ដោយ:គង់ សូរិយា
ភ្នំពេញ: ថ្នាក់ដឹកនាំនៃស្ថាប័នឯកជនធំៗចំនួនពីរនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា នៅថ្ងៃខាងមុខកម្ពុជា នឹងអាចទាក់ទាញវិនិយោគិន ពីបណ្តាប្រទេសផ្សេងៗថែមទៀតឱ្យចូលមកបណ្តាក់ទុន ខណៈដែលកម្ពុជាបានបញ្ចប់ជាផ្លូវការ នៃការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយភាគីចិន និងកូរ៉េខាងត្បូង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ឲ្យដឹងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងមកបានថ្លែងថា ការសម្រេចបាននូវសមិទ្ឋផលជាប្រវត្តិសាស្ត្រនេះជាការងារដែលយើងចង់បានណាស់ ជាមួយមហាប្រទេសសេដ្ឋកិច្ចពិភពលោកទី២ (ចិន) ហើយមិនមែនតែប្រទេសណាចេះតែទទួលបានទេ ជាក់ស្តែងដូចជាប្រទេសក្នុងតំបន់អាស៊ាន ហើយកម្ពុជាយើងគឺជាភ័ព្វសំណាងហើយ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរមានភាពជិតស្និទ្ធ ទំនាក់ទំនងល្អទើបឈាន ដល់ចុះកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មដែលនេះជាឱកាសល្អ។
លោកបន្តទៀតថា “នៅពេលដែលកម្ពុជាទទួលបាន បណ្តាប្រទេសអាស៊ានដែលនាំចេញទៅចិនបង់ពន្ធ គេអាចនឹងមកវិនិយោគនៅកម្ពុជា ជាពិសេសសង្គ្រាមពាណិជ្ជកម្មអាម៉េរិកកំពុងកើតឡើងទៀត” ។ លោកបន្តថា “ដូច្នេះក្រុមហ៊ុនជាច្រើនរបស់អាមេរិកនឹងអាចសម្លឹងឃើញប្រទេសកម្ពុជា ដើម្បីបោះទីតាំងរោងចក្រផលិត ដើម្បីនាំចេញទៅចិនដែរ ស្ទើរតែគ្រប់វិស័យពេលដែរក្រុមហ៊ុនវិនិយោគចូលមក ទាំងដីធ្លីក៏ឡើងថ្លៃទាំងអស់ ព្រោះគេត្រូវការទីតាំងរោងចក្រ គេត្រូវការការិយាល័យ និងត្រូវការអគារស្នាក់នៅជាដើម ពោលគឺគ្រប់វិស័យ” ។
ទាក់ទងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជា-កូរ៉េ លោក លឹម ហេង បានបញ្ជាក់ថា នេះជាការល្អណាស់សម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលរដ្ឋាភិបាលបានចាប់យកកិច្ចព្រមព្រៀងថ្មីរវាងកម្ពុជា-កូរ៉េ ព្រោះថានៅថ្ងៃខាងមុខ មិនថាតែក្រុមហ៊ុនកូរ៉េទេ គឺមានក្រុមហ៊ុនមកពីប្រទេសផ្សេងៗដទៃទៀត នឹងមកបណ្តាក់ទុននៅកម្ពុជា ដែលជាឱកាសមាស និងល្អបំផុតសម្រាប់កម្ពុជា។
ជាមួយគ្នានេះ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា តាមរយះកិច្ចព្រមព្រៀងទាំងពីរខាងលើនេះ នឹងបើកផ្លូវដល់កម្ពុជាពង្រីកនូវសក្តានុពលការនាំចេញ ពិសេសស្រូវអង្ករកម្ពុជា ដែលផ្តោតលើអង្ករដែលមានលក្ខណៈពិសេសដូចជា អង្ករសរីរាង្គ និងអង្ករសំរូបជាដើម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីមកកាន់កម្ពុជារយៈពេលពីរថ្ងៃ។
បន្ទាប់ពីចុះហត្ថលេខារួចកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលកម្ពុជា រំពឹងថាការនាំចេញទៅកាន់ប្រទេសចិននឹងកើនឡើង ដោយក្នុងចំណោមមុខទំនិញជាង៣៤០មុខ គឺផលិតផលកសិកម្ម៩៥ភាគរយពីកម្ពុជា ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន ដែលភាគច្រើនជាទំនិញកសិកម្ម និងប្រភេទទំនិញនៅក្នុងឧស្សាហកម្មកែច្នៃ។
រីឯកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ជាលទ្ធផលការចរចាផ្ដោតទៅលើការបើកច្រកទីផ្សារ និងអត្ថបទកិច្ចព្រមព្រៀងទាំងមូល ដែលគ្របដណ្ដប់លើជំពូកស្ដីពី៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មផ្នែកទំនិញ វិធានប្រភពដើមទំនិញ វិធានជាក់លាក់សម្រាប់ផលិតផល បែបបទគយ និងកិច្ចសម្រួលពាណិជ្ជកម្ម និងបញ្ហាច្បាប់ និងស្ថាប័ន។ ការចរចាលើជំពូកនីមួយៗ បានទទួលលទ្ធផលផ្សេងៗគ្នា ក្នុងនោះជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិធានជាក់លាក់សម្រាប់ផលិតផល ត្រូវបានបញ្ចប់ទាំងស្រុង៕