូវ​បែក​ផ្ទះ​ចេញពី​គ្រួសារ​ផងដែរ។

បើតាម​ការព្យាករណ៍រ​បស់​អ្នកជំនាញ​បានឱ្យដឹងថា ការកើនឡើង​នៃ​ការប្រើប្រាស់​ខុន​ដូ​សរុប​មាន​ប្រមាណ ៣៥ភាគរយ ជា​ជនជាតិ​កម្ពុជា និ៦៥ភាគរយ​ផ្សេងទៀត គឺជា​ជនបរទេស។

បើតាម​ឱ្យដឹងពី​គេហទំព័រ​បរទេស​វិញ​បានបញ្ជាក់​ឱ្យដឹងថា ការរស់នៅ​ក្នុង​ខុន​ដូ​មាន​ចំនុច​វិជ្ជមាន​ច្រើន បើ​ប្រៀបធៀប​ជាមួយ​លំនៅដ្ឋាន ខុន​ដូ​មានតម្លៃ​សមរម្យ​ជាង​មានការ​ផ្តល់ជូន​សេវាកម្ម ពិសេស​ងាយស្រួល​សម្រាប់​ការរស់នៅ​តាមបែប​ស៊ីវីល័យ ស្ថិតនៅក្នុង​ទីប្រជុំជន មាន​ផ្សារ​ទំនើប សាលារៀន មន្ទីរពេទ្យ ឬ​អាច​ស្ថិតនៅ​ជិត​តំបន់​ពាណិជ្ជកម្ម ក្បែរ​កន្លែងធ្វើការ​ផងដែរ៕

អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ៖ ផលប៉ះពាល់​លើ​អចលនទ្រព្យ​នៅ​កម្ពុជា​មិន​ច្បាស់លាស់ ប៉ុន្តែ​មាន​សញ្ញា​វិជ្ជមាន

ដោយ ប៊ី

ភ្នំពេញៈ  បច្ចុប្បន្ន​សេដ្ឋកិច្ចពិភពលោក​បាន និង​កំពុង​ធ្លាក់ចូល​វិបត្តិ​សេដ្ឋកិច្ច ដោយសារតែ​ជំងឺ​COVID-19 ខណៈ​វិស័យសំខាន់ៗ ដែលជា​ចលករ​ជំរុញ​សេដ្ឋកិច្ច​ស្ថិតក្នុង​ភាពមិនច្បាស់លាស់។ កម្ពុជា​ក៏​ស្ថិត​ចំណោម​ប្រទេសមួយ នៅលើ​សកលលោក ដែល​វិស័យ​ជាច្រើន បាន​រង​ប៉ះពាល់​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ផងដែរ។

វិស័យ​អចលនទ្រព្យ​បាន​ដើរតួនាទី​យ៉ាង សំខាន់​មួយ​នៅ​សេដ្ឋកិច្ចកម្ពុជា។ ថ្ងៃនេះ គេហទំព័រ Propertyarea.asia បានលើកឡើង​នូវ​សំនួរ​ចំនួន ទាក់ទង​នឹង​បច្ចុប្បន្នភាព​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ជាមួយ​អ្នកជំនាញ​បរទេស ដែល​បានធ្វើការ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

លោក James Hodge នាយករង​ក្រុមហ៊ុន CBRE Cambodia បានផ្តល់​កិច្ចសម្ភាសន៍​ពិសេស​ដល់​គេ​ទំព័រ Propertyarea.asia ស្តីពី​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ អំឡុងពេល​បច្ចុប្បន្ន និង​នាពេលខាងមុខ។

Propertyarea ខណៈ​ការរីក​រាល​នៃ​ជំងឺ COVID-19 បាន​វាយប្រហារ​ទីផ្សារ​ពិភពលោក តើ​លោក​អាច​ប្រាប់​អំពី​ទីផ្សារ​បច្ចុប្បន្ន នៅក្នុង​ប្រទេស​កម្ពុជា ក្នុងកំឡុងពេល​ផ្ទុះ​ជំងឺ​នេះ​ទេ?

