មន្ទីររៀបចំដែនដីរាជធានីភ្នំពេញផ្តល់ឯកសារដីធ្លី និងសំណង់ចំនួន ២៥.៧០០ ដល់ពលរដ្ឋ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសូរិយោដីរាជធានីភ្នំពេញ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ នេះ បាន ផ្ដល់សេវាសាធារណៈលើសេវាសូរិយាដី និងសំណង់ជូនប្រជាពលរដ្ឋបានចំនួន ២៥ ៧០០ ឯកសារ ខណៈនៅក្នុងឆ្នាំ២០១៩ បានចំនួន ៦៦ ៨៦៧ ឯកសារ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសូរិយោដី រាជធានីភ្នំពេញ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ មន្ទីរក៏បានចេញលិខិតទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាត បានចំនួន២៩ការដ្ឋាន ចេញលិខិតបើកការដ្ឋាន ចំនួន៤០ការដ្ឋាន និងលិខិតបិទការដ្ឋានចំនួន៥ការដ្ឋាន។

លោកបន្តថា ដោយឡែក ការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ការប្រមូលទិន្នន័យក្បាលដី ឆ្នាំ២០១៩ បានចំនួន ៣៥ ៧៥៨ ក្បាលដី (ក្នុងនោះ ចុះហត្ថលេខាលើប័ណ្ណកម្មសិទ្ធិ ឆ្នាំ២០១៩ បាន ១៣ ៣៨១ក្បាលដី និងចែកប័ណ្ណសកម្មសិទ្ធិឆ្នាំ២០១៩ បាន ៩ ៨០៣ក្បាលដី)។ ការងារចុះបញ្ជីដាច់ដោយដុំ បានចុះបញ្ជីចំនួន ៥៣៨ ប័ណ្ណ ហើយ៥ខែដើមឆ្នាំ ២០២០ បានចុះចំនួន១៦២ ប័ណ្ណ។

លោកបន្ថែមថា សម្រាប់ការងារប្រទានកម្ម មន្ទីររៀបចំដែនដី បានចុះបញ្ជីដីប្រទានកម្មលើដីឯកជនរបស់រដ្ឋ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ២៩ទីតាំង លើដីជាង៨២ហិចតា បានផ្ដល់កម្មសិទិ្ធជូនប្រជាពលរដ្ឋប្រមាណ១៨.០០០គ្រួសារ។

លោកបន្ថែថា មន្ទីរបានចុះបញ្ជីបំបែកដីឡូត៍ជូនប្រជាពលរដ្ឋសហគមន៍មានជ័យ ចំនួន៥៦២ឡូត៍ តាមរយៈការចាប់ឆ្នោត ហើយបច្ចុប្បន្នប្រជាពលរដ្ឋដែលកំពុងសាងសង់ ១៥២ឡូត៍។ ជាមួយគ្នានេះ លោក សារិន វណ្ណា ក៏បានបញ្ជាក់អំពីការងារដោះស្រាយវិវាទដីធ្លីផងដែរថា ឆ្នាំ២០១៩ បានដោះស្រាយបញ្ចប់ ២ករណី, វិវាទច្រានចោល ១ករណី វិវាទដកពាក្យបណ្ដឹង ៣ករណី វិវាទបញ្ជូនឡើងទៅលើ ៧ករណី វិវាទកំពុងដោះស្រាយ ៣១ករណី៕

ក្រុមហ៊ុនកម្រាលឈើអាមេរិកនឹងបង្កើនការផលិតរបស់ខ្លួនទ្វេដងនៅកម្ពុជា បន្ទាប់ប្រកាសបិទរោងចក្រនៅសៀងហៃ

ដោយ ៖ ប៊ី
ភ្នំពេញ ៖ ក្រុមហ៊ុន AHF Products ដែលមានមូលដ្ឋាននៅអាមេរិក បានប្រកាសថា ខ្លួននឹងបម្រើផលិតផលកម្រាលលើដល់អតិថិជនអន្តរជាតិទាំងអស់ចេញពីរោងចក្រនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា ហើយនឹងឈប់ផលិតនៅទីក្រុងសៀងហៃ ប្រទេសចិន។ ការប្រកាសនេះរបស់ក្រុមហ៊ុនអាមេរិកមួយ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២០។

រោងចក្រនៅសៀងហៃ ដែលត្រូវបានទិញជាផ្នែកមួយនៃការទិញយកអាជីវកម្មក្រុមហ៊ុន LM Flooring បានផលិតផលិតផលកម្រាលសម្រាប់ទីផ្សារកាណាដា អឺរ៉ុប អាស៊ី និងអូស្ត្រាលី។ អតិថិជនរបស់សហរដ្ឋអាមេរិកនឹងបន្តទទួលសេវាកម្មពីរោងចក្ររបស់ក្រុមហ៊ុន AHF នៅកម្ពុជា។

ក្នុងរយៈពេល១២ ខែចុងក្រោយនេះ ក្រុមហ៊ុន AHF បានបង្កើនសមត្ថភាពរបស់ខ្លួននៅកម្ពុជា ចំនួនបីដងដោយគ្រោងនឹងបង្កើនទ្វេដងម្តងទៀតនៅត្រីមាសទី ១ ឆ្នាំ ២០២១។
ហើយនឹងបន្តបង្កើនសមត្ថភាពផលិតរបស់ខ្លួននៅខែកក្កដាខាងមុខ ដើម្បីគាទ្រដល់កម្លាំងពលកម្មដែលបានបន្ថែមនៅកម្ពុជា។

