ដោយវុត្ថា
ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឱ្យក្រុមហ៊ុនChina Road and Bridge ដែលកំពុងសាងសង់ផ្លូវជាតិលេខ ៣ ឱ្យយកខ្សាច់ មកទប់ទឹក នៅត្រង់ចំណុកកំពង់ទួល (ស្ពាន ៧មករា) ដែលមានទឹកហូរច្រោះខ្លាំង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងពិធីចុះត្រួតពិនិត្យស្ថានភាពផ្លូវដែលរងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៣, ២, ២០, ៤១ និង ផ្លូវជាតិលេខ៤នាថ្ងៃទី១៦ តុលា ២០២០នេះ បានឱ្យដឹងថា មូលហេតុដែលយកខ្សាច់ទប់ទឹកនៅតាមផ្លូវជាតិលេខ ៣នេះ គឺកុំឱ្យទឹកហូរដាច់ផ្លូវដែលនឹងធ្វើឱ្យជន់លិចនៅខាងក្រោម ខណៈដែលទឹក មានកម្លាំងហូរខ្លាំង។
លោកស៊ុន ចាន់ថុលថ្លែងថា “យើងឃើញខាងក្រុមហ៊ុន ច្រកបាវខ្សាច់ និងយកថ្មធំៗទាំងយប់ យកមកទប់ផ្លូវ ដើម្បីធ្វើយ៉ាងកំអោយបាក់ផ្លូវនៅតំបន់នោះ ហើយនៅពេលដែលខ្ញុំដល់ទីនេះ ខ្ញុំក៏ឱ្យក្រុមហ៊ុនរកបាវខ្សាច់មកទប់ទៀត កុំឱ្យធ្វើយ៉ាងណាវាហូរកាត់ផ្លូវច្រើនពេក ដែលបណ្តាលឱ្យមានការខូចខាតផ្លូវដែលកំពុងតែធ្វើនេះ”។
បើតាម លោកទេសរដ្ឋមន្ត្រីបញ្ជាក់ “ផ្លូវជាតិលេខ ៣ នេះ នឹងត្រូវសាងសង់បញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ ហើយផ្លូវនេះត្រូវបានក្រុមហ៊ុនធ្វើតាមលក្ខណៈបច្ចេក និងគុណភាពដែលមាននៅក្នុងសៀវភៅបន្ទុក របស់គម្រោង “ ។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ សម្រេចបាន ៨០ភាគរយ ហើយបច្ចុប្បន្នកំពុងសាងសង់សួនច្បារចែកទ្រូងផ្លូវ និងសាងសង់ស្ពានរំលងផ្លូវផងដែរ។ កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប ១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង ហើយចាប់ពីបែកគូស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង ដោយក្រាលបេតុងកៅស៊ូ (AC)។
គម្រោងសាងសង់នេះ ចំណាយទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក ប្រតិបត្តិការដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន( China Road And Brigde) ដោយបានបើកការដ្ឋានកាលពីថ្ងៃទី ៧ ឧសភា ២០១៨ កន្លងមកនេះ ហើយនឹងចំណាយរយៈពេលសាងសង់ ៤៨ ខែ ដើម្បីបញ្ចប់៕