លោក James ៖ ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​រាលដាល លើ​អចលនទ្រព្យ​នៅ​កម្ពុជា​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ ស្រប​ពេលដែល​ប្រទេស​កម្ពុជា មានសំណាង មិនបាន​ឃើញ​មាន​ករណី Covid-19 ច្រើន ហើយ​រហូតមក​ដល់ពេលនេះ យ៉ាងហោចណាស់ ស្ថានភាព​ត្រូវបាន​គ្រប់គ្រង ដោយ​មិនត្រូវ​ការដាក់​វិធានការណ៍ បិទ​ប្រទេស​យ៉ាង​តឹងរ៉ឹង ផលប៉ះពាល់​លើ​អាជីវកម្ម និង​ទេសចរណ៍​អន្តរជាតិ គឺ​ពិត​ជាមាន​ឥទ្ធិពល​ខ្លាំង ហើយ​វា​នឹង​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​សេដ្ឋកិច្ច​ក្នុងស្រុក និង​វិស័យ​អចលនទ្រព្យ។

មានការ​វាយតម្លៃថា វា​បាន​ធ្លាក់ចុះ​នៅលើ​ទីផ្សារ ជាពិសេស​នៅក្នុង​ផ្នែក​ទាំងនោះ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត ដោយ​ការប្រុងប្រយ័ត្ន​របស់​អតិថិជន និង​ការចាកចេញ​ពី​ជនបរទេស​ដូចជា​វិស័យ​លក់រាយ និង​ផ្នែក​អា​ផាត​មិន។ មានការ​កែ សម្រួល​តម្លៃ​នៅ​ទូទាំង​ទីផ្សារ ប៉ុន្តែ​ក្នុងករណី​ជាច្រើន​វា​លឿន​ពេក​ក្នុងការ​ប្រាប់ថា តើ​កម្រិត​តម្លៃ​មាន​ស្ថេរភាព​ហើយ ឬ​នៅ​ទោះយ៉ាងណា។

វា​ស្ទើរតែ​ប្រាកដថា ទីផ្សារ​នៅតែ​ត្រូវបាន​កែតម្រូវ ទៅនឹង​ស្ថានភាព​ធម្មតា​ថ្មី ខណៈដែល​សកម្មភាព​ទីផ្សារ នៅតែ​រ៉ឹង​មាំ​នៅក្នុង​វិស័យ​មួយចំនួន ជាពិសេស​ប្រសិនបើ​មាន​អចលនទ្រព្យ​ទាក់ទាញ​លក់​ក្នុងតម្លៃ​សមរម្យ អ្នកទិញ​ជាច្រើន​នៅតែ​ប្រមាញ់(តាម​ទិញ) ហើយ​មាន​ករណី​តិចតួច ដែល​អ្នកលក់​ត្រៀម​ទម្លាក់​តម្លៃ​របស់​ពួកគេ ដូច​ជាមាន​បរិមាណ​ថ​យ​ចុះ ប្រតិបត្តិ​ការទិញ​លក់ និង​ការរកឃើញ​តម្លៃ​នៅតែ​ជា​បញ្ហា​ប្រឈម។

Propertyarea ៖ វិស័យ​អចលនទ្រព្យ ត្រូវបាន​បែងចែក​ជាច្រើន​ផ្នែក តើ​ផ្នែក​មួយណា​ដែល​រងគ្រោះ​ខ្លាំង អំឡុងពេល​ពេលនេះ?

លោក James ៖ រហូតមកដល់​បច្ចុប្បន្ន​នេះ ឧស្សាហកម្ម​បដិសណ្ឋារកិច្ច និង​លក់រាយ បាន​មើលឃើញ​ពី​ផលប៉ះពាល់​ធំ​បំផុត ពី​ជំងឺ​រាតត្បាត​ឆ្លង។ នេះ​គឺជា​ផ្នែក​មួយ ពីព្រោះ​វិស័យ​ទាំងពីរ​រង​ផលប៉ះពាល់ នៃ​ការផ្លាស់ប្តូរ​ទម្លាប់​រប​ស់​អតិថិជន និង​​ការធ្លាក់ចុះ​បរិមាណ​ភ្ញៀវទេសចរ​គួរឱ្យកត់សម្គាល់ និង​បណ្តាលឱ្យមាន​បញ្ហា​រីក​រាលដាល​ជំងឺ Covid-19 ។