រោងចក្រនៅសៀងហៃបានជួលបុគ្គលិកចំនួន ១៧៥ នាក់ ហើយបន្ថែមពីលើការផ្ទេរបុគ្គលិកសំខាន់ៗមួយចំនួនមកកម្ពុជា ដើម្បីបញ្ចាឧបករណ៍ទំនើបចុងក្រោយពីទីតាំងសៀងហៃ ដែលឧបករណ៍ក៏នឹងត្រូវផ្លាស់ប្តូរសៀងហៃមកកម្ពុជាផងដែរ៕ (ប្រភព៖ Floordaily)

សមាគមជប៉ុន(JBAC)នៅកម្ពុជា ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បន្តការហោះហើរត្រង់មកកម្ពុជាមុនពេលកំណត់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សមាគមជប៉ុនចំនួន២នៅកម្ពុជា បានធ្វើការអំពាវនាវ និងសំណូមពរសុំការគាំទ្រពីសំណាក់សមាជិករបស់ខ្លួននៅកម្ពុជា ស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បន្តធ្វើការហោះហើរត្រង់រវាងភ្នំពេញ-ណារីតា ឡើងវិញមុនពេលកំណត់ បន្ទាប់ពីក្រុមហ៊ុនមួយនេះបានប្រកាសផ្អាកដំណើរការរងហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។

តាមរយៈសេចក្ដីប្រកាស និងអំពាវនាវ កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០ ស្ដីអំពីការពន្យាររយៈពេលផ្អាកជើងហោះហើរត្រង់ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០។

ដោយសារតែបញ្ហាដូចដែលបានរៀបរាប់ខាងលើ គួបផ្សំនឹងវិធានការបង្ការការពារការឆ្លងរីករាលដាលជំងឺឆ្លង COVID-19 របស់ភាគីកម្ពុជា ដែលងាយនឹងទទួលរងការប្រែប្រួលនោះ គេរំពឹងថាកត្តាទាំងនេះអាចនឹងជះឥទ្ធិពលអវិជ្ជមានមួយចំនួននាពេលពេលអនាគត ដល់ការធ្វើដំណើរទៅវិញទៅមករបស់មនុស្សជាច្រើនដែលពាក់ព័ន្ធជាមួយប្រទេសទាំងពីរនិងអាចផ្ដល់ផលលំបាកផ្សេងៗចំពោះជីវភាពប្រចាំថ្ងៃ រួមទាំងការងាររបស់ពួកគេ។

លើសពីនេះទៅទៀត យោងតាមរបាយការណ៍នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ លោក Katanozaka ប្រធានក្រុមហ៊ុន ANA Holdings បានបញ្ជាក់អំពីគោលនយោបាយស្ដីពីការកាត់បន្ថយទិសដៅហោះហើរមួយចំនួនដែលមិនសូវទទួលបានផលចំណេញ និងគុណប្រយោជន៍ ដោយសំអាងទៅលើជើងហោះហើរអន្តរជាតិដែលតម្រូវការមានការថយចុះយ៉ាងគំហុកដោយសារការជះឥទ្ធិពលអវិជ្ជមាននៃវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ព្រមទាំងនៅពេលអនាគតនឹងមានការដាក់សម្រេចចេញដោយជាក់លាក់នូវការកាត់បន្ថយទិសដៅហោះហើរ និងប្រកាសជាសាធារណៈអំពីផែនការអាជីវកម្មថ្មីនៅចុងខែកក្កដា ឆ្នាំ ២០២០។

ផ្អែកតាមបញ្ហាដូចដែលបានរៀបរាប់ខាងលើនេះ សមាគមជនជាតិជប៉ុននៅកម្ពុជា និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (សូមសរសេរកាត់ថា JBAC) បានយល់ដឹងច្បាស់អំពីវិធានការការពារ និងប្រឆាំងការឆ្លងរីករាលដាលវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ព្រមទាំងស្ថានភាពបច្ចុប្បន្ននៃវិស័យអាកាសចរណ៍ដែលកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក ក៏ប៉ុន្តែសមាគមទាំង២បានស្នើសុំការគាំទ្រ ពីអ្នកដែលពាក់ព័ន្ធ ជាពិសេសសមាជិករបស់សមាគមទាំងអស់ មេត្តាចូលរួមចុះហត្ថលេខា ដើម្បីយកហត្ថលេខាទាំងអស់នេះជូនដល់ភាគីពាក់ព័ន្ធ ANA ទាំងអស់ ដោយក្នុងបំណងអោយភាគីពាក់ព័ន្ធ ANA ទាំងអស់ព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបន្តការហោះហើរត្រង់ភ្នំពេញ-ណារីតាឡើងវិញឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន និងរក្សាផ្លូវ ក៏ដូចជាទិសដៅហោះហើរត្រង់ភ្នំពេញ-ណារីតា។

