ដោយវុត្ថា
ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជា ក៏ដូចជាវិស័យផ្សេងៗទៀត បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការផ្ទុះឡើងនូវវិបត្តិសេដ្ឋកិច្ចសកល ប៉ុន្តែចាប់តាំងពីចុងមាសទី៣ និងដើមត្រីមាសទី៤នៃឆ្នាំនេះ ត្រូវបានអ្នកជំនាញមើលឃើញថាអ្នកអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ បាននិងកំពុងចាប់ផ្តើមធ្វើសកម្មភាពបណ្តើរឡើងវិញ។
លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយ គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា នៅចុងត្រីមាសទី៣ និងនៅត្រីមាសទី៤នៃឆ្នាំ២០២០នេះ ទាំងសកម្មភាពទិញ-លក់ និង ការអភិវឌ្ឍន៍ពីវិនិយោគិន លើវិស័យអចលទ្រព្យបានចាប់ផ្តើមមានសន្ទុះឡើងវិញ គួរឱ្យកត់សម្គាល់។
លោកស្រីបន្តថា “ខ្ញុំអាចនិយាយបានថា នៅក្នុងឆ្នាំក្រោយនេះ នឹងមានសញ្ញាវិជ្ជមាន នៅក្នុងវិស័យរបស់យើងអាចនឹងល្អឡើងវិញ ព្រោះថាអ្នកអភិវឌ្ឍន៍មួយចំនួនបានចាប់ផ្តើមអភិវឌ្ឍន៍បណ្តើរៗ នៅក្នុងចុងត្រីមាសទី៣ និងដើមត្រីមាសទី៤នេះ ដោយមិនរងចាំនោះទេ បើទោះបីមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ” ។
លោកស្រីបន្ថែមទៀតថា អ៊ីចឹង យើងឃើញសញ្ញាវិជ្ជមានសម្រាប់ឆ្នាំ២០២១ វិស័យយើងនឹងល្អប្រសើរជាងឆ្នាំ២០២០នេះ ជាពិសេសវានឹងអាចមានការរីកចំរើន ដោយសារអ្នកអភិវឌ្ឍន៍មានការទិញដីទុក ហើយនៅពេលដែលវិបត្តិ មានការធូស្បើយខ្លាំងហើយពួកគាត់នឹងចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងឆ្នាំក្រោយនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានឱ្យដឹងដែរថា “សម្រាប់ការយល់ឃើញរបស់ខ្ញុំ នៅក្នុងឆ្នាំ២០២១ វាហាក់ដូចជាមានភាពស្រពេចស្រពិលនៅឡើយ សម្រាប់ធ្វើការព្យាករណ៍ ដោយសារតែវ៉ាក់សាំងមិនទាន់ប្រាកដប្រជា” ។
លោកបន្តថា ទោះជាយ៉ាងណាក៏ដោយ វិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានសកម្មភាព ជាពិសេសអតិថិជនក្នុងស្រុកនៅតែបន្តទិញ-លក់ ប៉ុន្តែអាចនឹងមិនកម្រើកច្រើននោះទេ។
ប្រធានសមាគមរូបនេះបានបញ្ជាក់ទៀតថា “ធនាគារមួយចំនួននៅតែបន្តគាំទ្រផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ ដែលវាជារឿងល្អ និងអនុញ្ញាតឱ្យវិស័យនេះនៅតែមានដង្ហើម បើទោះជាកម្ពុជាជួបឧបសគ្គយ៉ាងណាក៏ដោយ។ ដើម្បីឱ្យកិច្ចការងារលើវិស័យអចលនទ្រព្យដំណើរការ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល វិស័យធនាគារ និងតម្រូវការក្នុងស្រុក គឺជាកត្តាសំខាន់ជួយជម្រុញ ឱ្យវិស័យអចលនទ្រព្យរីកចម្រើននាពេលអនាគត” ៕