ទូតកូរ៉េ បញ្ជាក់ពីគម្រោងផ្តល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉ឆ្លងកាត់ទន្លេមេគង្គ ដើម្បីជានិមិត្តរូបនៃទំនាក់ទំនងប្រទេសទាំងពីរ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មី ប្រចំាកម្ពុជា បានបញ្ជាក់ថា នៅពេលខាងមុខដ៏ខ្លីនេះ សាធារណរដ្ឋកូរ៉េនឹងផ្តល់ជំនួយដល់កម្ពុជាបន្ថែមទៀត ជាពិសេសការបង្កើតជានិមិត្តរូបនៃទំនាក់ទំនងប្រទេសទំាងពីរដែល អាចលេចចេញជារូបរាងតាមរយៈជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ ឆ្លងកាត់ទន្លេមេគង្គ។

លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មីប្រចំាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។

លោក Park Heung-Kyeong ក៏បានបញ្ជាក់អំពីការរីកចម្រើនខាងផ្នែកនយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទំាងពីរ (កម្ពុជា-កូរ៉េ) នៅក្នុងរយៈពេលចុងក្រោយនេះ មានការរីកចម្រើនខ្លំាងគួរឱ្យកកត់សម្គាល់។

លោកបន្តថា ទំហំពាណិជ្ចកម្មកម្ពុជា-កូរ៉េនៅឆ្នាំ២០១៩ បានកើនដល់ ១ពាន់លានដុល្លារ ហើយទុនវិនិយោគកូរ៉េ នៅកម្ពុជា មានជាង៥ពាន់លានដុល្លារ ដែលនាំកូរ៉េ ក្លាយជាប្រទេសទី២ក្នុងការវិនិយោគនៅកម្ពុជា។ ចំណែកពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ មានប្រមាណ៤ម៉ឺននាក់។

លោកក៏បន្ថែមទៀតថា ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងធ្វើដំណើរបំពេញទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា នាដើមខែវិច្ឆិកា ខាងមុខនេះ ក្នុងការពង្រឹងពង្រីក បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់រឹងមាំឡើង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា ហើយរដ្ឋសភាកម្ពុជាត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឱ្យបានល្អ។

សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង និងបានស្វាគមន៍ចំពោះបេសកកម្មរបស់ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង នៅកម្ពុជា។

សម្តេចថ្លែងថា សាធារណរដ្ឋកូរ៉េ បាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។ សម្តេចបានស្នើសុំសាធារណរដ្ឋកូរ៉េបន្ថែមចំនួនកូតាពលរដ្ឋខែ្មរ ទៅធ្វើការងារនៅកូរ៉េទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here