ដោយ វុត្ថា
ភ្នំពេញៈ កំណើនយុវជនវ័យក្មេងរបស់កម្ពុជា ក្នុងរយៈពេលកន្លងមកនេះ និងទៅមុខទៀត នឹងជួយជំរុញឱ្យមានតម្រូវការ លើវិស័យអចលនទ្រព្យកាន់តច្រើនថែមទៀត ជាពិសេសលើវិស័យលំនៅឋាន ខណៈវិស័យនេះបានទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាអភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia ថា ប្រទេសមួយដែលមានយុជនវ័យក្មេងច្រើន ចាប់ពីអាយុ២០ឆ្នាំ ដល់៤០ឆ្នាំច្រើន មិនថាជួយជំរុញឱ្យវិស័យសេដ្ឋកិច្ចរីកចំរើននោះទេ តែតម្រូវការលើវិស័យអចលនទ្រព្យក៏ច្រើនផងដែរ ជាពិសេសលំនៅឋាន និងខុនដូចជាដើម។
លោកថ្លែងថា “យុវជនមានទាំងកម្លាំងទិញ និងកម្លាំងធ្វើ ដែលជាចលករជំរុញឱ្យមានកំណើនសេដ្ឋកិច្ច និងតម្រូវការកាន់តែច្រើន ព្រោះថាយុវជនគិតពីក្រុមគ្រួសារ គាត់ចង់បានផ្ទះ គាត់ចង់បង្កើតគ្រួសារ ហើយទាំងគេទាំង ទាំងយើងគឺចង់បានផ្ទះមួយសម្រាប់រស់នៅ ហើយជំរុញឱ្យមានតម្រូវលំនៅឋាន និងខុនដូជាដើម និងធ្វើវិស័យអចលនទ្រព្យរបស់យើងកាន់តែរីកចរើន” ។
លោកឃាង ពុទ្ឋីបានបន្ថែមថា ទន្ទឹមគ្នានេះដែរ យុវជនកម្ពុជាក៏ត្រូវតែខិតខំខ្លួនឯងផងដែរ តាមរយៈបង្កើនការសិក្សា និងខិតខំប្រឹងប្រែងធ្វើការដើម្បីបានចំណូល យកមកទិញលំនៅឋា បើយុវជនយើងគ្មានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ ក៏មិនអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងទិញលំនៅឋានបានផងដែរ” ។
អ្នកស្រីអាន សុធីតា នាយិការក្រុមហ៊ុនអន្តរជាតិ CBRE Cambodia បានឱ្យដឹងដែរថា ក្រៅពីស្ថេរភាព និងសន្តិភាពក្នុងប្រទេស អ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ ដែលមកវិនយោគលើវិស័យអចលនទ្រព្យ ទាំងខុនដូ លំនៅឋាន និងផ្សារទំនើប នៅក្នុងប្រទេសកម្ពុជាព្រោះ គេមើលឃើញពីសក្តានុពល និងកំណើនយុវជនកម្ពុជា កាន់តែច្រើនឡើង។
លោកស្រីថ្លែងថា “គម្រោងអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ជាច្រើនផ្តោតសំខាន់លើយុវជនវ័យក្មេងរបស់កម្ពុជា ដែលមានតម្រូវការខ្ពស់ ជាពិសេសអ្នកដែលទើបរៀបការហើយថ្មីថ្មោង ដែលពួកគេចាប់បាច់គេកន្លែងរស់នៅមួយសមរម្យ និងស៊ីវិល័យ ទាំងនេះ ហើយអាចនឹងជួយ ជំរុញឱ្យវិស័យអចលនទ្រព្យកម្ពុជា នៅតែមានការរីកចម្រើន និងតម្រូវការ” ។
លោកស្រីបន្ថែថា យុវជនភាគច្រើនត្រូវការភាពស៊ីវិល័យ និងទាន់សម័យ អ៊ីចឹង ពួកគេក៏រស់នៅបែបទំនើប ដូចជាខុនដូ និងប្រើប្រាស់របស់ទាន់សម័យផងដែរ ដែលកាលពីមុន អ្នកវិនិយោគមិនហ៊ានវិនិយោគលើផ្សារទំនើប និងនាំចូលនូវសម្លៀកបំពាក់ឬ មាក់ល្បីចូលកម្ពុជាទេ តែមួយរយៈនេះ គេមើលឃើពីសក្តានុពលយុជនកម្ពុជាមានកំនើន និងមានតម្រូវការកាន់ខ្ពស់ ទើបគេចាប់ផ្តើមវិនិយោគ ហើយទទួលបានជោគជ័យ។
យោងតាមរយៈរបាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនាពេលកន្លងមកនេះថា យុជនកម្ពុជាបានកើនឡើងខ្លាំង ចាប់តាំងពីកម្ពុជាទទួលបាននូវសន្តិភាព និងការអភិវឌ្ឍន៍ដែលមានចំនួន ជាង៦០ភាគរយនៃប្រជាជនសរុបនៅទូទាំងប្រទេស៕