ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងវិស័យថាមពលអគ្គិសនីចំនួន៣ធំ ស្ថិតនៅខេត្តកោះកុង និងតំបន់ព្រំដែនកម្ពុជា-ឡាវ និងថៃ ត្រូវបានរដ្ឋាភិបាលសម្រេចគាំទ្រ និងអនុម័ត ក្រោមកិច្ចដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តពិភាក្សាលើរបៀបវារៈ និងគាំទ្រទៅលើសំណើសុំការពិនិត្យសម្រេចលើគម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។
គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន ៣ បន្ថែមទៀតទាំងនេះ រួមមាន គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព១៥០ មេហ្កាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង- គម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជុន ៥០០គីឡូវ៉ុលពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ- គម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូន ៥០០គីឡូវ៉ុល ពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។
ផលប្រយោជន៍សំខាន់នៃការអភិវឌ្ឍន៍គម្រោងនេះ ក្រៅពីផលិតអគ្គសនី ៥២៧ លានគីឡូវ៉ាត់ម៉ោងក្នុង ១ឆ្នាំ ដែលមានថ្លៃ ៧,៩២ សេនអាមេរិកក្នុង១គីឡូវ៉ាត់ម៉ោង ថេរ ៣៥ឆ្នាំ កម្រោងនេះនឹងជួយស្តុកប្រភពទឹកភ្លៀងនៅរដូវវស្សាបន្ថែម ទុកនៅក្នុងអាងទឹកថ្មីទាំង២នៃគម្រោងវារីអគ្គិសនីតាតៃលើ ដែលជួយកាត់បន្ថយការហៀរទឹកចោល និងការពិន័យដោយមិនបានផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងតាតៃ នៅរដូវវស្សា។ បន្ថែមពីនេះ ទឹកដែលស្តុកទាំងនេះទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងតាតៃលើនៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងតាតៃនៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន ១០៨ លានគីឡូវ៉ាត់ម៉ោងបន្ថែមទៀត។ ផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ បទប្បញ្ញត្តិជាធរមាន និងការលើកទឹកចិត្តវិនិយោគ រដ្ឋនឹងទទួលបានចំណូលពន្ធពីគម្រោង៕