រយៈពេលប្រមូលហត្ថលេខា គឺរហូតដល់ថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមិថុនា ឆ្នាំ ២០២០ វេលាថ្ងៃត្រង់។ ហត្ថលេខាដែលប្រមូលបានទាំងអស់ នឹងត្រូវរៀបចំអោយមានរបៀបរាបរយ រួមជាមួយនឹងមតិយោបល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ជើងហោះហើរត្រង់ភ្នំពេញ-ណារីតា និងស្ថានភាពបច្ចុប្បន្ន ដោយសមាគមជនជាតិជប៉ុន ហើយនឹងត្រូវបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលក្រុមហ៊ុនអាកាសចរណ៍ ANA តាមរយៈសាខា ANA ភ្នំពេញ។

អ្នកដែលអាចចូលរួមចុះហត្ថលេខាគាំទ្របានដោយសេរី បើទោះបីជាមិនមែនជាសមាជិកនៃសមាគមជនជាតិជប៉ុន ឬមិនមែនជាសមាជិក JBAC ឬក៏មិនមែនជាជនជាតិជប៉ុនក៏ដោយ៕

តើអ្នកជំនាញនិយាយអ្វីខ្លះពីស្ថានភាពទីផ្សារខុនដូនាពេលបច្ចុប្បន្ន ?

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ចាប់តាំងពីដើមឆ្នាំ២០២០ ទីផ្សារខុនដូនៅកម្ពុជាបានចាប់ផ្តើមមានភាពប្រែប្រួលយ៉ាងខ្លាំងក្រោមឥទ្ធិពលនៃវិបត្តិជំងឺសាកលលោក និងកំពុងអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យជាច្រើន ហើយក្នុងនោះទីផ្សារខុនដូ ដែលជាផ្នែកមួយក្នុងវិស័យអចលនទ្រព្យក៏ជួបឱនភាពផងដែរ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា ERA លោក ខន គង្គា បានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ថា ក្រោមឥទ្ធិពលនៃវិបត្តិជំងឺឆ្លង បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំង ដែលក្នុងនោះប្រទេសកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសវិស័យទេសចរណ៍ និងវិស័យសំណង់ អចលនទ្រព្យ។

លោកបានបន្ត “រយៈពេល៣ខែដើមឆ្នាំ ចាប់ពីខែមករា រហូតដល់ដើមខែមេសា ការទិញ-លក់ អចលនទ្រព្យនៅកម្ពុជា ក៏ដូចជាគម្រោងសាងសង់សំណង់ធំៗ ត្រូវបានជាប់គាំង ប៉ុន្តែចាប់ពីពាក់កណ្តាលខែមេសា ជាពិសេសនៅដើមខែឧសភា ក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ ការទិញ-លក់ នៅក្នុងទីផ្សារអចលនទ្រព្យ ចាប់ផ្តើមមានកម្រើកឡើងវិញ ក្រោយពេលលទ្ធផលនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺនៅកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ”។

ជាមួយនឹងស្ថានភាពធូរស្រាលពីវិបត្តិមួយនេះ ទាំងវិស័យលំនៅដ្ឋាន ការជួយអគារការិយាល័យ ក៏ដូចជាទីផ្សារខុនដូ បានចាប់ផ្ដើមមានសញ្ញាវិជ្ជមាន ក្រោមសកម្មភាពរបស់អ្នកជំនួញ និងអភិវឌ្ឍន៍ក្នុងស្រុក។

លោក ខន គង្គា បានមានប្រសាសន៍ថា “សម្រាប់ទីផ្សារខុនដូ នៅមួយរយៈចុងក្រោយនេះ គឺមានសកម្មភាពឡើងវិញគួរឱ្យកត់សម្គាល់ ជាពិសេស ប្រភេទខុនដូតម្លៃមធ្យម ដែលមានតម្លៃចាប់ពី ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េចុះក្រោម គឺមានតម្រូវការខ្ពស់។ អ្នកទិញខុនដូប្រភេទនេះមាន២ ទី១ អ្នកដែលបម្រើការងារ និងមានមុខជំនួញនៅក្នុងក្រុង ដែលមានតម្រូវការជាក់ស្ដែងសម្រាប់រស់នៅ ហើយទី២ គឺអ្នកជំនួញអចលនទ្រព្យ ទិញទុកវិនិយោគបន្តយកចំណេញ ដែលអតិថិជនទាំង២ប្រភេទនេះ ភាគច្រើនជាអ្នកក្នុងស្រុក”។

នាយិកាប្រចាំប្រទេស ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា សកម្មភាពនៃការទិញលក់ខុនដូនៅពេលនេះ ភាគច្រើន គឺសុទ្ធតែជាគម្រោងចាស់ដែលបានបញ្ចប់ការសាងសង់ និងបានដាក់លក់នៅលើទីផ្សារប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទីផ្សារខុនដូគម្រោងថ្មីៗ គឺមានការធ្លាក់ចុះ។

