ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគចិន Hainan Starlight Chemical Co.,Ltd បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅប្រទេសកម្ពុជា។

នេះ បើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោក លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងដំណាងក្រុមហ៊ុន Hainan Starlight Chemical Co.,Ltd កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ម្សិលមិញនេះ ស្តីអំពីសក្តានុពលនៃគម្រោងវិនិយោគលើវិស័យប្រេង និងឧស្ម័ន។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានស្វាគមន៍សម្រាប់ការស្វែងរកឱកាសនៃវិនិយោគ និងការអភិវឌ្ឍវិស័យប្រេងកាតនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងត្រូវគោរពតាមច្បាប់ និងបទប្បញ្ញាត្តិនានាដែលបានកំណត់។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត របស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងកាលពីកន្លងមកនេះថា នៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានតំបន់រុករកប្រេងកាត នៅដែនគោកចំនួន ១៩ប្លុក និងនៅដែនសមុទ្រមានចំនួន ៦ប្លុក។
លោកបន្តថា នៅដែនគោកមាន ៨ប្លុក កំពុងចរចាលើកិច្ចព្រមព្រៀងក្នុងការរុករកប្រេងកាតរវាងរាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុនមកពីប្រទេសកាណាដា។ រីឯនៅដែនសមុទ្រមាន ២ប្លុក គឺប្លុកA និងប្លុក D ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ឲ្យក្រុមហ៊ុនឯកជន កំពុងសិក្សាស្រាវជ្រាវ និងកំពុងអភិវឌ្ឍន៍ ឈានទៅផលិតប្រេងនាពេលខាងមុខ៕








