ដោយ វុត្ថា
ខេត្តកែប៖ អភិបាលខេត្តកែប បានជំរុញ និងលើកទឹកចិត្ត ដល់អាជីវករ វិនិយោគិនលើវិស័យទេសចរណ៍ សណ្ឋាគារ ដើម្បី ចូលរួមអភិវឌ្ឍន៍ខេត្តកែបឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ បាននឹងកំពុងមានភាពទាក់ទាញលើវិស័យទេសចរណ៍។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបង្ហាញស្តីពីសក្តានុពល និងគម្រោងអភិវឌ្ឍន៍ខេត្ត ជូនដល់សមាគមសណ្ឋាគារកម្ពុជា កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អ្នកវិនិយោគគិន រួមជាមួយនូវភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប ។
លោកបន្តថា ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អោយមកសម្រាកកំសាន្ត នៅខេត្តកែប ទីក្រុងទេសចរណ៍ កាន់តែច្រើនថែមទៀត ខេត្តកែបមាន សក្តានុពល សំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ទាំងធនធានធម្មជាតិ លើគោក ធានធានធម្មជាតិក្នុងសមុទ្រ ឩទ្យាជាតិកែប កោះ ឆ្នេរ សមុទ្រ ស្អាតៗ ជាច្រើនកន្លែង ។
លោកបន្តថា ថ្នាក់ដឹកនាំខេត្តកែប បានកំណត់ចក្ខុវស័យរួចហើយថា ខេត្តកែប ជាតំបន់ទេសចរណ៍ សម្រាកលម្អែកំសាន្តប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ និងមកស្នាក់នៅរយៈពេលយូរ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្តរូបនេះ បញ្ជាក់ទៀតថា ដើម្បីសម្រេចចក្ខុវិស័យនេះ រដ្ឋបាលខេត្តបាន រៀបចំហេដ្ឋារចនាសម្ពន្ធ ដូចជាពង្រីកប្រព័ន្ធផ្លូវគមនាគមន៍ អោយបានធំទូលាយ រៀបចំអោយមានចំណតរថយន្តត្រឹមត្រូវ រក្សាសុវត្ថិភាព សណ្តប់ធ្នាប់សាធារណៈ បានយ៉ាងល្អ មានប្រព័ន្ធភ្លើងអគ្គីសនី២៤/២៤ ម៉ោង ជាពិសេស មានប្រព័ន្ធទឹកស្អាតដែលកំពុងប្រើប្រាស់ទូទាំងខេត្ត ៕