លោកស្រីបានបញ្ជាក់ថា “សម្រាប់ខុនដូដែលបានបញ្ចប់ការសាងសង់ និងបានដាក់លក់នៅលើទីផ្សារតាំងពីឆ្នាំ ២០១៨ – ២០១៩ កន្លងទៅនៅបន្តសកម្មភាពរបស់ខ្លួន ប៉ុន្តែសម្រាប់គម្រោងខុនដូថ្មីៗដែលទើបចាប់ផ្តើមនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ គឺមានការធ្លាក់ចុះ និងពិបាកក្នុងការរកទីផ្សារណាស់។ ខ្ញុំគិតថា សម្រាប់ទីផ្សារថ្មីនេះ គឺត្រូវការពេលវេលាបន្តិចទៀត ពោលគឺអាចចំណាយយ៉ាងហោចណាស់១ឆ្នាំ ឬលើសពីនេះទៀតក៏ថាបាន ទម្រាំភាពល្អប្រសើរនៃសេដ្ឋកិច្ចពិភពលោកចាប់ផ្ដើមឡើងវិញ ហើយចរន្តនៃការធ្វើជំនួញ ពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យនានាកើតមានឡើងវិញ” ៕

អភិបាលរាជធានីភ្នំពេញយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅតាមបុរី

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយជំនន់ទឹកភ្លៀងនៅតាមគម្រោងបុរីដែលបានសាងសង់នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ និង ឆ្នាំ ២០០០ នៅពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ ខណៈតំបន់នោះមានការចាក់ដីបំពេញដើម្បីសាងសង់សំណង់ផ្សេងៗ ។

លោ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយបញ្ហាជន់លិចទឹកនៅក្នុងទីក្រុងខណៈទីក្រុងមួយនេះ មានការរីកចំរើនលឿនតាមរយៈគម្រោងលំនៅឋាន សំណង់ និង រោងចក្រសហគ្រាសផ្សេងៗ តែសម្រាប់គម្រោងបុរីដែលសាងសង់នៅក្នុងទសវត្សរ៍ ៩០ និង ឆ្នាំ២០០០ មានបញ្ហាជន់លិចទឹកដោយសារមានការចាក់ដីព័ទ្ធជុំវិញបុរីនោះ ។

លោកថ្លែងថា “ នៅពេលសួរថា នៅក្នុងបុរីខ្លះដែលមានការលិចទឹក ហើយថតបង្ហោះ គឺគាត់ធ្វើតាំងពីទសវត្សរ៍ ឆ្នាំ ៩០ ឬ ឆ្នាំ២០០០ គាត់នៅក្នុងក្រលុក ឥឡូវគេ ចាក់ដីព័ទ្ធជុំវិញទៅ ដូចគាត់រស់នៅក្នុងត្រពាំង ភ្លៀងមួយមេមកលិចបាត់ តែយើងបានដោះស្រាយនូវបញ្ហានេះ”។

លោកបន្តថា “យើងបានណែនាំដល់អភិបាលខណ្ឌទាំង ១៤ ឱ្យដោះស្រាយ ដែលមានបុរីនៅក្នុងគ្រលុក ដោយប្រើប្រាស់យន្តការបូមទឹកចេញ ព្រោះរដ្ឋបាលរជធានីភ្នំពេញមិនខ្វះម៉ាស៊ីននោះទេ ដោយប្រើប្រាស់ស្ថានីយចល័ត ដើម្បីបូមទឹកជូនគាត់”។

លោកបន្ថែមថា “នេះគឺកិច្ចការមួយ ឬនយោបាយរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ។ ការធ្វើលូស្ទះផ្លូវ ធ្វើផ្លូវខូចលូ លែងមានទៀតហើយ នៅក្នុងរដ្ឋបាលរាជធានីភ្នំពេញ។ នេះ គឺជាមោទនភាពរបស់រដ្ឋបាលរាជធានីភ្នំពេញរបស់យើង”។

លោកអភិបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់ពីគម្រោងលំនៅឋាន ឬបុរី ថាមានប៉ុន្មានោះទេ ដែលបានសាងសង់នៅក្នុងទសវត្សរ៍ឆ្នាំ ៩០ និងឆ្នាំ ២០០០ នោះទេ តែយ៉ាងណាក៏ដោយ លោកឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ នៅក្នុងមូលដ្ឋានរាធានីភ្នំពេញមានសំណង់បុរី និងបណ្តុំផ្ទះល្វែងមានចំនួន ២៤៤ កន្លែង។

លោកឃួង ស្រេងបានបន្តថា ទីក្រុងភ្នំពញេមានអគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនផ្សេងទៀត ឆ្លើយតបទៅនឹងអ្នកដែលចូលចិត្តរស់នៅបែបទំនើប និងស៊ីវិល័យ។ ជាមួយគ្នានេះ រាជធានីភ្នំពេញបាននឹងកំពុងពង្រីកខ្លួនពី៣០០ ទៅជិត៧០០គីឡូម៉ែត្រការ៉េ ដែលមានមនុស្សរស់នៅប្រមាណ៣លាននាក់។

លោកបញ្ជាក់ថា “ការអភិវឌ្ឍនបែបស៊ីជម្រៅ គឺបានបង្ហាញឱ្យតាមរយៈការប្រែប្រួលកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងភាពលូតលាសក្នុងវិស័យឯកជន ក្នុងនោះ អត្រាភាពក្រីក្របានធ្លាក់ចុះ៩ ភាគរយ និងការកើនឡើងនូវទំហំផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗជិត៤០០០ ដុល្លារក្នុងឆ្នាំ២០២៩”៕

