ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យបានបង្ហាញពីសក្ដានុពល និងឱកាសដែលអាចទទួលបានចំណូល រួមនឹងផលចំណេញខ្ពស់បើប្រៀបធឿបទៅនឹងការងារ និងមុខជំនួញដទៃទៀត រហូតក្លាយជាគោលដៅដ៏ទាក់ទាញចំណាប់អារម្មណ៍មនុស្សកាន់តែច្រើន ឱ្យចូលមកប្រឡូកនៅក្នុងវិស័យមួយនេះ។
អ្នកជំនាញដែលធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំ និងមានភាពជោគជ័យនៅក្នុងវិស័យអចលនទ្រព្យ លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៥តុលាកន្លងមកថា វិស័យអចលនទ្រព្យកម្ពុជា បានក្លាយជាគោលដៅដ៏ទាក់ទាញបំផុត រហូតធ្វើឱ្យមនុស្សជាច្រើន រាប់ទាំងអ្នកមានធនធានសម្រាប់ការវិនិយោគ និងអ្នកដែលមានធនធានផ្នែកចំណេះដឹង ចូលខ្លួនមកប្រឡូកយ៉ាងសកម្ម ដើម្បីទទួលយកផលប្រយោជន៍។
លោកបញ្ជាក់ថា “ទីផ្សារអចលនទ្រព្យកម្ពុជា នៅតែបន្តផ្តល់ឱកាសចំណេញយ៉ាងច្រើនដល់អ្នកដែលកំពុងប្រឡូក នៅក្នុងវិស័យនេះយ៉ាងពិតប្រាកដ សំខាន់ឱ្យតែអ្នកទាំងអស់នោះអនុវត្តត្រឹមត្រូវ និងស្គាល់ពីទីផ្សារអចលនទ្រព្យច្បាស់” ។ លោកបន្តថា “ថ្វីត្បិតថា វិស័យអចលនទ្រព្យបានផ្តល់នូវឱកាសចំណេញ និងប្រាក់ចំណូលច្រើនក្រាស់ក្រែលក៏ពិតមែន ប៉ុន្តែវាក៏អាចផ្តល់នូវភាពប្រឈម ទៅនឹងការខាតបង់ផងដែរ ប្រសិនបើអ្នកប្រឡូកមិនបានស្គាល់ពីទីផ្សារច្បាស់” ។
ជាមួយនឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិរូបនេះបានបង្ហើបប្រាប់ថា “ដើម្បីអាចទទួលបានផលចំណេញខ្ពស់ ពីទីផ្សារអចលនទ្រព្យ គឺត្រូវទាមទារឱ្យមានក្ដីស្រឡាញ់ វិស័យអចលនទ្រព្យ ចង់ចេះ ចង់ស្វែងយល់បន្ថែម មានភាពស្មោះត្រង់ និងមានគុណធម៌” ។ លោកបន្តថា “ជាពិសេសមានភាពវ័យឆ្លាតចេះដោះស្រាយ រាល់បញ្ហារបស់អតិថិជនដែលកើនមាន ដើម្បីជួយស្វែងរកដំណោះស្រាយដ៏ល្អប្រសើរ ដែលជាប្រយោជន៍ទាំងអតិថិជន ប្រយោជន៍ដល់ភាគីពាក់ព័ន្ធ ក៏ដូចជាដើម្បីប្រយោជន៍ខ្លួនឯងផងដែរ” ។
លោកវ៉ា វីរៈបានបន្ដថា ក្នុងនាមជាភ្នាក់ងារលក់ ក៏ដូចជាអ្នកបណ្តាក់ដើមទុនវិនិយោគនៅក្នុងវិស័យនេះ ចាំបាច់ត្រូវតែចេះស្វែងយល់នូវកត្តាសេដ្ឋកិច្ច កត្តាភូមិសាស្ត្រ និងកត្តានយោបាយឱ្យបានច្បាស់ ទើបមិនមានហានិភ័យ និងមានឱកាសទទួលបានផលចំណេញច្រើន៕