ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចចិន និងប្រទេសមួយចំនួនទៀតដែលគ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងនៅពេលខាងមុខនេះ កម្ពុជា នឹងក្លាយជាប្រទេសគោលដៅដ៏សំខាន់របស់បណ្តាប្រទេសនានានៅលើសាកលលោក ក្នុងនាមជាប្រទេសសេវាកម្មក្នុងការផលិត និងនាំចេញទៅកាន់ទីផ្សារអាស៊ានដែលមានជាង៦០០លាននាក់ ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះថា ក្រោមភាពអំណោយផលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រទេសចិន កម្ពុជា នឹងក្លាយទៅជាប្រទេសគោលដៅយ៉ាងសំខាន់របស់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនអន្តរជាតិចូលមកកាន់តែច្រើន។
លោកឧកញ៉ាបន្តថា “យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន គឺជាចំណុចដ៏សំខាន់មួយដែលបណ្តាប្រទេសនានានៅលើសាកលលោកប្រាថ្នាចង់បាន ដែលប្រៀបបានទៅនឹងឱកាសមាស ហើយពួកគេទាំងនោះនឹងងាកមកកាន់កម្ពុជា ដែលជាគោលដៅក្នុងការបណ្តាក់ទុនវិនិយោគដម្បីអាចទទួលបានផលចំណេញវិលត្រឡប់ទៅវិញ”។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បញ្ជាក់ទៀតថា “រាល់គម្រោងវិនិយោគរបស់ពួកគេនៅលើទឹកដីប្រទេសកម្ពុជា គឺមានតែចំណេញលើចំណេញ ដោយសារតែការនាំចូលវត្ថុធាតុដើមសំខាន់ៗសម្រាប់សង្វាក់ផលិតកម្មរបស់ពួកគេភាគច្រើននាំយកមកពីប្រទេសចិន ហើយការនាំផលិតផល ឬវត្ថុធាតុដើមពីប្រទេសចិនមកកាន់កម្ពុជាត្រូវបានអនុគ្រោះពន្ធមួយចំណែកធំ ហើយក្រោយពេលផលិតបាន សម្រាប់ការនាំចេញពីកម្ពុជាទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដែលមានជាង៦០០លាននាក់ ជាពិសេសទីផ្សារដ៏ធំទូលាយនៃប្រទេសចិនដែលមានរហូតដល់ជាង១៤០០លាននាក់ ក៏ត្រូវបានរួចពន្ធ។ ដូច្នេះ វាជាឱកាសមាសសម្រាប់ការវិនិយោគ និងចំណេញ លើចំណេញ”។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ក្រុមហ៊ុនអាមេរិកជាច្រើនក៏នឹងមកកាន់កម្ពុជាផងដែរ ជាមួយនឹងការរៀបចំច្បាប់ពាណិជ្ជកម្មថ្មី ដើម្បីជួយសម្រួលការដំណើរការវិនិយោគថ្មីបន្ថែមទៀតនៅលើទឹកដីកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ថា “ ខ្ញុំសង្ឃឹមថា ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា–ចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយជួយធ្វើឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាម៉េរិក ដែលកំពុងរកទីតាំងផលិតកម្មថ្មីនៅតំបន់អាស៊ីអាគ្នេយ៍។
បន្ថែមលើនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់មុតស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលបណ្ដាវិនិយោគិន កំពុងជួបប្រទះ ក្នុងគោលបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនិយោគនៅក្នុងប្រទេស៕