ជប៉ុនធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា និងប្រទេសអាស៊ាន៩ទៀត

ដោយ ប៊ី

ភ្នំពេញៈ ក្រសួងការបរទេសជប៉ុន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារកន្លងមកនេះថា ប្រទេសជប៉ុនបានបញ្ជាក់ពីការធ្វើបច្ចុប្បន្នភាព ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរបស់ខ្លួនជាមួយប្លុកអាស៊ានទាំង១០ជាមួយនឹងការចូលជាធរមាននៅថ្ងៃទី១ ខែសីហាខាងមុខ។

ការធ្វើវិសោធនកម្មទាំងនេះ គឺជាលើកទីមួយចាប់តាំងពីកតិកាសញ្ញានេះ ត្រូវបានអនុម័តនៅថ្ងៃទី១ ខែធ្នូឆ្នាំ ២០០៨ ដែលបានក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីដំបូងគេរបស់ជប៉ុន។ វាបានផ្តោតលើការលុបបំបាត់ពន្ធគយលើទំនិញ។

កិច្ចព្រមព្រៀង ដែលត្រូវបានធ្វើបច្ចុប្បន្នភាពចំនួន១០៦ទំព័រ ត្រូវបានគេស្គាល់ថាជាពិធីសារទីមួយ ដោយបានបន្ថែមនូវបទប្បញ្ញត្តិ ដែលគ្របដណ្តប់លើពាណិជ្ជកម្មឆ្លងដែន ក្នុងសេវាកម្ម និងការវិនិយោគរវាងប្រទេសជប៉ុន និងអាស៊ាន។

ក្រសួងការបរទេសបានឱ្យដឹងថា វាក៏រួមបញ្ចូលទាំងវិធាន និងការប្តេជ្ញាចិត្តសេរីភាវូបនីយកម្មពីរដ្ឋសមាជិកអាស៊ាន ដែលមិនត្រូវបានរាប់បញ្ចូល ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលបានបញ្ចប់រវាងប្រទេសជប៉ុន និងប្រទេសសមាជិកអាស៊ាននីមួយៗ។

ឯកសារដែលបានធ្វើបច្ចុប្បន្នភាព នឹងត្រូវអនុវត្តន៍ដំបូងចំពោះប្រទេសជប៉ុន និងប្រទេសអាស៊ានទាំង៤ ដែលបានផ្តល់សច្ចាប័នលើការផ្លាស់ប្តូរនេះ គឺប្រទេសថៃ សឹង្ហបុរី ឡាវ និងមីយ៉ាន់ម៉ា។

ការណ៍នេះ ត្រូវគ្នានឹងការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ឱ្យក្រុមហ៊ុនជប៉ុនក្នុងស្រុកបញ្ឈប់ ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ និងកាត់បន្ថយការពឹងផ្អែកលើការផលិតរបស់ពួកគេលើប្រទេសចិន បន្ទាប់ពីជំងឺរាតត្បាតឆ្លងរាលដាលបានបិទទ្វាររោងចក្រ និងខ្សែផលិតកម្ម។

ក្នុងការធ្វើដូច្នេះលោកបានជំរុញក្រុមហ៊ុន កុំឱ្យដាក់ទុនវិនិយោគរបស់ពួកគេទាំងអស់នៅរបស់ចិន ប៉ុន្តែត្រូវផ្លាស់ប្តូរទីតាំង និងបង្កើនវត្តមានរបស់ខ្លួននៅក្នុងអាស៊ាន ដោ​យរកប្រាក់បានប្រហែល២៤០ពាន់លានយ៉េន (២,២៤ ពាន់លានដុល្លារ) ដើម្បីជួយពួកគេ។

ពិធីសារទី១ បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះបង្ហាញពីបំណងរួមដើម្បី បង្កើនសមត្ថភាពប្រកួតប្រជែងរបស់ជប៉ុន និងរដ្ឋសមាជិកអាស៊ាន ដោយប្រើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន និងជប៉ុនជាយានសំខាន់” ។

ក្រសួងការបរទេសជប៉ុនបានចង្អុលបង្ហាញថា នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរបស់ប្រទេស ដែលគ្របដណ្តប់លើពាណិជ្ជកម្មសេវាកម្ម និងចលនាកម្មករឧស្សាហកម្មសេវាកម្ម ជាមួយប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា “គេរំពឹងថាពិធីសារនេះនឹងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតរវាងប្រទេសជប៉ុន និងអាស៊ាន ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជប៉ុន និងអាស៊ាន និង​វិនិយោគិនបរទេសដោយស្មើភាព”។

កិច្ចព្រមព្រៀងកែលម្អ ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន នឹងអនុវត្តចំពោះប្រទេសអាស៊ានចំនួន៦ផ្សេងទៀតនៅក្នុងខែទី២ បន្ទាប់ពីពួកគេបានបញ្ចប់នីតិវិធីក្នុងស្រុករៀងៗខ្លួន។

ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុបានបង្ហាញថា ប្រទេសជប៉ុនបាននាំចេញទំនិញមានតម្លៃ១២,៦ ពាន់ពាន់លានយ៉េនទៅកាន់អាស៊ានក្នុងឆ្នាំ២០១៨ ខណៈការនាំចូលពីអាស៊ានមានទំហំទឹកប្រាក់ចំនួន១២,៤ ពាន់ពាន់លានយ៉េន។

