លោក​ឧកញ៉ា​នួន អក​ជឿជាក់ថា នៅ​ពាក់កណ្តាល​ឆ្នាំ២០២១ ទីផ្សារ​អចលនទ្រព្យ​កម្ពុជា នឹងមាន​កំណើន​ឡើងវិញ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅពេល​និយាយ​ពី​កត្តាសេដ្ឋកិច្ច គេ​តែង​ទម្លាក់​បញ្ហា​ទៅលើ​វិបត្តិ​នៃ​ជំងឺ Covid-19 ប៉ុន្តែ​នៅត្រឹម​អំឡុង​ពាក់កណ្តាល​ឆ្នាំ២០២១ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ទីផ្សារ​អចលនទ្រព្យ នឹងមាន​កំណើន​ឡើងវិញ​ជាមិនខាន។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក ឧកញ៉ា នួន អក ដែលជា​អ្នកជំនួញ​ក្នុង​វិស័យនេះ។

លោក​ឧកញ៉ា នួន អក ប្រធាន​គម្រោង​អភិវឌ្ឍន៍​មណ្ឌល​កម្សាន្ត កំពត​ឋានសួគ៌ បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ថា “សម្រាប់​ប្រទេស​កម្ពុជា បើទោះជា​សេដ្ឋកិច្ច បានទទួល​រង​នូវ​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ Covid-19 ប៉ុន្តែ​សម្រាប់​ស្ថានភាព​នៃ​ទីផ្សារ​អចលនទ្រព្យ​ហាក់​មិន​រង​ភាពអវិជ្ជមាន​ធ្ងន់ធ្ងរ​ពេក​នោះទេ” ។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “ភាពអវិជ្ជមាន​ទាំង​វិស័យសេដ្ឋកិច្ច ក៏ដូចជា​ទីផ្សារ​អចលនទ្រព្យ ក៏​ព្រោះតែ​បណ្តាលមកពី​ភាពភ័យខ្លាច​របស់​ប្រជាពលរដ្ឋ ជាពិសេស​បណ្តា​អ្នកជំនួញផ្សេង” ។ លោក​បន្តថា “ភាពភ័យខ្លាច​របស់​ពួកគាត់ បានធ្វើឱ្យ​ចរន្ត​នៃ​លំហូរ​សាច់ប្រាក់​ដែល​ត្រូវ​ចាក់​បញ្ចូល ទៅក្នុង​សេដ្ឋកិច្ច​មានការ​កាត់បន្ថយ មានន័យថា ពួកគាត់​មិនសូវ​ចាយលុយ ហើយ​ក្រោយពេល​ពួកគាត់​មិន​ចាយលុយ វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច” ។

លោក​ឧកញ៉ា​បន្តថា ទីផ្សារ​អចលនទ្រព្យ ចាប់តាំងពី​ដើមឆ្នាំ២០២០រហូតមកដល់​អំឡុង​ខែកក្កដា គឺ​ស្ថិតក្នុង​សភាព​ទ្រឹង ដោយសារតែ​ការភ័យខ្លាច​នេះឯង ទើបតែ​កាលពីពេលថ្មីៗនេះ​តែប៉ុណ្ណោះ បន្ទាប់ពី​ស្ថានភាព​នៃ​ការ​ប្រឈម នៃ​ជំងឺ​នៅ​ទូទាំងប្រទេស​ត្រូវបាន​ធូ​ស្បើយ ទើប​មនុស្ស​ជាច្រើន​ចាប់ផ្តើម​មាន​សកម្មភាព​ចេញ​ក្រៅ ហើយ​ទីផ្សារ​អចលនទ្រព្យ​ក៏​ចាប់ផ្តើម​មាន​សកម្មភាព​ជាបណ្តើរៗឡើងវិញ” ។

ជាមួយនឹង​ស្ថានភាព​កាន់តែ​ល្អប្រសើរ​នៅក្នុង​ប្រទេស​កម្ពុជា ស្រប​ពេលដែល​បណ្តា​ប្រទេស​មហាអំណាចធំៗ នៅលើ​សាកលលោក​មួយចំនួន​បាន​អះអាង ពី​ការរកឃើញ​ថ្នាំ​បង្ការ លោក​ឧកញ៉ា​នួន អក បានធ្វើការ​ព្យាករណ៍​ថា នៅក្នុង​អំឡុង​ពាក់កណ្តាល​ឆ្នាំ២០២១ ស្ថានភាព​សេដ្ឋកិច្ច​ក្នុងស្រុក ក៏ដូចជា​ទីផ្សារ​អចលនទ្រព្យ​នឹង​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​នេះ។

លោក​ឧកញ៉ា នួន អក បាន​បញ្ជាក់ថា “ខ្ញុំ​គិតថា​យ៉ាងយូរ​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ២០២១ វិបត្តិ​នៃ​ជំងឺ​នេះ អាច​នឹង​ត្រូវបាន​ដោះស្រាយ​ជាបណ្តើរៗ ព្រោះ​វ៉ាក់សាំង​បង្ការ​ជំងឺ​ត្រូវបាន​បណ្តា​ប្រទេសធំៗមួយចំនួន បញ្ជាក់​ពី​លទ្ធផល​នៃ​ការរកឃើញ” ។ លោក​បន្តថា “កម្ពុជា​បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​ដទៃទៀត​ដូចជា ប្រទេស​ម៉ាឡេស៊ី ជាដើម គឺ​យើង​មាន​ស្ថានភាព​ល្អប្រសើរ​ជាងគេ ក្រោម​ភាពប៉ិនប្រសព្វ​ក្នុងការ​ដឹកនាំ​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន។ ដូច្នេះ បន្ទាប់ពី​ពិភពលោក​មាន​ភាព​ធូរស្រាល​ឡើងវិញ កម្ពុជា​នឹង​កាន់តែ​ល្អប្រសើរ​ជាង​នេះ ហើយ​ទីផ្សារ​អចលនទ្រព្យ​ក៏​កាន់តែ​ល្អ​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here