ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ និងសាងសង់ទីក្រុងពាណិជ្ជកម្មភ្នំតូច ស្ថិតនៅតំបន់ផ្លូវ៥១ លើផ្ទៃដីទំហំ ១០០ហិកតា ដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកបានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការ ស្ថិតនៅឃុំភ្នំតូច ស្រុកឧដ្ដុង ខេត្តកំពង់ស្ពឺ។
អគ្គនាយកក្រុមហ៊ុន KH Land លោក ថុន បូរ៉ា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ថា ទីក្រុងពាណិជ្ជកម្មភ្នំតូច មានទីតាំងស្ថិតនៅឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលស្ថិតក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុង និងកំពុងមានការអភិវឌ្ឍជាច្រើនរបស់រដ្ឋនិងឯកជន ព្រមជាមួយនិងកត្តាភូមិសាស្ត្រនិងប្រជាសាស្ត្រ។
លោកបន្តថា “មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ ក៏នៅជិតផ្លូវជាតិលេខ៥១ ដែលជាផ្លូវក្រវាត់ក្រុង និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ តភ្ជាប់គ្នារវាងផ្លូវជាតិលេខ៣ លេខ៤ និងលេខ៥ ដែលអាចដឹកជញ្ជូនទំនិញទៅមក ពីខេត្តកំពត ខេត្តព្រះស៊ីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និង ច្រកព្រំដែនកម្ពុជាថៃ”។
លោក ថុន បូរ៉ា បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំសូមជម្រាបថា ចក្ខុវិស័យដ៏វែងឆ្ងាយ និងច្បាស់លាស់នៃគំរោងក្រុងពាណិជ្ជកម្មភ្នំតូច គឺដើម្បីបំពេញតំរូវការអាជីវកម្មដែលផ្គត់ផ្គង់ដល់វិសាលភាពនៃតំបន់ឧស្សាហកម្ម សួនឧស្សាហកម្មកាណាឌីយ៉ា ៥០០ហិកតា ដែលត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងទីផ្សារឧស្សាហកម្មពិភពលោក”។
លោកបញ្ជាក់ថា “បន្ទាប់ពីការបើកជាផ្លូវការឱ្យតំណើរការសួនឧស្សាហកម្មកាណាឌីយ៉ា និងតំបន់ឧស្សាហកម្មពិសេសនៅជុំវិញគំរោង នឹងមានរោងចក្រប្រហែលចំនួន ១ ៥០០ និងមានកម្មករប្រមាណ ៣០ម៉ឺននាក់ ។ តាមការអភិវឌ្ឍដ៏ច្រើនឥតឈប់ឈររបស់រដ្ឋនិងឯកជន ព្រមទាំងកំណើនប្រជាជនដ៏លឿនរហ័សបែបនេះ បានធ្វើឱ្យមានតំរូវការចំបាច់ជាច្រើនដូចជា ការស្នាក់នៅ សំលៀកបំពាក់ ចំណីអាហារ អេឡិចត្រូនិក បច្ចេកវិទ្យា ការកំសាន្ត សាលារៀន និងមន្ទីរពេទ្យជាដើម។ ដោយឡែក ឧស្សាហកម្មធន់តូច មធ្យម និងធំ ក៏មានតម្រូវការជាច្រើនផងដែរ ដូចជា ការផ្សព្វផ្សាយជាមួយដៃគូពាណិជ្ជកម្ម (Branding) ការផ្សព្វផ្សាយទៅកាន់អតិថិជន ការជួបជុំលើកទឹកចិត្តបុគ្គលិក ការផ្ដល់បរិយាកាសការស្នាក់នៅនិងរីករាយរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ការអភិវឌ្ឍរីកចំរើនឆាប់រហ័សនេះ នឹងធ្វើឱ្យគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ក្លាយទៅជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងបង្កើតឱកាសជាច្រើនសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិព្រមទាំងប្រជាពលរដ្ឋផងដែរ”។
ជាមួយនឹងការអភិវឌ្ឍគម្រោងទីក្រុងពាណិជ្ជកម្មនេះ នឹងជំរុញឱ្យមានការប្រកបរបរអាជីវកម្មផ្សេងៗរបស់ប្រជាជនរស់នៅក្នុងតំបន់ និងជុំវិញ ដូចជា ការតាំងលក់ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន និងអាជីវកម្មផ្សេងៗ គ្រឿងសំណង់ និងឧបករណ៍ សម្ភារៈផ្សេងៗ នឹងមានតំរូវការកាន់តែខ្ពស់ កំណើនប្រាក់ចំណូលប្រជាជន នឹងបង្កើនតំរូវការនានា ជាមួយនឹងការអភិវឌ្ឍ ផ្សារ ផ្ទះអាជីវកម្ម វីឡាទោល វីឡាកូនកាត់ ទីធ្លាធំទូលាយសម្រាប់រៀបចំកម្មវិធីនិងការតាំងពិព័រណ៍ទំនិញ និងដីឡូតិ៍។
គម្រោងក្រុងថ្មីដីមាសសំរោងលើ ក្នុងចំណោមអាជីវកម្មទាំង៨ គឺមានអាជីវកម្មហាងកាហ្វេអារ៉ាប៊ីធា និង ផាប់ភូមិយើង បានសាងសង់រួចរាល់ជាស្ថាពរនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ខណៈដែលអាជីវកម្មចំនួន៦ផ្សេងទៀត កំពុងចរចារ និងកំពុងដំណើរការ។ ចំណែកឯនៅទីក្រុងពាណិជ្ជកម្មភ្នំតូចនេះវិញ ក្នុងចំណោមអាជីវកម្មទាំង១០ គឺមាន ហាងកាហ្វេអារ៉ាប៊ីធា និង ផាប់ភូមិយើងបានកំពុងចាប់ផ្ដើមបើកលក់សាកល្បង ហើយអាជីវកម្មចំនួន៨ទៀត ក៏កំពុងចរចារ និងកំពុងដំណើរការផងដែរ៕