ប្រទេសជប៉ុនកំពុងចរចាដាច់ដោយឡែកពីគ្នា នូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាមួយអាស៊ាន ក៏ដូចជាអូស្រ្តាលី ចិន កូរ៉េខាងត្បូង និងនូវែលសេឡង់៕

កម្ពុជាមានផលិតផលកសិកម្មជាង៦០មុខសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារ នៅក្រៅប្រទេស

ដោយវុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កម្ពុជានាពេលបច្ចុប្បន្ននេះ មានផលិតផលកសិកម្មចំនួនជាង៦១មុខ សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទិសដៅនៃការនាំចេញមានចំនួន៥៩ប្រទេស ទូទាំងពិភ​ព​លោក។

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកងិន ឆាយបានបញ្ជាក់កាលពីម្សិលមិញនេះឱ្យដឹងថា កំណើននៃបរិមាណនាំចេញនេះ ជាកត្តាឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទាំងបរិមាណ និងគុណភាពនៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា ផលិតផលកសិកម្មកម្ពុជា៦១មុខនេះ ត្រូវបានចែកជា២ក្រុម ទី១ក្រុមផលិតផល​ ដែលមិនជាប់កម្រិតកំណត់ការនាំចេញទំនិញពីកម្ពុជា ទៅកាន់ប្រ​ទេសឬដែនដី ដែលធ្លាប់បាននាំចេញរួចហើយ ការនាំចូលផលិតផលទាំងនេះតម្រូវឱ្យមានវិញ្ញា​បនបត្រភូតគាមអនាម័យ ដើម្បីធានាអះអាងអំពីការបំពេញ អនុលោមភាពទៅតាមល្ខខណ្ឌតម្រូវ។

ក្រុមទី២ គឺជាប្រភេទផលិតផលដែលជាប់កម្រិតកំណត់ ឬជាក្រុមផលិតផលដែលមានកម្រិតហានិភ័យខ្ពស់ (ទំនិញដែលមានសក្តានុពលហានិភ័យ សមាសភាពចង្រៃខ្ពស់ដូចជាផលិតផលបន្លែ ផ្លែឈើស្រស់ មើម និងបណ្ដាទំនិញដទៃទៀតដែលចាត់ក្នុងកម្រិតហានិភ័យនៃស្ដង់ដារភូតគាមអនាម័យអន្ដរជាតិលេខ៣២ (ISPM 32) ក្នុងក្រុមទី៣ និងទី៤ស្ដីពី ចំណាត់ថ្នាក់ទំនិញអាស្រ័យ លើកម្រិតហានិភ័យបង្កឡើងដោយសមាសភាពចង្រៃ)។

លោកងិន ឆាយបានបញ្ជាក់ថា ការនាំចេញទំនិញប្រភេទនេះ  ទាមទារឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចារបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យ សមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលទំនិញដែលបានស្នើសុំ។ ការចរចារអាចចំណាយពេលពី១ ដល់៥ឆ្នាំក្នុងមួយមុខដំណាំ ហើយការនាំចេញពីកម្ពុជា អាចចាប់ផ្តើមបន្ទាប់ពីមានកិច្ចព្រមព្រៀងពិធីសារ ឬឯកសារសមមូលបញ្ជាក់ពីការឯកភាព រវាងសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសទាំងពីរ។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញ ស្ថានភាពនៃការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា បានស្ថិតក្នុងនិន្នាការកើនឡើងជាលំដាប់ ជហើយមានសន្ទុះគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ដែលនៅឆ្នាំ២០១៤ ការនាំចេញផលិតផលកសិកម្ម សម្រេចបានចំនួនប្រមាណជាង៣,៤៤លានតោ​ន និងបានកើនរហូតដល់ជាង៤,៨លានតោនក្នុងឆ្នាំ២០១៩៕

អតីតព្រលានយន្តហោះខេត្តកំពតនឹងត្រូវយកទៅអភិវឌ្ឍន៍ជាស្ថានីយផ្គត់ផ្គង់ទឹកស្អាត

ដោយៈ រ៉ាណេត

កំពតៈ ទីតាំងអតីតព្រលានយន្តហោះខេត្តកំពត នឹងត្រូវបានយកមកអភិវឌ្ឍន៍ និងវិនិយោគជាស្ថានីយផ្គត់ផ្គង់ទឹកស្អាតជំនួសវិញ ដើម្បីស្របទៅតាមតម្រូវការប្រើប្រាស់ទឹកស្អាតជាក់ស្ដែងដែលកំពុងមានកំណើនជាប្រចាំ។

ក្រោយបញ្ចប់កិច្ចប្រជុំកាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពត បានសម្រេចជ្រើសយកទីតាំងអតីតព្រលានយន្តហោះ ដែលមានទំហំត្រឹមប្រមាណ៧ហិកតា ប្រគល់ឱ្យក្រ​សួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើការវិនិយោគ អភិវឌ្ឍន៍ជាស្ថានីយផ្គត់ផ្គង់ទឹកស្អាត សម្រាប់បំពេញតម្រូវការជាក់ស្ដែង ដែលកំពុងមាននៅពេលបច្ចុប្បន្ន។

