ដោយវុត្ថា
បន្ទាយមានជ័យ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)សម្រេចផ្តល់ទឹកប្រាក់ដំបូងប្រមាណ ៨០លានដុល្លារអាមេរិក នៃទំហំទឹកប្រាក់សរុបប្រមាណ ១១៨លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ក្នុង “គម្រោងទីក្រុងគួរឱ្យចង់រស់នៅ” ដែលនឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២១។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅក្នុងកិច្ចប្រជុំមន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត ជាមួយនឹងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ទំហំថវិកានេះ ផ្តោតលើគម្រោងសំខាន់ៗដូចជា៖ ១-ការគ្រប់គ្រងសំណល់រឹងរាវ ២-ប្រព័ន្ធលូរំដោះទឹកភ្លៀង ៣-ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងក្រុង ៤-ប្រព័ន្ធទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់។
លោកបន្តថា តារមយៈផែនការនេះ ក្រុងប៉ោយប៉ែតនឹងប្រែក្លាយជាទីក្រុងដែលចង់រស់នៅនៅឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ ក្រុងដែលជាប់ព្រំដែនកម្ពុជា-ថៃ មួយនេះ បាននឹងកំពុងស្តារ និងអភិវឌ្ឍន៍នូវប្រព័ន្ធហេដ្ឋារចនសម្ព័ន្ធ និងមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនកំពុងលេចឡើងនៅក្នុងទីក្រុងមួយនេះ។
ធនាការអភិវឌ្ឍន៍អាស៊ី កាលពីកន្លងមកនេះ បានកំណត់គម្រោងអភិវឌ្ឍន៍សរុបចំនួន២១ នៅប្រទេសកម្ពុជាំ ក្នុងរយៈពេល៣ឆ្នាំ ដែលរួមមានប្រាក់កម្ចីសម្បទានចំនួន១.២៥ពាន់លានដុល្លារ ក្នុងនោះជំនួយឥតសំណងចំនួន៧០,៤លានដុល្លារ និងសហហិរញ្ញប្បទានចំនួន១៩៣លានដុល្លារ។
អគ្គនាយកធនាគារអភិវឌ្ឍអាស៊ី ADB លោក Sunniya Durrani-Jamal បាននិយាយថា ផែនការថ្មីត្រូវគិតពិចារណាពីផលប៉ះពាល់ ដែលបង្កដោយជំងឺកូវីដ១៩ ហើយរួមបញ្ចូលទាំងគម្រោង និងកម្មវិធីថ្មីៗ ដើម្បីគាំទ្រដល់ការងើបឡើងវិញ របស់ប្រទេសកម្ពុជា៕