ទាក់ទង​នឹង​ឧស្សាហកម្ម​លក់រាយ ក្នុងអំឡុងពេល​នៃ​ការព្រួយបារម្ភ ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ដែល​ចូលរួម​វិស័យ​លក់រាយ និង​កន្លែង​កម្សាន្ត​បាន​ធ្លាក់ចុះ​ជាង ៤០ភាគរយ​ពី​កម្រិត​ធម្មតា។ ទោះយ៉ាងណា ការលក់​រាយ​បាន​ធូរ​ស្បើយ​​ខ្លះ​ហើយ ដោយ​បច្ចុប្បន្ន​សកម្មភាព​ប្រហែល១៨% ក្រោម​កម្រិត​មុន​ជំងឺ​រាតត្បាត។ វិស័យ​ផ្សេងទៀត​ក៏មាន​ភាព​តានតឹង​ដែរ ប៉ុន្តែ​ផលប៉ះពាល់​មិន​កើតឡើងភ្លាមៗ និង​មិនសូវ​ច្បាស់​ជាង​ការមើលឃើញ​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច និង​លក់រាយ។

Propertyarea ៖ តើ​អ្នក​មើលឃើញ​លំហូរ​ចូល នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​យ៉ាងដូចម្តេច?

លោក James ៖ លំហូរ​ចូល FDI ពិតជា​នឹង​ទាប​ជាង​ជាង​មុន ដោយសារតែ​ការថយចុះ​យ៉ាងខ្លាំង នៃ​ការធ្វើដំណើរ​អន្តរជាតិ និង​ការពន្យារពេល​ក្នុងការ​សម្រេចចិត្ត។ ទោះយ៉ាងណា​ក៏ដោយ ក្រុមហ៊ុន CBRE Cambodia នៅតែ​មើល​ឃើញ​ពី​ការចាប់អារម្មណ៍​ពី​អន្តរជាតិ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានធ្វើ​សកម្មភាព​រួចហើយ​នៅក្នុង​ប្រទេស និង​ពី​វិនិយោគិន​ថ្មី ដែល​ពិចារណា​ពី​ការធ្វើ​ពិពិធ​កម្ម នៃ​ការវិនិយោគ​របស់​ពួកគេ​ផងដែរ។

ជំងឺ​រាតត្បាត​នេះ បានធ្វើឱ្យ​មានការ​កត់សំគាល់​ថា ខណៈពេលដែល​ការសម្រេចចិត្ត​នៅនឹងកន្លែង​មាន​សារៈសំខាន់ ការងារ​ជាច្រើន​នៃ​ការវិនិយោគ អាច​ត្រូវបាន​ធ្វើឡើង​ពី​ចម្ងាយ ប្រសិនបើ​ស្ថានភាព​ទាមទារ។

Propertyarea ៖ បច្ចុប្បន្ននេះ​មាន​ព័ត៌មាន​អំពី ការវិលត្រឡប់​របស់​ជនជាតិ​ចិន​មក​កម្ពុជា​វិញ តើ​វា​នឹង​ផ្តល់ឱកាស​សម្រាប់​ទីផ្សារ​ខុន​ដូ​ដែរឬទេ?

លោក James ៖ អ្នកទិញ​ខុន​ដូ ដែល​ទុក​សំរាប់​ការវិនិយោគ នៅតែ​ជា​ជនបរទេស​ដែល​ពូកគេ​នៅតែមាន​ភាព​សកម្ម ប៉ុន្តែ​​ពួកគេ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ពួកគេ​ចង់​ធ្វើឱ្យ​ប្រាកដថា ពួកគេ​មាន​ព័ត៌មាន​គ្រប់គ្រាន់ មុនពេល​វិនិយោគ ដែល​ជា​រឿយៗបញ្ហា​អាច​កើតឡើង​មើលមិនឃើញ។

ជា​ឧទាហរណ៍ យើង​កំពុង​មើលឃើញ ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​វិនិយោគិន​បរទេស​ជាច្រើន ដូចជា​អ្នកទិញ​ក្នុងស្រុក នៅពេល​ការបើក​ដំណើរការ​គម្រោង​ថ្មី Leedon ដែល​ក្រុមហ៊ុន CBRE ប្រចាំ​កម្ពុជា​ធ្វើ​តំណាង​នៅ​ខណ្ឌ សែន សុខ។ បច្ចេកវិទ្យា​បាននិងកំពុង​ជួយ ក្នុង​ការធ្វើ​ទីផ្សារ​ខុន​ដូ​ដល់ដៃ​វិនិយោគិន​បរទេស ដែល​អនុញ្ញាតឱ្យ​ភ្នាក់ងារ ធ្វើ​អន្ត​រកម្ម​ជាមួយ​ភាគី​ដែល​ចាប់អារម្មណ៍ និង​ផ្តល់ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធ។

