ហាងនំបុ័ង និងកាហ្វេរបស់កូរ៉េដ៏ល្បីមួយនឹងឈានជើងចូលទីផ្សារកម្ពុជា

0

ដោយវុត្ថា

កូរ៉េៈ ហាង Paris Baguetteរបស់ប្រទេសកូរ៉ ដែលជាហាងលក់នំបុ័ង បង្អែម កាហ្វេដ៏ល្បី នឹងឈានជើងចូលទីផ្សារកម្ពុជា  ដោយគ្រោងនឹងបោះទីតាំងរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។

លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េ បានឱ្យដឹងនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០នេះឱ្យដឹងថា  ហាង Paris Baguette គឺជាហាងលក់នំបុ័ង បង្អែម កាហ្វេដ៏ល្បី របស់ប្រទេសកូរ៉េ ដែលមានសាខាគ្រប់ទីកន្លែង នៅក្នុងទីក្រុងសេអ៊ូល។

លោកថ្លែងថា “បងប្អូនយើងនៅកូរ៉េនេះច្បាស់ជាស្គាល់ហើយ Paris Baguette ដែលជាហាងលក់នំបុ័ង បង្អែម កាហ្វេដ៏ល្បី និងឃើញនៅមានសឹងគ្រប់កន្លែង ហើយនៅពេលបន្តិចទៀតនេះ យើងនឹងបានឃើញវត្តមានសាខា នៅក្នុងប្រទេសកម្ពុជាយើងម្ដង គឺស្ថិតនៅក្នុងសង្កាត់បឹងកេងកង1 រាជធានីភ្នំពេញ”។លោកបន្តថា “នេះជាកូនចំណែកដ៏តូចមួយដែលស្ថានទូតកម្ពុជាយើង បានខំប្រឹងអូសទាញអ្នកវិនិយោគកូរ៉េ សហការជាមួយវិនិយោគិនក្នុងស្រុករបស់យើង”។

តំបន់បឹងកេងកងត្រូវបានគេស្គាល់ថា ជាតំបន់ដែលប្រមូលផ្ដុំទៅដោយអគារពាណិជ្ជកម្ម និងលំនៅដ្ឋានសហកម្មសិទ្ធិកម្រិតខ្ពស់ ប្រចាំនៅក្នុងរាជធានីភ្នំពេញ បច្ចុប្ប​ន្ននេះក៏នៅតែបន្តប្រជាប្រិយភាព និងទាក់ទាញគម្រោងអភិវឌ្ឍន៍ធំបន្ថែមទៀត។

តំបន់បឹងកេងកង បានក្លាយជាតំបន់ពាណិជ្ជកម្ម ពិសេសកម្រិតខ្ពស់រួចទៅហើយ (តំបន់ CBD) នៅក្នុងរាជធានីភ្នំពេញ បណ្តុំទៅដោយអគារពាណិជ្ជកម្ម អគារការិយា​ល័យ ភោជនីយដ្ឋាន ផ្សារទំនើប សណ្ឋាគារ និង ហាងល្បីជាច្រើន ដែលជនបរទេសភាគច្រើនប្រាថ្នាចង់រស់នៅ និងធ្វើពាណិជ្ជកម្មនៅក្នុងតំបន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here