បណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង ពង្រឹងសមត្ថភាពលើការអនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ

0

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ បណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង បានបង្ហាញពីការចាប់ផ្តើមពង្រឹងសមត្ថភាពសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខណ្ឌរេដបូកនៅក្នុងបណ្តាប្រទេសនានាដែលស្ថិតនៅអនុតំបន់រួមគ្នា។

អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក ជួប ប៉ារីស៍ បានឱ្យដឹងនៅក្នុងការឱ្យដំណើរការនៃការអនុវត្តគម្រោងនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះថា ការអនុវត្តន៍ផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងយុទ្ធសាស្រ្តរេដបូកជាតិ រួមគ្នាបង្កើនប្រសិទ្ធភាពកាត់បន្ថយការបាត់បង់ព្រៃឈើ និងការសឹករេចរឹលព្រៃឈើនៅក្នុងប្រទេសកម្ពុជា។

លោកបានបន្ថែមថា “វេទិកានាថ្ងៃនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមអនុវត្តគម្រោង និងធ្វើការបង្ហាញពីផែនការសកម្មភាពរបស់គម្រោងនិងរចនាសម្ព័ន្ធសម្រាប់អនុវត្ត ព្រមទាំងប្រមូលធាតុចូលតាមរយៈកិច្ចពិភាក្សា យោបល់ និងការរំពឹងទុកពីភាគីពាក់ព័ន្ធនានាដើម្បីធានាការអនុវត្តគម្រោងបានត្រឹមត្រូវ និងទទួលបានលទ្ធផលពេញលេញ តាមទិសដៅនិងគោលបំណងដែលបានគ្រោងទុក”។

រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន លោក សៅ សុភាព បានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការឡានឆាង គឺជាគម្រោងមានគោលបំណងបង្កើនចំណងមិត្តភាពរវាងបនណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង ចំនួន៦ ប្រទេសមាន ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ដោយបានចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាងសហគមន៍មួយ ដែលមានសន្តិភាព និងវិបុលភាពរួមគ្នា។

លោកបន្តថា “គម្រោងពង្រឹងសមត្ថភាពសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខណ្ឌរេដបូកក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើម និងសម្របសម្រួលតាមរយៈក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាគម្រោងថ្នាក់អនុតំបន់មេគង្គឡានឆាង មានរយៈពេល២ឆ្នាំ ដោយមានគោលដៅពង្រឹងសម្ត្ថត្ថភាពរបស់ស្ថាប័នជាតិនិងថ្នាក់ក្រោមជាតិ (ជាពិសេសមន្រ្តីនៃខេត្តកំពង់ឆ្នាំង ពៅធិសាត់ បាត់ដំបង និងប៉ៃលិន)” ។

សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការបាត់បង់ និងរេចរឹលព្រៃឈើ អភិរក្សជីវៈចម្រុះ ផ្អែកលើឯកសារសំខាន់ៗពីរ ផែនការយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ២០១៨-២០២២ និងយុទ្ធសាស្រ្តរេដបូកជាតិ២០១៧-២០២៦។

ក្រសួងបរិស្ថាន ចាប់តាំងពីឆ្នាំ២០១៧ បានទទួលគម្រោងចំនួន៣ រួមមានៈ
១- គម្រោងកសាងភាពធន់នៃតំបន់ដីសើមដីសណ្តរមេគង្គក្រោមតាមរយៈការពង្រឹងជីវភាពរស់ សុខមាលភាព និងជីវៈចម្រុះប្រកបដោយនិរន្តរភាពនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ។
២- គម្រោងប្រព័ន្ធតាមដានគុណភាពទឹកនិងសាងសង់មជ្ឈមណ្ឌលព័ត៌មាននៅទន្លេមេគង្គ
និង៣- គម្រោងពង្រឹងសមត្ថភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខណ្ឌរេដបូកក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង ដែលដំណើរការអនុវត្តចាប់ពីពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here