អ្នកឧកញ៉ា គិត ម៉េង នឹងជួបពិភាក្សាជាមួយប្រធាន JETRO ថ្មីនៅថ្ងៃស្អែក ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ច

0

ដោយវុត្ថា

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងជួបពិភាក្សាជាមួយនឹងលោកស្រី ម៉ារីសា ហារ៉ូតា ប្រធានតំណាងថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២០ ខែតុលា ស្អែកនេះ ដើម្បីពង្រឹងកិច្ចទំនាក់ទំនងធុរកិច្ចនៃប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានសភាពាណិជ្ជកម្មកម្ពុជា ដែលគេហទំព័រ propertyarea.asia នៅថ្ងៃទី១៩ ខែតុលាឆ្នាំ ២០២០នេះឱ្យដឹងថា គោលបំណងនៃជំនួបភាក្សានៅថ្ងៃស្អែកនេះ ដើម្បីសម្តែងការគួរសម និងណែនាំខ្លួនពីលោកស្រី ម៉ារីសា ហារ៉ូតា ប្រធានតំណាងថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា លើសពីនេះ ភាគីជប៉ុននឹងពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការលើកម្ពស់ទំនាក់ទំនងធុរកិច្ច និងការវិនិយោគលើវិស័យពាណិជ្ជកម្មរស់ធុរជនប្រទេសទាំងពីរផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបរវាងភាគីទាំងពីរ នឹងត្រូវលើកយកចំណុចសំខាន់ៗ មកពីភាក្សា រួមមាន ដូចជា ការពង្រីកកិច្ចទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដែលធ្វើយ៉ាងណាបង្កភាពងាយស្រួលដល់វិនិយោគិន។

លោកឧកញ៉ាបន្តថា ចំណុចសំខាន់ដែលនឹងត្រូវលើកយកមកពិភាក្សាជាមួយគ្នានេះ ក៏នឹងលើកពីបញ្ហានៃការសម្របសម្រួលលើនិតិវិធីច្បាប់នៃការនាំចេញនៃប្រទេសទាំងពីរឱ្យកាន់តែភាពងាយស្រួល ដើម្បីបង្កើនទំហំពាណិជ្ជកម្ម។

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គឺជាអង្គការមួយរបស់រាជរដ្ឋាភិបាលជប៉ុន ដែលមានគោលដៅចម្បងក្នុងការលើកកម្ពស់ពាណិជ្ជកម្មវិនិយោគរវាងជប៉ុន និងប្រទេសនានាក្នុងពិភពលោក ។ អង្គការនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ដើម្បីជំរុញការនាំចេញរបស់ប្រទេសជប៉ុនទៅកាន់ទីផ្សារបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here