ការមកដល់​នៃ​ជន​ជាតិចិន​កាន់តែច្រើន នៅ​កម្ពុជា​បង្ហាញ​ពី​ការវិលត្រឡប់​មករក​ភាព​ធម្មតា​មួយកម្រិត​វិញ។ ទោះយ៉ាងណា វា​ត្រូវបាន​សន្មត​ជាសំខាន់​ថា អ្នកដំណើរ​ទាំងនេះ​គឺជា​អ្នកមាន​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​កំពុងបើក​អាជីវកម្ម​នៅទីនេះ​ជាជាង​ចូលរួម​ក្នុងការ​វិនិយោគ​ខុន​ដូ។

Propertyarea ៖ ប្រជាជន​ក្នុងស្រុក​ចាប់ផ្តើម​ទិញ​អចលនទ្រព្យ ជាពិសេស​លំនៅ   ដ្ឋា​ន​ជាប់​ដី តើ​អ្នក​គិតថា​វា​ជា​សញ្ញា​បង្ហាញថា​ទីផ្សារ​ងើបឡើង​វិញ​ទេ?

លោក James ៖ មានការ​ថយចុះ​តិចតួច នៅក្នុង​សកម្មភាព​ដែល​បានឃើញ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​លំនៅដ្ឋាន​ជាប់​ដី ទោះបីជា​ស្រដៀង​គ្នា ទៅនឹង​វិស័យ​ផ្សេងទៀត​មានការ​កើនឡើង​នៃ​ទីផ្សារ​បន្ទាប់ ដែល​តម្លៃ​មានការ​ថយចុះ​បន្តិច​ក៏ដោយ។ កម្រិត​សកម្មភាព​នៅ​ទូទាំង​ទីផ្សារ កំពុង​ផ្លាស់ប្តូរយឺតៗឆ្ពោះទៅរក​ភាព​ធម្មតា នៅពេល​ភាពជឿជាក់​ត្រឡប់មកវិញ។ ទោះ​ជា​​យ៉ាងណា វា​គួរតែ​ត្រូវបាន​ព្រមាន​ថា ផលប៉ះពាល់​នៃ Covid-19 នៅមាន​ពេល​វែងឆ្ងាយ​ទៀត ហើយ​វា​នៅតែមាន​ភាពខុសគ្នា នៃ​ភាពមិនប្រាកដប្រជា និង​គំរាមកំហែង​ពី​ទីផ្សារ​ខាងក្រៅ។

ការសម្រេចចិត្ត​លើ​អចលនទ្រព្យ​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា គឺ​មិនមែនជា​បញ្ហា​ក្នុងស្រុក​ទេ ប៉ុន្តែ​វា​ជា​បញ្ហាសាកល​។​ ដូច្នេះ​វិស័យ​អចលនទ្រព្យ​ក៏មាន ដូចជា​ការសម្រេចចិត្ត​នៅ​ទីស្នាក់ការ​កណ្តាល របស់​អាស៊ី​នៃ​ក្រុមហ៊ុន​សាជីវកម្ម ធនាគារ និង​ក្រុមហ៊ុន​វិនិយោគ​ពហុ​ជាតិ ហុងកុង សឹង្ហ​បុរី ឬ​ប៉េកាំង​ជះឥទ្ធិពល​កាន់តែខ្លាំង​ឡើងដល់​ទីផ្សារ​អចលនទ្រព្យ​នៅទីនេះ។ ដោយ​ប្រុងប្រយ័ត្ន និង​ត្រឹមត្រូវ​ពន្យល់​អំពី​ស្ថានភាព​នេះ នៅក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ការសំខាន់​ដើម្បី​ធានាថា អ្នកសម្រេចចិត្ត​នៅក្រៅ​ប្រទេស​ត្រូវបាន​គាំទ្រ ក្នុងការ​វាយតម្លៃ​រប​ស់​ខ្លួន ជាពិសេស​ដែលជា​ផលប៉ះពាល់ នៅក្នុង​ប្រទេស​កម្ពុជា បាន​ខុសពី​បទពិសោធន៍ ដែល​ពួកគេ​អាច​នឹងមាន​ក្នុង​ដៃ​ជា​លើកដំបូង ។

Propertyarea ៖ តើ​លោក​អាច​ព្យាករណ៍​អំពី​ស្ថានភាព នៃ​វិស័យ​អចលនទ្រព្យ​នៅ​ឆមាស​ទី២ឆ្នាំនេះ​នៅ​កម្ពុជា​បាន​ឬទេ?

