ដោយ វុត្ថា
ភ្នំពេញៈ កម្ពុជាបានឱ្យអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនមួយ សិក្សាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅបាវិត ដើម្បីតភ្ជាប់ជាមួយនឹងផ្លូវដែក របស់ប្រទេសវៀតណាម។
លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រPropertyarea.asia តាមទូរស័ព្ទនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ថា កន្លងមកនេះ តាមប្រសាសន៍របស់ថ្នាក់ដឹកនាំ (ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល) បានឱ្យក្រុមហ៊ុនមួយសិក្សា ពីការកសាងរថភ្លើងល្បឿនពីភ្នំពេញ ទៅកាន់ក្រុងបាវិត ដើម្បីតភ្ជាប់ជាមួយនឹងប្រទេសវៀតណាម។
លោកបន្តថា “ចំពោះក្រុមហ៊ុនដែលសិក្សាលើគម្រោងនេះ ខ្ញុំមិនច្បាស់ថា មានឈ្មោះអ្វីនោះទេ ខ្ញុំគ្រាន់តែលឺ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងតែប៉ុណ្ណោះ ហើយការសិក្សាចប់ ឬនៅក៏មិនទាន់បានទទួលរបាយការណ៍ដែរហូតមកដល់ពេលនេះ”។ លោកបន្ថែមទៀថា“ចំណែកគម្រោងដែលឱ្យមានការសិក្សា សាងសង់ផលូវរថភ្លើងល្បឿនលឿនទៅខេត្តសៀមរាប ឬខេត្តផ្សេងទៀត ក៏ខ្ញុំមិនទាន់ទទួលបានព័ត៌មានលម្ពិតផងដែរ”។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីកន្លងមកនេះ ធ្លាប់បានមានប្រសាសន៍ដែរថា ក្រសួងឯកភាពឱ្យក្រុមហ៊ុនឯកជនរបស់ចិនមួយចំនួន សិក្សាសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅបាវិត (ព្រំដែនកម្ពុជា–វៀតណាម)។
លោកទេសរដ្ឋមន្ត្រីបន្តថា “រដ្ឋាភិបាលកម្ពុជាគាំទ្រពេញទំហឹងលើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ហើយក៏ស្វាគមន៍គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងវិនិយោគ លើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដើម្បីធ្វើឲ្យការដឹកជញ្ជូននៅកម្ពុជាកាន់តែសម្បូរបែប និងល្អប្រសើរ”។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ផ្លូវរថភ្លើងល្បឿនលឿនេះ អាចរត់ក្នុងល្បឿនចន្លោះពីជាង ២០០គីឡូម៉ែត្រ ទៅជាង៣០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រសិនបើកម្ពុជា អាចមានផ្លូវរថភ្លើងល្បឿនលឿននេះមែន ការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ទៅក្រុងប៉ោយប៉ែត ឬ ពីភ្នំពេញ ទៅកាន់ក្រុងបាវិត នឹងចំណាយពេលតិចតួចបំផុត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ធ្លាប់បានស្នើភាគីវៀតណាម ពិចារណាលើការអភិវឌ្ឍផ្លូវដែករវាងក្រុងបាវិត នៃខេត្តស្វាយរៀង និងទីក្រុងហូជីមិញផងដែរ ដើម្បីទាក់ទាញវិស័យឯកជន ឲ្យវិនិយោគលើការអភិវឌ្ឍផ្លូវដែកពីភ្នំពេញ ទៅក្រុងបាវិត និងទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