លោកស្រី Kamala Harris៖ លោក Trump បានចាញ់សង្គ្រាមពាណិជ្ជកម្មជាមួយចិន

ចែករំលែក

ដោយៈវុទ្ធី

ភ្នំពេញៈ បេក្ខជនអនុប្រធានាធិបត្យប្រជាធិបតេយ្យ Kamala Harris  បាននិយាយថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ (Donald Trump) បានចាញ់សង្គ្រាមពាណិជ្ជកម្មជាមួយចិន និងបានអះអាងថា វាបានធ្វើធ្វើឱ្យប្រជាជនអាមេរិក បាត់បង់ការងា​រ​ចំនួន៣០០.០០០នាក់។

សមាជិកព្រឹទ្ធសភាអាយុ៥៥ឆ្នាំ នៅរដ្ឋកាលីហ្វ័រញ៉ារូបនេះ ក្នុងអំឡុងពេលនៃការជជែកវែកញែក (debate) នៅយប់ថ្ងៃពុធ ជាមួយលោក Mike Pence អនុប្រធានាធិបតី នៅមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ បានរិះគន់គោលនយោបា​យសេដ្ឋកិច្ចTrump ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ជាពិសេសសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

លោកស្រីបានថ្លែងថា “វាជាផ្នែកមួយនៃអ្វីដែលគាត់គិតថា ជាសមិទ្ធិផលមួយជោគ​ជ័យ ប៉ុន្តែសង្គ្រាមពាណិជ្ជកម្ម របស់ប្រធានាធិបតីជាមួយប្រទេសចិន គឺលោកបានចាញ់”។

លោកស្រីបានអះអាងថា “អ្វីដែលបានកើតឡើង គឺដោយសារតែសង្គ្រាមពាណិជ្ជកម្មជាមួយចិន អាមេរិកបានបាត់បង់ការងារ៣០០.០០០កន្លែងក្នុងវិស័យផលិតកម្ម”។ លោកស្រីបន្ថែមថា លោកTrump បានចាប់ផ្តើមធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយប្រទេសចិនក្នុងឆ្នាំ២០១៨ ដោយទាមទារឱ្យទីក្រុងប៉េកាំង កាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ធំ ដែលមានចំនួនស្មើនឹង៣៧៥,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧។

ជាមួយគ្នានេះលោកស្រីបាននិយាយថា ទស្សនវិស័យ និងវិធីសាស្រ្តរដ្ឋបាលរបស់លោក Trump ចំពោះប្រទេសចិនបានបណ្តាលឱ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ជនជាតិអាមេរិក។

ឆ្លើយតបនឹងលោកស្រីHarris លោក Pence បាននិយាយថា បេក្ខជនប្រធានា​ធិបតីនៃគណបក្សប្រជាធិបតេយ្យ និងជាអតីតអនុប្រធានាធិបតីគឺលោកJoe Biden ឈរខាងប្រទេសកុម្មុយនិស្តចិនក្នុងរយៈពេលជាច្រើនទសវត្សចុងក្រោយនេះ។

លោកPence បានរំឡឹកថា “តើ Trump បានចាញ់សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនមែនទេ?”។លោកបន្ថែមថា “លោកJoe Biden មិនដែលប្រយុទ្ធជាមួយវាទេ។ លោក Biden ឈរខាងប្រទេសកុម្មុយនិស្តចិន ក្នុងរយៈពេលចុងក្រោយជាច្រើនទសវត្សរ៍មកហើយ”។

លោកបានបន្ថែមទៀតថា “លោក Joe Biden ចង់ត្រលប់ទៅការចុះចាញ់ផ្នែកសេដ្ឋកិច្ចទៅប្រទេសចិនវិញ ។ នៅពេលដែលយើងចូលកាន់តំណែង ឱនភាពពាណិជ្ជកម្មអន្តរជាតិរបស់យើង ជាមួយប្រទេសចិនមានរួចស្រេចទៅហើយ”៕


ចែករំលែក