លោក James ៖ យើង​អាច​រំពឹងថា ភាពមិនប្រាកដប្រជា នឹង​បន្ត​ដល់​ពាក់កណ្តាល​ទី​ពីរ​នៃ​ឆ្នាំ២០២០ ។ ទោះយ៉ាងណា​ដោយសារ​ផ្នែក​ខ្លះ នៃ​សេដ្ឋកិច្ច​ចាប់ផ្តើម​សម្រប​ខ្លួន​ទៅនឹង​សភាពការណ៍​ថ្មី មាន​ភាព​សុទិដ្ឋិនិយម​ប្រយ័ត្នប្រយែង នៅក្នុង​វិស័យ​ជាច្រើន​នៃ​ទីផ្សារ ហើយ​យើង​សង្ឃឹមថានឹង​អាច​មើលឃើញថា ការ​ប្រែ​ក្លាយទៅជា​ការពង្រឹង​ក​ម្រិ​ត​សកម្មភាព ដែល​បាន​កើនឡើង​នៅក្នុង​ខែ​កន្លងទៅនេះ។

ទោះយ៉ាងណា​ក៏ដោយ​វា​នៅតែមាន​បញ្ហា និង​បញ្ហា​ប្រឈម​ជាច្រើន ដែល​អាចធ្វើឱ្យ​បាត់បង់​ទំនុកចិត្ត និង​បង្ក​ភាពយឺតយ៉ាវ​ដល់​ការស្តារ​ឡើងវិញ​ដែល​ត្រូវការ។

Propertyarea ៖ តើ​លោក​មើលឃើញ​បែបណា ចំពោះ​ទីផ្សារ​អចលនទ្រព្យ បន្ទាប់ពី​ជំងឺ​ត្រូវបាន​គ្រប់គ្រង​នៅ​ទូទាំង​ពិភពលោក?

លោក James ៖ មាន​សំណួរ​ជាច្រើន​អំពី​ថា តើ​ទីផ្សារ​អចលនទ្រព្យ​នឹង​ឆ្លើយតប​យ៉ាងដូចម្តេច​នៅពេល​ដែលមាន​មេរោគ​នេះ។ ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស បានទទួល​រង​នូវ​ការប៉ះទង្គិច​យ៉ាងខ្លាំង ហើយ​យើង​អាច​រំពឹងថា វា​នឹង​ត្រូវការ​ពេលខ្លះ មុនពេល​ដែល​យើង​មើលឃើញ​កម្រិត នៃ​ភាព​ធម្មតា​វិលត្រឡប់​មករក​វិស័យ​បដិសណ្ឋារកិច្ច​វិញ ទោះបី​ការកើនឡើង​ទេសចរណ៍​ក្នុងស្រុក និង​សង្ឃឹមថា​ជា​ជីវិត​សម្រាប់​វិស័យនេះ​ក៏ដោយ។

វិស័យ​ផ្សេងទៀត នឹង​សម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​សង្គម ដែល​ត្រូវ​បានទាមទារ​ជា​លទ្ធផល​នៃ​ជំងឺ​រាតត្បាត​រីក​រាលដាល ជាពិសេស​ការអនុវត្ត​ន៍គ​ន្លាត​សង្គម តម្រូវការ​សម្រាប់​ការត្រួតពិនិត្យ​សុខភាព​ទៀងទាត់ និង​តម្រូវ​ការកើនឡើង​សម្រាប់​ស្តង់ដារ​ខ្ពស់​នៃ​ភាព​ស្អាត។ យើង​អាច​រំពឹងថា ការលេចចេញ​នូវ​ការវិនិយោគ​ឡើងវិញ នៅពេល​ព្រំដែន​ចាប់ផ្តើម​បើក និង​វិនិយោគិន​ដាក់ពង្រាយ​ផែនការ ដែល​ត្រូវបាន​ពន្យា​ពេល។