អភិបាលរងខេត្តកំពត លោក ភូ លិ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ដីដែលជាទីតាំងចាស់ ព្រលានយន្តហោះខេត្តកំពតមួយនេះ ស្ថិតនៅភូមិអូរតូច សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត បានសម្រេចកាត់់ទំហំ៥ហិកតា ក្នុងចំណោមដីដែលនៅសល់សរុបប្រមាណ៧ហិកតា ប្រគល់ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេសវិទ្យា និងនវានុវត្ត៍ ដើម្បីអភិវឌ្ឍន៍គម្រោងផ្គត់ផ្គង់ទឹកស្អាត។

លោកបន្តទៀតថា “គម្រោងនេះពិតជាមានមែន ហើយដីទំហំ៥ហិកតា បានកាត់ទៅក្រសួង សម្រាប់គម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាតរួចហើយ ប៉ុន្តែនៅមិនទាន់មានការវិនិយោគលើគម្រោងនេះជាក់លាក់នោះទេ”។ លោកបន្តថា “កាលពីពេលកន្លងមកនេះ ធ្លាប់មានក្រុមហ៊ុនមកពីប្រទេសចិន បង្ហាញការចាប់អារម្មណ៍ចំពោះគម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត នៅលើគម្រោងនេះ ប៉ុន្តែដោយសារវិបត្តិកូវីដ ធ្វើឱ្យគម្រោងស្នើដោយក្រុមហ៊ុនចិន ផ្អាកបណ្តោះអាសន្នទៅវិញ”។

បច្ចុប្បន្ន តម្រូវការនៃការប្រើប្រាស់ទឹកស្អាត នៅទូទាំងខេត្តកំពតមានការកើនឡើងយ៉ាងខ្លាំង ដោយសារតែកំណើននៃចំនួនប្រជាជនមានការកើនឡើង ចំនួនភ្ញៀវទេសចរក៏កើនឡើង ដែលជំរុញឱ្យតម្រូវការប្រើប្រាស់ទាំងស្អាតកើនឡើងយ៉ាងគំហុក ហើយនៅថ្ងៃខាងមុខតម្រូវការនេះក៏នៅតែបន្តកើនឡើង ខណៈដែលខេត្តកំពតត្រូវបានរាជរដ្ឋាភិបាលសម្រេចកំណត់ជាគោលដៅ ទេសចរណ៍លំដាប់អន្តរជាតិ និងឈាមមុខគេនៅក្នុងតំបន់អាស៊ី៕

មន្ត្រីជាន់ខ្ពស់ចិនៈកម្ពុជា នៅតែជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ចិន

ដោយៈ រ៉ាណេត

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលចិនបានអះអាងថា កម្ពុជានៅតែជាដៃគូនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ចិន ដែលការអះអាងនេះធ្វើឡើងស្របពេលប្រទេសទាំងពីរកម្ពុជា ចិនអបអរខួបនៃការចុះកិច្ចព្រមព្រៀងកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដោយមេដឹកនាំនៃប្រទេសទាំងពីរ។


តាមរយៈគណនីទំនាក់ទំនងសង្គម ផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា ស្ថិតក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស និងកិច្ចសម្របសម្រួលរៀបចំពីគណៈកម្មាធិការចិន ប្រទេសទាំងពីរបានអនុវត្តផែនការសកម្មភាព នៃការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ប្រកបដោយភាពគ្រប់ជ្រុងជ្រោ ហើយបានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈានទៅរកដំណាក់កាលថ្មីមួយទៀត។

លោកទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិន លោកWang Yi បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងថ្នាក់ដឹកនាំទាំងពីរ បានធ្វើឲ្យប្រទេសកាន់តែស្អិតរមួត កិច្ចសហប្រតិបត្តិការលើគ្រប់វិស័ យទទួលបានការជំរុញយ៉ាងគ្រប់ជ្រុងជ្រោយ គម្រោងសំខាន់ៗនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាច្រើនត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់

លោកបន្តថា ថ្នាក់ដឹងនាំកំពូលនៃប្រទេសទាំង២ បានរៀបចំសកម្មភាពនៃឆ្នាំកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់បានយ៉ាងជោគជ័យ និងសកម្មភាពជាច្រើនផ្សេងទៀត ដែលទាំងនេះមានប្រសិទ្ធភាព ក្នុងការបង្ក្រាបល្បែងស៊ីសងលើប្រព័ន្ធអ៊ីនធើណេត និងបទល្មើសឆ្លងដែនផ្សេងទៀត។ ភាគីចិនរីករាយបន្តរួមដៃគ្នាជាមួយភាគីកម្ពុជា ក្នុងកិច្ចទប់ស្កាត់នឹងជំងឺCovid-19 និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឲ្យបានឆាប់រហ័ស ដើម្បីទទួលបានសមិទ្ធផលជោគជ័យ ក៏ដូចជាចូលរួមអភិវឌ្ឍក្នុងសង្គមសេដ្ឋកិច្ចផងដែរ ពិសេសជំរុញទំនាក់ទំនងនៃទ្វេភាគីរឹតតែស៊ីជម្រៅ រឹតតែទូលំទូលាយ និងរឹតតែមានកម្រិតខ្ពស់ថែមមួយកម្រិតទៀត។


