ដោយ វុត្ថា
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកជាយោបល់មួយស្នើដល់រាជរដ្ឋាភិបាលកម្ពុជា គួរផ្តល់សញ្ជាតិដល់ជនបរទេសទាំងឡាយណា ដែលមានលុយច្រើន ឱ្យមកវិនិយោគនៅក្នុងប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងរក្សាសេដ្ឋកិច្ចជាតិឱ្យមានការរីកចំរើន។

-->
 
 
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនភ្នាក់ងារអន្តរជាតិ KW Cambodia បានប្រាប់គេហទំព័រ Propertyarea.asia កាលពីដើមសប្តាហ៍នេះថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលគួរតែបង្កភាពងាយស្រួល ដល់អ្នកមានលុយច្រើន នៅក្នុងស្រុកគេ មកវិនិយោគនៅកម្ពុជា ហើយផ្តល់សញ្ជាតិដល់ពួកគេ។
ហេតុអ្វីត្រូវផ្តល់សញ្ជាតិដល់អ្នកវិនិយោគបរទេស ដែលមានលុយហើយមកវិនិយោគនៅក្នុងកម្ពុជា? លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ពន្យល់ថា នៅតាមបណ្តាប្រទេសមួយចំនួន ដូចជា នៅសហរដ្ឋអាមេរិក និងអឺរ៉ុបមួយចំនួន នៅពេលដែលវិនិយោគិនបរទេសដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ម៉ីន ដល់១លានដុល្លារអាមេរិក គឺគេ ឱ្យសញ្ជាតិដោយស្វ័យប្រវត្តិ។
លោកបណ្ឌិតបន្តថា “យើងទិញផ្ទះ យើងទិញអចលនទ្រព្យ យើងបើកក្រុមហ៊ុនវិនិយោគនៅក្នុងស្រុកគេ ក្នុងទំហំទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារអាមេរិ ឬ ១លានដុល្លារអាមេរិក គឺគេឱ្យសញ្ជាតិហើយ” ។
លោកបណ្ឌិតបន្ថែមថា “ក្នុងន័យនេះ បើសិនជារាជរដ្ឋាភិបាលកែច្បាប់ ឬបង្ករភាពងាយស្រួលណាមួយ ដល់វិនិយោគិនបរទេសថា ឱ្យតែអ្នកឯកមកវិនិយោគនៅក្នុងស្រុកខ្មែរ ក្នុងគម្រោងណាមួយ ស្ថិតនៅក្នុងទំហំទឹកប្រាក់កម្រិតណា គឺត្រូវឱ្យសញ្ជាតិគេទៅ ដែលបច្ចុប្បន្ននេះ យើងផ្តល់សញ្ជាតិដល់ជនបរទេសដែរ តែត្រូវចំណាយលុយ” ។
លោកបណ្ឌិតគីម ហ៊ាង បានលើកជាឧទាហរណ៍ថា “ប្រសិនបើបុគ្គលហ្នឹង (អ្នកវិនិយោគបរទេស) ជនជាតិអ្វីក៏ដោយ គាត់មកស្រុកខ្មែរបើកក្រុមហ៊ុនមួយ ដោយបង្កើតរោងចក្រក្នុងតម្លៃវិនិយោគ ក្នុងទឹកប្រាក់ប្រមាណ១០លានដុល្លារអាមេរិក ហើយផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជាប្រមាណ១០០០នាក់ បានបង់ពន្ធអាជីវកម្មជាច្រើនជួនរដ្ឋ …អាហ្នឹងហើយ យើងគួរផ្តល់សញ្ជាតិជូនគាត់” ។
លោកបណ្ឌិតបន្ថែមទៀតថា មូលហេតុអ្វី? ព្រោះគាត់មកវិនិយោគដល់ប្រទេសយើង ហើយផ្តល់ឱកាសការងារជូនដល់ពលរដ្ឋយើង១០០០នាក់ ឬគាត់បានមកដល់ស្រុកខ្មែរ គាត់មានក្រុងហ៊ុន ហើយបានទិញដីស្រុកខ្មែរ ហើយសាងសង់គម្រោងខុនដូ ឬជាបុរី ក្នុងទំហំទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិក បានបង់ពន្ធជាច្រើនជូនរដ្ឋ ហើយផ្តល់ឱកាសការងារ ជូនដល់ពលរដ្ឋចំនួនជាង១០០នាក់…អាហ្នឹង គឺយើងគួរឱ្យសញ្ជាតិគាត់ដោយមិនបាច់ចំណាយលុយទៅសុំសញ្ជាតិនោះទេ” ។

លោកបណ្ឌិតបន្ថែមថា កត្តាទាំងនេះ ហើយដែលជំរុញឱ្យអ្នកមាន ដែលជាជនបរទេសមកវិនិយោគ នៅក្នុងស្រុកខ្មែរកាន់តែច្រើន។ ប្រទេសណាក៏ដោយ ឱ្យតែមានអ្នកមានរស់នៅ និងរកសុីច្រើន ប្រទេសនោះនឹងរីកចំរើន។ ប្រទេសអ្នកមានគេចូលចិត្តអ្នកមាន សម្រាប់ប្រទេសកម្ពុជាយើងអ្នកក្រ គួរតែរៀនសូត្រពីប្រទេសអ្នកមានផងដែរ។
លោកបន្តថា “បើយើងចង់ឱ្យប្រទេសយើងរីកចំរើន គួរតែឱ្យអ្នកមានមកវិនិយោគនៅក្នុងស្រុកយើង ហើយនឹងជំរុញឱ្យអ្នកមាននៅក្នុងស្រុកយើង កាន់តែកើនឡើងបន្ថែមទៀត” ៕