ទោះយ៉ាងណា​ទិសដៅ​នៃ​ការវិនិយោគ​ទាំងនោះ ហាក់បីដូច​ជាមាន​ភាព​ខុសគ្នា​បន្តិច ទៅនឹង​អ្វីដែល​ពួកគេ​បាន​មើលទៅ​ឃើញ មុនពេល​មាន​ជំងឺ​រាតត្បាត​ដើម្បីឱ្យ​ប្រសើរឡើង ដែលជា​ការឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរ​ថ្មី៕

គម្រោង​អភិវឌ្ឍន៍ធំៗចំនួន៣ជួយ​បង្កើន​តម្លៃ និង​ការវិនិយោគ​ដីធ្លី​នៅ​ខេត្តមណ្ឌល​គី​រី​កើនឡើង

ដោយៈ រ៉ា​ណេ​ត

មណ្ឌល​គី​រីៈ គម្រោង​អភិវឌ្ឍន៍ និង​វិនិយោគ​ជាច្រើន បាននិងកំពុង​បង្ហាញ​រូបរាង​នៅក្នុង​ភូមិភាគ​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា គឺ​ខេត្ត​មណ្ឌល​គី​រី ក្នុងនោះ​គម្រោងធំៗចំនួន៣ បានបង្ហាញ​ពី​ភាពលេច​ធ្លោ និង​ជួយ​បង្កើន​ភាព​ទាក់ទាញ​លើ​ការវិនិយោគ​ក្នុង​វិស័យ​ដីធ្លី​នៅ​ខេត្ត​មួយ​នេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ដែល​ទើបបាន​ចុះទៅ​ដល់ទី​តាំង​គម្រោង​ជាច្រើន នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០កន្លងមក​ថា នៅត្រឹម​រយៈ​ជិត២ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​មណ្ឌល​គី​រី​មាន​ភាព​រីកចម្រើន និង​ផ្លាស់ប្ដូរ​យ៉ាងខ្លាំង ជាពិសេស ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ស្ទើរ​ទូទាំង​ខេត្ត។

លោក​បញ្ជាក់ថា “ផ្លូវជាតិ​ត​ភ្ជាប់​ពី​បណ្តា​ខេត្ត​នានា ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុងការ​ទាក់ទាញ​ការវិនិយោគ​សម្រាប់​ខេត្ត​មណ្ឌល​គី​រី” ។ លោក​បន្តថា “ក្រៅពី​គម្រោង​រៀបចំ ស្ថាបនា​អភិវឌ្ឍន៍​ផ្លូវថ្នល់ ផ្លូវជាតិសំខាន់ៗ ដែលជា​គម្រោង​អាទិភាព​ទី១នៅក្នុង​ខេត្ត​នេះ នៅមាន​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី ក្នុង​តំបន់​មួយទៀត ដែល​ទីតាំង​គម្រោង​ស្ថិតនៅ​ស្រុក​អូររាំង ទំហំ​ប្រមាណ៣០០ហិកតា ត្រូវបាន​រដ្ឋបាលខេត្ត​ត្រៀម​ទុក​រួចរាល់ និង​កំពុង​សិក្សា​ពី​ផលប៉ះពាល់” ។

ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ទាំង២នេះ នៅមាន​គម្រោង​អភិវឌ្ឍ​អេកូ​ទេសចរណ៍​នៅ​តំបន់​សមុទ្រ​ឈើ ដែល​សុទ្ធតែ​ត្រូវបាន​គាំទ្រ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។