លោកវ៉ាង យីបានបន្តថា រដ្ឋាភិបាលចិនរីករាយ បន្តពង្រឹងការសម្របសម្រួលទំនាក់ទំនង ដែលក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា កិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ និងតំបន់ផ្សេងទៀតជាមួយភាគីកម្ពុជា។ គាំទ្ររៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បូកចិន ជប៉ុន និងកូរ៉េខាងត្បូងស្តីពី ការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសតាម   រយៈVideo Conference និងការរៀបចំឆ្នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឌីជីថលចិនអាស៊ានផងដែរ។ លើសពីនេះចិន នឹងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់(Regional Comprehensive Economic Partnership)ក្នុងឆ្នាំនេះ។

ចិនរីករាយបន្តសហការជាមួយភាគីកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ាន អនុវត្តសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង(Declaration of the Conduct of the South China Sea)ឲ្យមានប្រសិទ្ធភាពយ៉ាងជ្រុងជ្រោយ ដើម្បីសម្រេចឲ្យបានជោគជ័យ នៃការចចារលើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(Code of Conduct in the South China Sea-COC)ឱ្យបានឆាប់រហ័ស។

កម្ពុជាចិន បានប្រកាសកសាងច្រករហ័ស(Fast Lane for Personnel Exchanges)សម្រាប់ទំនាក់ទំនងទៅវិញទៅមកនៃក្រុមការងារ និងច្រកបៃតង(Green Channel for Commodities) សម្រាប់ទំនិញ និងព្រមទាំងបានយល់ស្របសម្រេចកិច្ចចចារព្រមព្រៀងពាណិជ្ជកម្មសេរី នៃទ្វេភាគីឲ្យបានឆាប់រហ័ស បង្កើតស្ថាប័នកុងស៊ុល និងការចាប់ផ្តើមនាំចេញផ្លែស្វាយពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនជាផ្លូវការ៕

សហរដ្ឋអាមេរិករៀបចំប្រធានបទចំនួន១២ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានរៀបចំប្រធានបទពាក់ព័ន្ធ ទៅនឹងកិច្ចទំនាក់ទំនងរវាងប្រទេសទាំង២ ចំនួន១២ប្រធានបទ និងអនុវត្តន៍ទៅតាមខែនីមួយៗក្នុងឆ្នាំ២០២០។


ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy នៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងមក បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសការដាក់ចេញវិធានការណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19

លោកបន្តថា ជាការអបអរសាទរខួប៧០ឆ្នាំ នៃកិច្ចទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំប្រធានបទពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសទាំង២ ទៅតាមខែនីមួយៗក្នុងឆ្នាំ២០២០ ដែលក្នុងនោះរួមមាន /- ខែមករា៖ កសិកម្ម /- ខែកុម្ភៈ៖ យុវជន ការអប់រំ និងបច្ចេកវិទ្យា /- ខែមីនា៖ ស្ត្រី និងសមភាពយេនឌ័រ /- ខែមេសា៖ បរិស្ថាន /- ខែឧសភា៖ សុខភាពសាធារណៈ /- ខែមិថុនា៖ ទំនាក់ទំនងរវាងប្រជាជន /- ខែកក្កដា៖ ការប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ /- ខែសីហា៖ ជំនួយមនុស្សធម៌ /- ខែកញ្ញា៖ ពាណិជ្ជកម្មនិងការវិនិយោគ ១០/- ខែតុលា៖ ការពង្រឹងច្បាប់ ១១/- ខែវិច្ឆិកា៖ កិច្ចសហប្រតិបត្តិការក្នុងតំបន់/អាស៊ាន និង១២/- ខែធ្នូ៖ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអាមេរិក ដែលបានគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ហើយដោយឡែកនៅធនាគារជាតិនៃកម្ពុជា ជំនួយបច្ចេកទេសពីរដ្ឋាភិបាលអាមេរិក បានរួមចំណែកក្នុងការពង្រឹងការត្រួតពិនិត្យ ការវិភាគសេដ្ឋកិច្ច និងការអភិវឌ្ឍប្រព័ន្ធរាយការណ៍តាមអេឡិចត្រូនិករបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (FIU)


លោកបញ្ជាក់ថា ផលប៉ះពាល់ដោយសារឥទ្ធិពល នៃការរីករាលដាលជំងឺCovid-19 បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជាថមថយ ជាពិសេសក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង

ទោះយ៉ាងណា វិស័យកសិកម្មនិងវិស័យធនាគារ ក៏នៅតែបន្តកើនឡើង។ ក្នុងវិស័យធនាគារ ធនាគារជាតិនៃកម្ពុជា ក៏បានចាត់វិធានការណ៍ជាបន្តបន្ទាប់ ដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ និងបានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលការលំបាករបស់អតិថិជន ដែលរងឥទ្ធិពលនៃវិបត្តិជំងឺកូវីដ១៩។

លោកទេសាភិបាល ក៏បានជម្រាបជូនអំពី ការពង្រឹងមូលដ្ឋានគតិយុត្តិ កាតព្វកិច្ចរបស់បុគ្គលរាយការណ៍ និងចំណេះដឹងរបស់វិស័យសាធារណៈនិងឯកជន លើការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម(AML-CFT) ហើយនាពេលថ្មីៗនេះ ព្រឹទ្ធសភានៃកម្ពុជា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលគ្រោងនឹងដាក់ឱ្យអនុវត្តនាពេលឆាប់ៗនេះ៕