ដោយ ៖ សំំណាង
ភ្នំពេញ ៖ ខណៈពេលដែលទីផ្សារអចលនទ្រព្យនៅតាមតំបន់មួយចំនួននៃរាជធានីភ្នំពេញកំពុងទទួលរងនូវការធ្លាក់ចុះក្រោមឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចជាសកល ដែលកំពុងគំរាមកំហែងនោះ សម្រាប់តែតំបន់ខ័ណ្ឌសែនសុខ នៅតែបង្ហាញពីភាពល្អប្រសើរនៃទីផ្សាររបស់ខ្លួនជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើន។
ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោក សំ សុខនឿន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ថា តំបន់សែនសុខ នៅតែបន្តមានសកម្មភាពអភិវឌ្ឍន៍ទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន ដែលក្នុងនោះវិស័យសំណង់លំនៅដ្ឋានបានបង្ហាញពីភាពលេចធ្លោជាងគេ។
លោកបញ្ជាក់ថា “ខណ្ឌសែនសុខ បានក្លាយទៅជាតំបន់ដែលមានប្រជាប្រិយភាពខ្ពស់ ក្នុងវិស័យសំណង់លំនៅដ្ឋានកម្រិតមធ្យម និងកំពុងឈានទៅរកកម្រិតខ្ពស់ជាបណ្ដើរៗ ហើយក៏បានត្រៀមខ្លួនរួចរាល់ជាស្រេច ក្នុងទទួលយកវត្តមានថ្មីនៃវិស័យខុនដូ ដែលកំពុងមានតម្រូវការនាពេលបច្ចុប្បន្ននេះ” ។
លោក សំ សុខនឿន បានបញ្ជាក់ថា “ខណ្ឌសែនសុខ គឺជាតំបន់ដែលមានសក្ដានុពខ្ពស់ សម្រាប់បម្រើដល់វិស័យពាណិជ្ជកម្ម ដែលក្រៅពីជាតំបន់ប្រមូលផ្តុំទៅលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជាផ្សារទំនើប AEON2 ផ្សារ Makro ផ្សារ Global House ផ្សារទំនើបជីបម៉ុង មណ្ឌលវិមានសែនសុខ រួមជាមួយនឹងអាគារពាណិជ្ជកម្មអន្តរជាតិមួយចំនួនទៀត ដែលជំរុញឱ្យវិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះ កាន់តែមានសក្តានុពលខ្ពស់”។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា ខណ្ឌសែនសុខ ពេលនេះបានអភិវឌ្ឍន៍ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់រួចទៅហើយ។ លោកស្រីបានមានប្រសាសន៍បញ្ជាក់ថា “ខណ្ឌសែនសុខបច្ចុប្បន្ននេះបានបំពេញទៅដោយគម្រោងបុរីលំនៅដ្ឋានធំៗ ក៏ដូចជាបណ្តុំលំនៅដ្ឋានកម្រិតខ្ពស់ រួមជាមួយវត្តមាននៃអគារខ្ពស់ៗដែលបម្រើឱ្យវិស័យពាណិជ្ជកម្ម”។
លោកស្រីបានលើកឡើងទៀតថា ពីមុនតំបន់ខណ្ឌសែនសុខ ស័ក្ដិសមទៅនឹងការវិនិយោគ និងអភិវឌ្ឍន៍ទៅលើគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ប៉ុន្តែសព្វថ្ងៃនេះខុសពីកាលពីឆ្នាំកន្លងទៅ។ ការវិនិយោគលើគម្រោងលំនៅដ្ឋានកម្រិតមធ្យមនៅទីនេះលែងមានទៀតហើយ ប៉ុន្តែសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មគឺនៅមានឱកាស ជាពិសេសវិស័យខុនដូកម្រិតមធ្យម ដោយសារតែតម្លៃដីនៅតំបន់ខណ្ឌនេះបានឡើងខ្ពស់ផុតពីកម្រិតនៃការអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតទាប ឬក្រោមមធ្យមនោះទៀតហើយ៕