លោក ច្រឹ​ក សុខ​នី​ម​បាន​បញ្ជាក់ទៀតថា បន្ថែម​ពីលើ​គម្រោង​អភិវឌ្ឍន៍ និង​វិនិយោគធំៗជាច្រើន​ទៀត ខេត្ត​មណ្ឌល​គី​រី បច្ចុប្បន្ននេះ​បាននិងកំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកវិនិយោគ​ជាច្រើន ដូចជា​គម្រោង​វិនិយោគ​បង្កើត​តំបន់​ទេសចរណ៍​កែច្នៃ តំបន់​ផ្ទះ​លំហែរ​កាយ ក៏ដូចជា​វិស័យ​កសិឧស្សាហកម្ម​ផងដែរ។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong ធ្លាប់បាន​មាន​ប្រសាសន៍ថា “មណ្ឌល​គី​រី ជា​ខេត្ត​មួយ​ដ៏​ល្អ​របស់​កម្ពុជា លើ​វិស័យ​ទេសចរណ៍ធម្មជាតិ​ខុសពី​ខេត្ត​ដទៃទៀត ជាពិសេស​ក្រោយ​ពេលដែល  រដ្ឋាភិបាល មាន​គម្រោង​អភិវឌ្ឍធំៗនៅក្នុង​ខេត្ត​មួយ​នេះ ដូចជា គម្រោង​សាងសង់​ព្រលានយន្តហោះ រួមជាមួយ​នឹង​ការបង្កើត​គណកម្មការ​អន្តរក្រសួង សិក្សា​ពី​លទ្ធភាព​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​នៅ​ទូទាំង​ខេត្ត ដែល​កាន់តែ​ធ្វើឱ្យ​ខេត្ត​នេះ មាន​ភាព​ទាក់ទាញ និង​ក៏​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​កម្រើក​ផងដែរ។

លោកស្រី​បាន​បន្តទៀតថា “ជាធម្មតា​នៅពេលដែល​មានការ​អភិវឌ្ឍ​ន៍ ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែច្រើន កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ក៏​កាន់តែ​ល្អប្រសើរ ដែល​ធ្វើឱ្យ​ប្រជាជន​លទ្ធភាព​ធូរធារ” ។

ដោយឡែក​ជាមួយនឹង​វត្តមាន​នៃ​ព្រលានយន្តហោះ រួម​នឹង​គម្រោង​អភិវឌ្ឍ​តំបន់​មួយចំនួន​ជាទី​កម្សាន្ត​បែប​ធម្មជាតិ វា​នឹង​ធ្វើឱ្យ​ខេត្ត​មួយ​នេះ​មាន​ភាព​ទាក់ទាញ និង​អភិ​វ ឌ្ឍ​ន៍​លឿន ដែល​អាច​កៀងគរ​ភ្ញៀវទេសចរ ក៏ដូចជា​ចំនួន​អ្នកវិនិយោគ​ទៅកាន់​ខេត្ត​នេះ​កាន់តែច្រើន។

លោកស្រី Grace Rachny Fong បាន​បន្តថា តម្លៃ​ដី​ដែលមាន​វិសាលភាព​សម្រាប់​អភិវឌ្ឍ​ជា​តំបន់​កម្សាន្ត​កែច្នៃ​បែប​ធម្មជាតិ និង​បង្កើតជា​តំបន់កសិឧ្សាហកម្ម បាន​កើនឡើង​ស្ទើរតែ​គុណ​នឹង២ដង បើ​ប្រៀបធៀប​ទៅនឹងឆ្នាំមុនៗ ហើយ​ចំពោះ​តម្លៃ​ដី វា​មិន​ដូចគ្នា​នោះទេ គឺ​អាស្រ័យ​ទៅតាម​តំបន់​ដែ​មាន​តម្រូវការ ទំហំ និង​ស្ថានភាព​របស់​ដី ប៉ុន្តែ​ទីតាំង​ដែលមាន​សក្ដានុពល គឺ​ស្ថិតនៅ​តំបន់ភ្នំ តំបន់​ជ្រោះ និង​មាន​ស្ទឹង​តូចធំ​ឆ្លងកាត់៕

ចំណេះដឹង! អ្វី​ជាការ​លើកទឹកចិត្ត​ចំពោះ​ការវិនិយោគ​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់?

