ដោយ ៖ ហ្សូលី
ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ១១ និង ១២ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមឱ្យដឹងពីមន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជា។
លោក វ៉ាង យី ត្រៀមខ្លួនមកបំពេញទស្សនកិច្ចនៅកម្ពុជាផ្លូវការ និងអញ្ជើញជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសរូបនេះនឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី ធ្លាប់បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ ២០១៦ កន្លងទៅ។
ទំនាក់ទំនងរវាងកម្ពុជាជាមួយចិន និងការជួយជ្រោមជ្រែងរបស់ប្រទេសមហាអំណាចមួយនេះ មកលើកម្ពុជា មានច្រើនវិស័យដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម អចលនទ្រព្យ និងវិស័យឧស្សាហកម្មដទៃទៀត។
ថ្លែងក្នុងកម្មវិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តីលើកឡើងពីការជួយ និងអរគុណដល់ភាគីចិនដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងចូលរួមជួយកម្ពុជាក្នុងការស្ថាបនាផ្លូវរាប់ពាន់គីឡូម៉ែត្រ៕