ដោយវុត្ថា
បន្ទាយមានជ័យ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្រុមកាងាររបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធនានានឹងចុះវាយតម្លៃផលប៉ះពាល់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅទូទាំងប្រទេស បន្ទាប់ពីទទួលរងខូខាតខ្លាំងដោយសារជំនន់ទឹកភ្លៀងក្នុងរយៈប៉ុន្មានសប្តាហ៍មកនេះ ។

លោកទេស ស៊ុន ចាន់ថុល នៅក្នុងពិធីចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ ៥៦ ដែលកំពុងទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០នេះ ឱ្យដឹងប្រព័ន្ធហេដ្ឋារនាសម្ព័ន្ធចំនួន ១២៣ ខ្សែ និង ៣១៣ កំណាត់ នៅទូទាំងប្រទេសត្រូវបានទទួលរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងទទួលការខូខាតប្រមាណ ៤០០ គីឡូម៉ែត្រក្នុងនោះ ដីក្រហម ១៤០ គីឡូម៉ែត្រ ក្រៅពីនេះ ជាប្រភេទផ្លូវ AC និង ផ្លូវDBST ។
លោកស៊ុន ចាន់ថុលបន្តថា “នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ គ្រប់មន្ទីរពាក់ព័ន្ធបាននឹងកំពុងខិតខំប្រឹងប្រែង ទប់កុំឱ្យទឹកហូរកាត់ផ្លូវ និងផ្លូវណាដែលមានទឹកហូរច្រើន យើងបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ជាពិសេសរថយន្តធុនធំត្រូវបានផ្អាកធ្វើចរាចរណ៍ កុំឱ្យមានកាខូចខាតផ្លូវ”។
លោកបន្តទៀតថា “យើងឃើញថា បច្ចុប្បន្ននេះ មានផ្លូវខូចខាតច្រើន យើងខ្ញុំក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងក្រសួងហិរញ្ញវត្ថុ នឹងចុះមកវាយតម្លៃ នៅពេលទឹកស្រកភ្លាម គឺត្រូវប៉ាន់តម្លៃលើទំហំថវិកាប៉ុន្មានក្នុងការស្តារនូវផ្លូវដែលខូចខាតទំាងអស់ឡើងវិញ”។
លោកបន្ថែមថា “នៅកន្លែងមួយចំនួន យើងត្រូវដាក់លូឱ្យធំជាងមុនទៀត ដោយបច្ចុប្បន្ននេះ កន្លែងទាំងនោះមានលូទំហំតូច អីចឹងយើងពិចារណាថាត្រូវធ្វើយ៉ាងណារៀបចំលូឱ្យធំជាងមុន ដើម្បីឱ្យទឹកហូរបានលឿន” ។
ចំពោះថវិកាដែលនឹងយកមកស្តារឡើងវិញនេះ ត្រូវបានលោកស៊ុន ចាន់ថុលបញ្ជាក់ទៀតថា “យើងនឹងរកថវិកាពីថវិកាជាតិ ឬថវិកាមកពីដៃគូរអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីធ្វើយ៉ាងដោះស្រាយប៉ះពាល់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់យើង”៕






