តើរាជរដ្ឋាភិបាលមានលទ្ធភាពខ្ចីឥណទានសម្បទានពីបរទេសត្រូវឈរលើគោលការណ៍អ្វីខ្លះ?

0

ដោយ៖វុត្ថា

ភ្នំពេញ៖ ដើម្បីមានលទ្ធភាពក្នុងការខ្ចីឥណទានសម្បទានពីដៃគូអភិវឌ្ឍន៍ ឬពីបរទេស រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍មួយចំនួន ស្របតាមកំណើនសេដ្ឋកិច្ច និងសេចក្តីត្រូវការរបស់ប្រទេសដែលកំពុងមានការរីកចំរើន។

លោក ជាម យៀប តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានគណៈកម្មការទី២នៃរដ្ឋសភាបានបញ្ជាក់ថា ក្នុងការខ្ចីឥណទានសម្បទានពីបរទេស គឺរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវឈរលើគោលការណ៍គន្លឹះសំខាន់ៗ ចំនួន ៤ ដូចខាងក្រោមនេះ៖

១) ខ្ចីឥណទានសម្បទាននៅក្នុងទំហំ សមស្របចំពោះស្ថានភាពថវិកា និងសេដ្ឋកិច្ចជាតិដែលអាចទ្រាំទ្របាន ។ ក្នុងន័យនេះលោកជាម យៀបពន្យល់ថា “យើងខ្ចីគេ លុះត្រាតែរំពឹងឃើញថា ទៅអនាគត យើងអាចមានលទ្ធភាពក្នុងការសងគេវិញ ហើយជំរាបប្រាប់ទៅម្ចាស់ឥណទានទៅតាមអ្វីដែលយើងអាចសងគេវិញបាន”។

២) ខ្ចីឥណទានសម្បទានណាដែលមានកម្រិតសម្បទាន ឬ លក្ខខណ្ឌអនុគ្រោះខ្ពស់ ។ លោក ជាម យៀបពន្យល់ថា “ខ្ចីប្រាក់គេលុះត្រាណាគេផ្តល់សម្បទាន និងការប្រាក់ទាបបំផុតដែលយើងអាចទ្រាំទ្របាន គឺជាគោលការណ៍រួមដែលប្រមុខនៃរាជរដ្ឋាភិបាលបានណែនាំ ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យធ្វើយ៉ាងដូច្នេះ ទើបអាចខ្ខីគេបាន”។

៣) ខ្ចីឥណទានសម្បទានសម្រាប់វិស័យអាទិភាព ទ្រទ្រង់ចីរភាព គណនេយ្យភាព ប្រសិទ្ធិភាព សក្តិសិទ្ធិភាពខ្ពស់បំផុត។ លោក ជាម យៀបពន្យល់ថា “យើងខ្ចី យើងមែនហើយ ប៉ុន្តែយើងប្រើប្រាស់ចំពោះតែវិស័យណាដែលត្រូវអនុវត្តការងារ ឱ្យជាការងារអាទិភាពនៅក្នុងឆ្នាំនីមួយៗ”។

៤) ខ្ចីឥណទានសម្បទានឱ្យស្របទៅនឹងតម្លាភាព និងគណនេយ្យភាព ។ លោកជាម យៀបពន្យល់បន្ថែមថា “ក្នុងន័យនេះ គឺរាជរដ្ឋាភិបាល ក៏រាជរដ្ឋាភិបាលលើកឡើងនូវគោលការណ៍ទី ៥ ថ្មីមួយទៀត គឺ ប្រើប្រាស់ឥណទានសម្រាប់ ហិរញ្ញប្បទានវិនិយោគ លើហេដ្ឋារចនាសសម្ព័ន្ធសាធារណៈ ដែលមានស្តង់ដារ និងគុណភាពខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here