ដោយ ​វុត្ថា

ភ្នំពេញៈ ការប្រកាស​ឱ្យប្រើ​ច្បាប់​ថ្មី​ស្តីពី ការវិនិយោគ​មានន័យថា​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន បានផ្តល់​នូវ​កញ្ចប់​លើក​ទឹកចិត្ត​ធុរកិច្ច​ដ៏​ល្អ​បំផុត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ធ្វើឱ្យ​កម្ពុជា ក្លាយជា​តំបន់​សេដ្ឋកិច្ច​ទទួលបាន​ការ​ចាប់អារម្មណ៍ ក្នុងការ​វិនិយោគ​ពី​គ្រប់ទិសទី​នៅលើ​ពិភពលោក។

ច្បាប់​ថ្មី​នេះ​មាន​លក្ខណៈពិសេស​ដូចខាងក្រោម ៖

  • ពន្ធលើប្រាក់ចំណេញ​សុទ្ធ ៩%
  • រយៈពេល​អនុគ្រោះ​ពន្ធលើប្រាក់ចំណេញ​រហូត​ដល់​ទៅ៨ឆ្នាំ
  • ការអនុញ្ញាតឱ្យ​បូក​យោង​ការខាតបង់​ក្នុង​អាជីវកម្ម​រយៈពេល៥ឆ្នាំជាប់ៗគ្នា
  • ការអនុគ្រោះ​ពន្ធ​នាំចូល100%លើ​សំភារៈ​សំណង់ មធ្យោបាយ​ផលិតកម្ម គ្រឿង​សំភារៈ​បរិក្ខា ។ល។
  • ពុំមាន​ពន្ធ​កាត់​ទុក​លើ​ភាគលាភ
  • ការបញ្ជូន​ផលចំណេញ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ដោយ​សេរី
  • ពុំមាន​ការធ្វើជា​តូបនីយកម្ម និង​ការត្រួតត្រា​លើ​ការកំណត់​តំលៃ
  • ពុំមាន​ការរើសអើងរ​វាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​បរទេស
  • រយៈពេល​ជួល​ដី​រហូតដល់​ទៅ៧០ឆ្នាំ៕

សួនវប្បធម៌ថ្មីមួយនឹងលេចរូបរាងឡើង នៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ នាពេលឆាប់ៗ

តាកែវ៖ រដ្ឋបាលស្រុកគិរីវង់គ្រោងសាងសង់សួនវប្បធម៌ដ៏ស្រស់ស្អាតមួយនស្ថិតទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅជាប់អាងទឹកទន្លាប់ ស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ នៅលើផ្ទៃក្រឡាផ្ទៃទទឹង១០០ម៉ែត្រ និងបណ្ដោយ៥០០ម៉ែត្រ។

លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា សួនវប្បធម៌នេះ មានការរចនាបទលក្ខណៈជាខ្មែរ និងមានការសាងសង់លើសួនវប្បធម៌នេះ នូវរូបបដិមាសម្ដេចវិបុលបញ្ញា សុខ អាន សាងសង់បណ្ណាល័យ ទីលានកីឡា និងកន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្ហែ និងក្មេងលេង រោងទូកង កន្លែងឆ្លុះកែវយិត ចំណតរថយន្ត និងទោចក្រយានយន្ត ផែទូក បន្ទប់ទឹកសាធារណៈនិងទីលានប្រារព្វពិធីផ្សេងៗ។

លោក ស៊ុត ខុន បន្តថា សួនវប្បធម៌សម្ដេចវិបុលបញ្ញា ដែលជាសមិទ្ធផលជាប្រវត្តិសាស្រ្តដែលគាំទ្រថវិកា ដោយក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន និងក្លាយជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋមកលម្ហែកាយ ហាត់ប្រាណ លេងកីឡា ទស្សនាការប្រណាំងទូក ហើយសួនវប្បធម៌នេះ នឹងលើកកម្ពស់ សោភ័ណ្ឌភាពស្រុកគីរីវង់ទាំងមូលឱ្យកាន់តែស្រស់បំព្រងថែមទៀត ជាពិសេសទៅទៀតសួនវប្បធម៌នេះ និងក្លាយទៅជាទីកន្លែងមួយដែលធ្វើការទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅទីនេះកាន់តែច្រើនថែមទៀត។

ការសាងសង់សួនវប្បធម៌ដ៏ធំនៅក្នុងស្រុកគីរីវង់នេះ ក្រៅពីលើកកម្ពស់សោភ័ណ្ឌភាពស្រុកឲ្យកាន់តែស្រស់បំព្រង វាក៏និងជួយឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពកាន់តែធូធារជាងមុន តាមរយៈការលក់ដូចំណីអាហារដល់ភ្ញៀវទេសចរណ៍ ដែលនឹងមកកម្សាន្តនៅសួនវប្បធម៌នេះកាន់ តែច្រើនថែមទៀត៕