ដោយស៊ីវ ម៉េង
ភ្នំពេញៈ គម្រោងខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្មD.I RIVIERA ដែលគ្រោងបោះទុនវិនិយោគតម្លៃ៧០០លានដុល្លារអាមេរិក បាននិងកំពុងចាប់ផ្តើមសាងសង់ឡើងវិញហើយ។
អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២០ តុលានេះថា សហគ្រាសកាណាឌីយ៉ាបានលូកដៃ ដើម្បីចាប់ផ្តើមគំរោងនេះឡើងវិញ ហើយបច្ចុប្បន្នសកម្មភាពសាងសង់ បានចាប់ផ្តើមឡើងវិញហើយ ខណៈក្រុមហ៊ុនកំពុងសិក្សាឡើងវិញនូវរចនាសម្ព័ន្ឋអាគារ ការឌីសាញ និងទំហំបន្ទប់់ជាក់ស្តែង។
លោកបន្តថា “គំរោងនេះមានអាគារកំពស់២៨ជាន់ចំនួន២ និងអាគារកំពស់៣៨ជាន់ចំនួន៣នៅផ្នែកខាងក្រោយ ប៉ុន្តែយ៉ាងណាក៏ដោយកំពស់អាគារផ្នែកខាងក្រោយមិនទាន់កំណត់កំពស់ជាក់លាស់ ឬត្រូវឡើងកំពស់បន្ថែមនោះទេ”។ លោកបន្តថា “អាគារនេះនៅតែបន្តលក់ជាធម្មតាដល់អតិថិជន ដែលមានតម្រូវការ”។
ទោះជាយ៉ាងណា លោកមិនបញ្ជាក់ឲ្យដឹងពីទំហំនៃការចំណាយ និងពេលវេលាជាក់លាក់នៃការបញ្ចប់គម្រោងទាំងមូលនៅឡើយទេ។
លោកទូច សំណាងបានបន្តថា ចំណែកអាគារផ្សារទំនើបនៅក្នុងគំរោងនេះ ក៏មិនទាន់កំណត់ពេលបើកដំណើរការនៅពេលណានៅឡើយដែរ ខណៈក្រុមហ៊ុនកំពុងសិក្សាពីលទ្ឋភាពបើកនៅពេលណា មិនទាន់កំណត់នៅឡើយ ព្រោះអ្វីសំខាន់នាពេលនេះគឺសាងសង់អាគារក្នុងគម្រោងនេះឲ្យបានចប់សិន៕